ការ​ធ្វើ​ពិធី​រំលឹក​ខួប​ ៧​ឆ្នាំ​​នៅ​​បុរី​កីឡា​​រង​​ការ​​រឹតត្បិត​ និង​​គំរាម​កំហែង​​ពី​​អាជ្ញាធរ

ដោយ សេក បណ្ឌិត
2019.01.04
នក​បុរីកីឡា ជួបជុំ​ធ្វើ​ពិធី​សាសនា ៦២២ សកម្មភាព​អ្នក​បុរីកីឡា ជួបជុំ​ធ្វើ​ពិធី​សាសនា ក្នុង​សហគមន៍​របស់​ខ្លួន នៅ​ថ្ងៃ​ទី៣ ខែ​មករា ឆ្នាំ​២០១៩។
Photo courtesy of Licadho

ការ​ប្រារព្ធ​ខួប​ ៧​ឆ្នាំ​នៃ​ការ​បណ្ដេញ​ពលរដ្ឋ​នៅ​បុរី​កីឡា​ចេញពី​លំនៅឋាន គឺ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ពី​សំណាក់​សមត្ថកិច្ច​ជាច្រើន​នាក់។ អ្នក​បុរីកីឡា​ថា សមត្ថកិច្ច​ខណ្ឌ​ ៧​មករា បាន​សួរនាំ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​ពិធី​រំលឹក​អំពី​ព្រឹត្តិការណ៍​ហិង្សា​កាល​ពី​ដើម​ឆ្នាំ​២០១២។ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស យល់ថា ទង្វើ​ទាំងនេះ គឺ​ប្រាសចាក​ពី​ច្បាប់រដ្ឋធម្មនុញ្ញ ដែល​មាន​ចែង និង​ធានា​ពី​សិទ្ធិ​ជា​​មូលដ្ឋាន​​នៃ​​ជួបជុំ​របស់​​ពលរដ្ឋ។

ជា​រៀងរាល់​ដើម​ឆ្នាំ អ្នក​បុរីកីឡា​ដែល​នៅ​សេសសល់​ពី​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ តែង​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត រាប់បាត្រ បង្សុកូល និង​សរសេរ​បដា​ផ្ញើ​សារ​ទៅ​អាជ្ញាធរ ដើម្បី​ស្នើសុំ​ជា​ដំណោះស្រាយ​សម្រាប់​ពួកគេ។

អ្នក​បុរីកីឡា​ដែល​សព្វថ្ងៃ​រស់នៅ​អគារ​ចាស់ មាន​អ្នកខ្លះ​មកពី​តំបន់​ភ្នំ​បាត អ្នកខ្លះ​ទៀត​មកពី​ទួល​សំបូរ រួម​នឹង​សហគមន៍​ដីធ្លី​ផ្សេងទៀត​ក្នុង​ក្រុងភ្នំពេញ ជិត​១០០​នាក់ ប្រារព្ធ​ពិធី​តាម​បែប​ព្រះពុទ្ធសាសនា នៅ​ថ្ងៃ​ទី​៣ មករា គឺជា​ថ្ងៃ ដែល​កើតមាន​អំពើ​ហិង្សា​ពី​កម្លាំង​សមត្ថកិច្ច​ទៅលើ​អ្នក​បុរីកីឡា កាលពី​ ៧​ឆ្នាំមុន។

តំណាង​អ្នក​បុរីកីឡា លោកស្រី ស ស៊ន ប្រាប់​អាស៊ីសេរី​ថា មុន​ពេល​ជួបជុំគ្នា មាន​សមត្ថកិច្ច ៤​ទៅ ​៥​នាក់ ដែល​ស្លៀកពាក់​ជា​ស៊ីវិល ដៃ​កាន់​វិទ្យុ​ទាក់ទង មក​សួរនាំ​លោកស្រី​អំពី​ចំនួន​មនុស្ស​ចូលរួម​ថា ​តើមាន​គ្នា​ប៉ុន្មាន​នាក់ មក​ពី​​កន្លែង​​ណា​ខ្លះ ហើយ​​ព្រះសង្ឃ​​ដែល​និមន្ត​មក​សូត្រមន្ត មកពី​វត្ត​ណា​ដែរ។ ក្រៅ​ពី​នេះ ការ​ធ្វើ​ពិធី​សូត្រមន្ត​តាម​បែប​ព្រះពុទ្ធសាសនា​នៅ​បុរី​កីឡា អភិបាលរង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ក៏​ហាម​អ្នក​បុរី​កីឡា មិន​ឲ្យ​ធ្វើ​នៅ​ហ្នឹង​កន្លែង​ដែរ ដោយ​លោក​ទូរសព្ទ​​ប្រាប់​​លោកស្រី ស ស៊ន ជាច្រើន​ដង ឲ្យ​រំសាយ​ការ​ជួប​ជុំ​គ្នា​នោះ។

លោកស្រី ស ស៊ន លើកឡើង​ថា សមត្ថកិច្ច​ខណ្ឌ​ ៧ ​មករា និង​សាលាក្រុង​ភ្នំពេញ មិន​គួរ​រឹតត្បិត និង​ហាមឃាត់​ពួកគាត់​នោះ​ទេ ព្រោះថា​ការ​ជួប​ជុំ​គ្នា ហើយ​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​នេះ គឺ​ដូច​រាល់​ឆ្នាំ​ដែល​ធ្លាប់​ធ្វើ​កន្លងមក៖ «គាត់​លើក​ហេតុផល​ថា ធ្វើ​ដើម្បី​អ្វី ពួក​ខ្ញុំ​ហើយ​សាលាក្រុង​ចរចា​ជិត​ត្រូវ​គ្នា​ហើយ​។ ចង់​ធ្វើ​ចាំ​ឡើងផ្ទះ​សូត្រមន្ត ធ្វើ​ទៅ គេ​មិន​ឃាត់​ទេ។ ហើយ​ខ្ញុំ​ធ្វើ​ហ្នឹង គ្រាន់តែ​លើករាសី​ដែរ​ហ្នឹង ព្រោះ​អី​ឆ្លង​ឆ្នាំ​អ៊ីចឹង យើង​ត្រូវ​លើករាសី។ ពួក​ខ្ញុំ​នៅ​នេះ ឈឺ​ក៏​ច្រើន អី​ក៏​ច្រើន អ៊ីចឹង​ត្រូវ​និមន្ត​ព្រះសង្ឃ​សូត្រមន្ត ដេញ​ឧបទ្រព​ចេញទៅ ឲ្យ​មាន​រាសី​អីចឹង គាត់​ថា​អត់​ទេ មេ​អត់​ឲ្យ​ធ្វើ​ទេ យាយ ស៊ន ស្ដាប់​ខ្ញុំ»

អាស៊ីសេរី ព្យាយាម​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​លោក មាន ចាន់យ៉ាដា អំពី​ការ​ហាមឃាត់​អ្នក​បុរីកីឡា​មិន​ឲ្យ​ប្រារព្ធ​ពិធី​តាម​បែប​ព្រះពុទ្ធសាសនា ប៉ុន្តែ​លោក​បដិសេធ ដោយ​បង្វែរ​សំនួរ​ទៅ​អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ លោក ម៉េត មាស​ភក្ដី វិញ​។ អាស៊ីសេរី ក៏​ទាក់ទង​ទៅ​អ្នកនាំពាក្យ​រូប​នេះ ជាច្រើន​ដង​ដែរ ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នកទទួល។

ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត យល់ថា សកម្មភាព​ទាំងអស់​នេះ គឺ​គេ​អនុវត្ត​តែ​នៅ​ក្នុង​ប្រទេស​កាន់​របប​កុម្មុយនិស្ត​ប៉ុណ្ណោះ។ លោក អំ សំអាត យល់ថា ការ​ការ​សួរនាំ​ពី​អាជ្ញាធរ​បែបនេះ គឺជា​ការ​រំខាន គំរាមកំហែង បំភិតបំភ័យ​ពលរដ្ឋ។ លោក​បន្ថែម​ថា អាជ្ញាធរ​មិន​គួរ​បារម្ភ ហើយ​រឹតត្បិត​ការ​ជួបជុំ​របស់​ពលរដ្ឋ​នោះ​ទេ ព្រោះ​នេះ​ជា​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​ការពារ​ដោយ​ច្បាប់៖ «តាម​ការ​ពិត​ទៅ​ពិធី​តាម​បែប​ព្រះពុទ្ធសាសនា មិន​អាច​រំខាន​យាយី​ពួកគាត់​បានទេ ហើយ​វា​គ្មាន​ច្បាប់​ឯណា​ទៅ​ហាមឃាត់​ពួកគាត់​ដែរ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ខ្ញុំ​គិត​ថា ការ​គិត​អំពី​មុខមាត់​ទៅវិញ​ទេ ដែល​មិន​ចង់​ឲ្យ​មានការ​ខ្ទរខ្ទារ​មិន​ចង់​ឲ្យ​មាន​ដឹង​ឮ ឬក៏​មានការ​រិះគន់​អំពី​បញ្ហា​បណ្ដេញ​ដោយ​បង្ខំ កាលពី​៧​ឆ្នាំមុន នៅ​បុរីកីឡា​ហ្នឹង​ណា៎»

ព្រឹត្តិការណ៍ ថ្ងៃ​ទី៣ និង​ទី​៤ ខែ​មករា ឆ្នាំ​២០១២ នៅ​បុរី​កីឡា បាន​ផ្ទុះ​ជា​អំពើ​ហិង្សា នៅ​ពេល​ក្រុម​គ្រួសារ​នៅ​សេសសល់​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​ផ្ទះសម្បែង ពី​សំណាក់​កង​សន្តិសុខ​របស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច និង​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ព្រមទាំង​កងរាជអាវុធហត្ថ​ដែល​បង្ហាញ​ពី​ការ​ពាក់ព័ន្ធ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ករណី​នេះ។ សកម្មភាព​បណ្ដេញ​ចេញ​ទាំងនោះ ធ្វើឡើង​ដោយ​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ផ្ទះសម្បែង​ពលរដ្ឋ ប្រើ​ដំបង​ឆក់ និង​ឧស្ម័ន​បង្ហូរទឹកភ្នែក។ ក្នុង​ពេល​បណ្ដេញ​ចេញ​នោះ ផ្ទះសម្បែង​ជាង​២០០​ខ្នង ត្រូវ​បាន​កម្ទេច ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​រងរបួស និង​មួយ​ចំនួន​ផ្សេងទៀត ត្រូវ​បាន​ចាប់​និង​ឃុំខ្លួន។

បច្ចុប្បន្ន ផ្ទៃដី​នៅ​បុរី​កីឡា​ដែល​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ កាលពី​ឆ្នាំ​២០១២ នឹង​ត្រូវ​ជំនួស​មក​វិញ ជា​អគារ​លំនៅឋាន​បែប​ពាណិជ្ជកម្ម​អន្តរជាតិ កម្ពស់ ៣៣​ជាន់ ឈ្មោះថា CEO KT Pacific ។ ក្រុមហ៊ុន​ចិន​ឈ្មោះ ស៊ីឈួន ហ័រស៊ី គ្រុប (Sichuan Huaxi Group) កំពុង​សាងសង់​អគារ​ពាណិជ្ជកម្ម​មួយ​នេះ ដែល​មាន​កម្ពស់ ៣៣​ជាន់ ស្ថិត​នៅក្នុង​ខណ្ឌ​៧មករា ។ តាមរយៈ​ការ​អភិវឌ្ឍ​រួមគ្នា​រវាង​ក្រុមហ៊ុន​ចិន ឈ្មោះ លីស៊ីន គ្រុប (LiXin Group) និង​ក្រុមហ៊ុន ខេធី ប៉ាស៊ីហ្វិច គ្រុប (KT Pacific Group) អគារ​ទំនើប​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២០។

ដើម្បី​បញ្ចប់​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ​ចំ​កណ្ដាល​ក្រុងភ្នំពេញ អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ផ្នែក​ដីធ្លី​និង​សិទ្ធិមនុស្ស ស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ និង​ភាគី​ក្រុមហ៊ុន ពន្លឿន​ដំណើរ​ដោះស្រាយ​សំណង​ជូន​អ្នក​បុរីកីឡា ដែល​សេសសល់​ជាង​ ១០​គ្រួសារ។ សំណង​ដែល​អ្នក​បុរីកីឡា​ចង់​បាន គឺ​ការដោះដូរ​កន្លែង​រស់នៅ​ពី​អគារ​ចាស់​ទៅ​នៅ​អគារ​ថ្មី។ បើ​មិន​បាន​តាំង​លំនៅ​ក្នុង​អគារ​ថ្មី សាលាក្រុង​ផ្ដល់​​ជា​ទឹកប្រាក់​ក្នុង​តម្លៃ​មួយ​ដែល​ពួកគាត់ អាច​រក​ទិញ​ផ្ទះ​រស់នៅ និង​ប្រកប​របរ​ចិញ្ចឹម​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។