ស្ថានទូត​ខ្មែរ​នៅ​ក្រុង​ហាណូយ កំពុង​ធ្វើ​អន្តរាគមន៍​ទៅ​​វៀតណាម ដើម្បី​សួរ​នាំ​ករណី​ដកហូត​លិខិត​ឆ្លង​ដែន​របស់​ព្រះសង្ឃ​ខ្មែរ​ក្រោម សឺន ទី

ដោយ ហេង រស្មី
2020.02.12
សឺន ទី ២០២០ ព្រះតេជព្រះគុណ សឺន ទី ថត​នៅ​មុខ​ច្រក​ទ្វារ​ព្រំដែន​ ទិញ បៀន (Tinh bien) ប្រទេស​វៀតណាម ពេល​ព្រះ​អង្គ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត នៅ​ខេត្ត​ឃ្លាំង កាល​ពី​ចុង​ខែ​មករា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​ព្រះតេជព្រះគុណ សឺន ទី ផ្ដល់​ឲ្យ

មន្ត្រី​ស្ថាន​ទូត​កម្ពុជា ប្រចាំ​ក្រុង​ហាណូយ អះអាង​ថា កំពុង​ធ្វើ​ការ​ជា​មួយ​ក្រសួង​ការ​បរទេស​​ និង​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​វៀតណាម ដើម្បី​សួរ​នាំ​ករណី​អាជ្ញាធរ​ខេត្ត​ឃ្លាំង ឬ សុក ត្រាំង (Soc Trang) ដែល​បាន​ដក​ហូត​លិខិត​ឆ្លងដែន របស់​ព្រះ​សង្ឃ​ខ្មែរ​ក្រោម ព្រះ​តេជ​ព្រះ​គុណ សឺន ទី។

ទី​ប្រឹក្សា​​ស្ថានទូត​កម្ពុជា នៅ​ក្រុង​ហាណូយ លោក អុប សូភី ឲ្យ​​អាស៊ី​សេរី​ដឹង​ថា មន្ត្រី​ទូត មិន​អាច​ទាក់​ទង​ ទៅ​អាជ្ញាធរ​មូលដ្ឋាន​​វៀតណាម សួរ​នាំ​ផ្ទាល់​បាន​ទេ គឺ​ធ្វើ​កិច្ច​​ការ​ងារ​នេះ ​តាម​ការ​ទូត។ លោក​ថា មន្ត្រី​ទូត​ បាន​សួរ​នាំ​រឿង​នេះ ទៅ​ក្រសួង​ការ​បរទេស​វៀតណាម និង​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​វៀតណាម​ហើយ តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ទេ។

មន្ត្រី​ស្ថានទូត​រូប​នេះ បន្ត​អះអាង​ថា បើ​ព្រះ​អង្គ សឺន ទី ព្រម​ទៅ​ធ្វើ​កិច្ច​សន្យា​ជា​មួយ​អាជ្ញាធរ​​មូលដ្ឋាន​វៀតណាម គេ​នឹង​ប្រគល់​លិខិត​ឆ្លង​ដែន ថ្វាយ​ព្រះ​អង្គ​វិញ​ តែ​មក​ពី​ព្រះ​តេជ​ព្រះ​គុណ សឺន ទី ​បារម្ភ​សុវត្ថិភាព ទើប​មិន​ព្រម​ទៅ។ លោក​​ថា រឿង​នេះ មិន​មែន​ជា​រឿង​ធំ​ដុំ​ទេ ​ព្រោះ​គ្មាន​កំណត់​ហេតុ​ការ​ទូត​ ចេញ​ពី​ក្រសួង​ការ​បរទេស​វៀតណាម មក​ស្ថានទូត​កម្ពុជា នៅ​ក្រុង​ហាណូយ។ មន្ត្រី​ទូត​ខ្មែរ​លោក អុប សូភី បញ្ជាក់​ថា បើ​សិន​មាន​កំណត់ហេតុ​ទូត មន្ត្រី​ស្ថានទូត នឹង​ចុះ​ទៅ​ដោះ​ស្រាយ​ដល់​ទី​តាំង​​ព្រះ​អង្គ​ស្នាក់​នៅ៖ «ដូច​ខ្ញុំ​បញ្ជាក់​ឡើងវិញ។ អ៊ីចឹង​ឲ្យ​ច្បាស់ ខ្ញុំ​គិត​ទៅ គឺ​អត់​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ទេ ហើយ​បើ​តាម​របាយការណ៍​របស់​លោក គឺ​គេ (អាជ្ញាធរ​វៀតណាម) ឲ្យ​លោក (ព្រះ​សង្ឃ) ដើម្បី​សួរ​គេ​ឲ្យ​ចូល​ទៅ ដើម្បី​គេ​សួរ។ ធម្មតា​ទេ អា​ហ្នឹង​នោះ សួរ​នាំ គេ​ត្រូវ​ធ្វើ​កំណត់​ហេតុ ជា​រឿង​ធម្មតា​ទេ។ ប៉ុន្តែ​លោក​ខ្លាច ពី​សុវត្ថិភាព​ខ្លួន​លោក ដែល​លោក​អត់​ហ៊ាន​ទៅ។ តែ​ប៉ិន​ហ្នឹង​ទេ។ បើ​តាម​ខ្ញុំ​មើល​ទៅ​ វា​អត់មាន​អ្វី ធ្ងន់ធ្ងរ​ទេ។ តាម​របាយការណ៍ ប្រហែល​ជា​បង​បាន​ទទួល​ខ្លឹម​សារ​របស់​លោក ហ្នឹង​ហើយ ព្រោះ​ថា វា​អត់​មាន​អ្វី​ធ្ងន់ធ្ងរ​ទេ​បាទ។ បើ​ធ្ងន់ធ្ងរ បើ​សិន​ជា​​ធ្ងន់ធ្ងរ​អ្វី គេ (វៀតណាម) ផ្ញើ​ព័ត៌មាន (កំណត់​ហេតុ​ទូត) មក​ឲ្យ​យើង​ហើយ តែ​នេះ​ អត់​មាន​ទេ»

ព្រះ​តេជ​ព្រះ​គុណ សឺន ទី ប្រាប់​​ថា មន្ត្រី​ស្ថានទូត​ខ្មែរ បាន​ទូរស័ព្ទ​ប្រាប់​ថា ឲ្យ​ព្រះ​អង្គ​ ប្រាប់​ទៅ​អាជ្ញាធរ​ខេត្ត​ឃ្លាំង ធ្វើ​របាយការណ៍​ដក​ហូត​លិខិត​ឆ្លង​ដែន​នេះ ទៅ​ក្រសួង​ការបរទេស​វៀតណាម តែ​ព្រះ​អង្គ​ថា ​មិន​អាច​ទៅ​បង្គាប់​បញ្ជា​ អាជ្ញាធរ​វៀតណាម​បាន​ទេ ទើប​ព្រះ​អង្គ មិន​និមន្ត​ទៅ។

អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ឃ្លាំង បាន​ដក​ហូត​លិខិត​ឆ្លងដែន របស់​ ព្រះ​តេជ​ព្រះ​គុណ សឺន ទី ​ កាល​ពី​​ថ្ងៃ​ទី២ ខែ​កុម្ភៈ ​ក្រោយ​ពេល​ព្រះ​អង្គ បាន​ទៅ​លេង​ស្រុក​កំណើត បាន​​មួយ​សប្ដាហ៍។ ព្រះ​អង្គ អះអាង​ថា អាជ្ញាធរ​វៀតណាម បាន​ចោទ​ថា ព្រះអង្គ ធ្លាប់​​​ចែក​រំលែក​សារ​ក្នុង​ហ្វេសប៊ុក (facebook) ស្ដីពី​សិទ្ធិ​ខ្មែរ​ក្រោម ដែល​​ចាត់​ទុក​ជា​សកម្មភាព​ខុស​ច្បាប់​ប្រទេស​វៀតណាម។

ព្រះ​អង្គ​ អះអាង​ទៀត​ថា អាជ្ញាធរ​វៀតណាម បាន​​គំរាម​​ញោម​ស្រី (ម្ដាយ)​ របស់​ព្រះ​អង្គ និង​ព្រមាន​ឈប់​ឲ្យ​ព្រះ​អង្គ​ ទៅ​លេង​ស្រុក​កំណើត ព្រម​ទាំង​ព្រមាន​ ឲ្យ​បង់​ប្រាក់​ពិន័យ ចំនួន ៣០លាន​ដុង ស្មើ​ប្រមាណ​ជាង ១ពាន់ ប្រាំ​រយ (.៥០០) ដុល្លារ​អាមេរិក

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។