CCHR បារម្ភ​ពី​ការ​ធ្លាក់ចុះ​នៃ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ សារព័ត៌មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា

ដោយ ម៉ៅ សុធានី
2022.04.23
CCHR បារម្ភ​ពី​ការ​ធ្លាក់ចុះ​នៃ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ សារព័ត៌មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ។
Photo Courtesy

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បារម្ភ​ពី​ការ​ធ្លាក់ចុះ​នៃ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​នៅតែ​បន្ត​រង​ការ​រឹតត្បិត ការ​គំរាមកំហែង បំភិតបំភ័យ និង​ប្រឈម​បណ្តឹង​នៅ​តុលាការ​ជាដើម។

ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​បាន​ចងក្រង​លំអិត រយៈពេល​មួយ​ឆ្នាំ ចាប់ពី​ថ្ងៃទី១ ខែ​កញ្ញា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២១ ដោយ​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​២២ ខែ​មេសា បង្ហាញ​ទិន្នន័យ​សំខាន់ៗ រួមមាន ការ​ដកហូត​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន​៧ ក្រុម​អ្នក​សារព័ត៌មាន​និង​អ្នកការពារ​សិទ្ធិមនុស្ស​មួយចំនួន រង​ការ​ប្រឈម​ពី បណ្តឹង​នៅ​តុលាការ រង​ការ​បំភិតបំភ័យ​នៅ​ពេល​ចុះ​អនុវត្ត​ការងារ​របស់​ខ្លួន​។ បន្ថែម​ពី​នេះ ក្រុម​អ្នក​សារព័ត៌មាន​និង​ពលរដ្ឋ នៅតែ​ប្រឈម​ដោយ​មិន​ទទួល​បាន​ព័ត៌មាន​និង​ដាក់​កំហិត​ខ្លួនឯង កាន់តែ​កើន​ច្រើន​ឡើង។

អ្នកសម្របសម្រួល​គម្រោង​ការ​លើកកម្ពស់​និង​ការពារ​សេរីភាព​បញ្ចេញមតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក ហ៊ួន ផន មាន​ប្រសាសន៍ប្រាប់​វិទ្យុ​អាស៊ីសេរី មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា ទាំង​អ្នក​យក​ព័ត៌មាន និង​អ្នកការពារ​សិទ្ធិមនុស្ស នៅតែ​បន្ត​រង​ការ​គំរាមកំហែង ទាំង​ផ្លូវច្បាប់​និង​សុវត្ថិភាព​ផ្ទាល់ខ្លួន ដោយសារ​ច្បាប់​ដែល​រដ្ឋាភិបាល​បាន​បង្កើត​ឡើង មិន​ស្របតាម​បទដ្ឋាន​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​ត្រូវ​បាន​តុលាការ​ប្រើប្រាស់​ជា​ឧបករណ៍ ក្នុង​ការ​ដាក់ទោស​ប្រឆាំង​ជាមួយ​អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​រដ្ឋាភិបាល៖ «យ៉ាងហោចណាស់ អ្នក​សារព័ត៌មាន​៩​នាក់ និង​អ្នកការពារ​សិទ្ធិមនុស្ស​១៧​នាក់ ដែល​រង​ការ​បៀតបៀន យាយី តាមផ្លូវ​ច្បាប់ និង​ការ​គំរាមកំហែង​ទាក់ទង​នឹង​សន្តិសុខ​ផ្ទាល់ខ្លួន​។ យើង​ចង់​បង្ហាញថា ការ​អនុវត្តន៍​សិទ្ធិ​សេរីភាព​ការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន មានការ​រឹត​ត្បិត ទាំង​ផ្លូវច្បាប់​និង​ការ​គំរាមកំហែង​ដល់​សុវត្ថិភាព​ផ្ទាល់ខ្លួន​។ ច្បាប់​មួយចំនួន​ដែល​រដ្ឋាភិបាល​បង្កើត​ឡើង វា​អត់​មាន​សង្គតិភាព​ទៅ​នឹង ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ហើយ​ច្បាប់​ទាំងនេះ​ត្រូវ​បាន​ប្រើ​ជា​ឧបករណ៍​ក្នុង​ការ​បំបាត់​សម្លេង​ផ្ទុយ​ពី​រដ្ឋាភិបាល​ជាដើម​...»

របាយការណ៍​ដដែល ក៏​បាន​ផ្តល់​អនុសាសន៍​ជាច្រើន​ដល់​រដ្ឋាភិបាល ដើម្បី​ឲ្យ​មាន​វិធានការ​ជាក់លាក់ ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ស្របតាម​បទដ្ឋាន​ច្បាប់​អន្តរជាតិ ដើម្បី​ការពារ​និង​លើកកម្ពស់ សេរីភាព​ខាង​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ជាដើម​។ ជាពិសេស គឺ​ជំរុញ​ឲ្យ​មាន​ភាព​ចម្រុះ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ តាមរយៈ​សារព័ត៌មាន​ឯករាជ្យ អាច​ធ្វើ​ការស៊ើបអង្កេត និង​រាយការណ៍​គ្រប់​បញ្ហា ដែល​មាន​ប្រយោជន៍​សម្រាប់​សាធារណជន ដោយ​មិន​មាន​ការភ័យខ្លាច និង​ធានា​ថា រាល់​ស្ថាប័ន​រដ្ឋាភិបាល និង​ឯកជន​ដែល​មាន​មុខងារសាធារណៈ ត្រូវ​អនុវត្ត​នូវ​គោលការណ៍​នៃ​ការ​បញ្ចេញ ឬ​បង្ហាញ​ព័ត៌មាន​ឲ្យ​បានជា​អតិបរិមា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។