សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ផ្សាយ​របាយការណ៍​ស្ដីពី​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ប្រកប​ដោយ​តម្លាភាព

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ឯក​បក្ស​ផ្សព្វផ្សាយ​របាយការណ៍​ស្ដីពី​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​ប្រកបដោយ​តម្លាភាព និង​ទូលំទូលាយ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​មហាជន និង​អន្តរជាតិ​។ ការ​ជំរុញ​នេះ បន្ទាប់ពី​រដ្ឋាភិបាល​ចេញ​របាយការណ៍​ថា សមត្ថកិច្ច​បាន​ជួយសង្គ្រោះ​ជនបរទេស​ជាង ៥​រយ​នាក់ (៥១១) ចេញពី​ការ​ជួញដូរ​មនុស្ស និង​កន្លែង​បង្ខាំង​មនុស្ស​ខុសច្បាប់​នៅ​កម្ពុជា​។ ប៉ុន្តែ រដ្ឋាភិបាល​មិន​បញ្ជាក់​ពី​ទីតាំង​ជាក់លាក់​អំពី​ការ​ជួយ​សង្គ្រោះ​ជនបរទេស​ទាំង​នោះ​ទេ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​រឹតត្បិត ឬ​ការ​លាក់បាំង​ព័ត៌មាន​អំពី​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​ពី​សំណាក់​រដ្ឋាភិបាល លោក ហ៊ុន សែន គឺជា​ហេតុ​នាំ​ឱ្យ​មហាជន និង​សហគមន៍​អន្តរជាតិ មាន​មន្ទិល​សង្ស័យ​ថា ការអនុវត្ត​ច្បាប់​លើ​ក្រុម​ឧក្រិដ្ឋជន​គ្មាន​ប្រសិទ្ធភាព។

នាយក​ទទួលបន្ទុក​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៨ ខែ​តុលា ថា ការ​បង្ក្រាប​របស់​អាជ្ញាធរ​លើ​ទីតាំង​នៃ​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស​នេះ រដ្ឋាភិបាល​គួរតែ​បង្ហាញ​របាយការណ៍​ដោយ​ប្រកបដោយ​តម្លាភាព ដើម្បី​ឱ្យ​មហាជន និង​អន្តរជាតិ​មាន​ទំនុក​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​បន្ថែម ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​នេះ៖ «​ ឱ្យ​សាធារណជន​បាន​ដឹង​ថា តើ​ទីតាំង​ណាខ្លះ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​ ? ដើម្បី​ឱ្យ​ពួកគាត់​ហ្នឹង​តាម​មើល​ថា ទីតាំង​ថា​ត្រូវ​បាន​បិទ ឬ​មិន​បិទ​។ ប្រសិនជា​មិន​បិទ​ទេ វា​អាច​ហ្នឹង​មាន​កើតមាន​ករណី [​ ជួញដូរ​មនុស្ស​ ] ហ្នឹង​បន្ត​ទៅ​ទៀត ឬក៏​អាច​ឱ្យ​ប្រជាពលរដ្ឋ ឬក៏​ជនបរទេស គាត់​អាច​ដឹង​បើសិនជា ឈ្មោះ​ទីតាំង ឬ​ឈ្មោះ​ក្រុមហ៊ុន​នៅ​កន្លែង​ណា​ទៀត ពួកគាត់​នឹង​ពិចារណា ដើម្បី​កុំឱ្យ​មានការ​ចាញ់បោក​។ ការ​បង្ក្រាប​ជា​ស្នាដៃ​រដ្ឋាភិបាល​ហើយ ប៉ុន្តែ​របាយការណ៍​បង្ហាញ​អំពី តម្លាភាព​វា​ជា​រឿង​សំខាន់ សម្រាប់​ក្នុង​ការ​ទប់ស្កាត់ ឬ​បង្ការ​ទៅ​ថ្ងៃក្រោយ​ទៀត »

ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​បែប​នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​ឯក​បក្ស​អះអាង​ថា ចាប់តាំងពី​ថ្ងៃទី​១៨ ខែ​សីហា ដល់​ថ្ងៃទី​៧ តុលា សមត្ថកិច្ច​ទទួល​បាន​បណ្ដឹង​ជាង ៤​រយ​ករណី (៤២៥) ដែល​ក្នុង​នោះ​មាន​មនុស្ស​សរុប​ជាង ១​ពាន់​នាក់ (.០៦៧)​។ ក្នុង​នោះ​ក្រុម​ឧក្រិដ្ឋជន​ធ្វើ​សកម្មភាព​នៅ​ខេត្ត​ព្រះសីហនុ​ច្រើន​ជាង​គេ​ដែល​មាន​ជាង ២​រយ​ករណី​។ ជាមួយ​គ្នា​នេះ សមត្ថកិច្ច​បាន​ជួយសង្គ្រោះ​ជនបរទេស​ចេញពី​កន្លែង​ជួញដូរ​មនុស្ស និង​បង្ខាំង​មនុស្ស​ខុសច្បាប់​បាន​ជាង ៥​រយ​នាក់ (៥១១) និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន ខ្មែរ និង​វៀតណាម​សរុប​ជិត ១​រយ​នាក់ (៦៧​នាក់)

ជនរងគ្រោះ​ដែល​សមត្ថកិច្ច​ជួយសង្គ្រោះ​កន្លងមក​រួមមាន​ជនជាតិ​ឥណ្ឌូណេស៊ី (Indonesia) វៀតណាម (Vietnam) ថៃ (Thailand) ម៉ាឡេស៊ី (Malaysia) ចិន (China) ប៉ាគីស្ថាន (Pakistan) ឥណ្ឌា (India) មីយ៉ាន់ម៉ា (Myanmar) ហ្វីលីពីន (Philippines) តួកគី (Turkey) អាមេរិក (USA) អង់គ្លេស (UK) កូរ៉េខាងត្បូង ( South Korea) ជាដើម​។ ក្រសួង​មហាផ្ទៃ​មិន​បាន​បញ្ជាក់​ឈ្មោះ​ទីតាំង​ភូមិសាស្ត្រ ឬ​ក្រុមហ៊ុន​ណាមួយ ដែល​សមត្ថកិច្ច​បាន​ជួយសង្គ្រោះ​ជន​រង​ចេញពី​កន្លែង​ជួញដូរ​មនុស្ស និង​បង្ខាំង​មនុស្ស​ខុសច្បាប់​នេះ​នៅឡើយ​ទេ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និង​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ដើម្បី​សុំ​ការ​បញ្ជាក់​ជុំវិញ​របាយការណ៍​នេះ​បានទេ​នៅ​ថ្ងៃទី​៧ និង​ថ្ងៃទី៨ ខែ​តុលា។

ទោះជា​យ៉ាងណាក៏ដោយ បើ​តាម​របាយការណ៍​នានា​ដែល​បាន​រាយការណ៍​កន្លងមក ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​នេះ​ភាគច្រើន​កើតមាន​នៅ​តាម​តំបន់​អភិវឌ្ឍ​ដោយ​ជនជាតិ​ចិន​ដូចជា​នៅ​ខេត្ត​ព្រះសីហនុ ស្វាយរៀង ពោធិ៍សាត់ ក្រុង​ប៉ោយប៉ែត ខេត្ត​កណ្ដាល និង​នៅ​រាជធានី​ភ្នំពេញ​ជាដើម​។ ថ្មីៗ​នេះ បុគ្គលិក​ធ្វើការ​ងារ​នៅ​មជ្ឈមណ្ឌល​ទីក្រុង​ហេងហេង (Heng Heng Entertainment City Center) នៅ​ក្រុង​បាវិត​ខេត្តស្វាយរៀង ក៏បាន​ទម្លាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ឱ្យ​ដឹង​ដែរ​ថា មាន​ជនបរទេស​រាប់​រយ​នាក់​កំពុង​រង់ចាំ​ការ​ជួយ​សង្គ្រោះ​ពួកគេ​ចេញពី​បរិវេណ​អគារ​ធ្វើ​ទារុណកម្ម និង​កន្លែង​ការងារ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online)

ទាក់ទង​នឹង​រឿង​នេះ​ដែរ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថា អំពើ​ជួញដូរ​មនុស្ស​នេះ​បាន​រំលោភបំពាន​សិទ្ធិមនុស្ស និង​ធ្វើ​ឱ្យ​អាប់ឱន​មុខមាត់​កម្ពុជា​ធ្ងន់ធ្ងរ ហើយ​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​កំពុង​មានការ​ស្អប់ខ្ពើម​។ លោក នៅតែ​បន្ត​ស្នើ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ និង​ស្ថាប័ន​តុលាការ​ពង្រឹង​ការអនុវត្ត​ច្បាប់​លើ​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។ លោក​ជឿជាក់​ថា បើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្មាន​ឆន្ទៈ​ក្នុង​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ស៊ី​ជម្រៅ​លើ​មេខ្លោង​ធំៗ​ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ពីក្រោយ​នៃ​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​នេះ នោះ​ឧក្រិដ្ឋកម្ម​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​នឹង​រីក​ដុះដាល​កាន់តែ​ខ្លាំង​បន្ថែម​ទៀត៖ « ទោះ​បី​ថា​រក​ឃើញ មាន​អ្នក​នៅ​ពីក្រោយ​នៃ​អំពើ​ជួញដូរ​ជា​អ្នកធំ មានបុណ្យ​សក្ដិ មានទ្រព្យ​សម្បត្តិ​ប៉ុណ្ណា​ក៏ដោយ គឺថា​យើង​ស្នើ​ឱ្យ​អាជ្ញា​ធរមាន​ចំណាត់​ការ​ឱ្យ​បាន​ស្នើ​ភាព​គ្នា ធ្វើ​ម៉េច​ឱ្យ​មាន​សមភាព ចំពោះ​ផ្លូវច្បាប់ ហើយ​កុំឱ្យ​មានការ​លើកលែង​។ នេះ​ជា​រឿង​មួយ​ត្រូវតែ​ចាត់វិធានការ​ឱ្យ​ម៉ឺងម៉ាត់ ហើយ​ជៀសវាង​កុំឱ្យ​មានការ​ប្រព្រឹត្ត​នូវ​អំពើពុករលួយ​ក្នុង​ការ​ជួញដូរ​មនុស្ស​នេះ និង​ស្នើ​ទៅដល់​ស្ថាប័ន​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ អនុវត្ត​ច្បាប់​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​នូវ​អំពើ​ជួញដូរ​មនុស្ស​ទាំងអស់​ហ្នឹង យក​មក​ផ្ដន្ទាទោស ធ្វើ​ម៉េច​អនុវត្ត​ទៅតាម​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត »

ថ្វីបើ​បែបនេះ​ក្ដី ក្រុម​មន្ត្រី​ការពារ​សិទ្ធិមនុស្ស មើល​ឃើញ​ថា អាជ្ញាធរ​រដ្ឋាភិបាល​ហាក់​ព្យាយាម​បិទបាំង​ព័ត៌មាន​មួយចំនួន​ទាក់ទង​នឹង​ទីតាំង និង​ក្រុម​ឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។ ពួកគាត់​ស្នើ​ដល់​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​ផ្ដល់​ទំនុកចិត្ត និង​ផលប្រយោជន៍​សម្រាប់​មហា​ជន និង​ជនបរទេស​កំពុង​រស់​នៅ​កម្ពុជា​។​

ការ​បិទបាំង​នូវ​រឿង​ឧក្រិដ្ឋកម្ម​នានា​ពី​សំណាក់​រដ្ឋាភិបាល លោក ហ៊ុន សែន​ហាក់​មិន​មែន​ជា​រឿង​ចម្លែក​អ្វី​នោះ​ទេ​។ សៀវភៅ​ណែនាំ​ស្ដីពី​សុវត្ថិភាព​អ្នកសារព័ត៌មាន​របស់ អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Border) បាន​សរសេរ​ថា មេដឹកនាំ​ដែល​ប្រកាន់​របប​ផ្ដាច់ការនិយម គឺ​ពួកគេ​តែងតែ​ព្យាយាម​រាំង​ខ្ទប់​ព័ត៌មាន​នូវ​រាល់​បទឧក្រិដ្ឋ​នានា និង​រឹតត្បិត​ការ​ជជែក​វែកញែក​លើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន។ សៀវភៅ​ដដែល​សរសេរ​ថា មូលហេតុ​ដែល​មេដឹកនាំ​ទាំងនោះ​ខិតខំ​ធ្វើ​ដូច្នេះ គឺ​ដោយសារ​ខ្លាច​ប៉ះពាល់​ដល់​មុខមាត់​កិត្ដិយស និង​ការ​ក្រាញ​អំណាច​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។