ក្រុមគ្រួសារអ្នកជាប់ឃុំនយោបាយនាំគ្នាចេញទាមទាររកយុត្តិធម៌ជាថ្មីទៀត នៅថ្ងៃទី១១ ឧសភា នេះ។ ពួកគាត់បានដាក់ញត្តិជូនស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីឱ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ឱ្យដោះលែងអ្នកទោសនយោបាយ និងសកម្មជនសង្គមឱ្យមានសេរីភាពឡើងវិញ។ សកម្មភាពរបស់គ្រួសារអ្នកជាប់ឃុំនយោបាយនេះ ធ្វើឡើងបន្ទាប់ពីជំងឺកូវីដ១៩ បានផ្ទុះនៅក្នុងពន្ធនាគារ។
ក្រុមស្ត្រីថ្ងៃសុក្រចំនួនជាង១០នាក់ បាននាំគ្នាស្រែកទាមទារនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្បែរវិមានឯករាជ្យ ដើម្បីស្វែងរកយុត្តិធម៌ឱ្យសាច់ញាតិដែលកំពុងជាប់នៅក្នុងពន្ធនាគារ។ បន្ទាប់មក ពួកគាត់បានដាក់ញត្តិជូនស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីស្នើសុំអន្តរាគមន៍។ ពួកគាត់ទាមទារឱ្យតុលាការដោះលែងសមាជិកគ្រួសារពួកគាត់ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារដោយអយុត្តិធម៌ បន្ទាប់ពីដាច់ការទាក់ទងគ្នា ជាច្រើនខែ និងមានករណីឆ្លងជំងឺកូវីដ-១៩ ក្នុងពន្ធនាគារ។
ប្រពន្ធមន្ត្រីបក្សប្រឆាំងលោក ស៊ុន ធន់ គឺលោកស្រី សេង ចាន់ថន ប្រាប់ថា មន្ត្រីស្ថានប្រតិភូសហភាពអឺរ៉ុបបានអនុញ្ញាតឱ្យលោកស្រី និងប្រពន្ធសកម្មជន ម្នាក់ទៀតចូលជួបដើម្បីប្រគល់ញត្តិ។ លោកស្រីក៏បានលើកឡើងទៅមន្ត្រីសហភាពអឺរ៉ុបអំពីគោលបំណងនៃញត្តិដោយស្នើសុំឱ្យស្ថាប័ននេះជួយអន្តរាគមន៍ទៅរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ ខណៈក្រុមគ្រួសារកំពុងព្រួយបារម្ភពីស្ថានភាពឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ។
លោកស្រីបញ្ជាក់ថា មន្ត្រីស្ថានប្រតិភូសហភាពអឺរ៉ុបបានសន្យានឹងយកញត្តិ និងសំណើរបស់គ្រួសារអ្នកជាប់ឃុំ ដាក់ជូនទៅឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា អ្នកស្រី ខាមែន ម៉ូរេណូ (Carmen Moreno) ដើម្បីយកទៅជជែកជាមួយរដ្ឋាភិបាលកម្ពុជាជុំវិញរឿងនេះផងដែរ៖ «ដោះលែងពួកគាត់ឱ្យមានសេរីភាពភ្លាមៗមកព្រោះអីពួកខ្ញុំនេះបារម្ភណាស់អំពីសុខទុក្ខរបស់គាត់ សុខភាពគាត់ ព្រោះអីកូវីដកំពុងលុកលុយក្នុងពន្ធនាគារយ៉ាងខ្លាំង ដោយសារយើងមិនបានដឹងព័ត៌មាននៅក្នុងពន្ធនាគារគាត់យ៉ាងមិចអីយ៉ាងមិចចា៎អត់ដឹងទាំងអស់ សំណូមពរដែរ សូមឱ្យពួកខ្ញុំដឹងដំណឹងខាងពន្ធនាគារផងថាគ្រួសារខ្ញុំយ៉ាងមិចហើយ»។
ដូចលើកមុនៗដែរ សកម្មភាពដោយសន្តិវិធី និងស្របតាមច្បាប់របស់ក្រុមស្ត្រីថ្ងៃសុក្រនេះ បានរងការយាយី និងរំខានពីក្រុមសន្តិសុខ និងអាជ្ញាធររាជធានីភ្នំពេញ។
កូនស្រីសកម្មជនបក្សប្រឆាំងនៅខេត្តកណ្តាលអ្នកស្រី លឹម សាន គឺកញ្ញា ផាត សាត បានឱ្យដឹងថា ក្រុមសន្តិសុខខណ្ឌដូនពេញ និងសមត្ថកិច្ចប្រមាណជិត១រយនាក់បានតាមឃ្លាំមើលក្រុមស្ត្រីដាក់ញតិនៅថ្ងៃនេះ។ កញ្ញាប្រាប់ទៀតថាក្រុមសន្តិសុខបានប្រើអំពើហិង្សាដោយរុញច្រានឱ្យកញ្ញារងរបួសស្នាមក្រោមក រួមទាំងប្រើពាក្យសម្ដីគំរាមកំហែងចាប់ចង និងមាក់ងាយលើក្រុមស្ត្រីនៅមុខស្ថានទូតសហភាពអឺរ៉ុបទៀតផង។ កញ្ញាចាត់ទុកអំពើហិង្សាពីសំណាក់សន្តិសុខនេះគឺជាអំពើរំលោភបំពានលើសិទ្ធិស្ត្រី៖ «អំពើហិង្សាលើស្ត្រីខ្លាំងហើយរំលោភសិទ្ធិស្ត្រីម៉ង បំពាន់ទាំងកំរោល ហើយសកម្មភាពអត្តចរិតរបស់ពួកគាត់មិនមែនអ្នកចេះដឹងការពារប្រជាជនទេ ជាមិនមន្ត្រីការពារសុវត្ថិភាពប្រជាជនអ៊ីចឹង គាត់គួរថា និយាយស្រួលជាមួយពួកខ្ញុំ មិនមែនត្រូវការមកឆក់ មកគំរាមខ្ញុំ ថាចាប់ពួកខ្ញុំយកទៅដាក់ឡានអីចឹង រុញច្រាន ចង្អុលមុខ ហើយប្រើពាក្យសម្តីមិនសមគួរដាក់ពួកខ្ញុំ»។
ទាក់ទងនឹងការរារាំងសកម្មភាពរបស់ក្រុមស្ត្រីថ្ងៃសុក្រនេះ អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ថ្លែងដដែលៗថា ក្រុមស្ត្រីដែលចេញដាក់ញត្តិទាំងនោះ មិនបានសុំច្បាប់ពីអាជ្ញាធររាជធានីភ្នំពេញ។ ប៉ុន្តែមន្ត្រីប៉ូលិសរូបនេះ មិនបកស្រាយថា តើច្បាប់ណាដែលតម្រូវឱ្យពលរដ្ឋត្រូវសុំការអនុញ្ញាតនៅពេលចង់សម្ដែងមតិ និងដាក់ញត្តិដោយសន្តិវិធីនោះទេ។ លោកក៏មិនបកស្រាយដែរថា តើច្បាប់ណាដែលបើកដៃឱ្យអាជ្ញាធរ និងក្រុមសន្តិសុខ អាចបង្ក្រាប និងប្រើហិង្សាតាមទំនើងចិត្តលើអ្នកតវ៉ាដោយសន្តិវិធីនោះដែរ៖ «ការជួបជុំ ឬការដាក់ញត្តិ ដាក់ឯកសារអីផ្សេងៗគឺត្រូវមានផែនការគោលការណ៍សុំការអនុញ្ញាតឱ្យបានត្រឹមត្រូវពីសាលារាជធានីភ្នំពេញ ចឹងក្នុងនាមជាអាជ្ញាធរមូលដ្ឋាន ក្នុងនាមសមត្ថកិច្ចគឺគេតែងតែចូលរួមរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក៏ដូចជាកិច្ចការទូទៅក្នុងរាជធានីភ្នំពេញ មិនមែនពួកគាត់ធ្វើតាមនឹកឃើញទេ ព្រោះធម្មតាប្រទេសមួយមានច្បាប់»។
ផ្ទុយពីការបកស្រាយរបស់អាជ្ញាធរប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថា ប្រជាពលរដ្ឋមានសិទ្ធិស្របច្បាប់ជួបជុំប្រមូលផ្តុំបញ្ចេញមតិ ទាមទារ ដាក់ញត្តិ ឬបណ្តឹងទៅស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ និងយុត្តិធម៌។ លោកថា ការបង្ក្រាបដោយហិង្សា និងគំរាមកំហែងលើអ្នកតវ៉ាទៅវិញទេ ដែលជាទង្វើរំលោភលើគោលការណ៍ច្បាប់និងសិទ្ធិមនុស្ស៖ «ទោះបីថា ខាងគណបក្សកាន់អំណាចលោកនៅតែអះអាងថា មិនមែនជារឿងនយោបាយ រឿងបំពានច្បាប់ អនុវត្តច្បាប់យ៉ាងណាក៏ដោយ ប៉ុន្តែយើងនៅតែមើលឃើញអ៊ីចឹង ទាំងសង្គមស៊ីវិល មតិជាតិនិងអន្តរជាតិមើលឃើញថា ករណីនេះគឺជាករណីដែលពាក់ព័ន្ធរឿងនយោបាយច្រើនជាងការអនុវត្តន៍ច្បាប់ អ៊ីចឹងអ្នកដោះស្រាយត្រូវតែដោះស្រាយតាមផ្លូវនយោបាយ តាមការសម្របសម្រួលនយោបាយ ជាទូទៅនៅប្រទេសកម្ពុជាយើងការសម្របសម្រួលនយោបាយនេះមិនមែនមានឥឡូវនេះទេគឺថាមានជារឿយៗមកហើយ»។
ទោះជាត្រូវប្រឈមនឹងការតាមយាយី និងអំពើហិង្សាពីសំណាក់អាជ្ញាធរ និងក្រុមសន្តិសុខយ៉ាងណាក្តី ក្រុមស្ត្រីបញ្ជាក់ថា ពួកគាត់មិនរាថយនោះទេ ក្នុងការធ្វើសកម្មភាពជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារដែលកំពុងជាប់ឃុំ។ អំឡុងការរាតត្បាតជំងឺកូវីដ-១៩ ទាំងនៅខាងក្រៅ និងខាងក្នុងពន្ធនាគារនេះ ពួកគាត់បានដាក់ញត្តិស្នើសុំអន្តរាគមន៍បីលើកហើយ។ លើកទីមួយទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក លើកទីពីរទៅកាន់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងលើកទីបីនេះទៅកាន់ស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។
ញត្តិទាំងនោះមានខ្លឹមសារដូចគ្នា គឺពួកគាត់ព្រួយបារម្ភជាខ្លាំងអំពីសុខភាពប្តី ប្រពន្ធ ឪពុក ម្តាយ និងបងប្អូនញាតិមិត្ត ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។ ក្រុមស្ត្រីអះអាងថា ពន្ធនាគារចង្អៀតណែនខ្លាំង ខ្វះអនាម័យ និងគ្មានអាហារហូបចុកគ្រប់គ្រាន់ ដែលជាហេតុធ្វើឱ្យមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩។ ក្នុងញត្តិលើកទី៣ នេះ ពួកគាត់អំពាវនាវដល់ ស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ជួយធ្វើយ៉ាងណាឱ្យសកម្មជននយោបាយ សកម្មជនសង្គម និងសកម្មជនបរិស្ថាន បាននៅក្រៅឃុំបណ្ដោះអាសន្ន ដោយពួកគាត់សន្យាថា នឹងគោរពរាល់ការកោះហៅរបស់តុលាការ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា ស្នើឱ្យគ្រួសារអ្នកជាប់ឃុំកុំព្រួយបារម្ភពីស្ថានភាពសាច់ញាតិនៅក្នុងពន្ធនាគារ។ លោកបញ្ជាក់ថា ប្រសិនបើអ្នកជាប់ឃុំមានជំងឺធ្ងន់ធ្ងរ ខាងពន្ធនាគារនឹងបញ្ជូនទៅព្យាបាលខាងក្រៅពន្ធនាគារ៖ «ជម្រាបថា រឿងនេះយើងចេះតែចង់ណាស់ ដើម្បីបន្ធូរបន្ថយភាពចង្អៀតណែន ប៉ុន្តែការសម្រេចមិនមែនស្ថិតនៅលើខាងខ្ញុំទេ តុលាការគេមាននីតិវិធីគេ គេធ្វើការតាមរបៀបរបបគេ អ៊ីចឹងការសម្រេចវាលើគេ ថា ពួកគាត់សុខសប្បាយទេណាស់ ទេគាត់សុខសប្បាយលោក រ៉ុង ឈុន គាត់មានអីគាត់»។
ទោះជាមានការធានាអះអាងពីមន្ត្រីជាន់ខ្ពស់ពន្ធនាគារបែបនេះក្តី ករណីអ្នកជាប់ឃុំស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើតមាន ៣ករណីរួចមកហើយដោយម្នាក់ជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ និងពន្ធនាគារព្រៃស។
ក្រុមស្ត្រីថ្ងៃសុក្រលើកឡើងថា តុលាការបានអូសបន្លាយពេលសវនាការ និងឃុំសាច់ញាតិពួកគាត់ទុកចោលឱ្យរងទុក្ខវេទនា ដោយមិនដឹងពេលណាតុលាការសម្រេចដាក់ទោស ឬសម្រេចឱ្យរួចទោសនោះឡើយ។ ពួកគាត់បន្តថា អ្នកជាប់ឃុំទាំងនោះកំពុងរងទុក្ខវេទនា ព្រោះគ្មានពេទ្យមើលថែគ្រប់គ្រាន់ ស្របពេលការរាតត្បាតជំងឺកូវីដ១៩ ធ្វើឱ្យខាងពន្ធនាគារមិនអាចគ្រប់គ្រងបានឡើយ។ ពួកគាត់នៅតែស្នើយ៉ាងទទូចដល់អាជ្ញាធរឱ្យទម្លាក់ចោលបទចោទប្រកាន់ ឬយ៉ាងហោចណាស់ ដោះលែងសាច់ញាតិពួកគាត់ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នសិន ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារ៕