ក្រុមអ្នកជំនាញសិទ្ធិមនុស្សអ.ស.បថ្កោលទោសរដ្ឋាភិបាលចំពោះការកាត់ទោសសកម្មជនបរិស្ថាន
2024.07.05
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៤ ខែកក្កដា ថា ការកាត់ទោសរបស់សាលាដំបូងរាជធានីភ្នំពេញទៅលើសកម្មជនចលនាមាតាធម្មជាតិ និងសកម្មជនបរិស្ថានចំនួន ១០ នាក់នៅក្នុងប្រទេសកម្ពុជា គឺជាការ បង្ហាញពីគំរូនៃការមិនអត់ឱនចំពោះអ្នកការពារសិទ្ធិមនុស្សដោយគ្រាន់តែចូលរួមក្នុងការងារស្របច្បាប់ដើម្បីការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងប្រទេស។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) និងអ្នកជំនាញសិទ្ធិមនុស្សជាន់ខ្ពស់ផ្សេងៗ ថាពួកគេព្រួយបារម្ភចំពោះការផ្ដន្ទាទោសទាំងនេះ ដែលហាក់ដូចជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋដែលកំពុងបំបិទលំហសេរីភាពពលរដ្ឋ និងការបង្ក្រាបលើសំឡេងរិះគន់ ហើយសេចក្ដីសម្រេចនេះនឹងធ្វើឱ្យមានផលប៉ះពាល់ជាប្រយោល និងបន្តិចៗ ម្ដង ដល់អ្នកការពារសិទ្ធិមនុស្សផ្សេងទៀតនៅទូទាំងប្រទេស។
អ្នកជំនាញសិទ្ធិមនុស្សទាំងនេះចាត់ទុកថាដំណើរការកាត់ក្ដីរបស់សាលាដំបូងមិនបានបំពេញតាមស្តង់ដារនៃច្បាប់សិទ្ធិមនុស្សកម្ពុជា និងអន្តរជាតិនៅឡើយ។ ពួកគេអំពាវនាវឱ្យសាលាឧទ្ធរណ៍ពិនិត្យឡើងវិញដោយម៉ត់ចត់ទៅលើការកាត់ទោស និងត្រូវដោះលែងសកម្មជនទាំងនេះភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ។
អ្នកជំនាញសិទ្ធិមនុស្សទាំងនេះព្រមានថា ការប្រើប្រាស់ច្បាប់គាបសង្កត់ ដើម្បីដាក់ទោសទណ្ឌចំពោះការអនុវត្តសេរីភាពនៃការបញ្ចេញមតិការជួបប្រជុំដោយសន្តិវិធី និងសមាគម គឺមិនសមស្របនឹងកាតព្វកិច្ចរបស់កម្ពុជាដែលបានចុះហត្ថលេខាទទួលយកកតិកាសញ្ញាអន្តរជាតិនានានោះទេ។
អ្នកជំនាញសិទ្ធិមនុស្សទាំងនេះក៏បានសម្ដែងការព្រួយបារម្ភអំពីយុទ្ធនាការលាបពណ៌ដែលកំពុងកើតឡើង និងការយាយីតាមផ្លូវច្បាប់ទៅលើ អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ (CENTRAL) ដោយសារតែសកម្មភាពការងាររបស់ពួកគេលើសេរីភាពនៃការបង្កើតសមាគមសម្រាប់កម្មករ និងសហជីព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។