តំណាង​របប​លោក ហ៊ុន សែន៖ ខ្លួន​បាន​ត្រៀម​ខ្លួន​រួច​រាល់ ដើម្បី​ការពារ​របាយការណ៍​ស្ដីពី​ការ​គោរព​សិទ្ធិមនុស្ស នៅ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស អ.ស.ប

ដោយ ទីន ហ្សាការីយ៉ា
2019-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ថ្ងៃ​ទី​២៩​ ខែ​មករា​ ឆ្នាំ​២០១៩ ដឹក​នាំ​ប្រតិភូ​កម្ពុជា​ទៅ​រាយការណ៍​អំពី​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។
លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ថ្ងៃ​ទី​២៩​ ខែ​មករា​ ឆ្នាំ​២០១៩ ដឹក​នាំ​ប្រតិភូ​កម្ពុជា​ទៅ​រាយការណ៍​អំពី​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។
រូបថត៖ ហ្វេសប៊ុក​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា

ប្រតិភូ​នៃ​របប​ឯក​បក្ស ក្រុង​ភ្នំពេញ​អះអាង​ថា ពួក​គេ​បាន​ត្រៀម​ខ្លួន ដើម្បី​ប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​សម័យ​ប្រជុំ​លើក​៣ របស់​ខ្លួន​ នា​ថ្ងៃ​ទី៣០ មករា នៅ​ក្រុង ហ្សឺណែវ​ ប្រទេស​ស្វីស ថា កម្ពុជា​គោរព​សិទ្ធិមនុស្ស។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​សង្កេត ​ឃើញ​ថា ក្នុង​ចំណោម​អនុ​សាសន៍​ទាំង ១៦៣ចំណុច​ដែល​របប​នេះ​យល់​ព្រម​ទទួល​យក​ពី​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​នៃអង្គការសហប្រជាជាតិកាលពីលើកទី២នោះ​គឺ​របប​នេះ​អនុវត្ត​បាន​តែ​តិច​តួច​នៅ​ឡើយ​ទេ។

ក្រុម​មន្រ្តី​សិទ្ធិ​មនុស្ស ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ចោទ​ប្រកាន់ ក្រុង​អង្គការ​សង្គម​ស៊ីវិល ធ្វើ​របាយការណ៍​មិន​ពិត​ស្ដីពី ការ​រំលោភ​សិទ្ធិមនុស្ស​ដាក់​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ​នោះ។

អ្នក​នាំ​ពាក្យ​សមាគម អាដហុក លោក ស៊ឹង សែនករុណា ពន្យល់​ថា អង្គការ​សង្គម​ស៊ីវិល ធ្វើ​ការ​ទាក់ទង​នឹង​សិទ្ធិមនុស្ស គ្មាន​ចេត​នា​អាក្រក់​ណា​មួយ សរសេរ​របាយការណ៍​អាក្រក់​ពី​កម្ពុជា​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​រក​ឃើញ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ពិត​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស ដែល​ធ្វើ​ឡើង​ដោយ​របប​លោក ហ៊ុន សែន ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ទៀត​ថា ការ​វាយ​តម្លៃ​ទៅ​លើ របាយការណ៍​ណា​មួយ​ក៏​មិន​មែន​អាស្រ័យ​ទៅ​លើ​ភាគី​រដ្ឋាភិបាល​កម្ពុជា ឬ​ភាគី​សង្គម​ស៊ីវិល​ទេ ប៉ុន្តែ គឺ​ជា​ការ​វាយ​តម្លៃ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ដែល​បាន​សិក្សា និង​ពិនិត្យ​ផ្ទាល់​ពី​ការ​អនុវត្ត​គោលការណ៍​សិទ្ធិមនុស្ស​នេះ៖ «របាយការណ៍​យើង​ក៏​មិន​មែន​លើក​តែ​ភាព​អវិជ្ជមាន​ទាំង​ស្រុង​ទេ យើង​មាន​លើក​ជា​ចំណុច​នៃ​ការ​ធ្វើ​ឡើង​បាន​អនុវត្ត​តាម​អនុសាសន៍​ហ្នឹង​ដែរ ប៉ុន្តែ​មិន​ច្រើន​ទេ ក្នុង​ហ្នឹង​យើង​សរសេរ​អ្វី​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៃ​រឿង​នៅ​កម្ពុជា​យើង​មិន​បាន​សរសេរ​ការពារ​កម្ពុជា​ដូច​រដ្ឋាភិបាល​សរសេរ​របាយការណ៍​ការពារ​ខ្លួន​ទេ​អ៊ីចឹង​ទេ ខុស​គ្នា​ត្រង់​ហ្នឹង។ យើង​ធ្វើ​ការ​ងារ​ការ​ពារ​ប្រយោជន៍​រួម​របស់​សង្គម»

ការ​បញ្ចេញ​ប្រតិកម្ម​នេះ នៅ​បន្ទាប់​ពី​អ្នក​នំា​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ចោទ​ប្រកាន់​ថា អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា បាន​ធ្វើ​របាយការណ៍​អាក្រក់​អំពី​ការ​អនុវត្ត​គោលការណ៍​សិទ្ធិមនុស្ស នៅ​កម្ពុជា។

អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ​ជិន​ ម៉ា​លីន និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែរ​នោះ បញ្ជាក់​ថា ប្រតិភូ​នៃ​របប​របស់​លោក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ដើម្បី​ការពារ​អំពី​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​របស់​លោក ចំពោះ​ការ​អនុវត្ត​គោលការណ៍​គោរព​សិទ្ធិមនុស្ស និង​ឆ្លើយ​តប​ត ទៅ​នឹង​របាយ​​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល និង​របាយការណ៍​របស់​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​សិទ្ធិមនុស្ស OHCHR ប្រចាំ​កម្ពុជា ដែល​សរសេរ​ពី​ភាព​អវិជ្ជមាន​ជា​ច្រើន អំពី​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

គណៈ​ប្រតិភូ​សិទ្ធិមនុស្ស​នៃ​របប​ក្រុង​ភ្នំពេញ​ដែល​នឹង​ទៅ​ថ្លែង​ការពារ អំពី​ពី​ការ​គោរព​សិទ្ធិ​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ដឹក​នាំ​ដោយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក ​កែវ ​រ៉េមី និង តំណាង​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

តំណាងក្រសួង​ដែល​ទៅ​ចូល​កិច្ច​ប្រជុំ​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស នៅ​ឡើង​នៅ​ទីក្រុង​ហ្សឺណែវ (Genava) ប្រទេស​ស្វីស នោះ មាន​តំណាង​ក្រសួង​​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ ក្រសួង​យុត្តិធម៌ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួង​ព័ត៌មាន និង​ក្រសួង​សង្គមកិច្ច ​អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា។

លោក ជិន ម៉ាលីន ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ នៅ​មុន​ពេល​ចេញ​ដំណើរ​​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នៅ ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​នេះ​ថា វា​ជា​កាតព្វកិច្ច​របស់​កម្ពុជា​ក្នុង​នាម​រដ្ឋ​ជា​សមាជិក​ប្រាប់​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការ​អនុវត្ត​ការ​គោរព ​សិទ្ធិ​មនុស្ស​របស់​ខ្លួន​ក្នុង​រយៈ​ពេល៥ឆ្នាំម្តង។ ហើយឆ្នាំ២០១៩នេះជាលើក​ទី៣ដែល​កម្ពុជា​ត្រូវ ទៅ​អនុវត្ត​កាតព្វកិច្ច ការ​ប្ដេជ្ញា​ចិត្ត និង​បញ្ហា​​ប្រឈម​ទាក់ទង និង​ការ​គោរព​សិទ្ធិមនុស្ស៖ «យើង​ក៏​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ទៅ​ហើយ ដើម្បី​ធ្វើ​ការ​ពន្យល់​ទៅ​អង្គការ​សហប្រជាជាតិ​ថា អ្វី​ទៅ​ជា​កម្ពុជា​ក្លែងក្លាយ​នៅ​លើ​សារព័ត៌មាន​បរទេស ហើយ​អ្វី​ជា​កម្ពុជា​ពិត​ប្រាកដ ដែល​ប្រជា​ពលរដ្ឋ​កំពុង​រីករាយ​ទៅ​នឹង​សុខ​សន្តិភាព និង​មាន​ការ​អភិវឌ្ឍ​ស្ទើរ​គ្រប់​វិស័យ។ អ៊ីចឹង​នេះ​មិន​មាន​អី​ទាក់ទង​ការ​ធ្វើ​ឲ្យ​គេ​ជឿ ឬ​មិន​ជឿ​ទេ គឺ​សំខាន់​យើង​បាន​បំពេញ​កាតព្វកិច្ច​ជា​អន្តរជាតិ​ក្នុង​នាម​រដ្ឋ​សមាជិក​របស់​អង្គការ​សហប្រជាជាតិ»

លោក ជិន​ ម៉ា​លីន ឲ្យ​ដឹង​ទៀត​ថា កាលពី​ឆ្នាំ​២០១៤​របប​ក្រុង​ភ្នំពេញ​ទទួល​បាន​អនុ​សាសន៍​កែ​លម្អ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជាចំនួន២០៥ចំណុច​ ប៉ុន្តែ​របប​នេះ​​ទទួល​យក​តែ​១៦៣ ចំណុច​ទេ ​​ ដោយ​សារ​ចំណុច​មួយ​ចំនួន​ទៀត​មិន​សម​ស្រប​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​ឲ្យ​ដឹង​ដែរ​ថា ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក​ កែវ​ រ៉េមី ​នឹង​ធ្វើ​បទ​បង្ហាញ​អំពី​ស្ថាន​ភាព​កម្ពុជា​ លើ​គ្រប់​វិស័យ​និង​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះ​គន់​នានា ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

អ្នកនាំពាក្យ​សមាគម អាដហុក លោក ស៊ឹង សែនករុណា ឲ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី២៩ មករា​ថា មុន​នឹង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ចេញ​ទៅ​​​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ អង្គការ​សហប្រជាជាតិ​បាន​អញ្ជើញ​ក្រុម​សង្គម​ស៊ីវិល និង​ទទួល​យក​របាយការណ៍​របស់​ពួក​គេ ទៅ​ពិនិត្យ​ក្នុង​សម័យ​ប្រជុំ​មួយ​កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១៨កន្លងទៅ។ លោក​បន្ត​ថា របាយការណ៍ របស់​អង្គការ​សង្គម​ស៊ីវិល​បាន​រក​ឃើញ​ថា អនុសាសន៍​កែ​លម្អ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ចំនួន ១៦៣ ដែល​រដ្ឋាភិបាល​ទទួល​យក​នោះ គឺ​អនុវត្ត​បាន​តិចតួច​នៅ​ឡើយទេ៖ «យើង​ឃើញ​ថា តិចតួច​ណាស់ ដែល​កម្ពុជា​អនុវត្ត​អនុសាសន៍។ របាយការណ៍​របស់​សង្គម​ស៊ីវិល​ក្នុង​នោះ​យើង​ពិនិត្យ​មើល​សិទ្ធិ​សេរី​ជា​មូលដ្ឋាន​មានន័យ​ថា សិទ្ធិ​ការ​ជួបជុំ ការ​ប្រមូល​ផ្តុំ និង​ខាង​សមាគម ហើយ​ឃើញ​ថា សិទ្ធិ​នេះ​មាន​ការ​រឹតត្បិត​ជា​ខ្លាំង»

លោក ស៊ឹង សែនករុណា ឲ្យ​ដឹង​ទៀត​ថា សង្គម​ស៊ីវិល​លើក​ឡើង​ពី​ជ្រុង​នីមួយៗ ដែល​ខ្លួន​បាន​ធ្វើ​ការ​ទាក់ទង​វិស័យ​សិទ្ធិមនុស្ស​ដាក់​ជូន​ទៅ​អង្គការ​សហប្រជាជាតិ UN ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​កំពូល​មួយ​នេះ​ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ការ​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ពេញ​លេញ​ឡើង​វិញ។

លោក​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឃើញ​ប្រទេស​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​និង យក​របាយការណ៍​របស់​សង្គម​ស៊ីវិល​ទៅ​ពិនិត្យ​ផ្ទៀងផ្ទាត់​វាស់វែង​ទៅ​នឹង​ទិដ្ឋភាព​​ជាក់​ស្ដែង​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា៖ «អ្វី​ដែល​យើង​លើក​ឡើង​ទាំង​អស់​នេះ ហើយ​ខាង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​គេ​មាន​របាយការណ៍​មួយ ដែល​តំណាង​អំពី​ប្រទេស​កម្ពុជា​ក៏​គេ​បាន​លើក​ឡើង ហើយ​ខ្ញុំ​ជឿជាក់​ថា របាយការណ៍​ខាង​សង្គម​ស៊ីវិល​ក៏​មិន​ខុស​គ្នា​ពី​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ដែរ​ពី​​ព្រោះ​ជា​ទូទៅ​យើង​សង្កេត​ឃើញ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ និង​ការ​តស៊ូ​មតិ​ផ្សេងៗ​ ហ្នឹង​ក៏​មិន​ខុស​គ្នា​ដែរ»

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៥ មករា​ឲ្យ​ដឹង​ថា កម្ពុជាគឺជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន១៤ត្រូវពិនិត្យ​ដោយ​ការងារ​ក្រុម​ប្រឹក្សា សិទ្ធិមនុស្ស​នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី៣ ដោយ​លើក​ទី១ ធ្វើ​នៅ​ក្នុង​ឆ្នាំ២០០៩ លើក​ទី២ ឆ្នាំ២០១៥ និង​លើក​ទី៣ នៅ​ឆ្នាំ២០១៩ នេះ។

យន្តការ​របស់​អង្គការសហប្រជាជាតិ​នេះ គឺ​ពិនិត្យ​មើល​របាយការណ៍​របស់​ប្រទេស​ចំនួន១៩៣ ដែល​ជា រដ្ឋ​សមាជិក​អង្គការសហប្រជាជាតិ។ កម្ពុជា​គឺជា​រដ្ឋ​មួយ​ក្នុងចំណោម​រដ្ឋ​ចំនួន១៤ដែល​ក្រុម​ការងារ​របស់​យន្តការ​ពិនិត្យ​របាយការណ៍​សកល​តាម​កាល​កំណត់ ឬ (UN-UPR) របស់​ក្រុម ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ដែល​មាន​សមាជិក ៤៧រូប ត្រូវ​ពិនិត្យ​របាយការណ៍​សិទ្ធិមនុស្ស។ ការ​ពិនិត្យ​របាយការណ៍​កម្ពុជា​លើក​នេះ​នឹង​ធ្វើ​នៅ​ម៉ោង៨:៣០ យប់ ដល់​ម៉ោង ១២កណ្ដាល​អាធ្រាត្រ នៅ​ថ្ងៃ​ទី​ពុធ ទី​៣០ ខែ​មករា​ម៉ោង​នៅ​កម្ពុជា ហើយ​ក៏​នឹង​មាន​ចាក់​ផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​វេបខាស់​ដែរ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​របស់​អង្គការ​ លីកាដូ (Licadho)​ លោក អំ សំអាត​បាន​លើក​ឡើង​ដែរ​ថា ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ក្នុង​រយៈ​ពេល​ជាង មួយ​ឆ្នាំ​ចុងក្រោយ​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​លំបាក​ក្នុង​ការ​ពន្យល់​ទៅ​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​កិច្ចប្រជុំ ។ លោក​លើក​ឡើង​ជា​ឧទាហរណ៍​ថា ការពិបាក​ឆ្លើយ​នោះ​បណ្ដាល​មក​ពី​កត្តា​ចម្បង​មួយ​ចំនួន​ដូចជា៖ការ​វិវត្ត​ចុងក្រោយ​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដែល​ឈាន​ទៅ​ដល់​ការ​ចាប់​ប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ ​លោក កឹម សុខា ដាក់​ពន្ធនាគារ និង​បន្ត​ឃុំខ្លួន​ក្នុង​ផ្ទះ ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល និង ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម៖ «លើក​នេះ ខ្ញុំ​គិត​ថា វា​កាន់តែ​ពិបាក​ទៀត ក្នុង​ការ​ឆ្លើយ។ នឹង​មាន​សំណួរ​ជាច្រើន​ទៀត។ វា​មិនមែន​ប្រឈម​តែ UPR ទេ នៅ​ខាង​សហគមន៍​អឺរ៉ុប​ទាក់ទង​នឹង EBA គេ​មាន​លក្ខខណ្ឌ​របស់​គេ ទាក់ទង​នឹង​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ ដែល​នេះ​ជា​បញ្ហា​បន្ថែម​ទៀត»

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ឲ្យ​ដឹង​ថា ការ ពិនិត្យ​នេះ​ផ្អែក​លើ៖​របាយការណ៍​ជាតិ ព័ត៌មាន​ដែល​ផ្តល់​ឲ្យ​ដោយ​រដ្ឋ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ព័ត៌មាន​ដែល​មាន​ក្នុង​របាយការណ៍​របស់​អ្នក​ជំនាញ និង​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ឯករាជ្យ ដែល​គេ​ស្គាល់​ថា ជា​នីតិវិធី​ពិសេស ស្ថាប័ន​សន្ធិសញ្ញា​សិទ្ធិមនុស្ស និង​អង្គការ​ដទៃ​ទៀត​របស់​អង្គការ​សហប្រជាជាតិ និង​ព័ត៌មាន​ដែល​ផ្ដល់​ដោយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ រួម​មាន​ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស អង្គការ​តំបន់ និង​ក្រុម​សង្គម​ស៊ីវិល។

សម័យ​ប្រជុំ​របស់​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ស្ដីពី​យន្តការ​ពិនិត្យ​ជា​សកល​ តាម​កាល​កំណត់ (UPR) ជុំ​ទី៣ស្តីពីការគោរពសិទ្ធិមនុស្សនៅ​កម្ពុជា​ធ្វើ​ឡើង ខណៈ​របប​ក្រុង​ភ្នំពេញ​រង​ការ​ចោទ​ប្រកាន់​ថា កំពុង​ដើរ​ខុស​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​ និង​រំលោភ​សិទ្ធិ មនុស្ស គិតចាប់ពីចុងឆ្នាំ២០១៧ មក ហើយ​ប្រទេស​ប្រជាធិបតេយ្យ​ជា​ច្រើន​រួម​ទាំង​សហរដ្ឋអាមេរិក​ផង បាន​ត្រៀម​សំណួរ​ជា​ច្រើន ដើម្បី​សួរ​ឱ្យ​ភាគី​កម្ពុជា​ឆ្លើយ​ជុំវិញ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ។

សំណួរ សំខាន់ៗ ដែល​សហរដ្ឋ​អាមេរិក​នឹង​លើក​យក​មក​សួរ​តំណាង​កម្ពុជា រួមមាន​ការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​​ សង្គ្រោះ​ជាតិ​ លោក កឹម សុខា។ អាមេរិក​នឹង​សួរ​ថា តើ​របប​លោក ហ៊ុន សែន ចាត់​វិធាន​ការ​យ៉ាងណា​ខ្លះ​ហើយ ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ ដើម្បី​ឱ្យ​មាន​គណបក្សប្រឆាំង​ពិតប្រាកដ​ដំណើរ​ការ​ វិញ​នៅ​កម្ពុជា?និង​សំណួរ​មួយ​ទៀត​សួរ​ថា តើ​របប​នេះ ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​ដល់​ការ​ផ្សះផ្សា​ជាតិខ្មែរ? បន្ថែម​លើ​សំណួរ​ទាំង​នេះ​សហរដ្ឋ​អាមេរិក​ក៏​នឹង ចោទ​សួរ​អំពី​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ការ​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ បញ្ហា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សហជីព​កម្មករ និង​ការ​លុបបំបាត់​អំពើ​ពុក​រលួយ​ជា​ដើម។

ការ​ឆ្លើយ​ទៅ​នឹង​សំណួរ​ទាំង​អស់​នេះ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ នៅ​រង់ចាំ​មើល​ថា តើ​ខាង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​តំណាង​របប​លោក ហ៊ុន សែន នឹង​ឆ្លើយ​ដោះ​សារ​បែប​ណា​នៅ​ថ្ងៃ​ទី៣០ មករា​នេះ?

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល