មន្ត្រីរដ្ឋាភិបាល៖ មន្ត្រីអ.ស.ប.ថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានភាពប្រសើរ
2014.04.29

ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាឧត្ដមស្នងការរងទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី ហ្វ្លាវៀ ផានស៊េរី (Flavia Pansieri) បានលើកឡើងអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងជំនួបជាមួយលោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង នៅថ្ងៃអង្គារ ទី២៩ មេសា។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានស្រង់សម្ដីរបស់អ្នកស្រីដែលនិយាយថា អ្នកស្រីមានសុទិដ្ឋិនិយមអំពីដំណើរការនៃសិទ្ធិមនុស្សនៅកម្ពុជា ហាក់មានភាពប្រសើរច្រើនក្នុងដំណាក់កាលចុងក្រោយនេះ។ លោក កុយ គួង បន្តថា អ្នកស្រីក៏បានមើលឃើញថា កន្លងមកប្រជាជនកម្ពុជា យើងមានសិទ្ធិសម្ដែងមតិ មានសិទ្ធិចូលរួមសកម្មភាពផ្សេងៗ ក្នុងការអភិវឌ្ឍសង្គម ក៏ដូចជាដំណើរលទ្ធិប្រជាធិបតេយ្យនេះ។ ប៉ុន្តែអ្នកស្រីក៏ចង់ឃើញការអភិវឌ្ឍប្រកបដោយចិរភាព និងការអភិវឌ្ឍនេះ កាន់តែជឿនលឿនទៅមុខបន្ថែមទៀត។
នៅទន្ទឹមនេះដែរ លោក កុយ គួង ថ្លែងថា មន្ត្រីជាន់ខ្ពស់នៃ អ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្ស ក៏បានសាកសួរលោក ហោ ណាំហុង អំពីស្ថានភាពនយោបាយចុងក្រោយនៅកម្ពុជា ផងដែរ។
លោក កុយ គួង៖ «លោកស្រីក៏បានលើកផងដែរអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោកស្រីចង់ដឹងពីការពិត ដែលកន្លងមកសារព័ត៌មានចេះតែផ្សាយផ្សេងៗគ្នានោះ។ ទាក់ទងបញ្ហាសិទ្ធិមនុស្សនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីលោកបានបញ្ជាក់ ជាពិសេសស្ថានភាពចុងក្រោយកន្លងមកនេះ គឺទី១ ពាក់ព័ន្ធបញ្ហាសិទ្ធិសេរីភាព ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ហើយថា បញ្ហាផ្អាកបណ្ដោះអាសន្នពីការធ្វើបាតុកម្មផ្សេងៗ ជាពិសេសនៅទីលានប្រជាធិបតេយ្យហ្នឹង គឺថាកន្លងមករដ្ឋាភិបាលបានអត់ធ្មត់ ឲ្យមានការអនុវត្តសិទ្ធិសេរីណាស់ ជាពិសេសឯកឧត្ដមក៏បានរំឭកអំពីការតវ៉ានានារបស់បក្សប្រឆាំងកន្លងមក គឺថា មុនការបោះឆ្នោតគេបានលើកឡើងថា គេចូលរួមបោះឆ្នោត តែមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយរហូតដល់មុនការបោះឆ្នោតគេបានធ្វើយុទ្ធនាការគគ្រឹកគគ្រេងដោយអត់មានការរារាំងទេ ធ្វើដោយសេរីបំផុត ក្នុងគោលបំណងដើម្បីឈ្នះ។ ដូច្នេះមានន័យថា បើគេឈ្នះគេទទួលស្គាល់ បើគេមិនឈ្នះធ្វើបាតុកម្ម...»។
ចំពោះប្រសាសន៍របស់លោក កុយ គួង ដែលបានអះអាងថា បញ្ហាតវ៉ារបស់គណបក្សសង្គ្រោះជាតិនេះ គឺមានគម្រោងធ្វើតាំងពីមុនបោះឆ្នោតនោះ អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រតិកម្មថា ការលើកឡើងនេះពុំមានការពិតឡើយ ហើយអ្នកស្រីក៏បានពន្យល់អំពីហេតុផលមួយចំនួននៃការតវ៉ានេះកន្លងមក៖ «ហេតុផលតវ៉ាមិនមែនដោយសារយើងចាញ់ទេ ហេតុផលតវ៉ាដោយសារគេលួចសន្លឹកឆ្នោតរបស់យើង ហើយភស្តុតាងនៃការលួចមានតាំងពីយើងតវ៉ា ហើយយើងដឹងហើយ កញ្ចប់សុវត្ថិភាពដែលទុកសន្លឹកឆ្នោតនេះគឺបើកចំហ។ យើងឃើញហើយ របាយការណ៍នៃរដ្ឋាភិបាលទាំងប៉ុន្មាន គឺយើងច្បាស់ណាស់អំពីរបៀបលួចសន្លឹកឆ្នោត អំពីការផាត់ចោលប្រជាពលរដ្ឋជាង ១លាននាក់មិនបានចុះឈ្មោះបោះឆ្នោត ហើយមិនបានទៅបោះឆ្នោត»។
ទាក់ទងនឹងបញ្ហាស្ថានភាពសិទ្ធិមនុស្សវិញ អ្នកស្រី មូរ សុខហួរ បានគូសបញ្ជាក់ថា អាជ្ញាធររបស់រដ្ឋាភិបាលបានប្រើអំណាចរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋ ដោយប្រើអំពើហិង្សាបង្ក្រាបក្រុមអ្នកតវ៉ា ដែលបញ្ហានេះនរណាក៏ដឹងដែរ មិនអាចប្រកែកបានឡើយ៖ «ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ធ្លាក់ដុនដាបណាស់ ហើយការធ្លាក់នេះមិនអាចលាក់បាំងបានទេ ពីព្រោះសម័យនេះជាសម័យហ្វេសប៊ុក សម័យព័ត៌មានសង្គម ហើយប្រជាពលរដ្ឋយើងក៏យល់ច្បាស់ណាស់ថា បើសិនជាអ្នកដឹកនាំដដែល គឺអត់មានស្អីក្រៅតែពីការឈឺចាប់ ការវាយដំ ការបាញ់សម្លាប់ប្រជាពលរដ្ឋប្រជាពលរដ្ឋខ្លួនឯងទេ»។
ប៉ុន្តែលោក កុយ គួង អះអាងថា អ្នកស្រី ហ្វ្លារៀ ផានស៊េរី យល់ឃើញថា រដ្ឋាភិបាលកម្ពុជា មិនត្រឹមតែបើកចំហចំពោះការប្រមូលផ្តុំ ការសំដែងមតិ និងសកម្មភាពផ្សេងៗ នៅក្នុងសង្គមប៉ុណ្ណោះទេ តែថែមទាំងរដ្ឋាភិបាលបានផ្ដល់សច្ចាប័នផ្នែកផ្លូវច្បាប់ជាច្រើនពាក់ព័ន្ធនឹងកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស៕