"កម្ពុជា​មិន​គាំទ្រ​សេចក្ដី​សម្រេច​របស់​អ.ស.ប​ប្រឆាំង​មីយ៉ាន់ម៉ា​ស្មើ​នឹង​គាំទ្រ​ការ​រំលោភ​សិទ្ធិមនុស្ស"

ដោយ មាន ឫទ្ធិ
2017-12-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧។ RFA
អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧។ RFA
Photo: RFA

រដ្ឋាភិបាល​កម្ពុជា បាន​ដើរ​តាម​គន្លង​ប្លុក​កុម្មុយនិស្ត​ចិន និង​រុស្ស៊ី បោះឆ្នោត​មិន​គាំទ្រ​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ដែល​ជំរុញ​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា បញ្ឈប់​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​ជនជាតិ​មូស្លីម​រ៉ូហ៊ីនយ៉ា។ អ្នក​វិភាគ​យល់​ថា កម្ពុជា​កំពុង​គាំទ្រ​ឲ្យ​មាន​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​មីយ៉ាន់ម៉ា យ៉ាង​ដូច្នោះ​ដែរ។

​សេចក្ដី​សម្រេច​នេះ ត្រូវ​បាន​អនុម័ត​ដោយ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៤ ធ្នូ ដោយ​សំឡេង​ឆ្នោត​គាំទ្រ ១២២ ទល់​នឹង​សំឡេង​ប្រឆាំង​ចំនួន ១០​សំឡេង និង​សំឡេង​អនុប្បវាទ​ចំនួន ២៤​សំឡេង។ ប្រទេស​កម្ពុជា ក៏​ដូចជា​បណ្ដា​ប្រទេស​ក្នុង​ប្លុក​កុម្មុយនិស្ត រួម​មាន​ប្រទេស​ចិន រុស្ស៊ី និង​វៀតណាម បាន​បោះឆ្នោត​មិន​គាំទ្រ​សេចក្ដី​សម្រេច​នេះ។ ក្នុង​នោះ​ដែរ ប្រទេស​មីយ៉ាន់ម៉ា ខ្លួន​ឯង​ដែល​ជាប់​ពាក់ព័ន្ធ និង​ផុង​ខ្លួន​យ៉ាង​ជ្រៅ​ក្នុង​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីនយ៉ា នេះ រួម​នឹង​ប្រទេស ៥​ ទៃ​ទៀត ដែល​ល្បី​ឈ្មោះ​ខាង​មិន​សូវ​អើពើ​​រឿង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក គឺ​ប្រទេស​ឡាវ ហ្វីលីពីន បេឡារូស ស៊ីរី និង​ប្រទេស​ហ្ស៊ីមបាវ៉េ បាន​រួម​គ្នា​បោះឆ្នោត​ប្រឆាំង​នឹង​វិធានការ​ស្នើ​ឡើង​ដោយ​សេចក្ដី​សម្រេច​អង្គការ​សហប្រជាជាតិ​មួយ​នេះ។

សេចក្ដី​សម្រេច​នេះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​ធ្វើ​ការ​ផ្នែក​មនុស្សធម៌ អាច​មាន​លទ្ធភាព​ចូល​ទៅ​ជួប និង​ជួយ​ជនជាតិ​មូស្លីម​រ៉ូហ៊ីនយ៉ា ដែល​កំពុង​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ធ្ងន់ធ្ងរ និ​ឥត​ស្រាកស្រាន្ត​ពី​សំណាក់​ក្រុម​យោធា​មីយ៉ាន់ម៉ា ក៏​ដូចជា​ធ្វើការ​ធានា​នូវ​ការ​ធ្វើ​មាតុភូមិ​និវត្តជន​ភៀស​ខ្លួន​រ៉ូហ៊ីនយ៉ា ទាំង​នេះ ពី​ប្រទេស​បង់ក្លាដេស មក​កាន់​ប្រទេស​មីយ៉ាន់ម៉ា វិញ ព្រម​ទាំង​ផ្ដល់​សិទ្ធិ​ឲ្យ​ជនជាតិ​មូស្លីម​រ៉ូហ៊ីនយ៉ា ទាំង​នេះ អាច​ទទួល​បាន​សញ្ជាតិ​មីយ៉ាន់ម៉ា ពេញ​លេញ។ សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​ដដែល​នេះ ក៏​ស្នើ​ឲ្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរេស (Antonio Guterres) តែង​តាំង​អ្នក​រាយការណ៍​ពិសេស​មួយ ដើម្បី​សង្កេតការណ៍​ករណី​ជនជាតិ​មូស្លីម​រ៉ូហ៊ីនយ៉ា នៅ​ប្រទេស​មីយ៉ាន់ម៉ា នេះ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ករណី​ដែល​ប្រទេស​កម្ពុជា សម្រេច​បោះឆ្នោត​មិន​គាំទ្រ​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​នេះ គឺ​ដោយសារ​តែ​កម្ពុជា ប្រកាន់​យក​ជំហរ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ។ ដោយ​ព្យាយាម​មិន​ប្រើ​ពាក្យ «វិបត្តិ​រ៉ូហ៊ីនយ៉ា» ដូច​តាម​ការ​ចង់​បាន​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា លោក ជុំ សុន្ទរី ថ្លែង​ថា «​បញ្ហា​វិបត្តិ​នៅ​រដ្ឋ​រ៉ាក់ឃីន» គឺ​ជា​បញ្ហា​ផ្ទៃក្នុង​របស់​មីយ៉ាន់ម៉ា។

យ៉ាងណាក៏ដោយ កាល​ពី​ដើម​ខែ​ធ្នូ កន្លង​ទៅ​នេះ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​មួយ​នៅ​ឯ​វិមាន​សន្តិភាព​ជាមួយ​នាយករដ្ឋមន្ត្រី​បង់ក្លាដេស អ្នកស្រី សេក ហាស៊ីណា (Sheikh Hasina) លោក ហ៊ុន សែន បាន​ពិភាក្សា​ជាមួយ​អ្នកស្រី សេក ហាស៊ីណា អំពី​បញ្ហា​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីនយ៉ា​នេះ ដែល​គ្រា​នោះ​លោក ហ៊ុន សែន ថ្លែង​សរសើរ​ប្រទេស​បង់ក្លាដេស ថា កម្ពុជា​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​នេះ ដែល​បើ​ទោះ​បី​ជា​មាន​ប្រជាជន​សរុប​រហូត​ដល់​ទៅ ១៦០​លាន​នាក់ ក៏​ប្រទេស​បង់ក្លាដេស សុខចិត្ត​ទទួល​បន្ទុក​ចិញ្ចឹម​ជនភៀសខ្លួន​រ៉ូហ៊ីនយ៉ា របស់​ប្រទេស​មីយ៉ាន់ម៉ា ប្រមាណ​ជិត ១​លាន​នាក់​បន្ថែម​ទៀត។ លើស​ពី​នេះ​ទៀត ភាគី​ទាំង​ពីរ​ក៏​បាន​ពិចារណា​រួម​គ្នា​ទៅ​លើ​កិច្ចការ​ខិតខំ​ធ្វើ​ឲ្យ​មាន​ឡើង​នូវ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ជនភៀសខ្លួន​រ៉ូហ៊ីនយ៉ា ទាំង​នេះ ត្រឡប់​មក​កាន់​ប្រទេស​មីយ៉ាន់ម៉ា វិញ។ លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​ភាគី​ប្រទេស​បង់ក្លាដេស និង​ប្រទេស​មីយ៉ាន់ម៉ា ព្យាយាម​ស្វែងរក​នូវ​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ ដើម្បី​អាច​ឲ្យ​ជនភៀសខ្លួន​ទាំង​នេះ​ធ្វើ​មាតុភូមិនិវត្តន៍​មក​កាន់​ប្រទេស​មីយ៉ាន់ម៉ា វិញ​ប្រកប​ដោយ​សុវត្ថិភាព។

​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី មើល​ឃើញ​ថា ការណ៍​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ដើរ​តាម​គន្លង​ប្លុក​កុម្មុយនិស្ត រួម​មាន​ប្រទេស​ចិន រុស្ស៊ី និង​វៀតណាម ជាដើម ក្នុង​ការ​បោះ​ឆ្នោត​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​នេះ គឺ​មាន​ន័យ​ស្មើ​នឹង​ការ​គាំទ្រ​ឲ្យ​មាន​នូវ​ការ​បង្ក្រាប​យ៉ាង​សាហាវ​ឃោរឃៅ​ដែល​ជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា យ៉ាង​ដូច្នោះ​ដែរ។

​លោក​បណ្ឌិត មាស នី៖ «បាទ! បើ​យើង​មើល​ពី​បញ្ហា​រ៉ូហ៊ីនយ៉ា នេះ វា​ជា​ករណី​ដែល​មាន​ការ​សម្លាប់​រង្គាល ឬ​ក៏​យើង​ហៅ​ថា ធ្វើ​ទុក្ខបុកម្នេញ​ដល់​ជនជាតិភាគតិច រ៉ូហ៊ីនយ៉ា ហ្នឹង។ អ៊ីចឹង​កាល​ណា​បើសិនជា​យើង​បោះឆ្នោត​ប្រឆាំង​ជាមួយ​នឹង​សេចក្ដី​សម្រេច​របស់​អង្គការសហប្រជាជាតិ​នេះ អា​ហ្នឹង​វា​បាន​ន័យ​ថា យើង​ហាក់​ដូចជា ឬ​ទំនង​ជា​គាំទ្រ​នូវ​អំពើ​ហិង្សា​ហ្នឹង​ឲ្យ​វា​មាន​ជា​បន្ត​ទៅ​ទៀត»

លោក​បណ្ឌិត មាស នី បន្ត​ថា នៅ​ក្នុង​សហគមន៍​អន្តរជាតិ ប្រទេស​កម្ពុជា គួរ​ពិចារណា​លើ​បញ្ហា​សីលធម៌ និង​គុណ​តម្លៃ​ពិត​ប្រាកដ​របស់​ខ្លួន ដើម្បី​ធ្វើ​ឲ្យ​កុំ​ឲ្យ​មាន​ការ​ប៉ះពាល់​បន្ថែម​ដល់​កិត្តិនាម​របស់​ប្រទេស​កម្ពុជា ខណៈ​ដែល​ប្រទេស​នេះ កំពុង​ជួប​នូវ​វិបត្តិ​នយោបាយ​ស្រាប់ ដែល​ទទួល​រង​នូវ​ការ​ថ្កោលទោស​ស្ទើរ​តែ​ពី​គ្រប់ទិសទី​ជុំវិញ​ពិភពលោក។

​លោក​បណ្ឌិត មាស នី ថ្លែង​បញ្ជាក់​ថា ក្នុង​នាម​លោក​ជា​ជនជាតិ​ខ្មែរ​ម្នាក់ លោក​មិន​ចង់​ឃើញ​ប្រទេស​កម្ពុជា ធ្វើ​តាម​រណប​របស់​ប្រទេស​មហាអំណាច​ណាមួយ​នោះ​ឡើយ។ លោក​ចង់​ឃើញ​ប្រទេស​កម្ពុជា មួយ​ដែល​ឈរ​លើ​​គោលការណ៍​ឯករាជ្យ​ច្បាស់​ការ ដោយ​មាន​គុណ​តម្លៃ​ច្បាស់លាស់ ដើម្បី​រក្សា​កិត្យានុភាព និង​កិត្តិយស​របស់​ជាតិ៖ «ការ​ប្រឆាំង​ជាមួយ​នឹង​អ្នក​នេះ​ដាច់​ក្បាល ហើយ​ទៅ​ស្រលាញ់​ជាមួយ​អ្នក​នោះ​ឱប​ដៃ​ឱប​ជើង​នោះ វា​មិន​មែន​ជា​កិត្តិយស​របស់​ប្រទេស​មួយ​នៅ​លើ​ពិភពលោក​ដែល​យើង​តែង​អះអាង​ថា ជា​ប្រទេស​ឯករាជ្យ ហើយ​មិន​មាន​ចូល​ទៅ​ក្នុង​ក្រុម​មនោគមវិជ្ជា​សង្គ្រាម​ត្រជាក់​ណា​មួយ​នោះ...។ យើង​មើល​ទៅ​ប្រទេស​វៀតណាម ប្រទេស​ថៃ ដែល​គេ​ជឿនលឿន​ជាង​យើង របៀប​ដែល​គេ​គ្រប់គ្រង​កិច្ចការ​នយោបាយ​បរទេស​របស់​គេ គឺ​គេ​មាន​ភាព​រលូន​ស្រួល។ សម្រាប់​យើង​វិញ គឺ​យើង​ហាក់​ដូចជា​បាន​ទទួល​បរាជ័យ​ជា​បន្តបន្ទាប់ រឿង​នយោបាយ​ការបរទេស​ដែល​ធ្វើ​ឲ្យ​យើង​តែងតែ​ទទួល​រង​នូវ​ការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ ស្ទើរ​តែ​រៀង​រាល់ ១៥​ឆ្នាំ​ម្ដង ហើយ​អា​ហ្នឹង​វា​មិន​មែន​ជា​កិត្តិយស​មួយ​ល្អ​សម្រាប់​ប្រទេស​មួយ​ក្នុង​ពិភពលោក​នោះ​ទេ»

​យ៉ាង​ហោច​ណាស់ មាន​ជនជាតិ​មូស្លីម​រ៉ូហ៊ីនយ៉ា ជាង ៦៥ ម៉ឺន​នាក់ បាន​រត់​គេច​ខ្លួន​ពី​ប្រទេស​មីយ៉ាន់ម៉ា ដែល​ប្រទេស​ប្រកាន់​ពុទ្ធសាសនា​ទៅ​កាន់​ប្រទេស​បង់ក្លាដេស ដោយសារ​តែ​ក្រុម​យោធា​មីយ៉ាន់ម៉ា បាន​បើក​យុទ្ធនាការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​លើ​ជនជាតិ​មូស្លីម​រ៉ូហ៊ីនយ៉ា ទាំង​នេះ ចាប់​តាំង​ពី​ចុង​ខែ​សីហា ឆ្នាំ​២០១៧ មក​នេះ។ រដ្ឋាភិបាល​មីយ៉ាន់ម៉ា ក្រោម​ការ​ដឹកនាំ​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) អតីត​ជយលាភី​ពានរង្វាន់​ណូបែល​សន្តិភាព ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​សហគមន៍​អន្តរជាតិ ពី​ករណី​មិន​អើពើ​លើ​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីនយ៉ា​នេះ។ អង្គការ​សហប្រជាជាតិ បាន​ហៅ​ការ​សម្លាប់​រង្គាល​លើ​ជនជាតិ​មូស្លីម​រ៉ូហ៊ីនយ៉ា​នេះ ពី​សំណាក់​ក្រុម​យោធា​មីយ៉ាន់ម៉ា ថា​ជា​គំរូ​មួយ​នៃ​អំពើ «បោស​សម្អាត​ពូជ​សាសន៍»។

​ក្នុង​ព្រឹត្តិការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២១ ធ្នូ កន្លង​ទៅ បាន​បោះ​ឆ្នោត​គាំទ្រ​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ ដែល​ប្រកាស​មិន​គាំទ្រ​ការ​ទទួល​ស្គាល់​របស់​សហរដ្ឋអាមេរិក​ថា ទីក្រុង​ជេរូហ្សាឡឹម ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល។ ការ​បោះឆ្នោត​របស់​កម្ពុជា​នេះ គឺ​ជា​ការ​ចំអក​មួយ​ចំពោះ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដែល​ធ្លាប់​ព្រមាន​ថា នឹង​កត់ត្រា​ទុក​នូវ​ឈ្មោះ​របស់​ប្រទេស​ទាំង​ឡាយ​ណា​ដែល​បោះឆ្នោត​ប្រឆាំង​នឹង​ខ្លួន​នៅ​អង្គការ​សហប្រជាជាតិ ហើយ​ថា ប្រទេស​ទាំង​នោះ​អាច​នឹង​ត្រូវ​ប្រឈម​នឹង​ការ​កាត់​ផ្ដាច់​ជំនួយ​ពី​សហរដ្ឋអាមេរិក នៅ​ពេល​ខាង​មុខ។ មាន​ប្រទេស​ចំនួន ១២៨​ប្រទេស រួម​ទាំង​កម្ពុជា បាន​បោះឆ្នោត​ប្រឆាំង​នឹង​ការ​ទទួល​ស្គាល់​របស់​អាមេរិក​ថា ក្រុង​ជេរូហ្សាឡឹម ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល ខណៈ​ដែល​មាន​ប្រទេស​ចំនួន​តែ ៩​ប្រទេស​ប៉ុណ្ណោះ បាន​បោះឆ្នោត​គាំទ្រ​អាមេរិក ហើយ​ប្រទេស​ចំនួន ៣៥​ទៀត​បោះឆ្នោត​អនុប្បវាទ។ បច្ចុប្បន្ន ការ​ដណ្ដើម​គ្រប់គ្រង​ទឹក​ដី​ជេរូហ្សាឡឹម កំពុង​ស្ថិត​ក្នុង​ភាព​ប្រទាញប្រទង់ ដោយសារ​សង្គ្រាម​រ៉ាំរ៉ៃ​ដែល​បាន​អូស​បន្លាយ​ជាច្រើន​ទសវត្ស​រវាង​ប្រទេស​អ៊ីស្រាអែល និង​ជនជាតិ​ប៉ាឡេស្ទីន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល