ពលរដ្ឋ​នៅ​បុរីកីឡា​បន្ត​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៣៩​ឲ្យ​ដោះលែង​មនុស្ស​៦​នាក់

ដោយ ផាន់ យ៉ាស៊ី
2017-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​នៃ​សហគមន៍​បុរីកីឡា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៣៩ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៧។ RFA/Phann Yasy
ពលរដ្ឋ​នៃ​សហគមន៍​បុរីកីឡា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៣៩ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៧។ RFA/Phann Yasy
RFA/Phann Yasy

ស្ថិត​ក្នុង​សម្លៀកបំពាក់​ពណ៌​ខ្មៅ ពលរដ្ឋ​នៃ​សហគមន៍​បុរីកីឡា​ដែល​រង​ផល​ប៉ះពាល់​ដីធ្លី​ពី​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ដោយ​ក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Imex) នៅ​ថ្ងៃ​ទី​៣០ ខែ​មករា នេះ ប្រមូល​ផ្តុំ​គ្នា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៣៩ ស្រែក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស ៤​នាក់ និង​មន្ត្រី គ..ប លោក នី ចរិយា និង​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី ឲ្យ​មាន​សេរីភាព​វិញ។

ក្រៅ​ពី​ការ​ស្រែក​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងនេះ សហគមន៍​បុរីកីឡា ក៏​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ឬ​តុលាការ បង្ហាញ​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ហាង​ស្ដារ​ម៉ាត កាល់​តិច (Star Mart, Caltex) ដែល​ឃាតក​បាញ់​សម្លាប់​បណ្ឌិត កែម ឡី។

លើស​ពី​នេះ ក្រុម​ពលរដ្ឋ​បុរីកីឡា ១២​គ្រួសារ​ដែល​មិន​ព្រម​ទទួល​យក​សំណង​ពី​សាលា​រាជធានី​ភ្នំពេញ ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល ជួយ​ដោះស្រាយ​ឲ្យ​ពួក​គាត់​ទទួល​បាន​ផ្ទះ​នៅ​បុរីកីឡា​ដូច​អ្នក​ដែល​តវ៉ា​កន្លង​ទៅ​ដែរ។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ កង​ប្រដាប់​អាវុធ​ចម្រុះ​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន ផាន អ៊ីម៉ិច បាន​ឈូស​បំផ្លាញ និង​កម្ទេច​លំនៅឋាន​របស់​ពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា ដើម្បី​បណ្ដេញ​ពួក​គាត់​យក​ដី​ឲ្យ​ក្រុមហ៊ុន។ ក្រុមហ៊ុន ផាន អ៊ីម៉ិច ដែល​មាន​អ្នកស្រី ស៊ុយ សុផាន ជា​ប្រធាន បាន​ប្រកាស​ក្ស័យ​ធន ហើយ​ឈប់​សាងសង់​អគារ ២​ល្វែង​ជូន​ពលរដ្ឋ​ដែល​ជា​ការ​រំលោភ​កិច្ចសន្យា។ អាជ្ញាធរ​បាន​បង្ខំ​ដឹក​អ្នក​បុរីកីឡា​មួយ​ចំនួន​ធំ​ទៅ​ឲ្យ​រស់នៅ​ទួលសំបួរ និង​ភ្នំ​បាត ដែល​មាន​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​ពី​ក្រុង​ភ្នំពេញ ដែល​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ​ក៏​គ្មាន គ្មាន​ទឹក​ស្អាត គ្មាន​ការងារ និង​នៅ​ឆ្ងាយ​ពី​សាលា​រៀន។ រីឯ​ពលរដ្ឋ​មួយ​ចំនួន​ទៀត នៅ​តស៊ូ​បន្ត​រស់នៅ​សហគមន៍​បុរីកីឡា​រហូត​មក​ដល់​សព្វថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល