មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​សៀមរាប​៤​រូប​បារម្ភ​ពី​ក្រសួង​អប់រំ​លុបឈ្មោះ​ចេញ​ពី​គ្រូបង្រៀន

ដោយ វ៉ែន សុមេធ
2018-02-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ចូល​រួម​បុណ្យ​សព​លោក សុខ អាន នៅ​ថ្ងៃ​ទៅ​១៦ ខែ​មីនា ឆ្នាំ​២០១៧។
រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ចូល​រួម​បុណ្យ​សព​លោក សុខ អាន នៅ​ថ្ងៃ​ទៅ​១៦ ខែ​មីនា ឆ្នាំ​២០១៧។
Photo: RFA

មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ខេត្ត​សៀមរាប ចំនួន​៤​រូប​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រសួង​អប់រំ យុវជន និង​កីឡា លុបឈ្មោះ​ពួកគេ​ចេញពី​គ្រូបង្រៀន។ ក្ដី​បារម្ភ​នេះ​បន្ទាប់​ពី​ក្រុម​គ្រូបង្រៀន​ទាំងនេះ​បាន​ទទួល​ដំណឹង​ថា ពួកគេ​ត្រូវ​បាន​ក្រសួង​អប់រំ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​គ្រូបង្រៀន​រួចហើយ ប៉ុន្តែ​មិនទាន់​ប្រកាស​ជា​ផ្លូវការ។

គ្រូបង្រៀន​ប្រកាន់​និន្នាការ​នយោបាយ​គណបក្សប្រឆាំង​នៅ​ខេត្ត​សៀមរាប លើកឡើង​ថា ប្រសិនបើ​ក្រសួង​អប់រំ យុវជន និង​កីឡា ពិតជា​បាន​លុបឈ្មោះ​របស់​ពួកគាត់​ចេញពី​ក្របខ័ណ្ឌ​មែន គឺជា​រឿង​អយុត្តិធម៌។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ខេត្ត​សៀមរាប លោក ពៀត ម៉ាប់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ថា មុន​ពេល​ពួកគាត់​ចូល​ប្រលូក​នយោបាយ​ជាមួយ​គណបក្សប្រឆាំង គឺ​ពួកគេ​បាន​ព្យួរ​ឈ្មោះ​ទៅ​ក្រសួង​អប់រំ​រួចហើយ។ លោក​អះអាង​ទៀត​ថា ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​មក ពួកគេ​ក៏បាន​ដាក់ពាក្យ​ចូល​បង្រៀន​វិញ​ដែរ ក៏ប៉ុន្តែ​ខាង​មន្ទីរអប់រំ​ខេត្ត​សៀមរាប​មិន​ឲ្យ​ពួកគេ​ចូល​បង្រៀន​នោះ​ទេ។ លោក​បន្ថែម​ថា ចាប់​ពី​ពេល​នោះ​មក គឺ​ពួកគាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខ្លាច​មន្ទីរអប់រំ​ខេត្ត​បញ្ជូន​ឈ្មោះ​របស់​ពួកគេ ទៅ​ក្រសួង​អប់រំ​ដើម្បី​ស្នើ​ឲ្យ​លុប​ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​រដ្ឋ៖ «បើ​សិន​ថា​ខ្ញុំ​មិន​បាន​ដាក់​ពាក្យ​ចូល​បម្រើ​ការងារ ទើប​ជា​កំហុស​របស់​ពួក​ខ្ញុំ តែ​នេះ​ខ្ញុំ​បាន​ដាក់​ពាក្យ​ចូល​បម្រើ​ការងារ​ហើយ តែ​មន្ទីរអប់រំ​បាន​ដក​ម៉ោង​មិន​ឲ្យ​បង្រៀន ហើយ​ឲ្យ​រង់ចាំ​ប្រកាស​របស់​ក្រសួង​ចេញ​មក ចាំ​ចូល​ធ្វើការ។ បើសិន​រឿង​នេះ​ជា​រឿង​ពិតមែន​គឺជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​ពួក​ខ្ញុំ»

គ្រូបង្រៀន​ទាំង​៤​រូប​នោះ​រួមមាន ឈ្មោះ ពៀត ម៉ាប់ ច័ន្ទ សុភា ហុង សុខជា និង​ឈ្មោះ មុត មល្លា ជា​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ ដែល​ទើប​បញ្ចប់​តំណែង​ដោយសារ​ការ​រំលាយ​គណបក្ស ក្នុង​នោះ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ចំនួន២​រូប ក្រុមប្រឹក្សា​ស្រុក ១​រូប និង​សមាជិក​ក្រុម​ប្រឹក្សាឃុំ​មួយ​រូប។

ឆ្លើយតប​នឹង​បញ្ហា​នេះ​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​សៀមរាប លោក សយ ទិត្យាវង្ស មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ខាង​លោក​មិនទាន់​ទទួល​ឯកសារ​ពី​ការ​លុប​ឈ្មោះ​របស់​គ្រូបង្រៀន​ទាំង​នៅឡើយ​ទេ។ ទោះជា​យ៉ាងណា លោក​ក៏​មិន​ចាប់អារម្មណ៍​ចំពោះ​ការ​លុបឈ្មោះ​គ្រូបង្រៀន​ទាំង ៤​រូប​ចេញពី​ក្របខ័ណ្ឌ​នោះ​ដែរ«​ទេ! ទៅ​ភ័យ​អី​បើ​លុប​ក៏​លុប​ទៅ បើ​ធ្វើការ​ក៏​ធ្វើ​ទៅ​មិនបាច់​ភ័យ​អី​! ហើយ​បើ​ខ្ញុំ​ឃើញ​សេចក្ដី​ប្រកាស​របស់​ក្រសួង​ខ្ញុំ​ថា​ឃើញ តែ​អត់​ទាន់​ឃើញ»

ទោះ​យ៉ាង​នេះ​ក្ដី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយវី លើកឡើង​ថា មន្ត្រី​គ្រូបង្រៀន​ដែល​មាន​និន្នាការ​ទៅ​គណបក្សប្រឆាំង​កន្លងមក គឺ​តែង​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​ក្រសួង​អប់រំ ហើយ​ត្រូវ​បាន​ក្រសួង​មួយ​នេះ​បញ្ឈប់​ការងារ​ជា​ហូរហែ ដូចជា​ករណី​អតីត​សមាជិក​មន្ត្រី​ជាន់ខ្ពស់​គ​.​ជ​.​ប លោក រ៉ុង ឈុន ជាដើម។ អ្នកស្រី​ចាត់​ទុក​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​ក្រុម​គ្រូបង្រៀន​នេះ ថា ជា​ការ​រើសអើង​នយោបាយ​ដោយ​ខុសច្បាប់៖ «តាម​ពិត​ទៅ​ក្នុងនាម​គាត់​ព្យួរ​ឈ្មោះ​ទៅ​ធ្វើ​ការ​មួយ​ផ្សេងទៀត គឺ​អត់​មាន​សិទ្ធិ​ក្នុង​ការ​លុបឈ្មោះ​គាត់​ទេ ប៉ុន្តែ​យើង​ឃើញ​កន្លងមក មន្ត្រី​ក្រសួង​អប់រំ​ក៏ដូចជា​រដ្ឋាភិបាល​មិនដែល​បាន​យល់​ពី​ថា​ច្បាប់​យ៉ាង​មិច​ទេ ឲ្យ​តែ​ដឹង​ថា ខ្លួន​ធ្វើ​ត្រូវ​គឺ​ដឹង​ថា​ធ្វើ​តាម​ចិត្តនឹង​តាម​បញ្ជា​របស់​អ្នកណាម្នាក់»

មន្ត្រី​រដ្ឋបាល​នៃ​មន្ទីរអប់រំ​ខេត្ត​សៀមរាប​ម្នាក់ បាន​ប្រាប់​ទៅ​ក្រុម​គ្រូបង្រៀន​ទាំង ៤​រូប​នោះ​ថា ក្រសួង​អប់រំ​បាន​បញ្ជូន​ឈ្មោះ​របស់​ពួកគេ​មកដល់​មន្ទីរអប់រំ​ខេត្ត​ហើយ គឺ​បាន​លុបឈ្មោះ​ពួកគាត់​ចេញពី​ក្របខ័ណ្ឌ​គ្រូបង្រៀន​ហើយ គឺ​រង់ចាំ​តែ​ខាង​មន្ទីរ​បិទ​ប្រកាស​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់ៗ​តែប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល