CCHRនិងសហភាពការងារស្នើក្រសួងមហាផ្ទៃអនុញ្ញាតឲ្យចូលជួបមនុស្ស៧នាក់
2014.01.31

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងសហភាពការងារកម្ពុជា ស្នើលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិចារណាសំណើសុំជួបសួរសុខទុក្ខសកម្មជនសិទ្ធិមនុស្ស និងកម្មករចំនួន ៧នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ចាម។
លិខិតចុះថ្ងៃទី២៩ ខែមករា ដែលមានចុះហត្ថលេខាដោយអ្នកសម្របសម្រួលគម្រោងគាំទ្រអ្នកការពារសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា ឆាយ ឈុនលី និងប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានលើកឡើងថា សំណើនេះបានធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធនាគារ បានបដិសេធសំណើរបស់ស្ថាប័នទាំង២នេះ ដែលចង់ចូលទៅសួរសុខទុក្ខមនុស្សចំនួន ៧នាក់ ក្នុងចំណោម ២៣នាក់ ដែលកំពុងជាប់ឃុំ ក្នុងនោះក៏មាន លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធផង។
លិខិតដដែលបញ្ជាក់ថា ការសុំចូលសួរសុខទុក្ខអ្នកជាប់ឃុំទាំងនោះ គឺពុំមានបំណងទៅរារាំង ឬជ្រៀតជ្រែកដល់ដំណើរការនៃការស៊ើបសួរដ៏ត្រឹមត្រូវរបស់តុលាការ ចំពោះសំណុំរឿងឡើយ។ ម្យ៉ាង ករណីនេះ គឺពុំត្រូវបានហាមឃាត់ដោយចៅក្រមដែរ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា អគ្គនាយកដ្ឋានពន្ធនាគារ គួរតែអនុញ្ញាតអោយក្រុមលោក និងមិត្តភក្ដិដទៃទៀត បានចូលសួរសុខទុក្ខ លោក វន់ ពៅ និងអ្នកជាប់ឃុំទាំងអស់តាមពេលវេលាសមរម្យណាមួយ។
«សំឡេង»
វិទ្យុអាស៊ីសេរី ពុំអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននៅឡើយទេ កាលពីល្ងាចថ្ងៃទី៣១ ខែមករា។
មេធាវីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ហួន ជុនឌី មានប្រសាសន៍ថា ជាទូទៅ គឺមានតែចៅក្រមស៊ើបសួរ ឬព្រះរាជអាជ្ញា ដែលអាចកំណត់ថា តើជនសង្ស័យក្នុងសំណុំរឿងណាមួយពុំអាចអោយសាច់ញាតិ ឬមិត្តភក្ដិចូលសួរសុខទុក្ខ។
«សំឡេង»
កាលពីថ្ងៃទី២៤ ខែមករា អគ្គនាយកដ្ឋានពន្ធនាគារ បានបដិសេធសំណើរបស់ក្រុមសហជីព និងអ្នកការពារសិទ្ធិមនុស្ស ដែលបានសុំទៅសួរសុខទុក្ខ លោក វន់ ពៅ និងមនុស្សមួយចំនួនទៀត ដែលត្រូវអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី២ ខែមករា នៅរោងចក្រ យ៉ាក ជីន (Yak Jin) ពេលទៅតវ៉ាទាមទារដំឡើងប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរ និងដេរស្បែកជើងអោយបាន ១៦០ដុល្លារក្នុង១ខែ៕