សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបុរសជនជាតិអង់គ្លេសម្នាក់ នៅពន្ធនាគារព្រៃសពីបទសង្ស័យថា ប្រព្រឹត្តអំពើអាស លើអនីតិជនអាយុក្រោម១៥ឆ្នាំ។
សារព័ត៌មានក្នុងស្រុកផ្សព្វផ្សាយថា ដីកាបង្គាប់ឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីរង់ចាំនីតិវិធីតុលាការរបស់ចៅក្រមសាលាដំបូងនេះ គឺផ្អែកតាមមាត្រា៤៣ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ។
គេហទំព័រនគរបាលជាតិបានផ្សព្វផ្សាយថា គ្រូបង្រៀនជនជាតិអង់គ្លេសឈ្មោះ LORYMAN STEPHEN JOHN អាយុ៥៧ឆ្នាំ ត្រូវបានចាប់ខ្លួនដោយនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។ សមត្ថកិច្ចបានរកឃើញគ្រឿងអេឡិចត្រូនិកមួយចំនួន និងក្មេងប្រុស ៤នាក់នៅក្នុងផ្ទះរបស់ជនសង្ស័យ ដែលបានជួលនៅក្នុងខណ្ឌច្បារអំពៅ។
ក្រោយការសាកសួរ និងការបំភ្លឺរបស់សាក្សី អាជ្ញាធរសន្និដ្ឋានថា ជនសង្ស័យពិតជាបានប្រព្រឹត្តអំពើរួមភេទ និងរំលោភបំពានផ្លូវភេទលើកុមារ ដោយប្រើប្រាស់មធ្យោបាយជាច្រើន ដើម្បីទាក់ទាញកុមាររងគ្រោះដូចជា ផ្ដល់ប្រាក់ ឲ្យទិញទូរស័ព្ទ ទិញចំណីអាហារ នាំដើរលេង ទិញសំលៀកបំពាក់ ទិញសម្ភារៈសិក្សា និងទិញកង់ជាដើម។
ប្រសិនបើរកឃើញថា មានទោសក្នុងអំពើអាសប្រឆាំងអនីតិជនក្រោម១៥ឆ្នាំនេះ បុរសជនជាតិអង់គ្លេសរូបនេះ អាចជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានដល់ ៦លានរៀល៕