ក្រុម​យុវជន​ខ្មែរ​ថាវរៈ​មិន​រំពឹង​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​កំពូល

2023.05.19
ក្រុម​យុវជន​ខ្មែរ​ថាវរៈ​មិន​រំពឹង​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​កំពូល ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ដឹកនាំ​យុវជនថ្វាយ​ញត្តិ​ដល់ព្រះមហាក្សត្រ កាលពីថ្ងៃទី២៦ មេសា​ ២០២៣។
រូប៖ ហ្វេសប៊ុក

អតីត​ក្រុម​យុវជន​ខ្មែរ​ថាវរៈ មិន​រំពឹង​តុលាការ​កំពូល​ផ្ដល់​យុត្តិធម៌​ជូន​ពួកគាត់​នោះ​ទេ ពីព្រោះ​ពួកគាត់​សង្កេត​ឃើញ​ថា ចៅក្រម​ជំនុំជម្រះ​មិន​បាន​បំពេញ​តួនាទី​ដោយ​ឯករាជ្យ ។ ការ​លើកឡើង​របស់​ពួកគាត់​បែប​នេះ គឺ​បន្ទាប់​តុលាការ​កំពូល​បាន​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ញុះញង់ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​ឧសភា ហើយ​គ្រោង​នឹង​ប្រកាស​សាលដីកា​នៅ​ចុងខែ​នេះ។

បើ​ទោះបី​ជា​អតីត​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​មើលឃើញ​ថា ប្រព័ន្ធ​តុលាការ​គ្រប់​ជាន់ថ្នាក់ មិន​បាន​បំពេញ​តួនាទី​ដោយ​វិជ្ជាជីវៈ និង​ឯករាជ្យ​ត្រឹមត្រូវ។ ក៏​ពួកគាត់​ស្នើសុំ​ឲ្យ​តុលាការ​កំពូល​ចេញ​សេចក្ដីសម្រេច​មួយ​ដែល​មាន​យុត្តិធម៌​ដោយ​ទម្លាក់​ចោល​ការចោទប្រកាន់ ដើម្បី​ផ្ដល់​សេរីភាព​ពេញលេញ​ជូន​ពួកគាត់​។ ប្រតិកម្ម​នេះ​ធ្វើឡើង​គឺ​បន្ទាប់​ពី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល លោក គង់ ស្រ៊ីម បាន​បើកសវនាការ​បណ្ដឹង​សាទុក្ខ​ចោទប្រកាន់​ក្រុម​សកម្មជន​សង្គម ចំនួន​៧​នាក់ ថា ធ្វើ បាតុកម្ម​ខុសច្បាប់ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ។ តុលាការ​កំពូល នឹង​ប្រកាស​សាលដីកា នៅ​ថ្ងៃទី​៣១ ឧសភា ខាងមុខ។

អតីត​សហ​ស្ថាបនិក​ខ្មែរ​ថាវរៈ និង​បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៩ ឧសភា ថា លោក​មិន​អាច​ទទួល​ចំពោះ​ការចោទប្រកាន់​របស់​តុលាការ​ឡើយ ពីព្រោះ​កន្លង​មក​តុលាការ​អសមត្ថភាព​ក្នុង​រក​ភាព​ត្រឹមត្រូវ​ជូន​ពលរដ្ឋ​។ លោក​បន្ត​ថា ភាព​អសមត្ថភាព​របស់​តុលាការ​នេះ​នឹង​ធ្វើ​ឱ្យ​ជន​ស្លូតត្រង់​ក្លាយជា​ជនរងគ្រោះ​នៅក្នុង​សង្គម ហើយ​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម​នឹង​កើត​មាន​ដោយសារតែ​ពលរដ្ឋ​អស់ជំនឿ​លើ​ប្រព័ន្ធ​តុលាការ។

លោក កើត សារ៉ាយ៖ «ប្រសិនបើ​តុលាការ​មិន​មាន​ភាព​ឯករាជ្យ​ភាព​ក្នុង​ការ​សម្រេចចិត្ត ដែល​ស្ថិត​នៅ​ក្នុង​ឥទ្ធិពល​របស់​អ្នកមាន​លុយ ឬក៏​ស្ថិត​នៅ​ក្នុង​ឥទ្ធិពល​របស់​អ្នក​មាន​អំណាច អ្នក​មាន​យសស័ក្ដិ​អី​ជាដើម​នេះ​ជនរងគ្រោះ​នេះ​គឺ​មាន​ប្រជាពលរដ្ឋ​ក្រីក្រ​ស្លូតត្រង់ ឬក៏​ជា​ប្រជាពលរដ្ឋ​មិន​ក្រីក្រ​ក៏ដោយ​តែ​គ្មាន​បក្ខ​គ្មាន​ពួក​សែស្រឡាយ​នោះ​ក៏​ងាយ​រងគ្រោះ​ដូចគ្នា​ដែរ​ដូច្នេះ​តុលាការ​គឺជា​ផ្នែក​ដ៏​សំខាន់​ណាស់​ក្នុង​ការធានា​នូវ​សុភមង្គល​នៃ​មនុស្សជាតិ»

សកម្មជន​សង្គម​ដែល​រង​ការចោទប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ចំនួន​៧​នាក់ មាន​២​នាក់ ជា​ក្រុម​យុវជន​ខ្មែរ​ថាវរៈ រួមមាន គឺ​លោក ហ៊ុន វណ្ណៈ លោកស្រី ឈឿន ដារ៉ាវី។ ចំណែក កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា លោក ថា ឡាវី និង លោក កើត សារ៉ាយ ដែល ជា​អតីត​យុវជន​ខ្មែរ​ថាវរៈ បច្ចុប្បន្ន​ជា​ប្រធាន និង​សមាជិកសមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ។ ដោយឡែក​សកម្មជន លោក មួង សុភ័ក្ក្រ បាន​ចុះចូល​ជាមួយ​រដ្ឋាភិបាល ។ ក្រៅ​ពី​នេះ ក៏​មាន​សកម្មជន​សង្គ្រោះ​ជាតិ​ដែរ។

អតីត​សមាជិក​ក្រុម​ខ្មែរ​ថាវរៈ​ម្នាក់ទៀត គឺ កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ថ្លែង​ថា តុលាការ​សព្វថ្ងៃ​មិនបាន​អនុវត្ត​តាម​តួនាទី​របស់​ខ្លួន​នោះ​ទេ ពោល​គឺ​ធ្វើតាម​ខ្សែ​ញាក់​ក្រោម​ឥទ្ធិពល​ជន​មានអំណាច​តែប៉ុណ្ណោះ​។ កញ្ញា​បន្ត​ថា កញ្ញា​មិន​បាន​ធ្វើ​ខុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​ឡើយ កញ្ញា​គ្រាន់តែ​អនុវត្តន៍​តាម​សិទ្ធិ​សេរីភាព​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​តែប៉ុណ្ណោះ។

កញ្ញា អេង ម៉ាឡៃ៖ «រដ្ឋាភិបាល​បច្ចុប្បន្ន​ព្យាយាម​ក្រាញ់​អំណាច​ការពារ​អំណាច​ផ្ទេរអំណាច​ពី​ខ្លួន​ទៅដល់​កូនចៅ​ទៀត​សូម​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជួយ​អន្តរាគមន៍​ជាបន្ទាន់​ចាត់វិធានការ​ដាក់ទណ្ឌកម្ម​ណាមួយ​ឱ្យ​ធ្ងន់ធ្ងរ​បើ​មិន​ដូច្នេះ លោក ហ៊ុន សែន នៅតែ​ធ្វើ​ចរិត​ក្រអឺតក្រទម ធ្វើ​បាប​ពលរដ្ឋ​ឥត​ឈប់ឈរ​ដោយ​មិន​ខ្វល់​ដូច​បច្ចុប្បន្ន​អ៊ីចឹង»

ទាក់ទិន​បញ្ហា​នេះ​វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ អ្នកនាំពាក្យ​តុលាការ​កំពូល អ្នកស្រី ម៉ៅ ធីតា ដើម្បី​សុំ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី​១៩ ឧសភា។

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ចាប់ខ្លួន​យុវជន​ទាំង​៧​នាក់ ដាក់​ពន្ធនាគារ​ចន្លោះ​ពី​២០​ខែ ដល់ ២​ឆ្នាំ​កាល​ពី​ខែសីហា និង​ខែ​កញ្ញា ឆ្នាំ​២០២០ ។ ដើមហេតុ​នៃ​ការ​ចាប់ខ្លួន​នេះ គឺ ដោយសារ​ក្រុម​យុវជន​បាន​ធ្វើ​សកម្មភាព​តវ៉ា ដោយ​សន្តិវិធី​ទាមទារ ឱ្យ​ដោះលែង​អតីត​ជា​មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​បក្ស​ភ្លើងទៀន​។ បន្ទាប់ពី​ពួកគាត់​ជាប់​ពន្ធនាគារ​ជាង​១​ឆ្នាំ តុលាការ បាន​សម្រេច​ដោះលែង ប៉ុន្តែ​បន្ត​រក្សា​បទ​ចោទ និង​ដាក់​ឲ្យ​ក្រោម​ការ​ត្រួត​ពិនិត្យ​រយៈពេល​២​ឆ្នាំ​ទៀត។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា កត់សំគាល់​ថា មិន​ត្រឹមតែ​សកម្មជន​ខ្មែរ​ថាវរៈ នោះ​ទេ​ដែល​រង​ភាព​អយុត្តិធម៌​ដោយសារ​ប្រព័ន្ធ​តុលាការ ប៉ុន្តែ​នៅ​មាន​សកម្មជន​សង្គម សកម្មជន​នយោបាយ​ជាច្រើន​ទៀត ដែល​កំពុង​ជាប់ពន្ធនាគារ និង​ជាប់​ពាក្យបណ្ដឹង​នៅ​តុលាការ​។ លោក​ព្រួយបារម្ភ​ថា នៅពេល​សិទ្ធិមនុស្ស​ត្រូវ​បាន​រឹតត្បិត ពលរដ្ឋ​មិន​អាច​បញ្ចេញមតិ ឬ​មិនអាច​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ពួកគេ​បាន នោះ​នឹង​អាច​ធ្វើ​ឱ្យ​ក្លាយ​ជា​ប្រទេស​អនាធិបតេយ្យ។

លោក ស៊ឹង សែនករុណា៖ «អ្វី​ដែល​យើង​មើលឃើញ​អ្វី​ដែល​ជា​ការ​លើកឡើង​វា​គ្រាន់តែ​ជា​ការ​លើកឡើង​អ៊ីចឹង​អត់​ទាន់​មាន​វិធានការ​ណាមួយ ដែល​យើង​មើល​ឃើញ​ថា អ្វី​ដែល​ជា​ការ​លើកឡើង​ទាំងអស់​ហ្នឹង​មានការ​កែប្រែ​ឱ្យ​បាន​ល្អ​ប្រសើរ​ទេ អ៊ីចឹង​ហើយ​យើង​ទទូច​សុំ​ឱ្យ​ពិនិត្យ​ឡើង​វិញ​ក្នុង​ចាប់ផ្ដើម​ធ្វើ​ឱ្យ​សង្គម​កម្ពុជា​យើង​មាន​នូវ​ជំនឿ​ទុកចិត្ត​ទៅលើ​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស​យើង​ឡើងវិញ​ដើម្បី​កុំឱ្យ​មាន​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​បន្ត​ទៀត»

របាយការណ៍​សមាគម​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថា អាដហុក (Adhoc) ចេញផ្សាយ​កាលពី​ថ្ងៃទី ១៧ ឧសភា រក​ឃើញ​ថា រយៈពេល​១២​ខែ ក្នុង​២០២២ កន្លែង​ទៅ​មានការ​រំលោភ​សិទ្ធិមនុស្ស​ជិត​១​ពាន់​ករណី (៩២១) រួម​ទាំង​ការ​គំរាមកំហែង​សកម្មភាព​នយោបាយ ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ការ​រំលោភ​ដីធ្លី ដែល​មាន​ជនរងគ្រោះ​ជាង​១០​ម៉ឺន​នាក់ (១០៧.៨៩៨)

ក្រុម​សកម្មជន និង​មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល​ងាក​មក​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ​ដើម្បី​ធានា​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។