តុលាការ​ហៅ​សកម្មជន​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្នមុនី ទៅ​សាកសួរ​បន្ថែម

2018-12-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ
លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ
រូបពី៖ ហ្វេសប៊ុក​លោក រ៉ាត់ រត្នមុនី

ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ លោក សេង ឫទ្ធី បាន​កោះហៅ​សកម្មជន​សិទ្ធិការងារ​លោក​ រ៉ាត់ រត្នមុនី ទៅសាកសួរបន្ថែម​នៅរសៀល​ថ្ងៃទី២១ ធ្នូ ជុំវិញ​សំណុំ​រឿង​ផលិត​វីដេអូ​ជួញដូរ​ផ្លូវ​ភេទនៅ​កម្ពុជា។ ការ​ចូល​ឆ្លើយ​បំភ្លឺ​បន្ថែម​នេះ ក៏​មាន​វត្តមាន​មេធាវី​របស់​លោក​ គឺលោក​ សំ ទិត្យ​សីហា ចូល​រួម​ដែរ។

លោក​ សំ ទិត្យសីហា ឱ្យ​អាស៊ី​សេរី​ដឹង​ថា ចៅក្រម​បាន​ចោទ​សួរ​កូន​ក្តី​របស់​លោក​រយៈ​ពេល​ជាង​មួយ​ម៉ោង​ដើម្បី​បញ្ជាក់​បន្ថែម​ទៅ​លើការ​ចោទ​សួរ​កាល​ពីលើក​មុន​។ ក៏​ប៉ុន្តែ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​សួរ​ដេញ​​ដោល​នេះ​ឡើយ​ កុំ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​នីតិវិធី​តុលាការ។

លោក​បន្ថែម​ថា ក្រឡា​បញ្ជី​តុលាការ​ក្រុង​ភ្នំពេញ​នឹង​ផ្តល់​សំណុំ​រឿង​ពេញលេញ​ដល់​រូប​លោក នៅ​ដើម​សប្តាហ៍​ក្រោយ ហើយ​លោក​ នឹង​ដាក់​ពាក្យ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​​ឱ្យ​លោក រ៉ាត់​ រត្នមុនី នៅ​ថ្ងៃអង្គារទី ២៥ ធ្នូ​ ខាង​មុខ៖ «ការ​ប្រព្រឹត្ត​របស់​គាត់​ដូច​ជាមិន​មាន​ព្យសនកម្ម​ ឬក៏​អ្វីធ្ងន់​ធ្ង​រដែល​បណ្តាល​ឱ្យ​ប៉ះពាល់​រហូត​ដល់​ធ្វើ​ឱ្យ​​បាត់​បង់​សណ្តាប់ធ្នាប់​សាធារណៈ​ធ្ងន់ធ្ងរ​នោះ​ទេ។ មួយ​វិញ​ទៀត​ គាត់​មាន​កិច្ច​សហការ​ល្អ​ជាមួយ​នឹង​អាជ្ញាធរ និង​តុលាការ​ក្នុង​ឆ្លើយ​បំភ្លឺ។ មួយ​ទៀត គាត់​ត្រូវ​ការ​ចាំបាច់​ក្នុង​ការ​ថែទាំ​គ្រួសារ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា ចៅក្រម​នឹង​ពិចារណា​អនុញ្ញាត​ឱ្យ​កូន​ក្តី​របស់​ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន»។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្ន​មុនី ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​ឃុំ​ខ្លួន​​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស​ ដោយ​រងការ​ចោទ​ប្រកាន់​ពី​បទ “ញុះញង់​ឱ្យ​មាន​ការ​រើស​អើង”។ បទ​ចោទ​នេះ​​ប្រឈម​នឹង​ការ​ជាប់​ពន្ធាគារ​រហូតដល់ ៣ឆ្នាំ បើ​តុលាការ​សម្រេច​ថា លោក​ពិត​ជា​មាន​ទោស​មែន​នោះ។

មេធាវី សំ ទិត្យសីហា បញ្ជាក់​ថា លោក​ រ៉ាត់ រត្នមុនី ហាក់​មានទំនុក​ចិត្ត និង​មាន​​ស្មារតី​រឹងប៉ឹង​ជាង​មុន​ច្រើន​ បន្ទាប់​ពី​ទទួល​បាន​ការ​ផ្តល់​ប្រឹក្សា​យោបល់​ និង​មាន​មេធាវី​ការពារ​ក្តី​តាម​ផ្លូវ​ច្បាប់។ ក្រុម​គ្រួសារ​របស់​លោក​ រ៉ាត់​ រត្នមុនី និង​សហភាព​សហជីព​កម្ពុជា​របស់​លោក​ រ៉ុង ឈុន កំពុង​តស៊ូ​មតិ​យ៉ាង​សកម្ម​ និង​ស្វះស្វែង​រក​ការ​អន្តរាគមន៍​ពី​ភាគី​អន្តរជាតិ​នានា ដើម្បី​​ជួយ​ឱ្យ​មាន​ការ​ដោះ​លែង​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​ឱ្យ​មាន​សេរីភាព​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល