សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​ចាំ​បាច់​ដែល​ពលរដ្ឋ​កំពុង​ត្រូវ​ការ

នៅ​ឯ​រមណីយដ្ឋាន​វត្ត​ភ្នំ ឯណោះ​វិញ សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល​សរុប​ជាង ៣០​ស្ថាប័ន បាន​រៀប​ចំ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែរ។ នោះ គឺ​ជា​ការ​ជួប​ប្រជុំ​គ្នា​រវាង​ក្រុម​អ្នក​សហគមន៍ ក្រុម​ជនជាតិ​ដើម​ភាគ​តិច មន្ត្រី​រាជការ កសិករ កម្មករ សិស្ស និស្សិត និង​ព្រះសង្ឃ ជា​មួយ​តំណាង​អាជ្ញាធរ​ក្រុង គណបក្ស​នយោបាយ និង​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា។

0:00 / 0:00

តំណាង​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ចូល​រួម​ជា​ច្រើន​ពាន់​នាក់ បាន​រួម​គ្នា​ទាមទារ​អោយ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​ចាំ​បាច់​ដែល​ពលរដ្ឋ​កំពុង​ត្រូវ​ការ។

«សំឡេង​ទាមទារ»

សេចក្ដី​ថ្លែងការណ៍​រួម​នៃ​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល បាន​លើក​ឡើង​នូវ​ការ​ទាមទារ​ចំនួន ១២​ចំណុច។ ក្នុង​នោះ​រួម​មាន ស្នើ​កែ​ទម្រង់​ប្រព័ន្ធ​ច្បាប់ និង​យុត្តិធម៌ ដែល​ធានា​ថា ពលរដ្ឋ​គ្រប់​រូប​ទទួល​បាន​យុត្តិធម៌ ធានា​សេរីភាព​បញ្ចេញ​មតិ បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ការពារ​សិទ្ធិ​មនុស្ស រាល់​ការ​អភិវឌ្ឍ​ត្រូវ​គិត​ពី​ផល​ប៉ះពាល់ និង​ប្រយោជន៍​ពលរដ្ឋ ធានា​សិទ្ធិ​លំនៅឋាន និង​សេវា​មូលដ្ឋាន​គ្រប់​ប្រភេទ ​ពិសេស​ការ​អប់រំ និង​សុខាភិបាល ធានា​សមភាព​យេនឌ័រ បញ្ឈប់​អំពើ​ហិង្សា និង​ការ​រើសអើង​នារី​ភេទ លើក​កម្ពស់​សិទ្ធិ​ជន​ពិការ និង​ជនជាតិ​ដើម​ភាគតិច។

«សំឡេង​ហ៊ោ​ទាមទារ​សិទ្ធិ»

តំណាង​ម្នាក់​នៃ​ក្រុម​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល លោក អាត់ ធន មាន​ប្រសាសន៍​ថា ក្នុង​វិស័យ​ការងារ ពួក​លោក​ទាមទារ​អោយ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដំឡើង​ប្រាក់​បៀវត្សរ៍ និង​ស្វែង​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ពី​ការ​ទាមទារ​សិទ្ធិ៖ «យើង​ស្នើ​អោយ​រដ្ឋាភិបាល​ផ្តល់​ប្រាក់​បៀវត្សរ៍​អោយ​បាន ១៥៤​ដុល្លារ ដល់​កម្មករ​និយោជិត ដើម្បី​អោយ​ពួក​គាត់​រស់​នៅ​សមរម្យ​បាន។ រដ្ឋាភិបាល​ត្រូវ​ចាប់​ខ្លួន​ជន​ល្មើស​ទាំង​ឡាយ ដែល​បាន​បាញ់​សម្លាប់​កម្មករ ក៏​ដូច​អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​ដទៃ​ទៀត​មក​ផ្ដន្ទាទោស​តាម​ច្បាប់»

ជនជាតិ​ភាគតិច​សួយ កញ្ញា វ៉ែន សាមីន ក៏​បាន​ទាមទារ​អោយ​រដ្ឋាភិបាល​បញ្ឈប់​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ក្រុម​ជនជាតិ​ដើម​ដូច​ពួក​គាត់៖ «ជនជាតិ​ដើម​ភាគ​តិច​មិន​មែន​ដូច​ខ្មែរ​ទូទៅ​ទេ។ ជនជាតិ​ដើម​ភាគ​តិច​រក​ផល​អនុផល​ព្រៃ។ ប៉ុន្តែ​បើ​ការ​សម្បទាន​ហ្នឹង ឈូស​ឆាយ​ព្រៃ​ឈើ គាត់​ធ្លាប់​រក​ជ័រ​រក​ផល​អនុផល គឺ​អត់​មាន​ទេ ព្រោះ​ថា​ជុំវិញ​ហ្នឹង គឺ​មាន​តែ​ក្រុមហ៊ុន។ ហើយ​ជីវិត​ពួក​គាត់ គឺ​ពឹង​លើ​ព្រៃ បើ​អត់​ព្រៃ គឺ​អត់​ជីវិត»

តំណាង​សាលា​រាជធានី​ភ្នំពេញ លោក សេង រតនៈ ថ្លែង​នៅ​ក្នុង​ពិធី​នោះ​ថា រាល់​ការ​ទាមទារ​សិទ្ធិ​សេរីភាព ត្រូវ​គោរព​តាម​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ធានា​នូវ​សណ្ដាប់​ធ្នាប់ សន្តិសុខ​សង្គម៖ «បើ​ពុំ​នោះ​ទេ ការ​សម្ដែង​មតិ និង​ការ​ទាមទារ​ទាំង​នោះ នឹង​ក្លាយ​ទៅ​ជា​អានាធិបតេយ្យ បង្ក​ចលាចល​ធ្វើ​អោយ​អសន្តិសុខ បាត់​សណ្ដាប់​ធ្នាប់ ខូច​របៀប​រៀប​រយ​ក្នុង​សង្គម ហើយ​អាច​ឈាន​ទៅ​ដល់​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន និង​ទ្រព្យ​សម្បត្តិ​សាធារណៈ​ទៀត​ផង។ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កម្ពុជា កន្លង​មក​មាន​ក្រុម​មនុស្ស​ខ្លះ​ធ្វើ​ការ​សម្ដែង​មតិ និង​ការ​ទាមទារ​អ្វី​មួយ​នោះ មិន​ពិត​ប្រាកដ​ថា ដើម្បី​ផល​ប្រយោជន៍​ពលរដ្ឋ និង​ប្រជាជាតិ​នោះ​ទេ»

ស្រប​គ្នា​នេះ​ដែរ តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី វ៉ាន ហ៊ាលី (Wan-Hea Lee) ក៏​បាន​លើក​ឡើង​ថា អ្នកស្រី​សង្ឃឹម​ថា តំណាង​ដែល​ពលរដ្ឋ​បាន​ជ្រើស​តាំង នឹង​នាំ​យក​កង្វល់​របស់​ពលរដ្ឋ​ទៅ​ពិភាក្សា និង​ដោះស្រាយ។

ក្រុម​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល ក៏​បាន​អញ្ជើញ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹក​នាំ​រដ្ឋាភិបាល អោយ​ចូល​រួម​ពិធី​នេះ​ដែរ ប៉ុន្តែ​ពុំ​មាន​អ្នក​ចូល​រួម​ឡើយ។ ដោយ​ឡែក គណបក្ស​សង្គ្រោះ​ជាតិ ប្រធាន​គណបក្ស​នេះ គឺ​លោក សម រង្ស៊ី បាន​ចូល​រួម និង​ថ្លែង​សារ​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។