សកម្មជនបក្សប្រឆាំងម្នាក់នៅខេត្តកំពង់ធំ គឺលោក ស៊ុន ប៊ុនថុន បានធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃរហូតដល់ស្លាប់ ក្រោយពេលជាប់ពន្ធនាគារកាលពីឆ្នាំ២០១៩។ សាច់ញាតិសោកស្ដាយចំពោះការឃុំខ្លួនលោកកន្លងមក ដែលជាដើមហេតុធ្វើឱ្យគាត់ធ្លាក់ខ្លួនឈឺរហូតមក។ តែអាជ្ញាធរអះអាងថា ការស្លាប់នេះ គឺដោយសារបញ្ហាសុខភាពផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងស្ថានភាពការឃុំខ្លួនកន្លងមកនោះទេ។
សកម្មជនបក្សប្រឆាំងដែលស្លាប់នោះ គឺជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅឃុំបារាយណ៍ស្រុកបារាយណ៍ ខេត្តកំពង់ធំ លោក ស៊ុន ប៊ុនថុន។ លោកត្រូវជាប្អូន ប្រុសបង្កើតរបស់ លោក ស៊ុន ធន់ ដែលជាគ្រូបង្រៀន និងជាសកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំ។ លោក ស៊ុន ប៊ុនថុន មានអាយុ៥១ឆ្នាំ ហើយលោកស្លាប់កាលពីថ្ងៃទី៨ កក្កដា។
កូនស្រីរបស់ លោក ស៊ុន ប៊ុនថុន គឺកញ្ញា ធាន់ សុដារ៉ា ប្រាប់ថា លោក ស៊ុន ប៊ុនថុន បានធ្លាក់ខ្លួនឈឺ និងកើតជំងឺបេះដូងតាំងពីក្រោយពេលជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ធំកាលពីឆ្នាំ២០១៩។ កញ្ញាសោកស្ដាយចំពោះការស្លាប់របស់ឪពុក ដោយសារគាត់ជាបង្គោលគ្រួសារតែមួយគត់នៃកូនប្រុសស្រីវ័យក្មេងទាំង ៣នាក់៖ «គាត់ចេញមកហើយគាត់ចាប់ផ្ដើមឈឺ។ គាត់ធ្វើទុក្ខតិចៗ។ គាត់អត់ធ្វើទុក្ខខ្លាំងផង។ ទៅពេទ្យបន្តិចទៅគាត់បានធូរ ដល់ពេលធ្វើទុក្ខខ្លាំងទៅគាត់ទារទៅទៀត។ ដល់ពេលទៅហើយនៅតែដដែលៗទៅ គាត់ផុតត្រឹមហ្នឹង»។
សពរបស់ លោក ស៊ុន ប៊ុនថុន ត្រូវបានបូជារួចរាល់ហើយកាលពីថ្ងៃទី០៩កក្កដា។ កញ្ញា ធាន់ សុដារ៉ា ឲ្យដឹងថាញាតិមិត្តជិតឆ្ងាយនិងអ្នកស្រុកជាច្រើនបានមកចូលរួមពិធីបុណ្យសពឪពុកកញ្ញា ដោយសារពួកគេអាណិតស្រលាញ់គាត់ដែលកាលពីធ្វើមន្ត្រីឃុំជាមនុស្សស្អាតស្អំនិងធ្លាប់ជាប់ពន្ធនាគារដោយអយុត្តិធម៌ កាលពីឆ្នាំ២០១៩។
នគរបាលខេត្តកំពង់ធំបានចាប់ លោក ស៊ុន ប៊ុនថុន កាលពីដើមខែកញ្ញា ឆ្នាំ២០១៩ ដោយចោទលោកថា បានចែកចាយសារតាមបណ្ដាញសង្គមហ្វេសប៊ុក (facebook) ធ្វើឲ្យប៉ះពាល់ដល់របបក្រុងភ្នំពេញ។ តុលាការបានដោះលែងលោកវិញកាលពីថ្ងៃទី១៤ វិច្ឆិកាឆ្នាំដដែល ក្រោយមានបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឲ្យដោះលែងអ្នកនយោបាយនៃគណបក្សសង្គ្រោះជាតិវិញ។ តុលាការខេត្តកំពង់ធំបានចោទប្រកាន់លោកពីបទជេរប្រមាថអ្នករាជការសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងគម្រោងមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩។ ក្រោយការដោះលែងរហូតមក លោក ស៊ុន ប៊ុនថុន នៅតែជាប់បណ្ដឹងនៅតុលាការ និងត្រូវបង្ហាញមុខនៅនគរបាលប៉ុស្ដិ៍បារាយណ៍រាល់ខែ។
ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា អះអាងថា អ្នកជាប់ឃុំនីមួយៗមានសុខភាពខុសៗគ្នា ដូច្នេះមិនអាចយកករណីការស្លាប់នេះមកផ្សាភ្ជាប់នឹងការជាប់ឃុំឃាំងបាននោះទេ៖ «កត្តាដែលមនុស្សធ្លាក់ខ្លួនឈឺវាអាស្រ័យទៅលើ ទី១កត្តាបរិស្ថាន កត្តាអនាម័យ កត្តាម្ហូបអាហារ កត្តាផ្លូវចិត្ត។ ឥឡូវសួរថា អ្នកមាននៅក្រៅនេះគេមានសព្វមានគ្រប់តែគាត់មានជំងឺបាក់ទឹកចិត្តឬក៏គាត់មានបញ្ហាផ្លូវចិត្តនេះសួរថា តើគាត់មានសុខភាពល្អដែរទេ ? អាហ្នឹងកត្តាមនុស្សម្នាក់ៗវាខុសគ្នា។ មិនដឹងថា ជម្រាបថាម្ដេច ? បើថាខ្ញុំនិយាយរឿងពន្ធនាគារស្រុកខ្មែរស្តង់ដារអ្វីអ៊ីចឹងអ្វីអ៊ីចុះ យើងយកអ្វីមកវាស់ ?»។
ទោះជាយ៉ាងណា អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តកំពង់ធំ លោក សុក រដ្ឋា សង្កេតឃើញថា អ្នកជាប់ឃុំខ្លះមានសុខភាពមិនល្អដោយសារការគេងមិនគ្រប់គ្រាន់និងបរិយាកាសចង្អៀតណែនក្នុងពន្ធនាគារ ហើយអ្នកខ្លះទៀតអាចមានបញ្ហាសតិអារម្មណ៍ដោយសារការគិតពីបញ្ហាសង្គម និងគ្រួសារច្រើននៅពេលជាប់ឃុំ៖ «ជាទូទៅអាចថាគាត់មានការលំបាកច្រើនគាត់អ្វីអ៊ីចឹងទៅគួបផ្សំនឹងអាចថាគាត់មានជំងឺប្រចាំកាយខ្លះអ៊ីចឹងទៅ អាចធ្វើឲ្យសុខភាពគាត់មានការទ្រុឌទ្រោម ឬក៏សុខភាពរបស់គាត់ហ្នឹងពុំមានការត្រួតពិនិត្យអ្វីពីពេទ្យបច្ចេកទេសអ្វីច្បាស់លាស់ថែទាំសុខភាព ឬទាល់តែមានការត្រួតពិនិត្យជាប្រចាំអ្វីទៅ»។
កាលពីពេលជាប់ឃុំក្នុងពន្ធនាគារជាង ២ខែ ឆ្មាំពន្ធនាគារខេត្តកំពង់ធំបានឲ្យ លោក ស៊ុន ប៊ុនថុន ដេកនៅចំច្រកចេញចូលបង្គន់ហើយបរិយាកាសក្នុងបន្ទប់ឃុំឃាំងទៀតសោត គឺហប់គ្មានខ្យល់ចេញចូលគ្រប់គ្រាន់ទេ។ លោក ស៊ុន ប៊ុនថុន ក៏គ្មានលុយទិញកង្ហារដាក់ដែរពេលនោះ។ លោកត្រូវដេកក្នុងបរិយាកាសក្ដៅស្អុះស្អាប់ច្រើនថ្ងៃទើបសាច់ញាតិមានលទ្ធភាពទិញកង្ហារយកទៅផ្ញើ។ នេះបើតាមការអះអាងរបស់អ្នកជាប់ឃុំជាមួយ លោក ស៊ុន ប៊ុនថុន។ ប្រភពដដែល ឲ្យដឹងទៀតថា មន្ត្រីបក្សប្រឆាំងរូបនេះមិនសូវមានលទ្ធភាពទិញអាហារ ឬហៅថាបាយដាក់ខែនៅក្នុងពន្ធនាគារទេ។ ខែខ្លះ លោក ស៊ុន ប៊ុនថុន ត្រូវបង្ខំចិត្តហូបបាយរបបពន្ធនាគារ ដែលមានក្លិនឆ្អាប និងគ្មានជីវជាតិគ្រប់គ្រាន់។
ករណីសកម្មជនបក្សប្រឆាំងធ្លាក់ខ្លួនឈឺ និងខ្លះឈឺរហូតដល់ស្លាប់ ក្រោយចេញពីពន្ធនាគារបែបនេះ បានកើតមានជាហូរហែ។ ជាឧទាហរណ៍ លេខាយុវជនគណបក្សសង្គ្រោះជាតិនៅខណ្ឌដូនពេញ លោក យា ថុង បានស្លាប់កាលពីឆ្នាំ២០១៩ ដោយសារជំងឺរលាកឆ្អឹងខ្នង។ លោកបានជាប់ពន្ធនាគារជាងបីឆ្នាំ គឺចន្លោះពីឆ្នាំ២០១៥ ដល់២០១៨ ក្រោមបទចោទចូលរួមចលនាកុប្បកម្ម។ រីឯសកម្មជនបក្សប្រឆាំងម្នាក់ទៀត គឺអនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំលោក ស៊ូ យាន ក៏ធ្លាប់អះអាងថា លោកបានធ្លាក់ខ្លួនឈឺក្រោយពេលជាប់ឃុំ ១ឆ្នាំ កាលពីឆ្នាំ២០១៩ ដោយសារភាពចង្អៀតណែនរបបអាហារមិនគ្រប់គ្រាន់ និងការជក់បារីក្នុងបន្ទប់ឃុំឃាំងនៃពន្ធនាគារខេត្តត្បូងឃ្មុំ។
កាលពីខែមិថុនា ក្រុមអង្គការសង្គមស៊ីវិលចំនួន២០ ស្ថាប័ន ទាមទារឲ្យតុលាការ និងរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការដែលត្រូវបានគេចាប់ដាក់គុកដោយសារតែការបញ្ចេញមតិដោយសន្តិវិធីទាក់ទងនឹងរឿងនយោបាយ សង្គម ឬជំនឿសាសនា។ ក្រុមសង្គមស៊ីវិលព្រួយបារម្ភថាអ្នកទោសមនសិការទាំងនោះនឹងប្រឈមហានិភ័យឆ្លងជំងឺកូវីដ១៩(Covid-19) ឬធ្លាក់ខ្លួនឈឺដោយសារការឃុំឃាំងក្នុងភាពចង្អៀតណែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។