អាជ្ញាធរមានសមត្ថកិច្ច នៅតែមិនទាន់បង្ហាញផែនការជាក់លាក់ណាមួយ ដើម្បីកាត់បន្ថយហានិភ័យឆ្លងកូវីដ១៩ តាមពន្ធនាគារ និងនៅតែមិនព្រមឲ្យអ្នកជាប់ឃុំ អាចទូរស័ព្ទមកប្រាប់ដំណឹងពីសុខទុក្ខរបស់ដល់សាច់ញាតិឡើយ។
ប្រពន្ធរបស់សកម្មជនបក្សប្រឆាំងខេត្តត្បូងឃ្មុំម្នាក់លោក ព្រៅ ចាន់ធឿន គឺលោកស្រី តឹក សុខឡន មិនដែលទទួលបានដំណឹងសុខទុក្ខប្ដី ពីក្នុងពន្ធនាគារខេត្តនេះទេ ចាប់តាំងពីនគរបាលចាប់ខ្លួនពីពាក់កណ្ដាលខែមករាមក។

លោកស្រីបារម្ភថា ប្ដីរបស់លោកស្រី នឹងធ្លាក់ខ្លួនឈឺធ្ងន់ក្នុងពន្ធនាគារ ព្រោះលោក ព្រៅ ចាន់ធឿន មានជំងឺប្រចាំកាយ និងពិការភ្នែក (ឆ្វេង) មួយចំហៀង។ លោកស្រី តឹក សុខឡន ស្នើសុំក្រសួងយុត្តិធម៌ អន្តរាគមន៍ជួយដោះលែងប្ដីរបស់លោកស្រីឲ្យបាននៅក្រៅឃុំ ដើម្បីចៀសវាងនិងកាត់បន្ថយហានិភ័យការឆ្លងជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារ៖ «ខ្ញុំចេះតែព្រួយបារម្ភ ខ្លាចតែក្នុងពន្ធនាគារឆ្លងកូវីដ ព្រោះអ្វីចង្អៀតណែនតាន់តាប់។ គ្មានកន្លែងណាស្រួលទេ ព្រោះលេងមួយបន្ទប់ៗ ឡើងណែនៗ។ យើងនៅក្រៅម្ដេច យើងនៅឃ្លាតគ្នាមួយម៉ែត្រ ទៅពីរម៉ែត្រ នៅតែយើងព្រួយបារម្ភ។ ចុះចំពោះគាត់នោះ នៅក្នុងពន្ធនាគារ មិនដឹងចង្អៀតប៉ុណ្ណា មិនដឹងពិបាកប៉ុណ្ណា ទឹកមុជ បាយម្ហូប មិនដឹងរបៀបម្ដេច ! ខ្ញុំព្រួយបារម្ភណាស់បង តែខ្ញុំមិនដឹងថាធ្វើម្ដេច »។
ចំណែកសាច់ញាតិរបស់សកម្មជនសង្គមវិញ ក៏សម្ដែងការសោកស្ដាយ ដែលរដ្ឋាភិបាល បន្តឃុំខ្លួនមនុស្សច្រើន និងមិនខ្វាយខ្វល់ពីភាពចង្អៀតណែនក្នុងពន្ធនាគារសព្វថ្ងៃនេះដែរ។
ម្ដាយរបស់សកម្មជនបរិស្ថានកញ្ញា ភួន កែវរស្មី គឺលោកស្រី វង់ ម៉ានិត ប្រាប់ថា លោកស្រីព្រួយបារម្ភពីសុខទុក្ខកូនស្រី នៅក្នុងពន្ធនាគារព្រៃសខ្លាំងណាស់។ ច្រើនខែហើយ ដែលស្ត្រីជាម្ដាយរូបនេះ មិនដែលបានជួបមុខ ឬលឺសំឡេងកូនស្រី ហើយលោកស្រី ក៏មិនដឹងសុខទុក្ខកូននៅក្នុងពន្ធនាគារយ៉ាងណាហើយដែរ។
លោកស្រីទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះលែងកូនស្រី និងសកម្មជនសង្គមទាំងអស់ដើម្បីកាត់បន្ថយភាពចង្អៀតណែន និងដើម្បីឲ្យពួកគេបានជួបជុំក្រុមគ្រួសារឡើងវិញ៖ « កាលពីមុនមួយខែ ទៅជួបកូន២ដង។ តាំងពីថ្ងៃ២០ កុម្ភៈ មក ទទេសូន្យ។ សូម្បីតែថ្ងៃឡើងតុលាការ ក៏អត់បានទៅជួប។ គេអត់ឲ្យចូលទេ គេខ្លាចកូវីដ។ អ៊ីចឹងទេ អត់បានជួបកូន ហើយគេយកទៅបាត់ គ្មានបានឃើញអ្វីផង»។

សំណើនេះធ្វើឡើងក្រោយពេលដែល តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជាអ្នកស្រី ផូលីន តាមេស៊ីស (PAULINE TAMESIS) និងតំណាងអង្គការយូនីសែស (UNICEF) បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធិ កាលពីថ្ងៃទី០៣ ខែមិថុនា ដើម្បីដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ក្នុងក្របខណ្ឌនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត និងបញ្ហាមួយចំនួនពាក់ព័ន្ធច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានទេ នៅថ្ងៃទី០៦ ខែមិថុនា ជុំវិញកិច្ចពិភាក្សាគ្នានោះ។ អាស៊ីសេរី ក៏មិនអាចសុំការបញ្ជាក់ពីបច្ចុប្បន្នភាពនៃការឆ្លងជំងឺកូវីដ១៩ តាមពន្ធនាគារពីអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សាវនា បានដែរ នៅថ្ងៃដដែលនេះ។
ទោះយ៉ាងណា សង្គមស៊ីវិលគាំទ្រជំនួប ដែលមានការលើកឡើងពីដំណោះស្រាយសម្រាប់បញ្ហាប្រឈមក្នុងពន្ធនាគារ។ នាយករងអង្គការលីកាដូ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សលោក អំ សំអាត សង្កេតឃើញថា ព័ត៌មាននៃការឆ្លងជំងឺកូវីដ១៩ ក្នុងពន្ធនាគារ មិនទាន់មានតម្លាភាពទេ។ តែយ៉ាងណា លោកយល់ថា ស្ថានភាពនេះ មានហានិភ័យខ្ពស់ សម្រាប់អ្នកជាប់ឃុំ។ លោក អំ សំអាត នៅតែជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្តការកាត់បន្ថយចំនួនអ្នកជាប់ឃុំ ក្នុងពន្ធនាគារ ឲ្យបានលឿនបំផុត តាមការដែលអាចធ្វើបាន ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ នៅតាមពន្ធនាគារ៖ « ដោយសារតែយើងមិនមានព័ត៌មានគ្រប់គ្រាន់ ហើយព័ត៌មានតម្លាភាពពីការទទួលបាន អ៊ីចឹងហើយ បានជាអង្គការសង្គមស៊ីវិល ចង់ឲ្យមានព័ត៌មានតម្លាភាពទៅ ដើម្បីទី១ វាអាចនឹងអ្នកដែលអង្គការអន្តរជាតិ ឬក៏ស្ថាប័ន ដែលចង់ជួយ គេមានព័ត៌មានគ្រប់គ្រាន់។ ទី២ ដើម្បីឲ្យក្រុមគ្រួសារ ដែលជាប់ឃុំនោះ គេមានការបារម្ភ ដោយសារតែគ្មានព័ត៌មាននោះ»។

ជាមួយគ្នានេះ អង្គការសង្គមស៊ីវិលចំនួន ២០ ផ្សេងទៀត បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា កាលពីថ្ងៃទី៤ ខែមិថុនា ស្នើសុំឲ្យតុលាការ និងរដ្ឋាភិបាល ដោះលែងអ្នកទោសមនសិការទាំងអស់ចេញពីពន្ធនាគារ។ អង្គការសមាគមទាំងនោះយល់ថា ហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ១៩ តាមពន្ធនាគារពេលនេះ បណ្ដាលឲ្យអ្នកទោសទាំងអស់ប៉ះពាល់ទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយ។
ម្យ៉ាងទៀតអ្នកជាប់ឃុំតាមពន្ធនាគារ មិនអាចអនុវត្តគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ការថែរក្សាអនាម័យ ឬការរក្សាគម្លាតសុវត្ថិភាពបានទេ ព្រោះតែមានអ្នកជាប់ឃុំណែនចង្អៀតគ្នា។ គិតត្រឹមដើមខែមិថុនា អាជ្ញាធររកឃើញថា មានពន្ធនាគារចំនួន ៦ ត្រូវបានរកឃើញជនជាប់ឃុំឆ្លងជំងឺកូវីដ១៩។ ទោះយ៉ាងជាណា កន្លងមន្រ្តីជាន់ខ្ពស់គ្រប់គ្រងពន្ធនាគារ ធ្លាប់បដិសេធសំណើដោះលែងអ្នកជាប់ឃុំ និងអះអាងថា រដ្ឋាភិបាលអាចគ្រប់គ្រងស្ថានការណ៍ក្នុងពន្ធនាគារបាន ដោយដាក់អ្នកឆ្លងជំងឺកូវីដដាច់ដោយឡែក។ ប៉ុន្ត សាច់ញាតិរបស់អ្នកជាប់ឃុំ និងសង្គមស៊ីវិល មិនជឿជាក់លើការអះអាងនេះទេ ពីព្រោះដាក់អ្នកកើតជំងឺកូវីដដាច់ដោយឡែករបៀបម៉េច បើអគារក្នុងគុកទាំងអស់ចង្អៀតណែនហើយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។