ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​យូរ​ឆ្នាំ​គ្រោង​នាំ​គ្នា​ដាក់​ពាក្យ​ស្នើ​សុំ​សញ្ជាតិ​ថៃ

ដោយ ច័ន្ទ ដារ៉ូ
2024.12.05
ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​យូរ​ឆ្នាំ​គ្រោង​នាំ​គ្នា​ដាក់​ពាក្យ​ស្នើ​សុំ​សញ្ជាតិ​ថៃ (រូបឯកសារ) ពលករ​ខ្មែរ​នាំ​គ្នា​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពីថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៦។
រូប៖ ផ្ដលឱ្យ

ប្រជា​ពលរដ្ឋខ្មែរ​ដែល​ជា​ជនអន្តោប្រវេសន៍​នៅ​ប្រទេស​ថៃ​យូរឆ្នាំ​ គ្រោង​នាំគ្នា​ដាក់ពាក្យ​ស្នើសុំ​សញ្ជាតិ​ប្រទេស​នេះ ដើម្បី​ទទួល​បាន​សិទ្ធិ​សេរីភាព​រស់នៅ​ពេញលេញ និង​ទទួល​បាន​ការគ្រប់គ្រង​ត្រឹមត្រូវ​ពី​រដ្ឋ។ មន្រ្តី​សង្គម​ស៊ីវិល​យល់​ថា គោលនយោបាយ​នេះ ជួយ​លើក​កម្ពស់​ការគោរព​សិទ្ធិមនុស្ស តែ​ពលរដ្ឋ​ថៃ​ជាច្រើន​អាច​មិន​ពេញចិត្ត ដោយសារ​រឿង​ផលប្រយោជន៍ និង​ក្តី​បារម្ភ​ពី​បញ្ហា​សន្តិសុខ​ជាមួយ​ប្រទេស​ជិតខាង​ខ្លួន។

ពលករ​ខ្មែរ​មួយចំនួន​សាទរ និង​គ្រោង​នាំ​គ្នា​ដាក់ពាក្យ​ស្នើសុំ​សញ្ជាតិ បើសិន​រដ្ឋាភិបាល​ថៃ​អនុវត្ត​គោលនយោបាយ​ផ្តល់​សញ្ជាតិ ដល់​ជនចំណាក​ស្រុក​ដែល​រស់នៅ​ប្រទេស​នេះ​រយៈពេល​វែង។

ជនភៀស​ខ្លួន​ខ្មែរ​ម្នាក់ ដែល​មាន​ស្រុកកំណើត​នៅ​ស្រុក​បវេល ខេត្តបាត់ដំបង លោក ហង្ស ចន្ថា ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី៤ ខែ​ធ្នូ ថា បញ្ហា​សង្គ្រាម​បាន​ធ្វើ​ឱ្យ​លោក​ភៀសខ្លួន​ចេញ​ពី​កម្ពុជា ទៅ​រស់​នៅក្នុង​ប្រទេស​ថៃ តាំង​ពី​ឆ្នាំ១៩៨៨ មក។ លោក​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ២០០៨ លោក​ទើប​ទទួល​បាន​កាត​អនុញ្ញាត​ឱ្យ​រស់​នៅ​បណ្ដោះអាសន្ន​រយៈពេល​១០ឆ្នាំ​ម្តង ដែល​ចេញ​ដោយ​អាជ្ញាធរ​ថៃ​នៅ​ខេត្ត​ត្រាត ​(Trat)។ ប៉ុន្តែ​លោក​ពុំ​មាន​សិទ្ធិ​ទៅ​ធ្វើការងារ ទិញ​ផ្ទះសម្បែង​បាន​ទេ ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​អនាគត​គ្រួសារ​របស់​លោក​រស់​នៅ​ទីនោះ​ ពុំ​មាន​ភាព​ច្បាស់លាស់។

បុរស​វ័យ​៥០ឆ្នាំរូបនេះ បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ចំពោះ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ថៃ ដែល​នឹង​ផ្តល់​ឱ្យ​ជន​ចំណាកស្រុក​រស់នៅ​យូរ​ឆ្នាំ​អាច​ដាក់​ពាក្យ​ស្នើសុំ​សញ្ជាតិ​ថៃ។ លោក ហង្ស ចន្ថា ដែល​អាច​និយាយ និង​សរសេរ​ភាសា​ថៃ​បាន​ទៀត​នោះ ឱ្យ​ដឹង​ថា មូលហេតុ​ដែល​លោក​ចង់​ស្នើសុំ​សញ្ជាតិ​ថៃ ដើម្បី​ឱ្យ​លោក​មាន​សិទ្ធិ​រស់​នៅ​ស្របតាម​ច្បាប់ បង្កើត​មុខរបរ​ចិញ្ចឹមជីវិត លើកកម្ពស់​ជីវភាព​គ្រួសារ​ឱ្យ​ប្រសើរ ស្របពេល​ដែល​លោក​មើលឃើញ​ថា​ប្រទេស​ថៃ​មាន​មេដឹកនាំ​ ចេះ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​ពលរដ្ឋ​ដែល​ខុស​ពី​មេដឹកនាំ​កម្ពុជា​ធ្វើបាប​ពលរដ្ឋ​ខ្លួន។

លោក ហង្ស ចន្ថា៖ «បើ​ថៃ​បើក​ឱ្យ​ជន​ចំណាកស្រុក​ទទួល​បាន​សញ្ជាតិ​គេ​ហ្នឹង​ គឺ​ខ្ញុំ​នឹង​អាច​ដាក់​ពាក្យ​ស្នើសុំ​សញ្ជាតិ ដោយសារ​ទីមួយ​យើង​ទទួល​​បាន​សញ្ជាតិ​គឺ​យើង​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​រកស៊ី ដើរហើរ បើ​យើង​ចង់​រកស៊ី​មុខរបរ​អ្វី​វា​ងាយស្រួល រាល់ថ្ងៃ​ហ្នឹង​យើង​ធ្វើការងារ​លួចលាក់​ខុសច្បាប់ បើ​សមត្ថកិច្ច​ថៃ​ចាប់​ម្តងៗ​បង់លុយ​ច្រើន។ ខ្ញុំ​ធ្វើ​ការងារ រក​ប្រាក់​រាល់ថ្ងៃ​ដោយ​ខ្លួនឯង គេ​ចាប់​ឱ្យ​បង់ប្រាក់​ឱ្យ​គេ​​(ប៉ូលិស​ថៃ)រាល់​ខែ»

ស្រដៀង​គ្នា​នេះ​ដែរ ពលករ​ខ្មែរ​ចំណាកស្រុក​រស់នៅ​ប្រទេស​ថៃ​ម្នាក់ទៀត ដែល​មាន​ស្រុកកំណើត​នៅ​ខេត្តបន្ទាយមានជ័យ លោក ឈឿន ស៊ីធួយ មាន​វ័យ​៣១ឆ្នាំ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បាន​ចំណាកស្រុក​នៅ​ប្រទេស​ថៃ​អស់​រយៈពេល​ជាង១៦ឆ្នាំ​មក​ហើយ ហើយ​លោក​ចាត់ទុក​ប្រទេស​ថៃ​ដូច​ប្រទេស​កំណើត​ដែរ។ លោក​យល់​ថា​គោលនយោបាយ​ផ្តល់​សញ្ជាតិ​ដល់​ជន​ចំណាកស្រុក​ ពេល​នេះ​ជា​រឿង​ល្អ ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​ថៃ និង​ជួយ​ឱ្យ​អនាគត​ពលរដ្ឋ​បាន​ល្អ​ប្រសើរ​ជាង​សព្វថ្ងៃ។ លោក ឈឿន ស៊ីធួយ បច្ចុប្បន្ន​ប្រកប​មុខរបរ​ស៊ីឈ្នួល​ដេរ​សម្លៀកបំពាក់​នៅ​ហាង​មួយ​កន្លែង នៅ​ទីក្រុង​បាងកក​ឱ្យ​ដឹង​ថា លោក រួម​ជាមួយ​ជន​ចំណាកស្រុក​ខ្មែរ​ផ្សេងទៀត នឹង​ចេញ​ទៅ​ដាក់ពាក្យ​សុំ​សញ្ជាតិ​ថៃ បើសិន​ពួក​លោក​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​តាមច្បាប់​តម្រូវ។

លោក ឈឿន ស៊ីធួយ៖ «យើង​អត់​អាច​ទៅ​រក​អាជីព​អ្វី​បាន​ទេ ដូចជា​យើង​ចង់​លក់ដូរ បើក​អាជីវកម្ម​ខ្លួនឯង ក៏​អត់​បាន​ដែរ អ៊ីចឹង​ហើយ​យើង​ធ្វើការងារ​ដោយ​កម្លាំង​ពលកម្ម​ឱ្យ​គេ បើសិន​ខ្ញុំ​ទទួល​បាន​សញ្ជាតិ ខ្ញុំ​មាន​សិទ្ធិ​ច្រើន​ជាង​មុន ហើយ​ជីវភាព​របស់ខ្ញុំ​អាច​ប្រសើរ​ជាង​ពីមុន ខ្ញុំ​គិត​ថា​នេះ​ជា​រឿង​ល្អ​សម្រាប់​ជនអន្តោប្រវេសន៍​លក្ខណៈ​យើង​មក​ធ្វើការងារ​យូរ ហើយ​យើង​មិន​ដឹង​ថា​យើង​ត្រឡប់​ទៅ​ផ្ទះ​ថ្ងៃណា»

ការ​លើកឡើង​នេះ​បន្ទាប់ពី មន្រ្តី​រដ្ឋាភិបាលថៃ​អះអាង​ថា​ប្រទេស​ថៃ​គ្រោង​ផ្តល់​សញ្ជាតិ​ដល់​ជនអន្តោប្រវេសន៍​ខុសច្បាប់​រស់នៅ​រយៈពេល​វែង នៅ​ក្នុង​ប្រទេស​ថៃ ប្រមាណ​៥០ម៉ឺននាក់ ភាគច្រើន​ជា​ជនជាតិភាគតិច និង​ជន​ចំណាក​ស្រុក ដូចជា​មីយ៉ាន់ម៉ា (Myanmar) ឡាវ (Lao) និង​​(Cambodia) ជាដើម ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​សន្តិសុខជាតិ និង​សេដ្ឋកិច្ច​ប្រទេស​ថៃ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​លោក ជីរាយុ ហួងស៊ុប (Jirayu Houngsub) និយាយ​ថា នៅ​ក្រោម​ដំណើរការ​ដ៏​សាមញ្ញ​មួយ​ដែល​បាន​ព្រមព្រៀង​ដោយ​គណៈរដ្ឋមន្រ្តី​កាល​ពី​ចុង​ខែតុលា អាជ្ញាធរ​ខេត្ត​នឹង​អាច​ផ្តល់​សញ្ជាតិ ដោយ​ការ​កែ​លម្អ​ឱ្យ​ងាយស្រួល និង​សន្សំសំចៃ​ពេលវេលា ដើម្បី​ពង្រឹង​សន្តិសុខជាតិ ផ្តល់​លទ្ធភាព​ដល់​ពលរដ្ឋ​ថៃ​ទាំងនោះ​អាច​ទទួល​បាន​ផែនការ​ព្យាបាល និង​គាំទ្រ​ដល់​ការជំរុញ​សេដ្ឋកិច្ច។

ប៉ុន្តែ​អ្នក​ដែល​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​សុំ​សញ្ជាតិ​នោះ អាជ្ញាធរ​ថៃ​មិនទាន់​ប្រកាស​នៅឡើយ​ទេ។

សមាជិក​គណៈកម្មាធិការ​សភា​ថៃ​ទទួលបន្ទុក​ជនជាតិ​ដែល​ពាក់ព័ន្ធ​ផែនការ​ផ្តល់​សញ្ជាតិ​នេះ​ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ផ្តល់​សញ្ជាតិ​ផ្ដោត​សំខាន់​លើ​សមាជិក​នៅ​យូរអង្វែង​នៃ​ជនភាគតិច​និង​កុលសម្ព័ន្ធ សមាជិក​នៃ​ជនជាតិ​ម៉ុង​ (Hmong) ក្រុម​ជនជាតិ​ភាគតិច ក៏​ដូចជា​អ្នក​តាំង​ទីលំនៅ​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​(Myanmar) និង​ឡាវ(Lao)  រួម​ទាំង​ជនចំណាកស្រុក​រយៈយូរ​ឆ្នាំ​ពី​កម្ពុជា​​(Cambodia) និង​វៀតណាម​(Vietnam) ជាដើម។

ចំណែក លេខា​គណៈកម្មាធិការ​ទទួលបន្ទុក​ជនជាតិភាគតិច លោក ស៊ូរាផុង កុងចាន់តុក​(Suraping Kongchantuk) ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អ្នក​ដែល​មាន​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​ថៃ​ គឺ​ជា​ជនជាតិ និង​កុលសម្ព័ន្ធ​ដែល​អង្កេត​និង​ចុះឈ្មោះ​ជា​យូរ​មក​ហើយ។ លោក​បន្ត​ថា សិទ្ធិ​ទាំងនោះ​មិន​រាប់​បញ្ជូន​ជន​ចំណាក​ស្រុក​ថ្មី​ទេ ប៉ុន្តែ​អ្នក​ដាក់​ពាក្យ​ត្រូវ​បញ្ជាក់​ថា ពួកគេ​បាន​មកដល់​ប្រទេស​ថៃ​មុន​ឆ្នាំ១៩៩៩ ហើយ​រស់នៅ​ទីនោះ​យ៉ាង​ហោច​រយៈពេល ១៥ឆ្នាំ។

ទាក់ទិន​រឿង​នេះ ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​អង្គការ​សង់ត្រាល់​(CENTRAL)  លោក ឌីថេ ហូយ៉ា មាន​ប្រសាសន៍​ថា បញ្ហា​សង្គ្រាម បញ្ហា​នយោបាយ​នៅ​កម្ពុជា ជា​កត្តា​រុញ​ឱ្យ​ពលរដ្ឋខ្មែរ​ចំណាកស្រុក ឬ​ភៀស​ខ្លួន​ទៅ​រស់នៅ​ប្រទេស​ថៃ​ជាបន្តបន្ទាប់ នៅ​ខេត្ត​ស៊ីសាកេត (Sisaket) ស្រះកែវ (Sa Keao)  ខេត្ត​ឈុនបុរី (Chon Buri) ជាដើម។ លោក​មើលឃើញ​ថា​ មូលហេតុ​ដែល​ជន​ចំណាកស្រុក ឬ​ជនអន្តោប្រវេសន៍​ចេញ​ពី​កម្ពុជា​ទៅ​រស់នៅ​ប្រទេស​ថៃ​​យូរឆ្នាំ​ហើយ តែ​មិនទាន់​ទទួល​បាន​សញ្ជាតិ​ស្រប​តាម​ច្បាប់​ថៃ ដោយសារ​ពួកគាត់​មិន​ទាន់​យល់​ដឹង​អំពី​សិទ្ធិ ឬ​នីតិវិធី​ស្នើសុំ​សញ្ជាតិ ជាពិសេស​អាជ្ញាធរ​ថៃ​ផ្សព្វផ្សាយ​ជុំវិញ​រឿង​នេះ​មិន​បាន​ទូលាយ​ជាដើម។

លោក ឌីថេ ហូយ៉ា៖ «ថៃ​អនុលោម​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ​ដែល​ជាធរមាន​នេះ​បាន​ផ្តល់​ដល់​អ្នក​ដែល​គ្មាន​រដ្ឋ​គ្រប់គ្រង​ក្តី ឬ​មួយ​ជន​ដែល​បាន​រស់នៅ​ក្នុង​ប្រទេសថៃ ជា​ជនអន្តោប្រវេសន៍​ស្រប​ច្បាប់ ឬ​មិន​ស្របច្បាប់​ក្តី ទទួល​បាន​សិទ្ធិ​នេះ វា​ជា​ចំណុច​មួយ​ដែល​ល្អ ហើយ​យើង​ក៏​អបអរសាទរ ចំពោះ​អ្នក​ទាំងអស់​នោះ ជាពិសេស​ក្មេង​ដែល​បាន​កើត​នៅក្នុង​ប្រទេស​ថៃ បើសិន​គាត់​ត្រឡប់​មក​ប្រទេស​របស់​ឪពុកម្តាយ​វិញ ក៏​គាត់​មិន​ដឹង​រស់នៅ​បែប​មិច​ដែរ ពីព្រោះ​គាត់​បាន​រៀន​បាន​ស្នាក់នៅ​ទីនោះ រៀន​យល់ដឹង​ពី​​វប្បធម៌​រស់នៅ​ទីនោះ អ៊ីចឹង​បើសិន​ថៃ​បាន​ផ្តល់​សញ្ជាតិ​ឱ្យ​ពួកគាត់​យើង​ចូលរួម​អបអរសាទរ ហើយ​យើង​លើក​ទឹកចិត្ត​ដល់​ថៃ​ឱ្យ​មាន​ការគោរព​គោលការណ៍​បែបនេះ ឱ្យ​បាន​ខ្ជាប់ខ្ជួន ហើយ​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ និង​ផ្តល់​សញ្ជាតិ​ដល់ អ្នក​ដែល​មាន​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​នេះ បាទ »

លោក ឌីថេ ហូយ៉ា បញ្ជាក់​ថា បើ​តាម​ការ​សម្រេចិត្ត​របស់​គណៈរដ្ឋមន្ត្រី​ថៃ​កន្លងទៅ ការ​ផ្តល់​សញ្ជាតិ​ដល់​ជនបរទេស ឬ​ជនអន្តោប្រវេសន៍​រាល់​ជន​ចំណាកស្រុក​ទាំង​ស្រប​ច្បាប់ និង​មិន​ស្របច្បាប់​ក្តី គឺ​ផ្អែកលើ​ករណី​កូន​កើត​នៅក្នុង​ប្រទេស​ថៃ រយៈពេល​យ៉ាងហោច​​ចាប់ពី ១៥ឆ្នាំ​ទៅ និង​ករណី​មួយទៀត បើសិន​កូន​នោះ​រៀនចប់​ថ្នាក់​បរិញ្ញាបត្រ​ក៏​មាន​សិទ្ធិ​ស្នើសុំ​សញ្ញាតិ​ថៃ​បាន​ដែរ។ លោក​មើលឃើញ​ថា គោលនយោបាយ​រដ្ឋាភិបាល​ថៃ​ផ្តល់​សញ្ជាតិ​នៅពេល​នេះ គឺ​ផ្តោត​លើ​ជន​ចំណាកស្រុក​ ដែល​គ្មាន​រដ្ឋ​គ្រប់គ្រង ស្របតាម​គោលការណ៍​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ និង​ច្បាប់​សញ្ជាតិ​របស់​ថៃ។ លោក ឌីថេ ហូយ៉ា ជឿ​ថា​ បើសិន​រដ្ឋាភិបាល​ថៃ​ផ្សព្វផ្សាយ​គោលនយោបាយ​នេះ បាន​ទូលំទូលាយ​នោះ ជន​ចំណាកស្រុក​ខ្មែរ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់ អាច​នឹង​ស្នើសុំ​សញ្ជាតិ​ថៃ​ច្រើន។

នៅ​ពេល​ទទួល​បាន​សញ្ជាតិ​ថៃ ពលរដ្ឋ​នឹង​ទទួល​បាន​សិទ្ធិ​ធ្វើការងារ​ដោយ​សេរី ទិញ​អចលនទ្រព្យ បើក​គណនី​ធនាគារ ទទួល​បាន​អត្រា​ការប្រាក់​ក្នុង​ស្រុក​សម្រាប់​ការសិក្សា និង​ដាក់ពាក្យ​ស្នើសុំ​អាហារូបករណ៍​នៅ​សកលវិទ្យាល័យ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ប៉ូលិស​ថៃ​ស៊ើបអង្កេត​ឃើញ​ថា ករណី​ធ្វើឃាត​លើ​លោក លិម គិមយ៉ា មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ ដោយ​មាន​មេខ្លោង​នៅ​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។