អង្គការ Freedom House ដាក់​ចំណាត់ថ្នាក់​កម្ពុជា​ថា​ជា​ប្រទេស«មិន​មាន​សេរីភាព»

ដោយ មាន ឫទ្ធិ
2018-01-16
Share
ប៉ូលិស តុលាការ​កំពូល ប៉ូលិស​ដើរ​ល្បាត​ក្នុង​អំឡុង​ពេល​ដែល​តុលាការ​កំពូល​បើក​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧។
AFP

របាយការណ៍​សេរីភាព​ក្នុង​ពិភពលោក​ឆ្នាំ​២០១៨ (Freedom in the World 2018) របស់​អង្គការ Freedom House ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ទី​១៦ មករា នេះ  បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា ថា ជា​ប្រទេស «មិន​មាន​សេរីភាព» ឬ «មិន​សេរី» ដែល​មាន​លក្ខណៈ​ដូចគ្នា​ទៅ​នឹង​ប្រទេស​ក្នុង​ប្លុក​កុម្មុយនិស្ត រួម​មាន​ប្រទេស​ចិន រុស្សី និង​ប្រទេស​កូរ៉េខាងជើង។ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ច្រាន​ចោល​ការ​ដាក់​ចំណាត់ថ្នាក់​នេះ ថា​ជា​ការ​មិន​ត្រឹមត្រូវ។

​ប្រទេស​កម្ពុជា ទទួល​បាន​ពិន្ទុ​ផ្នែក​សិទ្ធិ​នយោបាយ ៦​ពិន្ទុ និង​សិទ្ធិ​ពលរដ្ឋ ៥​ពិន្ទុ (ពិន្ទុ ១ មាន​ន័យ​ថា មាន​សេរីភាព​បំផុត ខណៈ​ពិន្ទុ ៧ មាន​ន័យ​ថា មាន​សេរីភាព​តិចតួច​បំផុត)។ ពិន្ទុ​សរុប​ផ្នែក​សេរីភាព​របស់​ប្រទេស​កម្ពុជា គឺ ៣០ ពិន្ទុ (ពិន្ទុ ០ មាន​ន័យ មាន​សេរីភាព​តិចតួច​បំផុត ខណៈ​ពិន្ទុ ១០០ មាន​ន័យ​ថា មាន​សេរីភាព​បំផុត)។ ពិន្ទុ​សរុប​ផ្នែក​សេរីភាព​នេះ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ឈរ​ក្នុង​ចំណាត់ថ្នាក់​ប្រទេស​ដែល​មិន​មាន​សេរីភាព​ដូច​គ្នា​ទៅ​នឹង​ប្រទេស​ហ្ស៊ីមបាវ៉េ (Zimbabwe) និង​ម៉ូរីតានី (Mauritius) ដែល​សុទ្ធ​តែ​ជា​ប្រទេស​ផ្ដាច់ការ ព្រមទាំង​បណ្ដា​ប្រទេស​ក្នុង​ប្លុក​កុម្មុយនិស្ត​ដទៃ​ទៀត រួម​មាន​ប្រទេស​ចិន រុស្សី និង​ប្រទេស​កូរ៉េខាងជើង ជាដើម។

សម្រាប់​ឆ្នាំ​២០១៨ នេះ អង្គការ Freedom House បាន​ដាក់​ចំណាត់ថ្នាក់​ស្ថានភាព​សេរីភាព​ក្នុង​ប្រទេស​កម្ពុជា ថា កំពុង​តែ​មាន «និន្នាការ​ធ្លាក់​ចុះ» ដោយសារ​តែ​ករណី​បង្ក្រាប​មក​លើ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ រួម​មាន​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ចោទ​មេដឹកនាំ​របស់​គណបក្ស​នេះ​ពី​បទ​ក្បត់​ជាតិ។ អង្គការ​នេះ លើក​ឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រៀបចំ​ឲ្យ​មាន​ការ​បង្ក្រាប​ដោយ​មិន​រួញរា​មក​លើ​គណបក្ស​ប្រឆាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​កំពុង​ត្រៀមខ្លួន​ដើម្បី​ចូល​រួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ ខែ​កក្កដា ឆ្នាំ​២០១៨ នេះ។ របាយការណ៍​សរសេរ​បន្ត​ថា តុលាការ​កំពូល ដែល​ញាំញី​ដោយ​ឥទ្ធិពល​នយោបាយ​ពី​សំណាក់​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន បាន​សម្រេច​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​មេដឹកនាំ​គណបក្ស​នេះ​គឺ​លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ។ របាយការណ៍​ដដែល​នេះ លើក​ឡើង​បន្ត​ថា ក្នុង​ចំណាត់​ការ​ជា​បន្តបន្ទាប់​ប្រឆាំង​នឹង​សេរីភាព​បញ្ចេញ​មតិ អាជ្ញាធរ​បាន​បិទ​ស្ថាប័ន​ព្រឹត្តិបត្រ​ព័ត៌មាន​ឯករាជ្យ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បញ្ឈប់​ការ​ផ្សាយ​ស្ថានីយ​ផ្សាយ​វិទ្យុ​មួយ​ចំនួន និង​បាន​ប្រកាស​ថា រាល់​ការ​ចែក​ចាយ​មតិ​រិះគន់​ប្រឆាំង​រដ្ឋាភិបាល​តាម​បណ្ដាញ​សង្គម​គឺ​ជា​បទឧក្រិដ្ឋ។

របាយការណ៍​សេរីភាព​ក្នុង​ពិភពលោក​ឆ្នាំ​២០១៨ មាន​ចំណង​ជើង​ថា «ប្រជាធិបតេយ្យ​កំពុង​ស្ថិត​ក្នុង​វិបត្តិ» គូស​បញ្ជាក់​ថា ក្នុង​ចំណោម ១៩៥ ប្រទេស​ក្នុង​ពិភពលោក ប្រទេស​ចំនួន ២៥% (ស្មើ​នឹង ៤៩ ប្រទេស) ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មិន​មាន​សេរីភាព ឬ​មិន​សេរី ខណៈ​ប្រទេស​ចំនួន ៣០% (ស្មើ​នឹង ៥៨ ប្រទេស) ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ជា​ប្រទេស​មាន​សេរីភាព​តិចតួច និង​ប្រទេស​ចំនួន ៤៥% (ស្មើ​នឹង ៨៨ ប្រទេស) មាន​សេរីភាព​ពេញលេញ។ ប្រជាជន​សរុប​ជិត ២,៧​ពាន់​លាន​នាក់ កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​ប្រទេស​ដែល​មិន​មាន​សេរីភាព។

​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា របស់​រដ្ឋាភិបាល ក៏ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​ហៅ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​លោក ផៃ ស៊ីផាន បាន​ច្រានចោល​ការ​ដាក់​ចំណាត់ថ្នាក់​ថា ប្រទេស​កម្ពុជា មិន​មាន​សេរីភាព​របស់​អង្គការ Freedom House នេះ ដែល​លោក​ហៅ​ថា ជា​ការ​មិន​ត្រឹមត្រូវ។

លោក ផៃ ស៊ីផាន ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក ឌឹ ភ្នំពេញ ប៉ុស្តិ៍ ដក​ស្រង់​ប្រសាសន៍​កាល​ពី​ថ្ងៃ​១៦ មករា ថា ប្រទេស​កម្ពុជា ជា​អ្នក​ស្វ័យ​សម្រេច​លើ​អត្តសញ្ញាណ និង​អធិបតេយ្យ​របស់​ខ្លួន​ដោយ​ខ្លួន​ឯង។ លោក​លើក​ហេតុផល​ថា ចំណាត់ការ​របស់​រដ្ឋាភិបាល​​កន្លង​មក ធ្វើ​ឡើង​ដើម្បី​ជា​អត្ថប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​មូល។

​កាសែត​ដដែល​នេះ ក៏​បាន​ស្រង់​ប្រសាសន៍​អ្នក​ជំនាញ​អំពី​របប​ផ្ដាច់ការ បណ្ឌិត Lee Morgenbesser តាម​សារ​អេឡិចត្រូនិក ដែល​លោក​ថា ប្រទេស​កម្ពុជា ពិត​ជា​មាន «សំណាង​មែន​ទែន» ដែល​មិន​ត្រូវ​បាន​អង្គការ​នេះ ដាក់​ពិន្ទុ​ឲ្យ​កាន់​តែ​អាក្រក់​ជាង​នេះ​ទៀត ដោយសារ​តែ​ការ​ចាប់​ដាក់​ពន្ធនាគារ​មេដឹកនាំ​បក្ស​ប្រឆាំង​ការ​បិទ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន ការ​បណ្ដេញ​ចេញ និង​បិទ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ និង​ការ​បិទ​សារព័ត៌មាន​ឯករាជ្យ។

​ទាក់ទង​នឹង​បញ្ហា​នេះ លោក រ៉ូប៊ឺត រូប៊ី (Robert Ruby) នាយក​ផ្នែក​ផ្សព្វផ្សាយ​នៃ​អង្គការ Freedom House បាន​ផ្ដល់​ការ​ពន្យល់​ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ថា ប្រទេស​កម្ពុជា មាន​ស្ថានភាព​រឹតត្បិត​ខ្លាំង​រួច​ស្រេច​ទៅ​ហើយ ហើយ​អង្គការ​របស់​លោក​ក៏​បាន​រំលេច​អំពី​ការ​ធ្លាក់​ចុះ​ដុនដាប​ផ្នែក​សេរីភាព​ក្នុង​ប្រទេស​កម្ពុជា​នេះ តាម​រយៈ​ការ​លើក​ឡើង​អំពី​និន្នាការ​នៃ​ការ​ធ្លាក់​ចុះ​ផ្នែក​សេរីភាព​នៅ​ក្នុង​ប្រទេស​នេះ ទៅ​ក្នុង​ចំណោម​បណ្ដា​ក្រុម​ប្រទេស​នានា ដែល​ព្រឹត្តិការណ៍​វិវត្ត​ក្នុង​ឆ្នាំ​២០១៧ សម​នឹង​ទទួល​បាន​នូវ​ការ​ឃ្លាំមើល​ជាពិសេស។ លោក​ថា អង្គការ Freedom House ក៏​បាន​កំណត់​អាទិភាព​ដោយ​និយាយ​យោង​ទៅ​ដល់​ប្រទេស​កម្ពុជា នៅ​ក្នុង​របាយការណ៍​នេះ ថា​ជា​ប្រទេស​មួយ​ដែល​ដឹកនាំ​ដោយ​របប​ឯក​បក្ស​យ៉ាង​ជាក់ច្បាស់។

ប្រទេស​ដែល​ទទួល​ចំណាត់​ថ្នាក់​អាក្រក់​បំផុត​ផ្នែក​សេរីភាព​ក្នុង​ពិភពលោក​ក្នុង​ឆ្នាំ​២០១៨​នេះ រួម​មាន​ប្រទេស​ស៊ីរី (Syria) ស៊ូដង់​ខាងត្បូង (South Sudan) អេរីត្រេ (Eritrea) កូរ៉េខាងជើង (North Korea) និង​ប្រទេស ទួរមេនីស្ថាន (Turkmenistan)។ អង្គការ Freedom House រក​ឃើញ​ថា សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ​នៅ​ជុំវិញ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៨​នេះ កំពុង​តែ​ធ្លាក់​ចុះ​ដុនដាប​ដល់​កម្រិត​ទាប​បំផុត​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ក្នុង​ឆ្នាំ​២០១៧​នេះ។

អង្គការ Freedom House សង្កត់​ធ្ងន់ៗ​ថា លទ្ធិប្រជាធិបតេយ្យ​កំពុង​ស្ថិត​ក្នុង​វិបត្តិ ហើយ​គុណ​តម្លៃ​របស់​លទ្ធិប្រជាធិបតេយ្យ ពិសេស​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ និង​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ សេរីភាព​សារព័ត៌មាន និង​នីតិរដ្ឋ កំពុង​ស្ថិត​ក្រោម​ការ​បំផ្លិច​បំផ្លាញ និង​ដើរ​ថយក្រោយ​នៅ​ទូទាំង​សាកលលោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល