យុទ្ធនាការ​វិបត្តិ​ជន​ភៀស​ខ្លួន «ជួយ​គ្នា» ស្វែងរក​ការ​ចូលរួម​របស់​ពលរដ្ឋ​កម្ពុជា

ដោយ សាន សែល
2017.04.02
Share on WhatsApp
Share on WhatsApp
លឹម សូលីន ២០១៧ ១៤៤០ នាយិកា​អង្គការ​អុកស្វាម (Oxfam) អ្នកស្រី លឹម សូលីន ថ្លែង​ក្នុង​ពេល​សម្ពោធ​យុទ្ធនាការ ជួយ​គ្នា កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧។
RFA/San Sel

ចំនួន​ជន​ភៀស​ខ្លួន និង​ជន​ចំណាក​ស្រុក​នៅ​ទូទៅ​ពិភពលោក កើន​ឡើង​ជាង ៦៥​លាន​នាក់ ដែល​ពួក​គេ​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​ផ្ទះ​សម្បែង ដោយសារ​ជម្លោះ ហិង្សា និង​ការ​ធ្វើ​ទុក្ខបុកម្នេញ។ ប្រជាជន​កម្ពុជា កាល​ពី ៤០​ឆ្នាំ​មុន ក៏​ធ្លាប់​ជា​ជន​ភៀស​ខ្លួន​ដោយសារ​សង្គ្រាម។

ជា​ការ​ឆ្លើយតប យុទ្ធនាការ​មួយ​ឈ្មោះ «ជួយ​គ្នា» ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា ចែក​រំលែក​រឿងរ៉ាវ​បទពិសោធន៍​ពី​មុន​ឲ្យ​មេ​ដឹកនាំ​ពិភពលោក​បាន​ដឹង​ឮ ក្នុង​ការ​បើក​ចំហ​ទ្វារ​ទទួល​យក​ជន​ភៀស​ខ្លួន។

យុទ្ធនាការ «ជួយ​គ្នា» ត្រូវ​បាន​សម្ពោធ​កាល​ពី​ថ្ងៃ​ទី​៣១ មីនា នៅ​រាជធានី​ភ្នំពេញ ដោយ​អង្គការ​អុកស្វាម (Oxfam)

អ្នកស្រី លឹម សូលីន នាយិកា​អង្គការ​អុកស្វាម ថ្លែង​ថា «ជួយ​គ្នា» ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​ប្រជាជន​កម្ពុជា ធ្លាប់​ឆ្លង​កាត់​កាល​ពី ៤០​ឆ្នាំ​មុន ជា​ពេល​ដែល​មនុស្ស​ជាច្រើន​បាន​គេច​ចេញ​ពី​ផ្ទះ​សម្បែង ប្រទេស​កំណើត ក្រុម​គ្រួសារ សាច់ញាតិ និង​អនុស្សាវរីយ៍​ក្នុង​ក្តី​សង្ឃឹម​ស្វែងរក​ផ្ទះ​ថ្មី ដែល​គ្មាន​សង្គ្រាម និង​ការ​កាប់​សម្លាប់ និង​ឱកាស​ចាប់​ផ្ដើម​ជីវិត​សាជាថ្មី។

យុទ្ធនាការ​នេះ​មាន​គោល​បំណង​សំខាន់ កៀរគរ​ប្រជាជន​កម្ពុជា ជាច្រើន​ពាន់​នាក់ ក្នុង​សំឡេង​តែ​មួយ​ជាមួយ​ជន​ភៀស​ខ្លួន និង​ជន​ចំណាក​ស្រុក​ជាង ៦៥​លាន​នាក់​ទូទាំង​ពិភពលោក ដើម្បី​រួម​គ្នា​ស្វាគមន៍​ជន​ភៀស​ខ្លួន​តាម​រយៈ​ការ​ចុះ​ហត្ថលេខា​គាំទ្រ​ញត្តិ។

អ្នកស្រី សូលីន បញ្ជាក់​ថា ការ​ចូលរួម​ចែក​រំលែក​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​របស់​ប្រជាពលរដ្ឋ​កម្ពុជា នឹង​ជួយ​ឲ្យ​ពិភពលោក​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​ទុក្ខ​លំបាក​របស់​ជន​ភៀស​ខ្លួន«ហើយ​ដែល​មាន​សារសំខាន់​ណាស់ ដែល​យើង​ជា​មនុស្ស​ជាតិ​ទាំងអស់​គ្នា ភាព​ឈឺ​ចាប់។ ការ​ឈឺ​ចាប់​របស់​ប្រជាជន​កម្ពុជា មាន​ភាព​ជា​សកល មិន​មែន​សម្រាប់​តែ​ប្រជាជន​កម្ពុជា ទេ។ ការ​ឆ្លង​កាត់​សង្គ្រាម និង​របប​ប្រល័យ​ពូជ​សាសន៍។ យើង​អាច​ចែក​រំលែក​រឿងរ៉ាវ​ភាព​ឈឺ​ចាប់ ភាព​ជូរចត់​ជា​សកល​ទាំងអស់​នេះ​ទៅ​ដល់​ពិភពលោក​ទាំងមូល​ផង​ដែរ»

អ្នកស្រី​បន្ត​ថា ចំណុច​នេះ​ហើយ​ដែល​អង្គការ​អុកស្វាម​ជ្រើសរើស​ប្រទេស​កម្ពុជា ជា​ទីកន្លែង​សម្ពោធ​យុទ្ធនាការ​ពិភពលោក​នេះ«ប្រទេស​កម្ពុជា យើង​នេះ មាន​លក្ខណៈ​ពិសេស​ណាស់ ទើប​អុកស្វាម launch (សម្ពោធ) campaign (យុទ្ធនាការ) នេះ​មុន​គេ ដោយសារ​យើង​មាន​បទពិសោធន៍​ជូរចត់ ដែល​យើង​អាច​ផ្សព្វផ្សាយ​បាន។ ទោះ​បី​នាង​ខ្ញុំ​មិន​មែន​ជា​អតីត​ជន​ភៀស​ខ្លួន​សង្គ្រាម ក៏​នាង​ខ្ញុំ​អាច​ចែក​រំលែក​រឿងរ៉ាវ​ជូរចត់​របស់​ញាតិ​មិត្ត​គ្រួសារ​របស់​នាង​ខ្ញុំ ដែល​បាន​ឆ្លង​កាត់​សង្គ្រាម និង​របប​ប្រល័យ​ពូជ​សាសន៍​ដល់​ប្រជាជន​ទូទាំង​ពិភពលោក​ផង​ដែរ»

អ្នកស្រី​បន្ថែម​ទៀត​ថា យុទ្ធនាការ​នេះ​មិន​គ្រាន់​តែ​ជា​ការ​ចែក​រំលែក​រឿងរ៉ាវ​សោកនាដកម្ម ក៏ប៉ុន្តែ​បង្ហាញ​នូវ​ក្តី​សង្ឃឹម​ដែល​ប្រជាពលរដ្ឋ​កម្ពុជា មាន​ក្រោយ​សង្គ្រាម ទៅ​ដល់​ជន​ភៀស​ខ្លួន​រាប់​សិប​លាន​នាក់​ទៀត«គោល​បំណង campaign (យុទ្ធនាការ) នេះ​សំខាន់​ណាស់។ យើង​មិន​ចង់​តែ​ប្រាប់​ពី​ការ​លំបាក និង​សោកនាដកម្ម​ពី​ប្រទេស​កម្ពុជា ទេ។ យើង​បង្ហាញ​ឲ្យ​គេ​ឃើញ​នូវ​ក្តី​សង្ឃឹម​របស់​ប្រជាជន​កម្ពុជា របស់​ប្រទេស​កម្ពុជា មួយ​ទាំងមូល ដែល​បាន​ឆ្លង​កាត់​សង្គ្រាម​រ៉ាំរ៉ៃ ហើយ​ឥឡូវ​នេះ​យើង​បាន​ងើប​ឡើង​វិញ យើង​បាន recover (ជា​សះស្បើយ) ហើយ​យើង​បាន​ត្រឡប់​មក​វិញ ហើយ​ចូលរួម​ចំណែក​ទាំងអស់​គ្នា​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង​ត​ទៅ​មុខ»

លោក ប៉ោវឡូ លូប្រាណូ (Paolo Lubrano) ជា​អ្នក​គ្រប់គ្រង​ផ្នែក​មនុស្សធម៌​ប្រចាំ​តំបន់​នៃ​អង្គការ​អុកស្វាម។ លោក​ធ្លាប់​ទៅ​ប្រទេស​ស៊ីរី ជា​ទី​ដែល​មាន​ស្ថានភាព​ជន​ភៀស​ខ្លួន​ធ្ងន់ធ្ងរ។ លោក​យល់​ថា ការ​ចូលរួម​របស់​កម្ពុជា ក្នុង​យុទ្ធនាការ «ជួយ​គ្នា» ជា​កាតព្វកិច្ច​សីលធម៌ និង​ផ្លូវ​ច្បាប់។

ប្រទេស​កម្ពុជា និង​ប្រទេស​ហ្វីលីពីន (Philippines) ជា​ប្រទេស​តែ​ពីរ​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ជន​ភៀស​ខ្លួន។

លោក ប៉ោវឡូ លើក​ឡើង​ថា រឿងរ៉ាវ​របស់​កម្ពុជា ជា​មេ​រៀន​សម្រាប់​ជាតិ​សាសន៍​ដទៃ​ទៀត​រៀន​សូត្រ​តាម៖ «យើង​បាន​ជួប​ជាមួយ​សិល្បករ​មួយ​ចំនួន​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស ដែល​ជួប​ប្រទះ​នឹង​ការ​មិនយក​ចិត្ត​ទុក​ដាក់ ការ​បំបែក​ចេញ​ពី​គ្រួសារ ពី​ប្រទេស​កំណើត។ ប៉ុន្តែ​ការ​ឈឺ​ចាប់​ទាំងនេះ ត្រូវ​ប្រែ​ក្លាយ​ទៅ​សិល្បៈ ទៅ​អ្វី​ដែល​ស្អាត​មែនទែន ដែល​គ្រប់​គ្នា​ស្ងើច​សរសើរ។ នេះ​ជា​អ្វី​ដែល​យុទ្ធនាការ​នេះ​ចង់​ប្រាប់។ យើង​ប្រាប់​ពី​រឿងរ៉ាវ​នៃ​ក្តី​សង្ឃឹម រឿងរ៉ាវ​នៃ​សាមគ្គីភាព មិន​ត្រឹម​តែ​រឿងរ៉ាវ​ឈឺ​ចាប់ និង​ការ​មិនយក​ចិត្ត​ទុក​ដាក់​ប៉ុណ្ណោះ​ទេ»

យុទ្ធនាការ «ជួយ​គ្នា» គ្រោង​ប្រមូល​រឿងរ៉ាវ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​បាន​យ៉ាង​តិច ២០០​រឿង និង​ប្រមូល​ការ​គាំទ្រ​ញត្តិ​ចំនួន ១​ម៉ឺន ដើម្បី​ដាក់​ជូន​ស្ថានទូត​ប្រទេស​ធំៗ​នៅ​កម្ពុជា ដែល​ជា​ទិសដៅ​របស់​ជន​ភៀស​ខ្លួន​ជ្រកកោន។

នៅ​ខែ​មិថុនា ខាង​មុខ រឿងរ៉ាវ​ទាំងអស់​នេះ​ក៏​ត្រូវ​យក​ទៅ​ជជែក​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្ដីពី​ជន​ភៀស​ខ្លួន​នៅ​ប្រទេស​អាល្លឺម៉ង់ (Germany)

សកម្មភាព​សំខាន់ៗ​នៃ​យុទ្ធនាការ​នេះ មាន​ដូចជា ការ​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ឯកសារ​នៅ​មជ្ឈមណ្ឌល​បុប្ផាណា សិក្ខាសាលា​នៅ Politikoffee ការ​សម្ដែង​ផ្ទាល់​ដោយ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប ការ​សម្ដែង​របាំ​ប្រពៃណី​ដោយ​សិល្បៈ​ខ្មែរ​អមតៈ​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា ការ​ប្រកួត​ប្រជែង​វីដេអូ និង​ការ​សរសេរ និង​ចុះ​ហត្ថលេខា​លើ​លិខិត​តាម​រយៈ​គេហទំព័រ cambodia.oxfam.org/juiknia

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។