សង្គមស៊ីវិលជំរុញរដ្ឋាភិបាលបង្កើតច្បាប់សិទ្ធិទទួលបានព័ត៌មាន
2013.06.01

សេចក្តីព្រាងច្បាប់ ក្របខ័ណ្ឌគោលនយោបាយច្បាស់លាស់សម្រាប់ប្រទេសកម្ពុជា ទាក់ទងជាមួយសិទ្ធិទទួលព័ត៌មាន ត្រូវបានរៀបចំដោយក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនៅក្នុងឆ្នាំ២០០៧។ ប៉ុន្តែ តាំងពីឆ្នាំ២០០៧ មកទល់បច្ចុប្បន្ន គោលនយោបាយនេះមិនទាន់បានដាក់ជូនគណៈរដ្ឋមន្ត្រីដើម្បីអនុម័តនៅឡើយ។
នៅក្នុងកិច្ចប្រជុំថ្នាក់ជាតិ ២ថ្ងៃ ស្ដីពីសិទ្ធិទទួលព័ត៌មាននៅកម្ពុជា អ្នកចូលរួមទាមទារឲ្យរដ្ឋាភិបាលត្រូវមានច្បាប់នេះចាំបាច់។
សង្គមស៊ីវិល មន្ត្រីរាជការមូលដ្ឋាន តំណាងរាជរដ្ឋាភិបាល អ្នកតំណាងរាស្ត្រ ក្រុមអ្នកសារព័ត៌មានជាង ២០០នាក់ បានជំរុញឲ្យរាជរដ្ឋាភិបាលបង្កើតច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជា។ ការជំរុញនេះបានធ្វើឡើងក្រោយពីមានការពិភាក្សា ២ថ្ងៃ (ថ្ងៃទី៣០-៣១ ឧសភា) ពីសារៈសំខាន់នៃសិទ្ធិទទួលបានព័ត៌មាន ដែលផ្ដោតលើព័ត៌មានសាធារណៈ និងបណ្ដាញសារព័ត៌មាន។
នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង ថ្លែងថា ការព្យាយាមធ្វើវេទិកាថ្នាក់ជាតិ ដើម្បីប្រមូលយោបល់នៃសេចក្តីចង់បានពីព័ត៌មានគ្រប់ស្ថាប័នរបស់ប្រជាពលរដ្ឋនេះ ទើបអាចចងក្រងជាច្បាប់ដែលអាចទទួលបាននូវភាពសុក្រឹត តម្លាភាព គណនេយ្យភាព ដើម្បីកែប្រែសង្គម ជំរុញឲ្យមានការអភិវឌ្ឍអភិបាលកិច្ចល្អ៖ «លើកកម្ពស់ការយល់ដឹងពីប្រជាពលរដ្ឋ អំពីសារៈសំខាន់នៃការទាមទារឲ្យមានច្បាប់នៃសិទ្ធិទទួលព័ត៌មាននោះ ហើយទី២ យើងព្យាយាមធ្វើវេទិកាថ្នាក់ជាតិធំៗបែបហ្នឹង ដូចសន្និសីទបែបហ្នឹង ដើម្បីកៀងគរសហគមន៍ម្ចាស់ជំនួយ ឲ្យចូលរួមគាំទ្រនៃការជំរុញច្បាប់បែបហ្នឹង»។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ថ្លែងថា លោកគាំទ្រឲ្យរដ្ឋាភិបាលបង្កើតច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន៖ «រៀបចំធ្វើយ៉ាងណា វិស័យជីវភាពរស់នៅយើងបានជំរុញវិស័យសេដ្ឋកិច្ចឲ្យមានការឈានឡើង ដោយប្រមូលផ្តុំនូវវិនិយោគិន ទាំងជាតិ និងអន្តរជាតិ»។
តំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ ថ្លែងរិះគន់ថា រដ្ឋាភិបាលនៅតែអះអាងរក្សាការសម្ងាត់ក្នុងការបញ្ចេញព័ត៌មានទៅទីសាធារណៈ សូម្បីតែព័ត៌មានអំពីការវិនិយោគពីអាជ្ញាប័ណ្ណផ្តល់ឲ្យទៅប្រទេសណា ឬក្រុមហ៊ុនណានោះ ក៏រដ្ឋាភិបាលលាក់លៀម ដែលព័ត៌មាននោះមិនប៉ះពាល់ដល់សន្តិសុខជាតិក៏ដោយ៖ «ភាពលាក់កំបាំងនៃព័ត៌មាននេះ វាធ្វើឲ្យប៉ះពាល់ដល់ជំនួយបរទេសមកប្រទេសកម្ពុជា»។
នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ លោក ណេប ស៊ីនថៃ ថ្លែងថា សេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន មិនទាន់បានចងក្រងនៅឡើយ ប៉ុន្តែរដ្ឋាភិបាលមានសេចក្តីព្រាងច្បាប់ ក្របខ័ណ្ឌគោលនយោបាយ ដែលជាឫសគល់នៃការចងក្រងបង្កើតច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននៅកម្ពុជា។ លោកថា អនុសាសន៍ចំនួន ៧ចំណុច ដែលសន្និសីទថ្នាក់ជាតិស្ដីពីសិទ្ធិទទួលព័ត៌មាន ប្រមូលពីការពិភាក្សាពីរថ្ងៃ ស្នើសុំដាក់បញ្ចូលបន្ថែមទៅក្នុងសេចក្តីព្រាងច្បាប់ ក្របខ័ណ្ឌគោលនយោបាយ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អ្នកស្រី ម៉ែន សំអន ថ្លែងថា អនុសាសន៍ចំនួន៧នេះ នឹងបញ្ជូនទៅឲ្យប្រមុខរដ្ឋាភិបាលពិចារណា ក្នុងការគាំទ្រឲ្យមានច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននៅកម្ពុជា៖ «តែដោះស្រាយចំណុចបញ្ចូលបែបណានោះ គឺជាឆន្ទានុសិទ្ធិរបស់សម្ដេចតេជោ»។
អនុសាសន៍ចំនួន៧ រួមមាន៖
១.រដ្ឋាភិបាលគួរតែអនុម័តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានស្របទៅតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា និងត្រូវតែមានការចូលរួម និងទទួលយកអនុសាសន៍ពីអ្នកពាក់ព័ន្ធនានា។
២.ការអនុវត្តការបើកចំហព័ត៌មាន និងការបង្កើតការផ្សាយជាសាធារណៈតាមគ្រប់មធ្យោបាយ។
៣.សង្គមស៊ីវិលធ្វើការងារបានល្អប្រសើរជាមួយរដ្ឋាភិបាល ក្នុងការគាំទ្រ និងផ្សព្វផ្សាយច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរាល់គ្រប់បញ្ហា គ្រប់វិស័យទាំងអស់ ដូចជាសេវាសាធារណៈ ដីសម្បទានសេដ្ឋកិច្ច រាប់បញ្ចូលទាំងថវិកា របាយការណ៍សវនកម្ម ទៅដល់សាធារណជន និងការចូលរួមជាសាធារណៈទៅក្នុងសេចក្តីព្រាងច្បាប់ស្តីអំពីថវិកាជាតិ និងរបាយការណ៍សវនកម្ម។
៤.វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ គួរតែបន្តការគាំទ្រទៅលើច្បាប់ស្តីអំពីសិទ្ធិទទួលបានព័ត៌មាន និងគាំទ្រផ្នែកបច្ចេកទេស។
៥.ច្បាប់ថ្មីត្រូវចែងអំពីការការពារសុវត្ថិភាពអ្នកសារព័ត៌មាន រួមបញ្ចូលគ្នារវាងច្បាប់សារព័ត៌មាន និងច្បាប់ស្តីអំពីសិទ្ធិទទួលបានព័ត៌មាន។
៦.អ្នកស៊ើបអង្កេត ត្រូវធានាថាការអនុវត្តច្បាប់ដោយឯករាជ្យ ត្រូវតែមានការចូលរួមពីក្រុមការងារប្រព័ន្ធផ្សព្វផ្សាយ។
៧.រដ្ឋាភិបាលកម្ពុជា គួរតែផ្តល់ និងផ្សព្វផ្សាយព័ត៌មានសាធារណៈនៅថ្នាក់ក្រោមជាតិ។ រដ្ឋាភិបាលគួរតែគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តសិទ្ធិទទួលព័ត៌មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។