គ្រួសារ​ និង​សកម្មជន​មួយ​ចំនួន ​​បួង​សួង​សុំ​ឱ្យ​មាន​ការ​ដោះលែង​លោក រ៉ាត់ រត្នមុនី

ដោយ សុ ជីវី
2019-01-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​គ្រួសារ និង​សកម្មជន​ បួង​សួង​នៅមុខ​ព្រះ​អង្គ​ដង​កើ នៅ​ព្រឹក​ថ្ងៃ​ទី៣ មករា សុំ​ឱ្យ​មាន​ការ​ដោះលែង​លោក រ៉ាត់ រត្នមុនី ឱ្យ​មាន​សេរីភាព​វិញ។
ក្រុម​គ្រួសារ និង​សកម្មជន​ បួង​សួង​នៅមុខ​ព្រះ​អង្គ​ដង​កើ នៅ​ព្រឹក​ថ្ងៃ​ទី៣ មករា សុំ​ឱ្យ​មាន​ការ​ដោះលែង​លោក រ៉ាត់ រត្នមុនី ឱ្យ​មាន​សេរីភាព​វិញ។
រូប​ថត៖ ដោយ អ្នកស្រី ឡុង គីមហ៊ាង

ក្រុម​គ្រួសារ​ និង​សកម្មជន​មួយ​ចំនួន​ បាន​នាំគ្នា​ទៅ​អុជ​ធូប​បន់ស្រន់​នៅ​មុខ​ព្រះ​អង្គ​ដង​កើ (ដង​ទង់) នៅ​ព្រឹក​​ថ្ងៃ​ទី ០៣ មករា នេះ ដើម្បី​បួង​សួង​សុំ​ឱ្យ​មាន​ដោះ​លែង​លោក លោក រ៉ាត់ រត្នមុនី ឱ្យ​មាន​សេរីភាព​វិញ។ សកម្មភាព​​នេះ​ធ្វើ​ឡើង ក្រោយពេល​តុលាការ​បាន​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី។

ភរិយា​របស់​លោក​ រ៉ាត់ រត្នមុនី អ្នក​ស្រី ឡុង គីមហ៊ាង ថ្លែង​ថា អ្នក​ស្រី​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​ នៅ​​ពេល​ទទួល​ដំណឹង​ថា តុលាការ​មិន​អនុញ្ញាត​ឱ្យ​ស្វាមី​របស់​អ្នក​ស្រី​បាន​នៅ​ក្រៅ​ឃុំ ខណៈ​ស្វាមី​របស់​អ្នក​ស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ។ អ្នក​ស្រី​បន្ត​ថា ការ​សម្រេច​បែបនេះ​បាន​ធ្វើ​ឱ្យ​អ្នកស្រី​បាត់​ជំនឿ​ទាំងស្រុង​លើ​ប្រព័ន្ធ​តុលាការ ហើយ​អ្នក​ស្រី​ក៏​បាន​ងាក​ទៅ​​ជ្រើស​រើស​យក​មធ្យោបាយ​នៃ​​ការ​បន់​ស្រន់​សុំ​​ឱ្យ​វត្ថុ​ស័ក្ដិសិទ្ធិ​ជួយ​ទៅ​វិញ៖ «សូម​ជួយ​បណ្ដាល​ចិត្ត​ពួក​គេ​ឱ្យ​គិត​ពី​បញ្ហា​ស្រុក​ទេស​ជា​ធំ គិត​ពី​បញ្ហា​ប្រទេស​ជាតិ​ និង​ជន​រងគ្រោះ​ទាំង​នោះ​ជា​ធំ ជាជាង​ងាក​មក​​ចាប់​ប្ដី​ គំរាម​កំហែង​ប្ដី​ខ្ញុំ​ដាក់​ពន្ធនាគារ​បែប​ហ្នឹង ហើយ​បើ​ប្ដី​ខ្ញុំ​គ្មាន​​ការ​ដោះលែង ហើយ​ប្ដី​ខ្ញុំ​ត្រូវ​បាន​ចោទ​ប្រកាន់​ទាំង​អយុត្តិធម៌ ខ្ញុំ​សូម​ឱ្យ​បារមី​ព្រះ​អង្គ​ដង​កើ លោក​ដែល​ស័ក្ដិសិទ្ធិ​មាន​ឫទ្ធិ​បារមី​ហ្នឹង សូម​លោក​វ៉ៃ​បំបាក់​ក​ពួក​អ្នក​ដែល​បាន​ចាប់​ប្ដី​ខ្ញុំ​ ចោទ​ប្រកាន់​ប្ដី​ខ្ញុំ​ហ្នឹង ឱ្យ​ពួក​គេ​វិនាស​អន្តរាយ។ បើ​ពួក​គេ​ដេក​ (សូម)ឱ្យ​​​គេ​ធ្លាក់​ពី​លើ​ខ្នើយ​ស្លាប់។ បើ​ពួក​គេ​ដើរ​ (សូម)ឱ្យ​ពួក​គេ​ខ្យល់​គរ​ស្លាប់​។ បើ​ពួក​គេ​ជិះ​ឡាន (សូម) ឱ្យ​ឡាន​បុក​ដើម​ឈើ​ស្លាប់​តែ​ខ្លួន​គេ​ទៅ បើ​ពួក​គេ​ហ្នឹង​នៅ​តែ​មិន​ព្រម​ដោះលែង​ប្ដី​ខ្ញុំ។ នេះ​ជា​អ្វី​ដែល​ពួក​យើង​បួងសួង»

បន្ទាប់​ពី​អុជ​ធូប​បន់​ស្រន់​នៅមុខ​ព្រះ​អង្គ​ដង​កើ (ដង​ទង់) រួច​ហើយ អ្នក​ស្រី និង​ក្រុម​សកម្មជន​ ​ក៏​បាន​នាំ​គ្នា​ទៅ​​​ពន្ធនាគារ​ព្រៃស​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ ដើម្បី​​​សួរ​សុខ​ទុក្ខ និង​ជូន​ពរ​លោក​ រ៉ាត់ រត្នមុនី ក្នុង​​ថ្ងៃខួប​កំណើត ឈាន​​​​ចូល​​វ័យ​ ៤៨ ឆ្នាំ​របស់​លោក។ ពួក​គេ​​​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួប​លោក រ៉ាត់ រត្នមុនី ​តែ​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ហើយ​មន្ត្រី​ពន្ធនាគារ​បាន​ប្រាប់​ថា ចាប់​ពី​ពេល​នេះ​តទៅ​ការ​សួរ​សុខ​ទុក្ខ​​លោក រ៉ាត់ រត្នមុនី អាច​ធ្វើ​បាន​​តែ​ ២ដង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍។ អ្នក​ស្រី​ ឡុង គីមហ៊ាង ថ្លែង​ថា មន្ត្រី​ពន្ធនាគារ​​មិន​បាន​ប្រាប់​ហេតុ​ផល​ច្បាស់លាស់​ឡើយ​ទាក់ទង​នឹង​ការ​រឹត​បន្តឹង​នេះ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក​ រ៉ាត់ រត្នមុនី បាន​ជាប់​​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​អស់​រយៈ​ពេល​ជិត ១ ខែ​ទៅ​ហើយ ដោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ “ញុះញង់​ឱ្យ​មាន​ការ​រើសអើង” ពាក់ព័ន្ធ​នឹង​ការ​ផលិត​ភាពយន្ត​ឯកសារ​ស្ដីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ដែល​មាន​ចំណងជើង​ថា “ម្ដាយ​ខ្ញុំ​ លក់​ខ្ញុំ” ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​ រ៉ាត់ មុនី លោក សំ ទិត្យសីហា ឱ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ​ លោក សេង ឫទ្ធី បាន​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​កូន​ក្តី​លោក​។ លោក​បញ្ជាក់​ថា ​លោក​មិន​បាន​ដឹង​ពី​មូលហេតុ​នៃ​ការ​បន្ត​ឃុំ​ខ្លួន​កូន​ក្ដី​របស់​លោក​ទេ​​ ដោយសារ​​មិន​ទាន់​ទទួល​បាន​​ដីកា​សម្រេច​ពី​តុលាការ​នៅឡើយ។

ក្រុម​គ្រួសារ​របស់​លោក និង​ពលរដ្ឋ​មួយ​ចំនួន ​បាន​តវ៉ា​លើក​បដា នៅ​មុខ​​ស្ថានទូត​រុស្ស៊ី​​ប្រចាំ​ក្រុង​ភ្នំពេញ​ចំនួន​​ពីរ​ដង​រួច​មក​ហើយ ដើម្បី​សុំ​​ឱ្យ​រដ្ឋាភិបាល​រុស្ស៊ី​ជួយ​និយាយ​ជាមួយ​របប​ក្រុង​ភ្នំពេញ​ ​ឱ្យ​មាន​ការ​ដោះលែង​លោក​ រ៉ាត់ រត្នមុនី ត្រឡប់​មក​វិញ​ ក៏​ប៉ុន្តែ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​នេះ​​មិនទាន់​មាន​លទ្ធផល​អ្វី​នៅឡើយ​។ ​ពួក​គាត់​យល់​ថា រដ្ឋាភិបាល​រុស្ស៊ី​ត្រូវ​តែ​មាន​ចំណែក​ទទួល​ខុស​ត្រូវ​រឿង​នេះ​ ព្រោះ​​សារព័ត៌មាន RT (Russia Today) ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុង​មូស្គូ (Moscow) ហើយ​លោក រ៉ាត់ រត្នមុនី គ្រាន់តែ​ជា​អ្នកបកប្រែ និង​ជួយ​ផលិត​ភាព​យន្ត​ឯកសារ “ម្ដាយ​ខ្ញុំ​ លក់​ខ្ញុំ” ឱ្យ​សារព័ត៌មាន RT ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាងណា អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​លោក​ សុខ ឥសាន បាន​ចាត់​ទុក​ការ​តវ៉ា​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​នេះ ថា​ជា​រឿង​អត់​ប្រយោជន៍ ព្រោះ​ករណី​នេះ​ជា​រឿង​ផ្ទៃក្នុង​របស់​កម្ពុជា។ លោក​សរសេរ​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម​ថា (Telegram) ថា គ្មាន​ជន​ណា​អាច​លូក​ដៃ​បាន​ឡើយ ព្រោះ​សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ។

ក្រៅ​ពី​ការ​ស្វះស្វែង​របស់​ក្រុម​គ្រួសារ​ និង​ពលរដ្ឋ​អ្នក​ស្រឡាញ់​យុត្តិធម៌​សង្គម​ ខាង​សហភាព​សហជីព​កម្ពុជា (CCU) របស់​លោក រ៉ុង ឈុន ក៏​បាន​ស្នើសុំ​ទៅ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​សហជីព​អន្តរជាតិ​ឱ្យ​ជួយ​អន្តរាគមន៍​ករណី​នេះ​ដែរ។ លោក​ រ៉ុង ឈុន​ រំពឹង​ថា សំណើ​របស់​លោក​នឹង​ត្រូវ​បាន​ឆ្លើយ​តប​មក​វិញ​នៅ​ពេល​ឆាប់ៗ ខាង​មុខ​នេះ៖ «ប៉ះពាល់​ទៅ​ដល់​កិត្តិយស​ សេចក្តី​ថ្លៃថ្នូរ ប៉ះពាល់​ទៅ​ដល់​ជីវភាព ប៉ះពាល់​ទៅ​ដល់​អារម្មណ៍​កូន​សព្វ​បែប​យ៉ាង។ នេះ​ជា​រឿង​មួយ​ធ្ងន់ធ្ងរ​ ហើយ​ខ្ញុំ​គិត​ថា អាជ្ញាធរ​ និង​សាលាដំបូង ត្រូវ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ពី​លោក​ រ៉ាត់ រត្នមុនី ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ឡើយ»

ភរិយា​លោក រ៉ាត់ រត្នមុនី អ្នក​ស្រី​ ឡុង គីមហ៊ាង អះអាង​ថា ល្គឹកណា​​ស្វាមី​អ្នក​ស្រី​មិន​ទាន់​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ទេ​នោះ​ អ្នក​ស្រី​នឹង​មិន​បោះបង់​ចោល​ការ​តវ៉ា​ទាមទារ​នេះ​ជា​ដាច់​ខាត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល