ក្រសួង​ការបរទេស​បញ្ជូន​មន្ត្រី​ទូត​​ទៅ​ជួយ​ពលករ​ខ្មែរ​លើ​ទូក​នេសាទ​ថៃ​នៅ​ឥណ្ឌូនេស៊ី

ដោយ សេក បណ្ឌិត
2016-08-31
Share
ពលករ ឥណ្ឌូនេស៊ី ៨៥៥ ក្រុម​ពលករ​ខ្មែរ​ដែល​បាន​ជួយ​សង្គ្រោះ​នៅ​ឥណ្ឌូនេស៊ី ត្រឡប់​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ មិថុនា ឆ្នាំ​២០១៥។
RFA/Tha Kitya

ក្រសួង​ការបរទេស​កម្ពុជា បញ្ជូន​មន្ត្រី​ទូត​ឲ្យ​ទៅ​អង្កេត​ពី​ករណី​អាជ្ញាធរ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់​កប៉ាល់​នេសាទ​ថៃ ពី​បទ​ចូល​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ពេល​ថ្មីៗ​នេះ។

មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី បញ្ជាក់​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​អង្គារ ទី​៣០ ខែ​សីហា ថា ការ​ចុះ​អង្កេត​នេះ​ដោយសារ​មាន​សេចក្ដី​រាយការណ៍​មក​ថា កប៉ាល់​នេសាទ​នោះ​មាន​ម្ចាស់​ជា​ជនជាតិ​ថៃ ដែល​អាច​មាន​ជនជាតិ​ខ្មែរ​មួយ​ចំនួន​ផង៖ «ព្រោះ​ពេល​គេ​ចាប់​កប៉ាល់​នេសាទ​ថៃ ដែល​ចូល​នេសាទ​ក្នុង​ដែនទឹក​ប្រទេស​ឥណ្ឌូនេស៊ី ដោយ​ខុសច្បាប់ ខាង​ឥណ្ឌូនេស៊ី គេ​រក​ឃើញ​ពលករ​បរទេស​មួយ​ចំនួន​នៅ​លើ​កប៉ាល់​ហ្នឹង ក្នុង​នោះ​គេ​សង្ស័យ​ថា មាន​ពលករ​កម្ពុជា ប្រមាណ ១៨​នាក់ ដូច្នេះ​បាន​ជា​ទេសរដ្ឋមន្ត្រី​ណែនាំ ចាត់​តំណាង​ទៅ​ទី​នោះ ពិនិត្យ​មើល​ជាក់ស្ដែង​ដើម្បី​យើង​ដោះស្រាយ ហើយ​នៅ​លើ​កោះ​នោះ​ឆ្ងាយ​ដែល​ទាមទារ​ប្រើ​ពេល​វេលា​ដើម្បី​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី»

លោក ជុំ សុន្ទរី បញ្ជាក់​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ ក្រុម​ការងារ​មន្ត្រី​ទូត​ដែល​ចុះ​ធ្វើការ​ក្នុង​រឿង​នេះ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ច្បាស់លាស់​នៅ​ឡើយ ហើយ​កំពុង​សិក្សា​ស្រាវ​ជុំវិញ​ករណី​នេះ​បន្ត​ទៀត។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ម្សិលមិញ បាន​ឲ្យ​ដឹង​ថា លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ណែនាំ​ឲ្យ​មន្ត្រី​ស្ថានទូត​កម្ពុជា នៅ​ឥណ្ឌូនេស៊ី ឃ្លាំមើល និង​ជួយ​អន្តរាគមន៍​អំពី​រឿង​នេះ ព្រោះ​គេ​សង្ស័យ​ថា នៅ​លើ​ទូក​នេសាទ​ថៃ នោះ​អាច​មាន​ជនជាតិ​ខ្មែរ​ប្រមាណ ១៨​នាក់។

​បេសកកម្ម​ក្នុង​កិច្ច​អន្តរាគមន៍​នោះ រួមមាន​ការ​ចុះ​ពិនិត្យ​ជាក់ស្ដែង​អំពី​ស្ថានភាព និង​សុខភាព​ពលករ​ខ្មែរ​ទាំង​នោះ និង​ត្រូវ​ទាក់ទង​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​ឥណ្ឌូនេស៊ី ដើម្បី​សុំ​ឲ្យ​ដោះលែង​ពលករ​ខ្មែរ ដែល​ជា​ជនរងគ្រោះ​ដោយសារ​ការ​ជួញដូរ​មនុស្ស ព្រមទាំង​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសក៍ (IOM) នៅ​ទីក្រុង​ហ្សាកាតា ដើម្បី​ធ្វើ​រៀបចំ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលករ​ទាំង ១៨​នាក់​នោះ​ឲ្យ​បាន​ឆាប់​រហ័ស បើ​សិន​ជា​មាន​ពលរដ្ឋ​ខ្មែរ​នៅ​លើ​ទូក​នេសាទ​នោះ​ពិត​មែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល