មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃ​សម្រួល​នីតិ​វិធី​មួយ​ចំនួន ជុំវិញ​ការ​ធ្វើ​ជំរឿន​អង្គការ​សង្គម​ស៊ីវិល

ដោយ សុជីវី
2024.03.28

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ដូចៗ​គ្នា​ថា ក្រសួង​មហាផ្ទៃ​គួរ​សម្រួល​នីតិ​វិធី​មួយ​ចំនួន ក្នុង​ដំណើរការ​ជំរឿន​អង្គការ​សង្គម​ស៊ីវិល ខណៈ​ក្រសួង​មហាផ្ទៃ​បន្ត​អះអាង​ថា ការ​ធ្វើ​ជំរឿន​នេះ នឹង​មិន​ប៉ះពាល់​ដំណើរ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ​ឡើយ។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​អះអាង​ថា នីតិវិធី​ធ្វើ​ជំរឿន​របស់​ក្រសួង​មហាផ្ទៃ​មួយ​ចំនួន​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដំណើរ​ការងារ​របស់​អង្គការ​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ប៉ះពាល់​ដល់​ឯកជន​ភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ថែម​ទៀត​ផង។

នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ (CENTRAL) លោក មឿន តុលា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៨ ខែមីនា ថា ដោយសារ​ការ​ធ្វើ​ជំរឿន​របស់​ក្រសួង​មហាផ្ទៃ មិន​បាន​ជូន​ដំណឹង​ជា​មុន ដូច្នេះ​កន្លង​មក​វត្តមាន​មន្ត្រី​ធ្វើ​ជំរឿន​នៅ​ការិយាល័យ​អង្គការ បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​បុគ្គលិក​អង្គការ និង​ប្រជាពលរដ្ឋ​រងគ្រោះ​ដែល​អង្គការ សង់ត្រាល់ កំពុង​ផ្ដល់​ការ​ប្រឹក្សា​យោបល់។ លោក​បន្ត​ថា ក្រសួង​មហាផ្ទៃ​មិន​គួរ​ទាមទារ​ឯកសារ​កិច្ច​សន្យា​ការងារ​របស់​បុគ្គលិក​អង្គការ​នោះ​ឡើយ ដោយ​លោក​ចាត់​ទុក​ការ​ទាមទារ​កិច្ច​សន្យា​ការងារ​នេះ​គឺជា​ការ​រំលោភ​សិទ្ធិ​ឯកជន​ភាព​របស់​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល។

លោក មឿន តុលា៖ «ខ្ញុំ​ថា​បើសិនជា​អត់​មាន​អី​ចាំបាច់​ទេ ដូចជា​មិន​ចាំបាច់​ទៅ​ធ្វើ​ជំរឿន​អី​ទេ ព្រោះ​សួរ​ជំរឿន​មិន​ដឹង​ថា​ដើម្បី​អី បើ​សិន​ជា អិន.ជី.អូ (NGOs) ណា អត់​មាន​សកម្មភាព​អី NGOs ណា​អត់​មាន​របាយការណ៍ មាន​ន័យ​ថា អ្នក​ហ្នឹង​ទំនង​ជា​គាត់​អត់​មាន​ប្រតិបត្តិការ​អី ទី១ ទី២ បើសិនជា​ទាក់​ទង​នឹង​ប្រតិបត្តិការ​ចំណាយ​អី គឺ​គេ​បាន​ដាក់​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​និង​មាន​មួយ​កូពី​ទៅ​ឱ្យ​ក្រសួង​មហាផ្ទៃ​ដែរ»

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​រង​នៃ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ លើក​ឡើង​ថា ការ​ធ្វើ​ជំរឿន​អង្គការ​សង្គម​ស៊ីវិល គឺ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។ លោក​អះអាង​ថា ការ​ធ្វើ​ជំរឿន​ក៏​មិន​បាន​ប៉ះពាល់​ដល់​ឯកជន​ភាព ឬ​ជ្រៀតជ្រែក​ការងារ​ផ្ទៃ​ក្នុង​របស់​ស្ថាប័ន​ដែល​ក្រសួង​ធ្វើ​ជំរឿន​នោះ​ឡើយ។

លោក ទូច សុខៈ៖ «យើង​មាន​កម្រង​សំណួរ ជា​លាយលក្ខណ៍​អក្សរ​ត្រឹម​ត្រូវ ប៉ុន្មាន​ជា​ពីរ​ទំព័រ ហើយ​មាន​ប្រអប់​នៃ​ការ​គូស​ព័ត៌មាន​ទាំង​អស់​នោះ គឺ​មិន​មាន​ការ​សួរ​សំណួរ​ផ្សេងៗ​ដែល​ក្រៅ​ពី​ប្រអប់​ដែល​បាន​កំណត់ ឬ​ក៏​បញ្ជី​សំណួរ ឬ​ក៏​កម្រង​សំណួរ​នោះ​ឡើយ ដូច្នេះ​សុំ​មេត្តា​កុំ​បារម្ភ​អំពី​ការ​ដែល​មន្ត្រី​ជំរឿន​ប៉ះពាល់​ដល់​អង្គការ​សមាគម»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ អង្គការ​អន្តរជាតិ​មួយ​ចំនួន​លើក​ឡើង​ថា អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​មិន​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​បំពេញ​ការងារ​នោះ​ឡើយ។ ជាក់​ស្ដែង អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​បង្កើត​ច្បាប់​នានា​ដែល​ប៉ះពាល់ រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំង​ឡាយ​ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន។ លោក​មើល​ឃើញ​ថា ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល គឺជា​ការ​ដើរ​ប្រាសចាក​គន្លង​ប្រជាធិបតេយ្យ និង​អភិបាល​កិច្ច​ល្អ ហើយ​ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការងារ​ផ្នែក​សិទ្ធិមនុស្ស​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថែម​ទៀត​ផង​ដែរ។

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ឱ្យ​ដឹង​ដែរ​ថា ដោយសារ​តែ​អង្គការ សមាគម តែង​ដាក់​របាយការណ៍​ទៅ​កាន់​ក្រសួង​ជា​រៀង​រាល់​ឆ្នាំ ដូច្នេះ​ដើម្បី​ភាព​ងាយ​ស្រួល ក្រសួង​មហាផ្ទៃ​មិន​គួរ​ធ្វើ​ជំរឿន​តាម​រយៈ​ការ​ចុះ​សម្ភាសន៍​ដោយ​ផ្ទាល់​នោះ​ឡើយ។ លោក​បន្ត​ថា តាម​រយៈ​ការ​ធ្វើ​ជំរឿន ក្រសួង​មហាផ្ទៃ​ក៏​គួរ​តែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កាន់​តែ​បើក​ចិត្ត​ទូលាយ ចាត់​ទុក​ការងារ​អង្គការ សមាគម គឺជា​ការ​រួម​ចំណែក​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​សង្គម​ផង​ដែរ។

លោក សន ជ័យ៖ «យើង​យល់​ថា លំហ​ប្រជាពលរដ្ឋ​នេះ​ជា​រឿង​សំខាន់ ដែល​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​គេ​ត្រូវ​ការ សុំ​ឱ្យ​មាន អ៊ីចឹង​គេច​មិន​រួច​ពី​កិច្ច​សហការ​ដោះស្រាយ​បញ្ហា​រួម ព្រោះ NGOs ហើយ​និង​សមាគម​ក៏​ជា​តួអង្គ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ដែរ»

ខណៈ​ក្រសួង​មហាផ្ទៃ​លើក​ឡើង​ថា អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​មាន​ជិត​៦ពាន់​ស្ថាប័ន​ក្ដី ក៏​អង្គការ សមាគម​ដែល​ធ្វើ​ការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ មាន​មិន​ដល់​១រយ​ស្ថាប័ន​នោះ​ទេ ហើយ​អង្គការ​ធ្វើ​ការ​ការពារ​សិទ្ធិមនុស្ស​ទាំង​នោះ តែង​រង​ការ​ចោទ​ប្រកាន់​ពី​សំណាក់​រដ្ឋាភិបាល​ថា មាន​ចេតនា​ទុច្ចរិត។ ជាក់​ស្ដែង រដ្ឋបាល​ខេត្តព្រះវិហារ​កាល​ពី​ពេល​ថ្មីៗ បាន​ចោទ​ប្រកាន់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ ដែល​ទំនង​សំដៅ​ដល់​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ដែល​បាន​ចុះ​ស្វែង​យល់​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដី​ធ្លី​កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃ រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន​ថា ជា​ការ​ឆក់​ឱកាស​កេង​ចំណេញ​នយោបាយ។

ក្រសួង​មហាផ្ទៃ​បាន​ចាប់​ធ្វើ​ជំរឿន សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ទាំង​អស់ ចាប់​ពី​ថ្ងៃទី២៥ ខែមីនា រហូត​ដល់​ថ្ងៃ​ទី៣០ ខែមេសា​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។