សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អំពាវនាវឲ្យលោកគ្រូអ្នកគ្រូ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ចូលរួមអបអរសាទរទិវាគ្រូបង្រៀន នៅថ្ងៃទី៥ ខែតុលា នៅទីលានប្រជាធិបតេយ្យ ដើម្បីកែលម្អ កម្រិតនៃស្ថានភាពគ្រូបង្រៀន ក្នុងការចូលរួមធ្វើឲ្យការអប់រំទទួលបានគុណភាព។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លើកឡើងក្នុងសេចក្ដីអំពាវនាវថា ពិធីនេះ ធ្វើឡើងក្នុងគោល បំណងគោរពនូវតួនាទីដ៏សំខាន់របស់គ្រូបង្រៀនដែលបានផ្ដល់ចំណេះដឹងដល់កូនខ្មែរគ្រប់កម្រិតសិក្សា និងដើម្បីទាក់ទាញការយកចិត្តទុកដាក់ពីរដ្ឋាភិបាល។
ទិវាគ្រូបង្រៀនពិភពលោកឆ្នាំនេះ សមាគមគ្រូបង្រៀន កម្ពុជាឯករាជ្យ ទាមទារឲ្យរដ្ឋាភិបាល ដោះស្រាយចំនួន ៣ចំណុចគឺ ដំឡើងប្រាក់បៀវត្សមូលដ្ឋានអប្បបរមាជូនគ្រូបង្រៀនក្នុងមួយខែឲ្យស្មើមួយភាគបួន (១/៤) នៃប្រាក់ខែតំណាងរាស្ត្រ។ ក្រៅពីនេះ សមាគម ទាមទារឲ្យរដ្ឋាភិបាល ផ្ដល់សេរីភាពពេញលេញដល់ លោកគ្រូអ្នកគ្រូ និងបញ្ឈប់ការរើសអើងនៅកន្លែងការងារ និងបញ្ចុះតម្លៃប្រេងសាំងមកនៅតឹ្រម ៤ពាន់រៀល ព្រមទាំងបញ្ចុះតម្លៃទំនិញនៅលើទីផ្សារមកកម្រិតសមរម្យមួយ។
អាជ្ញាធររាជធានីភ្នំពេញសម្រេចជាផ្លូវការ កាលពីថ្ងៃទី២៨ ខែកញ្ញា អនុញ្ញាតឱ្យសមាគមគ្រូបង្រៀន រៀបចំប្រារព្ធទិវាគ្រូបង្រៀននៅទីលានប្រជាធិបតេយ្យប៉ុន្តែអាជ្ញាធរកំណត់ចំនួនអ្នកចូលរួមត្រឹម ២០០នាក់ ហើយមិនអនុញ្ញាតឱ្យដង្ហែក្បួនតាមផ្លូវសាធារណៈឡើយ។
ទិវាគ្រូបង្រៀនឆ្នាំមុនៗ តែងប្រព្រឹត្តទៅក្រោមការគាប់សង្កត់ពីអាជ្ញាធរ។ លើសពីនេះ គ្រូបង្រៀនដែលមាននិន្នាការជាមួយគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានក្រសួង អប់រំ លុបឈ្មោះចេញពីក្របខ័ណ្ឌ និងត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគាររយៈពេលជាង ២ឆ្នាំហើយ គិតមកទល់ពេលនេះ។ គ្រូបង្រៀនទាំងនោះ លោក ពៀត ម៉ាប់ លោក ជុំ ចាន់ លោក កែវ ថៃ និងលោក ស៊ុន ធន់ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។