រដ្ឋាភិបាល​​ព្រម​ទទួល​យក​អនុសាសន៍​ចំនួន​១៧៣ នៃ របាយការណ៍​ជា​សកល ស្ដីពី​សិទ្ធិមនុស្ស មក​អនុវត្ត

ដោយ សុ ជីវី
2019-04-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្លាកសញ្ញាគណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា
ស្លាកសញ្ញាគណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា
គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា

រដ្ឋាភិបាល​សម្រេច​ទទួល​យក​អនុសាសន៍​ចំនួន១៧៣ ក្នុង​ចំណោម១៩៨ ដែល​ផ្ដល់​ដោយ​រដ្ឋ​ជា​សមាជិក អង្គការ​សហប្រជាជាតិ ដើម្បី​អនុវត្ត។

អនុសាសន៍​ទាំង១៩៨ នោះ ត្រូវ​បាន​ផ្ដល់​ដោយ​រដ្ឋ​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​របាយការណ៍​ជា​សកល​តាម​កាល​កំណត់​ហៅ​កាត់​ថា UPR លើក​ទី៣២ ជុំទី៣ សម្រាប់​កម្ពុជា​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃ​ទី៣០ ខែ​មករា។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា អោយ​ដឹង​ថា​មាន​អនុសាសន៍​ចំនួន​២៥ ដែល​ត្រូវ​កត់​សម្គាល់​ថា​ជា​អនុសាសន៍ ដែល​មិន​អាច​ទទួល​យក​មក​អនុវត្ត ដោយ​សំអាង​ហេតុ​ផល​ថា អនុសាសន៍​ទាំង​នោះ​មិន​អាច​អនុវត្ត​បាន​ដោយ​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់ និង​ជា​ការ​លើក​ឡើង​ក្រោម​រូបភាព​នយោបាយ។

សមាជិក និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កត្តា អ៊ន អោយ​ដឹង​ថា​អនុសាសន៍​ទាំង២៥ នោះ អាច​លើក​ឡើង​ដោយ​រដ្ឋ​សមាជិក​ដែល​មិន​បាន​យល់​ច្បាស់​ពី​ស្ថានភាព និង​បទដ្ឋាន​ច្បាប់​កម្ពុជា។ លោក​ថា​អង្គការសហប្រជាជាតិ​នឹង​បង្ហាញ​ជា​សាធារណៈ​នូវ​អនុសាសន៍​ដែល​កម្ពុជា​ទទួល​យក​និង​មិន​ទទួល​យក​នោះ នៅ​ពេល​ខាង​មុខ៖ «អនុសាសន៍​ខ្លះ​និយាយ​ពី​ទិដ្ឋភាព​ក្របខ័ណ្ឌ​ការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ជា​ការ​រំលោភ​អធិបតេយ្យភាព​កម្ពុជា ដែល​ជា​រដ្ឋ​ឯករាជ្យ ជា​សមាជិក​អង្គការ​សហប្រជាជាតិ។ អនុសាសន៍​ទាំងនោះ​មិន​ស្រប​ទៅ​នឹង​បទដ្ឋាន​អង្គការ​សហប្រជាជាតិ វា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ខ្មែរ​យើង ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ»

ទោះ​បី​ជា​យ៉ាង​ណា លោក​មិន​ប្រាប់​ពី​ចំណុច ដែល​កម្ពុជា​មិន​ទទួល​យក​ឲ្យ​លំអិត​បាន​នោះ​ទេ។

នៅ​ក្នុង​កិច្ចប្រជុំ​ជុំ​ទី៣​ នោះ ​តំណាង​ប្រទេស​ប្រជាធិបតេយ្យ ជំរុញ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស​ ដែល​របប​នេះ បាន​វាយ​កម្ទេច កាល​ពី​ឆ្នាំ២០១៧ ឡើង​វិញ និង​ត្រូវ​បើក​ផ្លូវ​ឱ្យ​មាន​ការ​ពិភាក្សា​បញ្ចប់​បញ្ហា​នយោបាយ។ ចំណែក​ក្រុម​ប្រទេស​ប្រកាន់​លទ្ធិ​កុម្មុយនិស្ត បាន​សរសើរ​របប​ក្រុង​ភ្នំពេញ និង​បាន​ផ្ដល់​អនុសាសន៍​ឱ្យ​របប​ក្រុង​ភ្នំពេញ យក​ចិត្ត​ទុក​ដាក់​កែ​លម្អ តែ​សិទ្ធិ​ផ្នែក​សង្គម សេដ្ឋកិច្ច សុខភាព និង​អប់រំ ជា​ដើម។

នៅ​ក្នុង​កិច្ច​ប្រជុំ​ពិនិត្យ​របាយការណ៍​ជា​សកល​តាម​កាល​កំណត់​ហៅ​កាត់​ថា UPR ជុំ​ទី២ កាល​ពី​ឆ្នាំ​២០១៤ រដ្ឋាភិបាល​សម្រេច​ទទួល​យក​អនុសាសន៍​ចំនួន១៦៣ មក​អនុវត្ត។ សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា អះអាង​ថា ចំណុច​ទាំង១៦៣ ដែល​របប​ក្រុង​ភ្នំពេញ​ទទួល​យក មិន​ត្រូវ​បាន​អនុវត្ត​ល្អ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល