មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ស្នើ​ឲ្យ​ធានា​នូវ​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​ដល់​ស្ត្រី

អាស៊ីសេរី
2018-08-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់ នា​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៧។
អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់ នា​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៧។
Photo: RFA

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ហៅ​កាត់​ថា CCHR អំពាវនាវ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ពិនិត្យ​ឡើង​វិញ​ពី​គោលនយោបាយ​ជំនួយ​ផ្នែក​ច្បាប់ និង​ការ​ប្រតិបត្តិ​ទាំងឡាយ ដើម្បី​ធានា​ថា ស្ត្រី​បាន​ទទួល​នូវ​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌។

ព្រឹត្តិបត្រ​ព័ត៌មានCCHRស្ដីពី​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​សម្រាប់​ស្ត្រី ចេញផ្សាយ​សម្រាប់​ខែ​សីហា រក​ឃើញ​ថា ស្ត្រី​បាន​ប្រឈម​បញ្ហា​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា និង​ជា​ពិសេស​ភាព​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់ ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន និង​ការ​ចោទប្រកាន់​លើ​ហិង្សា​យេនឌ័រ។

របាយការណ៍​ដដែល​បង្ហាញ​ថា កង្វះ​មេធាវី​បាន​ប៉ះពាល់​ដល់​ស្ត្រី​មកពី​តាម​សហគមន៍​ដាច់ស្រយាល ធ្វើ​អោយ​ពួកគេ​បាត់បង់​សិទ្ធិ​មួយ​ចំនួន ដោយ​ពុំ​មាន​ការ​ពន្យល់​ប្រាប់​ដូចជា សិទ្ធិ​មាន​វត្តមាន​ចំពោះ​មុខ​តុលាការ ការ​សន្មត​ថា គ្មាន​ទោស និង​សិទ្ធិ​នៅ​ស្ងៀម។ នៅ​ក្នុង​ដំណាក់កាល​ឃុំខ្លួន​បណ្ដោះអាសន្ន ដែល​តុលាការ​ត្រូវ​ពិចារណា​ថា គួរ​ឃុំខ្លួន ឬ​អោយ​នៅ​ក្រៅ​ឃុំ​នោះ ជនជាប់ចោទ​ជា​ស្ត្រី​ស្ទើរ​តែ​ទាំងអស់​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន។

ករណី​នេះ​CCHR មើល​ឃើញ​ថា ស្ត្រី​ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ និង​ម្ដាយ​នឹង​ក្លាយ​ជា​ជន​ងាយ​រងគ្រោះ​ដោយសារ​ការ​ឃុំខ្លួន ដែល​មិនបាន​ពិចារណា​ពី​ស្ថានភាព​របស់​ពួកគេ ដោយ​ម្ដាយ​ត្រូវ​បំបែក​ពី​កូន ឬ​នៅ​ពេល​កូន​រស់នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ​អាច​អោយ​គេ​រង​ផល​ប៉ះពាល់​ទាំង​ផ្លូវ​កាយ និង​អារម្មណ៍។ នៅ​ក្នុង​ដំណាក់កាល​ជំនុំជម្រះ​វិញ CCHRរក​ឃើញ​ថា ដោយសារតែ​ចំនួន​ស្ត្រី ដែល​បំពេញការងារ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​មាន​ចំនួន​តិចតួច​បំផុត​នោះ បាន​ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ខ្លាំង​ទៅលើ​ជន​ពាប់​ចោទ ជនរងគ្រោះ និង​សាក្សី​ជា​ស្ត្រី ព្រមទាំង​បាន​ធ្វើ​អោយ​មាន​បរិយាកាស​អាប់អួ​ដល់​ជនរងគ្រោះ​នៅ​ក្រោយ​ការ​រំលោភ​បំពាន ឬ​ហិង្សា​ផ្លូវ​ភេទ ដែល​ជា​ញឹកញាប់​ត្រូវ​ទទួលរង​ការ​បាក់​ស្បាត ឬ​ស្ដីបន្ទោស​ម្ដងទៀត។

CCHR ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​អោយ​ធានា​ថា ស្ត្រី​ទទួល​បាន​ភាព​ស្មើគ្នា​ផ្នែក​យុត្តិធម៌ និង​ការ​ទទួល​បាន​ជំនួយ​ពី​មេធាវី​ប្រកបដោយ​ប្រសិទ្ធភាព ស្របគ្នា​នោះ​ក្រសួងមហាផ្ទៃ​គួរ​យក​គំរូ​ល្អ​ពី​សាលាក្ដី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ក្នុង​ការ​ការពារ​សាក្សី និង​ជនរងគ្រោះ ហើយ​ត្រូវ​ផ្ដោត​លើ​កិច្ចការពារ​ឯកជន​ភាព របស់​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​យេនឌ័រ។ ព្រម​ជាមួយ​គ្នា​នេះ ត្រូវ​បំប៉ន​សមត្ថភាព​មន្ត្រី​តុលាការ​អោយ​បាន​គ្រប់គ្រាន់ លើ​បញ្ហា​ជាក់លាក់​ទាក់ទង​នឹង​យេនឌ័រ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល