គ្រូបង្រៀន​២​រូប​ដែល​ត្រូវ​ដក​បញ្ឈរ​ជើង​នៅ​កំពង់ធំ​ឡើង​ដាក់​ញត្តិ​ទាមទារ​យុត្តិធម៌​ពី​លោក ហ៊ុន សែន

ដោយ សុ ជីវី
2018-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស៊ុន ធន់ (ស្ដាំ) និង​លោក ថៃ ធីម (ឆ្វេង) គ្រូបង្រៀន​ដែល​ត្រូវ​មន្ទីរអប់រំ ខេត្ត​កំពង់ធំ​ដក​បញ្ឈរ​ជើង ឡើង​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១៨។
លោក ស៊ុន ធន់ (ស្ដាំ) និង​លោក ថៃ ធីម (ឆ្វេង) គ្រូបង្រៀន​ដែល​ត្រូវ​មន្ទីរអប់រំ ខេត្ត​កំពង់ធំ​ដក​បញ្ឈរ​ជើង ឡើង​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១៨។
រូប​ហ្វេសប៊ុក​លោក ថៃ ធីម

គ្រូបង្រៀន​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​គណបក្សប្រឆាំង នៅ​ខេត្ត​កំពង់ធំ ២​នាក់ ដែល​ត្រូវ​មន្ទីរអប់រំ​ខេត្ត​នេះ ដក​បញ្ឈរជើង​ឲ្យ​ទៅ​បង្រៀន​កន្លែង​ឆ្ងាយ បាន​នាំគ្នា​ទៅ​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​គឺ​លោក ហ៊ុន សែន ដើម្បី​ឲ្យ​លោក​ជួយ​រក​យុត្តិធម៌​ជួន​ពួកគាត់។គ្រូបង្រៀន​ទាំងពីរ អះអាង​ថា មន្ត្រី​ក្រសួង​អប់រំ​បាន​ធ្វើទុក្ខបុកម្នេញ​មក​លើ​ពួកគាត់​ទាំង​អយុត្តិធម៌ ដោយសារតែ​ការរើសអើង​និន្នាការ​ផ្នែក​នយោបាយ។

គ្រូបង្រៀន​នៅ​ខេត្ត​កំពង់ធំ​ទាំង ២​រូប លើកឡើង​ថា បើទោះបីជា​មិន​សង្ឃឹម​ទទួល​បាន​ជោគជ័យ​ក៏ដោយ ក៏ប៉ុន្តែ​ត្រូវ​ធ្វើ​ឲ្យ​អស់ចិត្ត ដើម្បី​បង្ហាញ​ឲ្យ​គ្រូបង្រៀន​ដទៃ​ទៀត មាន​ភាព​ក្លាហាន​ហ៊ាន​បំពេញការងារ​តាម​ឆន្ទៈ​របស់​ខ្លួន ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​សង្គម។

គ្រូបង្រៀន​ដែល​ត្រូវ​ដក​បញ្ឈរជើង​ម្នាក់​និង​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ធន់ មាន​ប្រសាសន៍ប្រាប់​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ ថា ពួកគាត់​មិន​អាច​នៅ​ស្ងៀម​បានទេ ត្រូវតែ​ទាមទារ​រក​យុត្តិធម៌​ព្រោះ​ពួកគាត់​ត្រូវ​បាន​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្ត​កំពង់ធំ ដក​បញ្ឈរ​ជើង​ដោយ​អយុត្តិធម៌។ លោក​បន្ថែម​ទៀត​ថា មន្ត្រី​ខុទ្ទកាល័យ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​មិន​ទទួល​ញត្តិ​ពី​ពួកគាត់​នោះ​ទេ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ធ្នូ ក្រោម​ហេតុផល​មិន​មាន​លិខិត​បដិសេធ​ពី​ក្រសួង​អប់រំ។លោក​ថា ញត្តិ​នេះ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន បញ្ជា​ទៅ​ក្រសួង​អប់រំ​ពិនិត្យ​ពី​ភាព​មិន​ប្រក្រតី​អំពី​ការ​ដក​ពួកគាត់​យក​ទៅ​បញ្ឈរជើង​នៅ​កន្លែង​ឆ្ងាយ​ដោយ​គ្មាន​កំហុស​នោះ៖ «ខ្ញុំ​មាន​អារម្មណ៍​ខកចិត្ត​ព្រោះ​ចំណាយ​ពេលវេលា និង​ធនធាន​ទៅ ត្រង់​ថា​មន្ត្រី​ដែល​ទទួល​ការ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ និង​អ្នក​រាជការ​ដូច​រូប​ខ្ញុំ​នេះ ខ្ញុំ​យល់ថា​មន្ត្រី​ទទួល​តួនាទី​នេះ​ទទួល​បាន​ប្រាក់ខែ​ពី​ការ​បង់ពន្ធ​ពី​ប្រជាពលរដ្ឋ គឺ​មិន​សមជា​អ្នកបម្រើ​កិច្ចការ​ពលរដ្ឋ​ទេ ហើយ​ខ្ញុំ​សម្ដែង​ការ​ខកចិត្ត​ចំពោះ​មន្ត្រី​ដែល​ក្រអឺតក្រទម​បែបនេះ»

ចំណែក​គ្រូបង្រៀន​ម្នាក់ទៀត​លោក ថៃ ធីម ក៏​ជា​សមាជិក​គណបក្សប្រឆាំង​ដែរ អះអាង​ថា ពួកគាត់​បាន​បញ្ជូន​ញត្តិ​នេះ​តាមរយៈ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ យក​ដាក់​ទៅ​ដាក់​នៅ​ក្រសួង​អប់រំ​ម្ដង​រួចហើយ​កាលពី​ថ្ងៃ​ទី​២៥ ធ្នូ ប៉ុន្តែ​ខាង​ក្រសួង​មិនទាន់​ផ្ដល់​ចម្លើយ​ត្រឡប់មកវិញ​នៅឡើយ​ទេ។ លោក​បន្ថែម​ទៀត​ថា ដោយសារ​មិន​មាន​ដំណឹង​ពួកគាត់​ក៏​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ទៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន វិញ​ម្ដង ដើម្បី​ឲ្យ​ជួយ​ពន្លឿន​រឿង​នេះ​ឲ្យ​បាន​ឆាប់៖ «ខ្ញុំ​សំណូមពរ​ទៅ​លោក ហ៊ុន សែន ក្នុងនាម​លោក​ជា​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ដែល​លោក​តែង​ខ្វល់ខ្វាយ​ពី​ជីវិត​គ្រូបង្រៀន ឲ្យ​លោក​ប្រាប់​ទៅ​កូនចៅ​លោក​ថ្នាក់ក្រោម​មេត្តា​កុំ​ធ្វើទុក្ខបុកម្នេញ​គ្រូបង្រៀន ដោយ​គ្រាន់តែ​គ្រូបង្រៀន​មាន​និន្នាការ​នយោបាយ​ផ្សេង ត្រូវ​បើក​សេរីភាព ពីព្រោះ​នៅ​ក្នុង​ច្បាប់​គេ​និយាយ​អំពី​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្លួន កុំ​ឲ្យ​ពលរដ្ឋ​ខ្លួន​ភ័យខ្លាច​ព្រោះ​ការ​ធ្វើទុក្ខបុកម្នេញ​នយោបាយ។​ដូច្នេះ​សុំ​ជួយ​ឲ្យ​ពួក​យើង​ខ្ញុំ​ទាំង ២​នាក់ បាន​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ដើម​វិញ»

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​អប់រំ​លោក រស់ សាលីន និង​មន្ត្រី​ខុទ្ទកាល័យ​លោក ហ៊ុន សែន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី​២៧ ធ្នូ ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នកទទួល។

ប៉ុន្តែ លោក ស៊ុន ធន់ អះអាង​ថា មន្ត្រី​ខុទ្ទកាល័យ​លោក ហ៊ុន សែន ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ពួកគាត់​ថា ចំនួន ២០​ថ្ងៃ​ទៀត​គិត​ចាប់ពី​ថ្ងៃ​ទី​២៧​ធ្នូ ឲ្យ​ពួកគាត់​មក​ដាក់​ញត្តិ​សាជាថ្មី​បាន​គេ​ទទួល ព្រោះ​មិន​ទាន់​មាន​ចម្លើយ​ពី​ក្រសួង​អប់រំ។

កាលពី​ថ្ងៃ​ទី​៥ ធ្នូ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កំពង់ធំ លោក ជូ វុនធី បាន​ចេញ​លិខិត​បង្គាប់​ការ ២​ច្បាប់ ដាច់ដោយឡែក​ពី​គ្នា បង្គាប់​ឲ្យ​បុគ្គលិក​អប់រំ​២​នាក់ គឺ លោក ថៃ ធីម និង លោក ស៊ុន ធន់ ផ្លាស់ប្ដូរ​ទីកន្លែង​ការងារ ដោយ​មិន​បាន​បង្ហាញ​ពី​មូលហេតុ ឬ​កំហុស​អ្វី​ទេ ប៉ុន្តែ​សំអាង​ថា យោង​តាម​ស្មារតី​អង្គប្រជុំ​របស់​គណៈកម្មការ​វាយតម្លៃ​ការងារ​បុគ្គលិក​របស់​មន្ទីរអប់រំ​ខេត្ត​កំពង់ធំ។

គ្រូបង្រៀន​ទាំងពីរ​នាក់​ដោយ​លោក ថៃ ធីម គ្រូ​កម្រិត​មូលដ្ឋាន​ឯកទេស​ភាសា​បារាំង-ខ្មែរ និង​លោក ស៊ុន ធន់ ជា​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ឯកទេស​អក្សរសាស្ត្រ​ខ្មែរ។

លោក ថៃ ធីម និង លោក ស៊ុន ធន់ អះអាង​ថា លិខិត​បង្គាប់​ការ​នោះ បាន​ប្រគល់​ដល់ដៃ អ្នក​ទាំងពីរ នៅ​ថ្ងៃ​ទី​១៥ និង​ទី​១៩ ធ្នូ។ ក្រោយ​មក​គ្រូ​បង្រៀន​ទាំង​២ បាន​ដាក់​លិខិត​ទៅ​មន្ទីរអប់រំ​ខេត្ត​កំពង់ធំ ដើម្បី​ទាមទារ​ឲ្យ​បំភ្លឺ​ពី​មូលហេតុ ក្នុង​ការ​ដក​គ្រូបង្រៀន​ទាំង​២​នេះ ព្រោះ​ការ​ធ្វើ​បែបនេះ ផ្ទុយ​ពី​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល ខណៈ​ដែល​លោក​ទាំងពីរ​មិន​ធ្លាប់​ត្រូវ​បាន​នាយក​សាលា ហៅ​ទៅ​ស្ដីបន្ទោស ឬ ព្រមាន​ផ្ទាល់មាត់ ឬ​លាយលក្ខណ៍ ជា​អក្សរ​ទេ។ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​មន្ទីរអប់រំ ខេត្ត​កំពង់ធំ​ទេ។

លោក ថៃ ធីម ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ កូតា​គណបក្សប្រឆាំង ប៉ុន្តែ​លោក អះអាង​ថា មិន​បាន​ប្រព្រឹត្តិ​ខុស​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល និង​មិនដែល​លួច​ម៉ោង​រដ្ឋបាល​នៃ​ការងារ ទៅ​ធ្វើ​ការងារ​បម្រើ​បក្ស​ទេ។ គ្រូបង្រៀន​ម្នាក់​នេះ អះអាង​ថា មាន​អ្នក​នយោបាយ​ខ្លះ បាន​ប្រើ​ដៃ​មន្ទីរអប់រំ​ខេត្ត តាម​ធ្វើទុក្ខបុកម្នេញ​រូបលោក ទើប​មាន​ការ​ដក​ទៅ​បញ្ឈរជើង​នៅ​មន្ទីរអប់រំ ដោយ​គ្មាន​ហេតុផល​បែបនេះ ព្រោះតែ​ខឹង​លោក ដែល​នៅ​មិន​ព្រម​ចុះចូល ជាមួយ​គណបក្ស​កាន់អំណាច និង​នៅតែ​ធ្វើ​សកម្មភាព​ចុះ​ជួប​សមាជិក​មូលដ្ឋាន​របស់​គណបក្សប្រឆាំង នៅ​ខេត្ត​កំពង់ធំ ។​

ចំណែក​លោក ស៊ុន ធន់ វិញ នេះ​ជា​លើក​ទី​២​ហើយ សម្រាប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​រូបលោក ដោយ​លើក​ទី​១ គឺ​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០០៩ មន្ទីរអប់រំ បាន​ផ្លាស់​លោក ចេញ​ពី​វិទ្យាល័យ​ទ្រាល នៅ​ឃុំ​ទ្រាល ស្រុក​បារាយ ទៅ​វិទ្យាល័យ​គ្រឿលអណ្ដូងពោធិ៍ នៅ​ស្រុក​បារាយ។ លោក​រៀបរាប់​ថា ក្រោយ​ប្ដូរ​បាន ៣​ខែ នៅ​ខែ​ឧសភា ឆ្នាំ​២០០៩ លោក​បានសម្រេច​ដាក់​ច្បាប់​ព្យួរ​ការងារ​អប់រំ ដើម្បី​ឈរ​ឈ្មោះ ជា​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ តំណាង​ឲ្យ​គណបក្ស សម រង្ស៊ី និង​បន្ត​ជាមួយ​គណបក្ស​សង្គ្រោះជាតិ រហូតដល់​តុលាការ​កំពូល​នៃ​របប​ក្រុងភ្នំពេញ​រំលាយ​កាលពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ បន្ទាប់មក នៅ​ឆ្នាំ​សិក្សា ២០១៧-២០១៨ លោក បាន​ចូល​បង្រៀន​វិញ នៅ​អនុវិទ្យាល័យ​ឧទុម្ពរ នៅ​ឃុំ​ស្រឡៅ ស្រុក​បារាយ។ លោក ស៊ុន ធន់ បញ្ជាក់​ថា បង្រៀន​បានតែ ១​ខែ ១៩​ថ្ងៃ ប៉ុណ្ណោះ គឺ​កាល​ពី​ថ្ងៃ​ទី​១៩ ធ្នូ នាយក​អនុវិទ្យាល័យ​ឧទុម្ពរ បាន​ប្រគល់​លិខិត​បង្គាប់​ការ​របស់​ប្រធាន​មន្ទីរអប់រំ​ខេត្ត ផ្លាស់​លោក ទៅ​បង្រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន ទួល​ដំណាក់ នៅ​ឃុំ​ចុងដូង ស្រុក​បារាយ ដែល​មាន​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ពី​ផ្ទះ ប្រហែល​១៥​គីឡូម៉ែត្រ។ លោក ស៊ុន ធន់ ចាត់​ទុក​ការ​ផ្លាស់​ឲ្យ​ទៅ​បង្រៀន​កន្លែង​ផ្សេង​ជា​ការ​ដាក់ទណ្ឌកម្ម លើ​រូបលោក។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី យល់ថា ករណី​នេះ​គឺជា​រឿង​អយុត្តិធម៌​មក​លើ​គ្រូបង្រៀន​ទាំង​២​នាក់ ដោយសារ​ការរើសអើង​ផ្នែក​នយោបាយ ព្រោះ​មួយ​រយៈ​ចុងក្រោយ​នេះ សន្ទុះ​អ្នកគាំទ្រ​គណបក្សប្រឆាំង​បាន​ផុលផុស​ឡើង ដែល​ធ្វើ​ឲ្យ​មន្ត្រី​គណបក្ស​កាន់អំណាច​មិន​សប្បាយចិត្ត ព្រោះ​ខ្លាច​គណបក្ស​នេះ​កើត​ឡើងវិញ ដែល​ជា​ឆ្អឹង​ទទឹង​ក​ដល់​គណបក្ស​កាន់អំណាច។ អ្នកស្រី​បន្ថែម​ទៀត​ថា ញត្តិ​ដែល​អ្នកស្រី​ដាក់​ទៅ​ក្រសួង​អប់រំ ដើម្បី​ចង់​ឲ្យ​ក្រសួង​ចុះទៅ​សួរនាំ​មន្ត្រី​អប់រំ ដើម្បី​កុំ​ឲ្យ​មន្ទីរ​ចេះតែ​ដាក់​ពង្រាយ​គ្រូបង្រៀន​តាម​អំពើ​ចិត្ត ដោយ​ពួកគាត់​មិន​មាន​កំហុស៖ «ដោយសារតែ​គាត់​ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពី​មក ក្រោយ​ការ​រំលាយ​បក្ស​នេះ​ហើយ ពួកគាត់​បាន​ចុះទៅ​បង្រៀន​តាម​គោលដៅ​ដែល​ពួកគាត់​បាន​បង្រៀន​ពីមុន​ត្រឹមត្រូវ មិនដែល​ខុស​ទាស់​ទេ ប៉ុន្តែ​ការ​ពង្រាយ​នេះ​គឺជា​ការ​ពង្រាយ​ផ្នែក​នយោបាយ ដូច្នេះ​យើង​អត់​ចង់បាន​បែបនេះ ចង់​ឲ្យ​ក្រសួង​ធ្វើតាម​វិធី​នៃ​ប្រព័ន្ធ​អប់រំ​យើង​ដែល​មាន​ច្បាប់​ត្រឹមត្រូវ»

អ្នកស្រី​បន្ថែមទៀត​ថា ក្រោយពី​របប​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះជាតិ​មក នេះ​ជា​ករណី​មួយ​ហើយ ដែល​គ្រូបង្រៀន​ជា​មន្ត្រី​គណបក្សប្រឆាំង​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​ក្រសួង​អប់រំ​នោះ។ ការ​ធ្វើទុក្ខបុកម្នេញ​នេះ​កាលពី​រំលាយ​បក្ស​ប្រឆាំង​ថ្មីថ្មោង មាន​គ្រូបង្រៀន​ចំនួន ១៣​នាក់ ក្នុង​នោះ​ក៏​មាន​លោក រ៉ុង ឈុន ផង​ដែរ ត្រូវ​បាន​ក្រសួង​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ ក្រោម​ហេតុផល​បំពេញការងារ​មិនបាន​ទៀងទាត់ ប៉ុន្តែ​គ្រូបង្រៀន​ទាំងនោះ​អះអាង​ថា ពួកគាត់​មិនបាន​ធ្វើ​ខុស​លក្ខន្តិកៈ​ក្រសួង​អប់រំ​នោះ​ឡើយ។

ទោះជា​យ៉ាងណា​គ្រូបង្រៀន​ទាំង ២​នាក់​បាន​ត្រឡប់​ទៅផ្ទះ​វិញ នៅ​រសៀល​ថ្ងៃ​ដដែល ប៉ុន្តែ​ពួកគាត់​អះអាង​ថា ពួកគាត់​នឹង​ទៅ​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន ជា​ថ្មី​ទៀត​នៅ​អំឡុង​ខែ​មករា​ឆ្នាំ​២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល