ប្រជា​សហគមន៍​នៅ​ខេត្ត​មួយ​ចំនួន​គាំទ្រ​យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី

ដោយ យន់ សាមៀន
2017-12-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
Photo: RFA

ប្រជា​សហគមន៍​នៅ​តាម​ខេត្ត​មួយ​ចំនួន​គាំទ្រ​ចំពោះ​យុទ្ធនាការ​ស្នើ​ឱ្យ​ដោះលែង និង​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី ពីរ​នាក់ គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា។ ការ​គាំទ្រ​នេះ ក្រោយ​ពេល​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) បំផុស​ឱ្យ​មាន​យុទ្ធនាការ​ដើម្បីឱ្យ​តុលាការ ពិសេស​រដ្ឋាភិបាល​ដោះលែង និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​យក​ព័ត៌មាន​ឱ្យ​វិទ្យុ​អាស៊ីសេរី។

ប្រជា​សហគមន៍​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី គឺ​ជា​ការ​គាបសង្កត់​ផ្នែក​សិទ្ធិ​សេរីភាព និង​ជា​រឿង​អយុត្តិធម៌។ បន្ថែម​ពី​នេះ​បង្ហាញ​ថា សិទ្ធិ​បញ្ចេញ​មតិ និង​ទទួល​បាន​ព័ត៌មាន​ពិត កាន់​តែ​រួម​តូច​ចង្អៀត​ជាង​ពេល​មុន។

ប្រជា​សហគមន៍​នៅ​ស្រុក​មេមត់ អ្នកស្រី ព្រំ ដាណែត មាន​ប្រសាសន៍​ថា អ្នកស្រី​ចូល​ចិត្ត​ស្តាប់​ព័ត៌មាន​របស់​អាស៊ីសេរី ត្បិត​ជា​ប្រភព​ព័ត៌មាន​អាច​ជឿ​ទុក​ចិត្ត​បាន។ អ្នកស្រី​បន្ថែម​ថា ការ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​អតីត​អ្នក​យក​ព័ត៌មាន​ឱ្យ​វិទ្យុ​អាស៊ីសេរី គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ គឺ​ជា​ការ​បំបិទ​សំឡេង​ឯករាជ្យ ត្បិត​អ្នក​ទាំង​ពីរ​បំពេញ​ការងារ​កន្លង​មក​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ផ្សាយ​តែ​ព័ត៌មាន​ពិត ឥត​លម្អៀង ហើយ​ក៏​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ដែរ៖ «គឺ​គាត់​ដាក់​ទៅ​ហ្នឹង មិន​ខុស​បំណង​ខ្ញុំ ដែល​សហគមន៍​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ស្តាប់​ឮ​នឹង​ត្រចៀក គឺ​គាត់​អត់​ខុស​មែន»

​អង្គការ​លើកលែងទោស​អន្តរជាតិ ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ  រហូត​ដល់​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៨ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី ទាំង​ពីរ​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។ ក្នុង​យុទ្ធនាការ​នេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​រួមគ្នា​សរសេរ​លិខិត​អំពាវនាវ​ជា​ភាសា​ខ្មែរ ឬ​ភាសា​អង់គ្លេស​ក៏បាន ដោយ​ទីមួយ​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ដែល​ជា​អ្នក​ទោស​មនសិការ​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ និង​ត្រូវ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​មក​លើ​ពួកគាត់​ទាំង​អស់។

ទី​ពីរ ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ ការ​តាមដាន និង​ចំណាត់​ការ​ផ្លូវ​ច្បាប់​ដែល​ជា​ចេតនា​រឹតត្បិត​សិទ្ធិ​សេរីភាព​ផ្នែក​សារព័ត៌មាន និង​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញ​មតិ។ លិខិត​អំពាវនាវ​នេះ ត្រូវ​ផ្ញើ​ទៅ​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស ខេង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ចម្លង​ជូន​លោក​រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៨។ អង្គការ​លើក​លែង​ទោស​អន្តរជាតិ ក៏​ស្នើ​ឲ្យ​អ្នក​ចូល​រួម​ក្នុង​ការ​សរសេរ​លិខិត​អំពាវនាវ ផ្ញើ​លិខិត​នេះ​ទៅ​មន្ត្រី​តំណាង​ទូត​កម្ពុជា ប្រចាំ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។

​ចំណែក​ក្រុម​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ ដែល​កំពុង​ជួប​ប្រជុំគ្នា​បញ្ជាក់​ថា ពួកលោក​គាំទ្រ​ចំពោះ​យុទ្ធនាការ​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល និង​តុលាការ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី​ទាំង​ពីរ​នាក់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ដោយសារ​ពួកគេ​មិន​បាន​ធ្វើ​អ្វី​ដែល​ផ្ទុយ​ពី​ច្បាប់​នោះ​ឡើយ។ ពួកគាត់​អះអាង​ថា ប្រសិន​អង្គការ​លើកលែងទោស​ត្រូវ​ការ​ពលរដ្ឋ​ដើម្បី​ចូល​រួម​យុទ្ធនាការ​នេះ ពួកគាត់​នឹង​ចូល​រួម​ដើម្បី​ស្នើ​ឲ្យ​ដោះលែង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី ឲ្យ​មាន​សេរីភាព​ឡើង​វិញ៖ «ខុស​ច្បាប់​លុះត្រា​តែ​យើង​ដឹកនាំ​ព័ត៌មាន ឧបមា​រថា កន្លែង​ណា​របស់​ជាតិ ដូចជា​គ្រឿង​កាំភ្លើង កន្លែង​ទ័ព ទៅ​ប្រាប់​អ្នក​ម្ខាង​ទៀត អា​ហ្នឹង​បាន​គេ​ហៅ​ថា ខុស​ច្បាប់។ ខ្ញុំ​តំណាង​ប្រជាពលរដ្ឋ ខ្ញុំ​ចូល​សហការ ខ្ញុំ​ចូល​សហការ​ហ្នឹង ដោយ​ចង់​ឱ្យ​ដោះលែង​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ព្រោះ​គាត់​និយាយ​តែ​រឿង​ពិត។ ខ្ញុំ​នេះ​ឯង ក្នុង​នាម​ប្រជាពលរដ្ឋ បើ​ដឹង​ខ្ញុំ​នឹង​ចូលរួម​ដែរ ឱ្យ​គាត់​ដោះលែង​វិញ​ទៅ ពីព្រោះ​គាត់​អត់​មាន​ធ្វើ​អ្វី​ខុស​ផង»

​អតីត​បុគ្គលិក​អាស៊ីសេរី ទាំង​ពីរ​នាក់​នេះ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា និង​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ដោយ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ផ្ដល់​ជូន​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ប្រទេស​ជាតិ ដែល​អាច​ប្រឈម​ជាប់​ពន្ធនាគារ​ពី ៧​ឆ្នាំ ដល់ ១៥​ឆ្នាំ។

កន្លង​ទៅ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ការ​ឃាត់​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ទាំង​ពីរ​នាក់ គឺ​ដោយសារ​សមត្ថកិច្ច​រក​ឃើញ​ឧបករណ៍​ជា​ច្រើន​សម្រាប់​ផ្សាយ​ព័ត៌មាន ឬ​ឲ្យ​ការណ៍​ពី​ស្ថានភាព​សន្តិសុខ​ជាតិ​ទៅ​ក្រៅ​ប្រទេស។ លោក​ថែម​ទាំង​ប្រាប់​ឲ្យ​រក​មេធាវី​ដើម្បី​ជួយ​ការពារ​ក្តី​អ្នក​ទាំង​ពីរ ត្បិត​ពួកគេ​នឹង​បញ្ជូន​ទៅ​តុលាការ​ទៀត​ផង។

ដើម​ហេតុ​នៃ​ការ​ចោទ​ប្រកាន់​នេះ ក្រោយ​សមត្ថកិច្ច​ចុះ​ឆែកឆេរ​រក​ឃើញ​ភស្តុតាង​មួយ​ចំនួន​ដូចជា​មាន​បន្ទប់​ស្ទូឌីយោ និង​កុំព្យូទ័រ នៅ​បន្ទប់​ជួល​របស់​លោក អ៊ួន ឈិន កាល​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា។ ប៉ុន្តែ​លោក អ៊ួន ឈិន បាន​ឆ្លើយ​បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​នេះ​តាំង​ពី​ដំណាក់កាល​ដំបូង​ថា ឧបករណ៍​ទាំង​នេះ​លោក​រៀបចំឡើង​សម្រាប់​បម្រើ​ការ​ថត​ចម្រៀង​ដើម្បី​រក​កម្រៃ​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ។ ចំណែក​លោក យាង សុធារិន្ទ ក៏​បាន​បដិសេធ​ដែរ​ថា លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។ លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ បាន​ឈប់​ធ្វើ​ការងារ​ឲ្យ​អាស៊ីសេរី ចាប់​តាំង​ពី​ថ្ងៃ​បិទ​ការិយាល័យ​កាល​ពី​ខែ​កញ្ញា។

​លោក​មេធាវី កែវ វ៉ាន់នី  ជា​មេធាវី​របស់​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី បាន​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​ដីកា​សម្រេច​បន្ត​ឃុំ​ខ្លួន​កូនក្ដី​របស់​ខ្លួន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​ធ្នូ កន្លង​ទៅ។ នេះ​ជា​បណ្ដឹងសុំ​នៅក្រៅ​ឃុំ​ជា​លើក​ទី​២​ហើយ ដែល​មេធាវី​បាន​ស្នើ​សុំ បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​បាន​បដិសេធ​បណ្ដឹង​លើក​ទី​១ កាលពី​ថ្ងៃទី​៤ ខែធ្នូ កន្លង​ទៅ​នេះ។

​មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ( Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​បិទ​សំឡេង​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី តាម​រលកធាតុអាកាស អេហ្វ.អឹម (FM) គឺ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​សោកស្ដាយ។ ជាមួយគ្នា​នេះ ការ​ចាប់​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ពីរ​នាក់​ទៀត រឹត​តែ​ធ្វើឱ្យ​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត និង​មាន​ឆន្ទៈ​ទាមទារ​ឱ្យ​ដោះលែង​ពួកគេ​វិញ ប៉ុន្តែ​ការ​សម្រេច​បែប​ណា​ជា​សិទ្ធិ​របស់​តុលាការ៖ «ជា​អង្គការ​សិទ្ធិមនុស្ស អ្វី​ដែល​យើង​ចង់​បាន​គឺ​ការ​គោរព​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ គោរព​សិទ្ធិ​អ្នក​សារព័ត៌មាន គោរព​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន។ អា​នេះ​ជា​ការ​ចង់​បាន​របស់​សង្គម​ស៊ីវិល»

រដ្ឋធម្មនុញ្ញ​មាត្រា ៤១ ចែង​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​បោះ​ពុម្ព​ផ្សាយ និង​សេរីភាព​ខាង​ការ​ជួប​ប្រជុំ​ជាដើម​។ ជន​ណា​ក៏ដោយ​មិន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ ដោយ​រំលោភ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នក​ដទៃ និង​ប៉ះពាល់​ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ព្រមទាំង​ប៉ះពាល់​ដល់​សន្តិសុខ​របស់​ជាតិ​បាន​ឡើយ។ បន្ថែម​ពី​នេះ របប​សារព័ត៌មាន​ត្រូវ​រៀបចំ​ឡើង​ដោយ​ច្បាប់។ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី និង​អង្គការ​សង្គម​ស៊ីវិល ក៏​ចូល​រួម​យុទ្ធនាការ​ឲ្យ​មាន​ការ​ដោះលែង​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី​ដែរ។ ពួកគេ​នឹង​បិទ​បដា​​ទាមទារ​ឲ្យ​ដោះលែង​នៅ​តាម​ផ្ទះ និង​ការិយាល័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល