ក្រុមសកម្មជនបរិស្ថាន និងក្រុមអង្គការសង្គមស៊ីវិលអះអាងរួមគ្នានៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូថា កម្ពុជាខាតបង់ថវិការាប់លានដុល្លារ ក្នុងឧក្រិដ្ឋកម្មព្រៃឈើ ហើយបញ្ហានេះ បង្កផលប៉ះពាល់ធំធេងដល់ប្រព័ន្ធសេដ្ឋកិច្ចប្រជាជន បាត់បង់សត្វព្រៃ ប៉ះពាល់ប្រព័ន្ធជីវចម្រុះ និងមានការរំលោភសិទ្ធិមនុស្សជាដើម។
ក្រុមសកម្មជនបរិស្ថានប្រកាសជំហរថា ពួកគេនឹងរួមគ្នាផ្ដិតមេដៃស្នើឱ្យរដ្ឋាភិបាល បើកការស៊ើបអង្កេត លើក្រុមឧក្រិដ្ឋជន ជាឧកញ៉ាមួយចំនួន រួមមាន ឧកញ៉ា ទ្រី ភាព ឧកញ៉ា លឹម ប៊ុណ្ណា និងឧកញ៉ា តាំង អ៊ាង ជាពិសេសពួកគេចង់ឱ្យរដ្ឋាភិបាល បង្កកទ្រព្យសម្បត្តិលើក្រុមឧក្រិដ្ឋជនទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធករណីកាប់បំផ្លាញព្រៃឈើ។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ ថ្លែងថា កន្លងទៅគណៈកម្មការជាតិបានបង្ក្រាប និងចុះបិទក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន ៦ ក្នុងខេត្តមណ្ឌលគិរី ប៉ុន្តែមិនបានអនុវត្តច្បាប់លើក្រុមហ៊ុន លឹម រ៉ូយ៉ាល់ (Lim Royal Joint stock Co., Ltd.,) របស់ឧកញ៉ា លឹម ប៊ុណ្ណា នោះទេ ដោយសារតែឧកញ៉ារូបនេះ មានខ្នងបង្អែកជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។ លោកសង្កត់ធ្ងន់ៗ ថា អាជីវកម្មរត់ពន្ធឈើឆ្លងដែនរបស់ក្រុមឧកញ៉ាទាំងនេះ ធ្វើឱ្យបាត់បង់ថវិកាជាតិ ប្រមាណ ៣០០រយលានដុល្លារក្នុងមួយឆ្នាំ៖ «យើងចង់បង្ហាញសារ ហើយយើងចង់បង្ហាញថា ពួកយើងក៏ទាមទារចង់មានសិទ្ធិបរិស្ថាន និងសិទ្ធិព្រៃឈើហ្នឹង។ ក្នុងសន្និសីទចង់ឱ្យរដ្ឋាភិបាល គាត់បង្អាក់ទ្រព្យសម្បត្តិដែល អ្នកដែលជាប់ពាក់ព័ន្ធរកស៊ីកាប់បំផ្លាញព្រៃឈើ ក្នុងប្រទេសកម្ពុជាហ្នឹង។ នេះជាគោលបំណងធំៗ ដែលយើងបានលើកឡើង យើងនឹងបញ្ចេញរបាយការណ៍ហ្នឹង ជាសាធារណៈ ហើយយើងចង់ឱ្យសារព័ត៌មានយករបាយការណ៍ហ្នឹងចុះផ្សាយជាសារមួយ ដើម្បីផ្ញើទៅរដ្ឋាភិបាលថា ការបាត់បង់ព្រៃឈើ ក្នុងប្រទេសកម្ពុជា វាមិនមែនគ្រាន់តែយកផ្គត់ផ្គង់ធ្វើផ្ទះសម្បែងទេ គឺមានលក្ខណៈបទឧក្រិដ្ឋជនព្រៃឈើឆ្លងដែន ឆ្លងប្រទេស » ។
របាយការណ៍របស់ក្រុមសកម្មជនបរិស្ថានស្ដីពីឧក្រិដ្ឋកម្មព្រៃឈើ នៅឆ្នាំ២០១៩ បង្ហាញថា នៅខេត្តភាគឦសាន យ៉ាងហោចណាស់ មានរោងចក្រអារឈើចំនួន១៣ បានប្រើប្រាស់វត្ថុធាតុដើម ចេញពីព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដែលក្នុងនោះរោងអារឈើចំនួន ១០ទីតាំងផ្សេងគ្នា បានធ្វើសកម្មភាពកាប់ឈើមូលធំៗ ចេញពីដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃស្រែពក និងព្រៃសហគមន៍របស់ជនជាតិដើមភាគតិចក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។
របាយការណ៍ឱ្យដឹងទៀតថា នៅខេត្តរតនគិរី ព្រៃអារក្សដែលមានទំហំជាង ១.០០០ពាន់ហិកតារឋិតនៅភូមិភិ ភូមិប៉ាដល់ និងភូមិ ប៉ាតាង ក្នុងឃុំសេសាន ស្រុកអូរយ៉ាដាវជាប់ព្រំដែនវៀតណាម ត្រូវបានវិនាសហិនហោចអស់ទាំងស្រុងនៅអំឡុងឆ្នាំ២០១៨ និង ២០១៩។ ការបាត់បង់ព្រៃសហគមន៍នេះ ក្រុមជនជាតិដើមភាគតិចអះអាងថា គឺក្រុមអ្នកកាប់ឈើជាជនជាតិវៀតណាម ឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចការពារព្រំដែនបានប្រព្រឹត្តអំពើពុករលួយ ដោយឈ្មួញមួយចំនួនស្និទ្ធជាមួយ អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីលោក គឹម រស្មី។ រហូតមកទល់ពេលនេះ នៅមិនទាន់មានជនណាមួយត្រូវបានចាប់ខ្លួនក្នុងរឿងកាប់ឈើខុសច្បាប់នៅឡើយទេ។
សកម្មជនបរិស្ថាន លោក ឆឺយ រស្មីឧត្តម ប្រាប់អាស៊ីសេរីថា ក្រុមសកម្មជននឹងរួមគ្នាផ្ដិតមេដៃ លើញត្តិដាក់ជូនទៅរដ្ឋាភិបាល ឱ្យស៊ើបអង្កេតលើឧកញ៉ា ទ្រី ភាព និងទ្រព្យសម្បត្តិដ៏មហាសាលរបស់ឧកញ៉ារូបនេះ។ លោកបន្ថែមថា មកទល់ពេលនេះ គណៈកម្មការជាតិនៅមិនទាន់ស៊ើបអង្កេតឧក្រិដ្ឋកម្មព្រៃឈើពាក់ព័ន្ធឧកញ៉ា លឹម ប៊ុណ្ណា និងឧកញ៉ា ទ្រី ភាព ដើម្បីនាំឧកញ៉ាទាំងពីរនេះមកផ្ដន្ទាទោសតាមច្បាប់នៅឡើយទេ។ លោកសង្កេតឃើញថា មកទល់ពេលនេះ ក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព នៅតែបន្តអាជីវកម្មឈើ ដឹកចេញពីព្រៃអភិរក្សក្នុងតំបន់ឧទ្យានជាតិភ្នំជួរក្រវ៉ាញកណ្ដាល និងព្រៃអភិរក្សផ្សេងទៀត ឋិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់៖ «បើយើងគិតក្រុមហ៊ុន MBS របស់ឧកញ៉ា ទ្រី ភាព នៅខេត្តពោធិ៍សាត់ ក្រវាញហ្នឹងនរណាគាត់ស្គាល់ដែរ គឺមានដឹកឈើប្រភេទឈើប្រណិតខ្ពស់ទៀត គឺឈើរាជថ្កល់ហ្នឹង ជាឈើរបស់ព្រះមហាក្សត្រខ្មែរ ដែលកន្លងមក គាត់សាងសង់អង្គរវត្ត ហើយក្នុងព្រះរាជក្រឹត្យ គេដាក់ហើយ ឈើរាជថ្កល់ គឺមិនឱ្យមាននរណាកាប់ទេ តែមកទល់ពេលនេះ គឺ ទ្រី ភាព កាប់ទន្ទ្រានខ្លាំងបំផុត។ អង្គការសង្គមស៊ីវិលទាំងអស់នឹងដាក់បណ្ដឹងលើឧកញ៉ា ទ្រី ភាព ឬយើងស្នើសុំឱ្យរដ្ឋាភិបាលស៊ើបអង្កេត បុគ្គល ទ្រី ភាព ដែលមានក្រុមហ៊ុនប៉ុន្មាន ដែលពាក់ព័ន្ធបញ្ហាលុយខ្មៅហ្នឹង ដើម្បីចាប់ឧកញ៉ា ទ្រី ភាព មកកាត់ទោស » ។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទងឧកញ៉ា ទ្រី ភាព និងឧកញ៉ា លឹម ប៊ុណ្ណា ដើម្បីសុំការបំភ្លឺបានថា យ៉ាងណានៅឡើយទេ នៅថ្ងៃទី១០ ខែធ្នូ។
ចំណែកអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើលោក អេង ហ៊ី ក៏មិនលើកទូរស័ព្ទដែរនៅថ្ងៃដដែលនេះ។
រីឯអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា ចាត់ទុកចេញសេចក្ដីថ្លែងការណ៍នេះ គឺជាសិទ្ធិរបស់ក្រុមសកម្មជន និងអង្គការសង្គមស៊ីវិល ដែលលោកហៅថា ជាអាជីពរបស់ពួកគេក្នុងការបង្ហាញពីក្តីព្រួយបារម្ភផ្សេងៗ ដើម្បីស្វែងរកការចាប់អារម្មណ៍ ធ្វើរបាយការណ៍អាក្រក់ពីកម្ពុជា និងបំប៉ោងរបាយការណ៍អាក្រក់ពីការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីស្វែងរកការគាំទ្រពីម្ចាស់ជំនួយ។ លោកថា ប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលមិនអាស្រ័យនៅលើបបូរមាត់ ឬរបាយការណ៍របស់នរណាម្នាក់ ឬអង្គការណាមួយឡើយ។ លើសពីនេះលោកថា រាជរដ្ឋាភិបាល និងក្រសួងបរិស្ថានមានគោលនយោបាយ និងផែនការសកម្មភាពច្បាស់លាស់ក្នុងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ។
តែយ៉ាងណា មេប៉េអិម និងជាប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក សៅ សុខា ធ្លាប់ទទួលស្គាល់ថា កម្ពុជាបាត់បង់ព្រៃឈើ តែគ្មានចំណូលចូលជាតិ ដែលនេះគឺជារឿងដ៏អាម៉ាស់។ លោកបានប្រកាសដាក់ជីវិតនៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើលើកនេះ៖ «ខ្ញុំបានទទួលព័ត៌មានមកថា ប្រទេសជិតខាងយើង គេសល់ព្រៃ ៦០% នៃផ្ទៃដី ផ្ទុយទៅវិញគេបានចំណូលពីការនាំឈើចេញបានដល់រាប់ពាន់លានដុល្លារ រីឯប្រទេសរបស់យើងព្រៃបាត់បង់លុយចូលថវិកាជាតិអត់មាននេះ គឺជាការខ្មាសអៀនមួយធំណាស់ដែលយើងកូនខ្មែរទាំងអស់គ្នា»។
សកម្មជនបរិស្ថានបញ្ជាក់ក្នុងរបាយការណ៍ថា រដ្ឋាភិបាលស្ទាក់ស្ទើរក្នុងការអភិរក្សព្រៃឈើ ទោះជាមានការសន្យាដាក់ជីវិតពី ពីថ្នាក់ដឹកនាំរដ្ឋាភិបាលក្តី។ សកម្មជនបរិស្ថានរកឃើញថា អាជីវកម្មរោងចក្រអារឈើ និងការរត់ពន្ធឈើពេលខ្លះបិទ ពេលខ្លះបើកទៅតាមស្ថានភាពនយោបាយ។ ក្រុមសកម្មជនបរិស្ថានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យបញ្ឈប់ឧស្សាហកម្មឈើ និងជំរុញរដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់ការកាប់ឈើខុសច្បាប់ជាលក្ខណៈពាណិជ្ជកម្ម និងឧស្សាហកម្មឈើ ដែលដែលប្រព្រឹត្តិឡើងដោយក្រុមឈ្មួញជាឧកញ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។