ក្រុមការងារអង្គការសិទ្ធិមនុស្សមានសុវត្ថិភាពវិញក្រោយពីត្រូវបានឃាត់ខ្លួននៅពោធិ៍សាត់
ក្រុមការងារផលិតវីដេអូឯកសាររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចំនួន ៤នាក់ បានធ្វើដំណើរដល់ខេត្តកោះកុងហើយ នៅព្រលប់ថ្ងៃទី២៤ ខែធ្នូ ក្រោយមានមនុស្ស ១ក្រុមស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីបរិស្ថាន ចុះឃាត់ខ្លួនពួកគេក្នុងទឹកដីខេត្តពោធិ៍សាត់។ អាជ្ញាធរបដិសេធថា ពុំមានស្ថាប័នណាមួយចាត់តាំងឲ្យឃាត់ខ្លួនមន្ត្រីសិទ្ធិមនុស្សទាំងនេះឡើយ។
ជំនួយការគម្រោងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាក្រុមការងារផលិតវីដេអូឯកសារម្នាក់ក្នុងចំណោម ៤នាក់ ដែលត្រូវគេឃាត់ខ្លួននោះអះអាងថា បច្ចុប្បន្នពួកគេមានសុវត្ថិភាព និងទទួលបានឃ្លិបវីដេអូខ្លះដែលសម្ភាសពលរដ្ឋនៅឃុំថ្មដា ស្រុកវាលវែង ទាក់ទងជម្លោះដីធ្លី និងការបណ្ដេញចេញដោយបង្ខំ។ ពួកគេត្រូវផ្អាកការថតបណ្ដោះអាសន្ន ដោយសារអាជ្ញាធរមិនសហការ។
ជំនួយការគម្រោងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ប៊ុត វណ្ឌី មានប្រសាសន៍ថា ក្រុមការងារលោកត្រូវមន្ត្រីបរិស្ថានពីរនាក់ និងទាហានម្នាក់ដែលមិនប្រាប់អត្តសញ្ញាណ និងមូលហេតុនៃការឃាត់មិនឲ្យក្រុមលោកបើកឡានទៅណារយៈពេលជាងកន្លះម៉ោង ដើម្បីជួបមេរបស់គេនៅក្បែរកាស៊ីណូមួយក្បែរច្រកទ្វារព្រំដែនខ្មែរ-ថៃ ឋិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៖ «អាជ្ញាធរហ្នឹងនៅតែមិនផ្ដល់ហេតុផលថា មូលហេតុអីបានជាគាត់ឃាត់ឡាន ឬអាក់ដំណើរយើងដែរ រហូតយើងចាកចេញមកដល់ពេលនេះ ហើយពួកយើងព្យាយាមសួររកហេតុផល។ (ជិន ជេដ្ឋា៖ ចង់ដឹងថា គោលបំណងចូលទៅធ្វើអីនៅចំណុចណា?) គោលបំណងដែលពួកខ្ញុំចុះទៅដូចខ្ញុំជម្រាបជូនអ៊ីចឹងថា ចុះទៅផលិតខ្សែវីដេអូឯកសារខ្លីមួយទាក់ទងនឹងវិវាទដីធ្លីនៅក្នុងឃុំថ្មដា ហើយពួកយើងចង់ជួបអាជ្ញាធរផ្ទាល់ ព្រោះយើងចង់បានព័ត៌មានលម្អិតពីអាជ្ញាធរក្នុងតំបន់ហ្នឹងផ្ទាល់ ហើយបានយើងជួបជាមួយនឹងសហគមន៍»។
លោក ប៊ុត វណ្ឌី បញ្ជាក់ថា រូបលោក និងក្រុមការងារបីនាក់ទៀត គេចផុតពីកន្លែងឃាត់ខ្លួន ដោយសារមានតំណាងសហគមន៍មានទំនាស់ដីធ្លីនៅឃុំថ្មដា ប្រមាណ ១០នាក់ មកជួយធ្វើអន្តរាគមន៍។ សង្គមស៊ីវិលចង់ឲ្យអាជ្ញាធរពន្យល់ពីមូលហេតុនៃការរារាំងសកម្មភាពផលិតវីដេអូឯកសារនេះ គ្រាដែលក្រុមរបស់លោកព្យាយាមសុំជួបសម្ភាសន៍ភាគីអាជ្ញាធរទាក់ទងនឹងជម្លោះដីធ្លីនៅតំបន់ថ្មដា។
អាស៊ីសេរីមិនអាចរកប្រភពទាក់ទងមន្ត្រីបរិស្ថាន និងមន្ដ្រីយោធាដែលមន្ត្រីសិទ្ធិមនុស្សអះអាងថា បានទៅឃាត់ឡានពួកគេនោះ ដើម្បីបំភ្លឺជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៤ ខែធ្នូ។ ចំណែកប្រធានគ្រប់គ្រងក្រុមហ៊ុន អឹម.ឌី.អេស (MDS) ប្រចាំមណ្ឌលខេត្តពោធិ៍សាត់ លោក ឃៀង សុជីវ័ន្ដ ក៏មិនអាចទាក់ទងដើម្បីសុំអត្ថាធិប្បាយរឿងដីធ្លីនេះបានដែរ ដោយទូរស័ព្ទរបស់លោកហៅមិនចូល។
ទាក់ទងបញ្ហានេះ អភិបាលស្រុកវាលវែង លោក ហេង សុភាណា ថាលោកក៏មិនបានដឹងច្បាស់ពីការឃាត់ខ្លួននេះដែរ ប៉ុន្តែលោកបញ្ជាក់ថា អាជ្ញាធរស្រុកពុំបានចាត់តាំងក្រុមណាមួយឲ្យទៅរារាំងក្រុមការងាររបស់មន្ត្រីសិទ្ធិមនុស្សនេះដែរ។ លោកបន្ថែមថា មិនថា តែពលរដ្ឋក្នុងមូលដ្ឋានទេ ចំពោះមន្ត្រីសិទ្ធិមនុស្សចុះធ្វើការអ្វីមួយក៏អាជ្ញាធរគិតគូរពីសុខសុវត្ថិភាពដែរ ប៉ុន្តែរឿងនេះលោកមិនដឹងច្បាស់៖ «អត់មានចាត់តាំងឲ្យទៅឃាត់ទៅអីទាក់ទងរឿងអស់ទាំងហ្នឹងដែរ ហើយខ្ញុំកំពុងស្រាវជ្រាវមើលដែរថា វាមានករណីហ្នឹងយ៉ាងម៉េច? ក្រោយមកថា មន្ត្រីខាងមជ្ឈមណ្ឌលសិទ្ធិមនុស្ស បានទៅដល់កោះកុងហើយ យើងមិនដឹងច្បាស់ទាក់ទងនឹងរឿងហ្នឹង ប៉ុន្តែគ្រាន់តែថា ជំហររបស់យើង គឺយើងធ្វើម៉េចទាក់ទងសុវត្ថិភាពបងប្អូនយើងមិនឲ្យមានការប៉ះពាល់ទេ»។
ក្រុមហ៊ុន អឹម.ឌី.អេស របស់លោកឧកញ៉ា ទ្រី ភាព ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលជាច្រើនហិកតារនៅស្រុកវាលវែង ខេត្ដពោធិ៍សាត់ ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេស ឬកាស៊ីណូ និងដាំដំណាំកសិ-ឧស្សាហកម្ម មានជម្លោះដីធ្លីជាមួយពលរដ្ឋជាច្រើនគ្រួសារតាំងពីឆ្នាំ២០១០។ ប៉ុន្តែបច្ចុប្បន្នជម្លោះនេះត្រូវអាជ្ញាធរ និងក្រុមហ៊ុនដោះស្រាយបញ្ចប់ស្ទើរអស់ហើយ គឺនៅសល់ប្រមាណ ១០គ្រួសារទៀតប៉ុណ្ណោះ។
ជុំវិញការឃាត់ខ្លួនមន្ត្រីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីព្រឹកមិញនេះដែរ អង្គការសង្គមស៊ីវិលចំនួន៧ នៅល្ងាចថ្ងៃទី២៤ ខែធ្នូ នេះ បានចេញសេចក្ដីប្រកាសរួមសម្ដែងការមិនពេញចិត្តដោយពួកគេបញ្ជាក់ថា ហេតុការណ៍នៅថ្ងៃនេះបានកើតឡើងចំពេលដែលមានការបង្ក្រាបកាន់តែខ្លាំងឡើងៗលើសេរីភាពមូលដ្ឋាននៅប៉ុន្មានឆ្នាំនេះ ហើយក៏ជាការបង្ហាញពីឧទាហរណ៍មួយទៀតនៃការកើនឡើងនៃការរឹតត្បិតហួសហេតុទៅលើលទ្ធភាពរបស់សង្គមស៊ីវិលនៅកម្ពុជា ក្នុងការបំពេញការងាររបស់ខ្លួនដោយសេរី។
ពួកគេសង្កត់ធ្ងន់ថា ការគំរាមកំហែង និងសកម្មភាពទាំងនេះហាក់ដូចជាការប៉ុនប៉ងយ៉ាងជាក់ស្ដែងក្នុងការរារាំងលើសកម្មភាពស្របច្បាប់របស់អង្គការសង្គមស៊ីវិលដើម្បីស្រាវជ្រាវ និងលើកកម្ពស់ការយល់ដឹងអំពីការបណ្ដេញចេញដោយបង្ខំ និងការរំលោភដីធ្លីនៅក្នុងតំបន់។ ពួកគេអំពាវនាវឲ្យអាជ្ញាធរនៅតាមមូលដ្ឋានទាំងអស់បញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែង និងការយាយីលើសមាជិកសង្គមស៊ីវិល និងការប៉ុនប៉ងជ្រៀតជ្រែកមិនត្រឹមត្រូវទៅលើការងាររបស់សង្គមស៊ីវិល៕