"រយៈពេល​៣​ខែ​ចុង​ឆ្នាំ​២០២១ អ្នកកាសែត​ជាង​១០​នាក់​រង​ការ​ចាប់ខ្លួន និង​ចោទ​ប្រកាន់"

ដោយ ​ម៉ៅ សុធានី
2022.01.29
"រយៈពេល​៣​ខែ​ចុង​ឆ្នាំ​២០២១ អ្នកកាសែត​ជាង​១០​នាក់​រង​ការ​ចាប់ខ្លួន និង​ចោទ​ប្រកាន់" អ្នកសារព័ត៌មាន។
RFA

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​រក​ឃើញ​ថា ការ​បំពេញ​ការងារ​របស់​អ្នកសារព័ត៌មាន នៅតែ​រង​ការ​គំរាមកំហែង និង​ប្រឈម​ការ​ចោទប្រកាន់​តាមផ្លូវ​តុលាការ។ សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​រក​ឃើញ​ថា រយៈពេល​៣​ខែ​ចុងឆ្នាំ​២០២១ អ្នកកាសែត​ជាង​១០​នាក់​រង​ការ​ចាប់ខ្លួន និង​ចោទ​ប្រកាន់ តាម​ផ្លូវ​តុលាការ។

សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CAMBO-JA រកឃើញ​ថា អ្នកសារព័ត៌មាន នៅតែ​រង​ការ​គំរាមកំហែង ការ​ធ្វើទុក្ខបុកម្នេញ ចំណាត់ការ​ផ្លូវច្បាប់ និង​ការ​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ។

សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ឱ្យ​ដឹង​ក្នុង​របាយការណ៍​បី​ខែ​ចុង​ក្រោយពី​ខែតុលា ដល់ ខែធ្នូ ឆ្នាំ​២០២១​ថា យ៉ាងហោច​ណាស់ មានការ​ចាប់ខ្លួន និង​ចោទប្រកាន់​លើ​ក្រុម​អ្នកសារព័ត៌មាន​១២​នាក់​។ របាយការណ៍​ចុះ​កាលពី​ថ្ងៃទី​២៨ ខែមករា ជា​ភាសា​អង់គ្លេស​ឲ្យ​ដឹង​ទៀត​ថា អ្នកកាសែត​ពីរ​នាក់ ត្រូវ​បាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​បំពេញភារកិច្ច​របស់​ពួកគេ ក្នុង​ករណី​ជម្លោះដីធ្លី នៅ​ខេត្តកំពត កាលពី​ខែវិច្ឆិកា​។ ចំណែក តុលាការខេត្ត​ព្រះវិហារ​ក៏​កាត់ទោស​អ្នកកាសែត​៨​នាក់​ឲ្យ​ជាប់ពន្ធនាគារ កាលពី​ខែតុលា តាម​បណ្ដឹង​របស់​ម្ចាស់​ឃ្លាំង​ឈើ​មួយ​កន្លែង​ក្នុង​ខេត្ត​នេះ​។ រីឯ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ខែធ្នូ បាន​ចោទប្រកាន់ និង​ឃុំខ្លួន​អ្នកកាសែត​ពីរ​នាក់​ពី​បទ​សង្ស័យ​ប៉ុនប៉ង​ជំរិត​ទារប្រាក់។

ក្រៅ​ពី​នេះ អាជ្ញាធរ សាលា​រាជធានី ភ្នំពេញ និង​អាជ្ញាធរ​ខេត្តកំពត ក៏​បាន​ចេញ​វិធានការ​រឹត​បន្ដឹង លើ​ការ​យក​ព័ត៌មាន​របស់​អ្នកកាសែត​ផង​ដែរ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា លោក ណុប វី សង្កេត​ឃើញ​ថា សេរីភាព​សារព័ត៌មាន​មិន​ទាន់​មាន​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ ផ្ទុយទៅវិញ​អ្នកសារព័ត៌មាន​បន្ត​រង​ការ​គំរាម​កំហែង​ដដែល​។ លោក​យល់​ថា ស្ថាប័ន​ពាក់ព័ន្ធ​និង​ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន​គួរ​ចូលរួម​ស្វែងយល់​ពី​តួនាទី និង​សេរីភាព​របស់​អ្នកសារព័ត៌មាន ដើម្បី​កែលំអ​ឲ្យ​សេរីភាព​សារព័ត៌មាន​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ៖ «គឺជា​ផ្នែក​មួយ​ដែល​ឆ្លុះបញ្ចាំង​អំពី​ស្ថានភាព​អ្នកសារព័ត៌មាន​នៅ​តែរ​ង​ការ​គំរាមកំហែង​ផ្សេងៗ​ដដែល​ទោះជា​យ៉ាងណា​សម្រាប់​ខ្ញុំ​ផ្ទាល់​ខ្ញុំ​សង្ឃឹមថា ស្ថានភាព​នេះ​អាច​ល្អ​ប្រសើរ​ឡើងវិញ ប្រសិនបើ​ក្រសួង​ព័ត៌មាន ស្ថាប័ន​ផ្សេងៗ​ទៀត យើង​ចូលរួម​ស្វែងយល់​ពី​សេរីភាព​របស់​អ្នកសារព័ត៌មាន»

ស្រដៀង​គ្នា​នេះ​ដែរ អ្នករាយការណ៍​ព័ត៌មាន​នៃ​កាសែត​កោះសន្តិភាព ប្រចាំ​ខេត្ត​ស្ទឹងត្រែង លោក រ៉ូ សាលី ឲ្យ​ដឹង​ថា ក្នុង​ការ​បំពេញ​ការងារ​ជា​អ្នកសារព័ត៌មាន​ក្នុងស្រុក បញ្ហា​ដែល​លោក​ជួប គឺ​ប្រភព​ដែល​ជា​អាជ្ញាធរ​សមត្ថកិច្ច​បាន​លាក់បាំង​ព័ត៌មាន​។ លោក​បន្ត​ថា បញ្ហា​នេះ​ធ្វើ​ឲ្យ​ការ​ចេញផ្សាយ​ព័ត៌មាន​របស់​លោក មិន​បាន​ពេញលេញ និង​គ្រប់​ជ្រុងជ្រោយ​។ លោក​បន្ត​ទៀត មាន​ករណី​ខ្លះ​នៅពេល​លោក​ព្យាយាម​ផ្សាយ​ពី​ភាព​អសកម្ម​នៅ​មូលដ្ឋាន​អាជ្ញាធរ​បាន​ចោទប្រកាន់​លោក​ថា ជា​កាសែត​ប្រឆាំង​ថែម​ទៀត​៖ «លុះត្រាតែ​តេ (ហៅ​ទូរស័ព្ទ​) ចង់​និយាយ​ថា ទំនាក់ទំនង​ទៅ​គាត់​(​អាជ្ញាធរ​)​គាត់​អាច​អនុញ្ញាត​ឲ្យ​បាន​លុះត្រាតែ​មាន​ការ​សម្រេច​ចេញពី​តុលាការ​ទៀត អ៊ីចឹង​វិស័យ​ព័ត៌មាន​ដែល​យើង​កំពុងតែ​ធ្វើ​សម្រាប់​សង្គម​បច្ចុប្បន្ន​គឺ​មាន​ការ​រឹតត្បិត​ថែម​ទៀត»

អាស៊ីសេរី មិនអាច​សុំ​ការ​បញ្ជាក់​រឿង​នេះ​ពី​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សុភ័ណ្ឌ បានទេ នៅ​ថ្ងៃទី​២៩ ខែមករា។

ទោះ​យ៉ាងណា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ធ្លាប់​បាន​លើកឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី «​ការអនុវត្ត​វិជ្ជាជីវៈ និង​សេរីភាព​សារព័ត៌មាន​» កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ថា មាន​ករណី​ខ្លះ​អ្នកកាសែត​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​ពួកគេ​មិន​បាន​ប្រព្រឹត្តិ​ល្មើស​។ ករណី​ជាក់ស្ដែង​មួយ​នៅ​ខេត្តកំពត​ថា សមត្ថកិច្ច​ខេត្ត​នេះ​ចាប់ខ្លួន​អ្នកកាសែត​ពីរ​នាក់ ព្រោះ​អ្នកកាសែត​នោះ​បាន​ផ្សាយ​ផ្ទាល់​នៅមុខ​សាលាខេត្ត។ លោក ខៀវ កាញារីទ្ធ ចាត់​ទុក​ករណី​នេះ ថា​ជា​ការ​រំលោភបំពាន​សិទ្ធិ​របស់​អ្នកសារព័ត៌មាន។

ទោះ​លោក ថ្លែង​បែប​ក្ដី ក៏​កន្លងមក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រូប​នេះ បាន​ចេញ​លិខិត​មួយ​ច្បាប់​បើកផ្លូវ​អាជ្ញាធរ​ចោទប្រកាន់​លើ​អ្នកសារព័ត៌មាន​ណា​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា រំខាន​ការងារ​របស់​អាជ្ញាធរ។

ក្រុម​អង្គការ​ឃ្លាំមើល​ផ្នែក​សេរីភាព​សារព័ត៌មាន​បន្ត​រក​ឃើញ​ថា សេរីភាព​សារព័ត៌មាន នៅ​កម្ពុជា​នៅតែ​បន្ត​ស្ថិត​ក្រោម​ការ​រឹតត្បិត ការ​គំរាមកំហែង ការ​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ដាក់​ពន្ធនាគារ​ពី​បទ​ព្រហ្មទណ្ឌ និង​ការបង្កើត​ច្បាប់​ថ្មី ដែល​មាន​ចរិត​រឹតត្បិត​សេរីភាព​សារព័ត៌​មាន​ដូចជា​ច្បាប់​ស្ដីពី ការ​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។