ភរិយា​របស់​អតីត​បុគ្គលិក​អាស៊ីសេរី​២​នាក់​ទាមទារ​ឲ្យ​ដោះលែង​ស្វាមី​ខ្លួន​ដោយ​គ្មាន​លក្ខខណ្ឌ

ដោយ សេក បណ្ឌិត
2018.05.14
យាង សុជាមេត្តា អ៊ួន ឈិន ៦២២ អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
Photo: RFA

នៅ​ក្នុង​ខួប​៦​ខែ នៃ​ការ​ឃុំខ្លួន យ៉ាង​អយុត្តិធម៌ លើ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ អតីត​អ្នក​​យក​ព័ត៌មាន​អាស៊ីសេរី ដោយ​រក​មិន​ឃើញ​បទល្មើស​ដូច​ការចោទប្រកាន់​នោះ ក្រុម​គ្រួសារ​អ្នក​ទាំងពីរ ទាមទារ​ឲ្យ​របប​លោក​ហ៊ុន សែន និង​តុលា​ការដែល​គ្រប់គ្រង​ដោយ​របប​នេះ ដោះលែង​ពួកគេ​ជាបន្ទាន់ ដោយ​ឥត​លក្ខខណ្ឌ។

ចំណែក​អង្គការ​សង្គម​ស៊ីវិលជាតិ និង​អន្តរជាតិ ដែល​ធ្វើ​ការ​ផ្នែក​លើក​ស្ទួយ​សិទ្ធិមនុស្ស និង​ផ្នែក​វិស័យ​សារព័ត៌មាន គាំទ្រ​ចំពោះ​ការ​អំពាវនាវ​នេះ ដោយ​ផ្អែកលើ​ទិដ្ឋភាព​ជាក់ស្ដែង និង​ទិដ្ឋភាព​ច្បាប់។

ភរិយា​របស់ លោក អ៊ួន ឈិន អតីត​អ្នកគ្រប់គ្រង​ផ្នែក​វីដេអូ និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា អតីត​និពន្ធ​នាយក​អាស៊ីសេរី បាន​រៀប​រាប់ទាំង​អួល​ដើមករ ប្រឹង​ទប់ទឹក​ភ្នែក​កុំ​ឲ្យ​ស្រក់​ចុះ ប៉ុន្តែ​កម្សួល​នៃ​ភាព​ខ្លោចផ្សា ដែល​ទំ​ជាប់​ក្នុង​ទ្រូង​អស់​រយៈពេល​៦​ខែ​មក​ហើយ ដោយ​ប្ដី​ជាប់ឃុំ ព្រាត់ប្រាស​ក្រុម​គ្រួសារ​នោះ ធ្វើ​ឲ្យ​ពួកគាត់​មិន​អាច​ទប់ទឹក​ភ្នែក​បាន​ឡើយ។

ទោះ​យ៉ាងណា​ក៏ដោយ ពួកគាត់​ខំប្រឹង​សម្រួល​អារម្មណ៍ ដើម្បី​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ថា​ក្នុង​អំឡុង​ពេលនេះ​ស្ថានភាព​ជីវិត​គ្រួសារ​គាត់ រស់នៅ​ក្នុង​ភាព​ខ្មៅ​ងងឹត ឈឺចាប់ វេទនា គ្រប់​បែបយ៉ាង​ទាំង​ផ្លូវ​អារម្មណ៍ បញ្ហា​ជីវភាព​គ្រួសារ ព្រមទាំង​ដំណើរ​ជីវិត​ទៅ​មុខ​ទៀត។ គ្រួសារ​អ្នក​ទាំងពីរ​ថា ពួកគាត់​មិនដែល​បាន​ជួប​នូវ​ស្ថានភាព​ប្រថុចញ៉ុច​បែបនេះ​ម្តង​ណា​ឡើយ ក្នុង​ដំណើរ​ជីវិត​កន្លងមក។

ភរិយា​លោក អ៊ួន ឈិន គឺ​អ្នកស្រី ហេង ស៊ីណា មាន​ប្រសាសន៍​ថា ការ​ចាប់​ឃុំខ្លួន ស្វាមី​របស់​គាត់​នោះ គឺជា​រឿង​អយុត្តិធម៌​បំផុត៖ «ដល់​ពេល​គាត់​អ៊ីចឹង​អស់​ភាព​កក់ក្ដៅ ព្រាត់ប្រាស​ប្រពន្ធ​កូន សូម្បីតែ​បងប្រុស​គាត់ ពេល​ឃើញ​ប្អូន​អ៊ីចឹង គាត់​ស្រក់​ទឹកភ្នែក អាណិត​ប្អូន​ពេក​…​ខ្ញុំ​គ្រាន់តែ​ចង់​រស់នៅ​ជុំ​គ្រួសារ ផ្ដល់​ភាព​កក់ក្ដៅ​ដល់​កូនចៅ មាន​ជីវភាព​សមរម្យ​ដូច​ប្រជាជន​ទូទៅ​ដែរ សូម​ឲ្យ​តុលាការ អង្គការ​ជាតិ និង​អន្តរជាតិ​ជួយ​ដល់​គ្រួសារ​ខ្ញុំ​ផង ព្រោះ​គាត់​អត់​ការងារ​ធ្វើ​គាត់​ទៅ​បើកមុខ​របរ​រកស៊ី​ចិញ្ចឹម​គ្រួសារ គាត់​មាន​ទៅ​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​អី​ណា ហើយ​មក​ចាប់​គាត់​អ៊ីចឹង វា​អយុត្តិធម៌​សម្រាប់​គ្រួសារ​ខ្ញុំ​ណាស់»

ក្រោយពី​អាស៊ីសេរី​បិទ​ការិយាល័យ​នៅ​ភ្នំពេញ​កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៧ លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ បាន​ផ្ដាច់​កុងត្រា ឬ​កិច្ច​ព្រមព្រៀង​ការងារ​ជាមួយ​អាស៊ីសេរី ដូច​មិត្ត​រួមការ​ងារ​ក្នុងស្រុក​ដទៃ​ទៀត​ដែរ។ អស់​ការងារ​ជា​អ្នកកាសែត​ទៀត​ហើយ​នោះ លោក អ៊ួន ឈិន ក៏​បាន​រៀបចំ​បង្កើត​ស្ទូឌីយោ (Studio) តូច​មួយ ជា​អាជីវកម្ម​ខ្នាត​តូច នៅ​ផ្ទះ​សំណាក់ ម៉ារាឌី ក្នុង​ខណ្ឌ​មានជ័យ ក្រុងភ្នំពេញ ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីតាំង​អតីត​ការិយាល័យ​អាស៊ីសេរី​នោះ​ឡើយ សម្រាប់​ប្រើប្រាស់​ស៊ីឈ្នួល​ថត​ចម្រៀង​ខារ៉ាអូខេ មង្គលការ និង​ពិធី​ផ្សេងៗ។

នៅ​ព្រលប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ សមត្ថកិច្ច​រដ្ឋបាល​ខណ្ឌ​មានជ័យ បាន​ចុះទៅ​ឆែកឆេរ​ស្ទូឌីយោ​របស់​លោក អ៊ួន ឈិន។ ពេល​ឃើញ​ក្រុម​សមត្ថកិច្ច​ច្រើន​នាក់​សម្រុកចូល​ឆែកឆេរ​ក្នុង​បន្ទប់​ខ្លួន លោក អ៊ួន ឈិន ដែល​ពេលនោះ​នៅតែ​ម្នាក់ឯង ក៏បាន​ទូរស័ព្ទ​ហៅ​លោក យាង សុធារិន្ទ ដែល​រស់នៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​ឲ្យ​មក​បានជា​គ្នា និង​ជួយ​បកស្រាយ​ប្រាប់​សមត្ថកិច្ច​អំពី​ការងារ និង​មុខរបរ​រកស៊ី​ថ្មី​របស់​គាត់។ ប៉ុន្តែ​ពេល​លោក យាង សុធារិន្ទ ទៅ​ដល់ សមត្ថកិច្ច​បាន​ចាប់​ទាំង​លោក យាង សុធារិន្ទ ទៀត។

នៅ​ក្នុង​កំណត់ហេតុ​ឆែកឆេរ​របស់​សមត្ថកិច្ច​រដ្ឋបាល​ខណ្ឌ​មានជ័យ ដឹកនាំ​ដោយ​លោក ឌី រ័ត្នខេមរុណ អភិបាល​រង​ខណ្ឌ ចុះ​កាលបរិច្ឆេទ ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដំបូង​ឡើយ គ្រាន់តែ​ព្រមាន​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ថា ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន ក្រសួង​វប្បធម៌ និង​ក្រសួងពាណិជ្ជកម្ម ឲ្យ​បាន​រួចរាល់​សិន​ទើប​អនុញ្ញាត​ដំណើរការ​ស្ទូឌីយោ​របស់​ខ្លួន​បាន។

ប៉ុន្តែ​ស្ថានភាព​ត្រឹម​ព្រមាន​អោយ​សុំ​លិខិតអនុញ្ញាត បាន​ប្រែប្រួល​នៅ​ពេល​ព្រះរាជអាជ្ញា​រង អ៊ុំ សុភ័ក្ត បង្ហាញ​មុខ ហើយ​អ្នក​ទាំងពីរ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ស្នងការ​នគរបាល​ក្រុងភ្នំពេញ។ ពីរ​ថ្ងៃ​បន្ទាប់​មក​គឺ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ព្រះរាជអាជ្ញា​លោក សេង ហៀង បាន​ចោទ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ពី​បទ​ប្រគល់​អោយ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន ជាអាទិ៍​ដែល​អាច​ធ្វើ​អោយ​អន្តរាយ​ការ​ការពារ​ជាតិ ដែល​ជា​បទល្មើស​ឧក្រិដ្ឋ។

គិត​ចាប់ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មក​ដល់​ត្រឹម ថ្ងៃទី១៤ ខែ​ឧសភា ឆ្នាំ​២០១៨ មាន​រយៈពេល​៦​ខែ​ហើយ ដែល​តុលាការ​ចាប់​ឃុំ​ខ្លួន លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ដោយ​មិន​មាន​ការ​ជំនុំជម្រះ​នៅឡើយ។

ប៉ុន្តែ​កន្លះ​ឆ្នាំ​កន្លង​មក​នេះ ទាំង​ព្រះរាជអាជ្ញា និង​ចៅក្រម​ស៊ើបសួរ​មិនទាន់​អាច​បង្ហាញ​ភស្តុតាង​ណាមួយ ដែល​បញ្ជាក់​ថា អ្នក​ទាំងពីរ​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​នោះ​នៅឡើយ។ រដ្ឋធម្មនុញ្ញ​កម្ពុជា តម្រូវ​អោយ​មាន​ការ​ជំនុំជម្រះ​ជនជាប់ចោទ​អោយ​បាន​ឆាប់រហ័ស​បំផុត ដើម្បី​ការពារ​ជន​ស្លូតត្រង់ និង​ជៀសវាង​ការ​ឃុំខ្លួន​មនុស្ស​តាម​អំពើ​ចិត្ត​ដោយ​អ្នក​កាន់​អំណាច។ ដោយ​មូលហេតុ​ទាំងនេះ​ហើយ​ទើប​ភរិយា លោក យាង សុធារិន្ទ គឺ អ្នកស្រី ឡាំ ចន្ថា អំពាវ​ឲ្យ​របប​លោក​ហ៊ុន សែន និង​តុលា​ការដែល​ស្ថិត​នៅ​ក្រោម​របប​នេះ ដោះលែង​ស្វាមី​របស់​គាត់ ឲ្យ​មាន​សេរីភាព​វិញ ព្រោះ​ក្នុង​រយៈពេល​កន្លងមក​នេះ គ្រួសារ​គាត់​បាត់បង់​អស់ហើយ នូវ​សេរីភាព សុភមង្គល រស់​បែក​កូន​តូចៗ គ្មាន​ផ្ទះសម្បែង​ជ្រកកោន​ឡើយ ព្រោះ​កាលពី​ប្ដី​នៅ​មាន​ការងារ​ធ្វើ មាន​លុយកាក់​ខ្លះ​សម្រាប់​ជួល​ផ្ទះ​គេ​ស្នាក់នៅ​ជុំ​គ្នា ប៉ុន្តែ​ក្រោយពី​ប្ដី​ជាប់ឃុំ ពួកគាត់​គ្មាន​ចំណូល​អ្វី​ទាល់តែសោះ មានតែ​ចំណាយ​ថែម​ទ្វេដង ដោយ​ត្រូវ​ចំណាយ​លើ​ការ​ផ្គត់ផ្គង់​ផ្សេងៗ​សម្រាប់​ប្ដី​នៅ​ក្នុង​ពន្ធនាគារ​ថែម​ទៀត ដូចជា​ការ​ហូបចុក ថ្នាំ​សង្កូវ មធ្យោបាយ​ធ្វើដំណើរ​ចុះឡើង និង​ការ​ចំណាយ​លើ​ការ​បំពេញ​បែបបទ ក្រដាស​ស្នាម ពេល​ទៅ​សួរសុខទុក្ខ​ម្ដងៗ​ជាដើម។

អ្នកស្រី ឡាំ ចន្ថា បន្ត​ថា ក្រោយពី​អត់​បង្គោល​គ្រួសារ គាត់​និង​កូន​តូច​ពីរ​នាក់ ត្រូវ​ចាកចោល​ផ្ទះ​ជួល​ដែល​ធ្លាប់​រស់នៅ​ជុំ​គ្នា​ប្តី​ប្រពន្ធ​កូន​ដោយ​សុខសាន្ត​កន្លងមក​នោះ ក៏​នាំគ្នា រត់​ទៅ​ផ្ញើ​ខ្លួន​នឹង​ផ្ទះ​បងប្អូន​បណ្ដោះអាសន្ន​ទាំង​លំបាក​វេទនា៖ «ពិបាក​ខ្លាំង​ណាស់ រក​អី​និយាយ​មិនបាន ម្យ៉ាង​ខ្ញុំ​អត់​ទាន់​មាន​ផ្ទះ​មាន​សម្បែង​អ្វី​ទាំងអស់ ពេល​គាត់​មានរឿង​ខ្ញុំ​រត់​ទៅផ្ទះ​បងថ្លៃ​បន្តិច ទៅ​នៅ​ជាមួយ​បងស្រី​បន្តិច​ទៅ វា​មិនដែល​ស្រួល​ដូច​នៅ​ជុំ​គ្នា​ប្តី​ប្រពន្ធ​ទេ ណាមួយ​ខ្ញុំ​អាណិត​កូន​ខ្ញុំ​វា​នៅ​តូច​…​សំណូមពរ​ឲ្យ​គាត់​គិត​ពិចារណា​អំពី​ការ​ព្រាត់​ប្តី​ប្រពន្ធ និង​កូន​នោះ​គាត់​គួរតែ​យល់​ហើយ គាត់​ល្មម​ដោះលែង​គ្រួសារ​ខ្ញុំ​ឲ្យ​មាន​សេរីភាព​វិញ​ហើយ»

ទាក់ទង ការ​ស្នើសុំ​របស់​ក្រុម​គ្រួសារ លោក អួន ឈិន និង​លោក យាង សុធារិន្ទ អ្នកនាំពាក្យ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់អំណាច​ជាង ៣០​ឆ្នាំ​មក​ហើយ លោក សុខ ឥសាន មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១០ ឧសភា​ថា ការ​សម្រេច​បែប​ណា​លើ​សុំ​រឿង​នេះ គឺ​អាស្រ័យ​លើ​ការស៊ើបអង្កេត​របស់​សមត្ថកិច្ច​តុលាការ៖ «ខ្ញុំ​យល់ថា​មិនមែន​អត់​ហេតុផល​ទេ ចំពោះ​ការ​ឃុំខ្លួន​អ្នក​ទាំងពីរ​នាក់​ហ្នឹង​សុំ​ឲ្យ​លោកស្រី​ជា​ភរិយា គ្រួសារ​យល់​អំពី​បញ្ហា​ហ្នឹង បញ្ហា​នេះ​ជា​ការ​ប្រឈម​នឹង​ច្បាប់ ហើយ​រឿង​នៅ​តុលាការ​វា​ច្រើន ដូច្នេះ​វា​អាច​អូស​បន្លាយពេល»

ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប​ផ្សេងទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ធ្លាប់​បាន​បង្ហើប​អោយ​ដឹង​ថា ការ​ចាប់​លោក យាង សុធារិន្ទ គឺ​ដោយសារ​គាត់​បាន​បង្ហាញ​ខ្លួន​ខុស​កន្លែង និង​ខុស​ពេល ហើយ​ដោយសារតែ​អាជ្ញាធរ​ជ្រុល​បាន​ចាប់ខ្លួន​ហើយ​ត្រូវ​អោយ​ជាប់ឃុំ​សិន​ចុះ។ នេះ​ជា​ការ​បញ្ជាក់​អំពី​ការ​ចាប់ខ្លួន​មនុស្ស​តាម​អំពើ​ចិត្ត​ដោយ​មិន​ផ្អែកលើ​គតិយុត្តិ​សោះឡើយ។

ទាក់ទង​បញ្ហា​នេះ​ដែរ លោក ប៉ា ងួន ទៀង នាយក​មជ្ឈមណ្ឌល កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ​(CCIM) មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​១០ ឧសភា​ថា ការ​ចាប់ខ្លួន អតីត​អ្នក​យកព័ត៌មាន​អាស៊ីសេរី​ពីរ​រូប​នោះ គឺ​អាច​មាន​ចេតនាពីរ ទី​មួយ​គឺជា​ការ​បន្លាច ចង់​បំបិទ​សំឡេង​អ្នកសារព័ត៌មាន​ឯករាជ​មិន​ត្រឹមតែ​ពីរ​នាក់​នេះ​ទេ គឺជា​ករ​បំភិតបំភ័យ​ដល់​អ្នកសារព័ត៌មាន​ឯករាជ​ជាច្រើន​ផ្សេងទៀត ដូច​គេ​តែង​និយាយ​ថា អារក​មាន់ បន្លាច​ស្វា។ ចេតនា​ទី​ពីរ គឺជា​ការ​ធ្វើ​ទារុណកម្ម ដោយ​ប្រយោល ដោយ​យក​លេស ឬ​ហេតុផល​ផ្សេងៗ​ដើម្បី​បិត​បាំង​នូវ​អំពើ​ទារុណកម្ម​នេះ៖ «ទី​មួយ​គួរតែ​ដោះលែង​ពួកគាត់​ហើយ បើ​មិន​ដោះលែង​ទេ គឺ​បង្ហាញ​ពី​ភាព​អសីលធម៌ និង​អំពើ​ឃោរឃៅ របស់​រដ្ឋាភិបាល​ដែល​បន្ត​ឃុំខ្លួន​មនុស្ស​ដោយ​អត់​មានទោស»

ក្រោយ​ការ​ឃុំខ្លួន អតីត​បុគ្គលិក​អាស៊ីសេរី​ទាំងពីរ​រូប​នោះ អង្គការ​ជាតិ និង​អន្តរជាតិ ជាច្រើន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ប្រឆាំង​នឹង​ករណី​នេះ​ជា​បន្តបន្ទាប់ ដោយ​ចាត់ទុកថា ជា​ការ​គាប់​សង្កត់​លើ​សេរីភាព​បញ្ចេញមតិ​ដែល​ធានា​ដោយ​ច្បាប់​កម្ពុជា។

សហគមន៍​ក្នុង​ស្រុក អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អង្គការ​អន្តរជាតិ ដូច​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporter Without Border) អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អង្គការAmnesty International ជាដើម បាន​ហៅ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ថា ជា​អ្នកទោស​មនសិការ។

អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) បាន​ធ្វើ​យុទ្ធនាការ​កាលពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ រហូតដល់​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៨ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី ទាំងពីរ​នាក់​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស។

ក្នុង​យុទ្ធនាការ​នេះ អង្គការ​លើកលែងទោស​អន្តរជាតិ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំងអស់​រួមគ្នា​សរសេរ​លិខិត​អំពាវនាវ​ជា​ភាសា​ខ្មែរ ឬ​ភាសា​អង់គ្លេស​ក៏បាន ដោយ​ទី​មួយ​ទាមទារ ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​លោក អ៊ួន ឈិន និង​លោក​យាង សុធារិន្ទ ដែល​ជា​អ្នកទោស​មនសិការ​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ និង​ត្រូវ​ទម្លាក់​ចោល​រាល់​បទចោទប្រកាន់​មក​លើ​ពួកគាត់​ទាំងអស់។ ចំណែក​ក្រុម​អ្នកសារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ដែល​ស្រលាញ់​សេរីភាព​សារព័ត៌មាន និង​មាន​សមានចិត្ត​ចំពោះ​អ្នកកាសែត​គ្នាឯង​នោះ បាន​បង្ហាញ​ពី​សាមគ្គីភាព និង​ជម្នះ​ការ​បន្ទច់បង្អាក់​ទាំងឡាយ ព្រមទាំង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​ផង​នោះ ចេញ​លិខិត​ចំហ​រួមគ្នា​ជា​បន្តបន្ទាប់ ស្នើ​ឱ្យ​តុលាការ​គ្រប់​លំដាប់​ថ្នាក់​ពិចារណា​លើកលែង​បទចោទប្រកាន់​លើ​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី​ទាំង​ពីរ​រូប​នោះ​ដែរ។

ទាក់ទង​ស្ថានភាព​នៅ​ក្នុង​ពន្ធនាគារ​វិញ អ្នកស្រី ហេង ស៊ីណា ភរិយា​លោក អួន ឈិន ប្រាប់​ថា ស្វាមី​គាត់ និង​លោក យាង សុធារិន្ទ ត្រូវ​គេ​ឃុំ​ដាច់​ដោយ​ឡែក​ពី​គ្នា ប៉ុន្តែ​បន្ទប់​ជិត​គ្នា។

អ្នកស្រី​ថា អ្នក​ទាំងពីរ​បាន​ស្រក់​ចុះ​ទម្ងន់​ស្គម​ស្លេកស្លាំង​ជា​បន្តបន្ទាប់ ពិបាក​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ខណៈ​ស្ថិត​ក្នុង​បន្ទប់​ណែន​ចង្អៀត ដេក​គ​លើ​គ្នា ថែមទាំង​មាន​ជំងឺ​ដូចជា​រមាស់ និង​រាករូស​ទៀត​ផង៖ «ស្គម​ណាស់ ធារិន្ទ ក៏​ស្គម គាត់ (អ៊ួន ឈិន) ក៏​ស្គម មិន​ស្រួល​ឯណា​នៅ​ក្នុង​ហ្នឹង ដេក​គរ​លើ​គ្នា​ដូច​កន្លែង​នរក​អ៊ីចឹង យ៉ាប់ៗ​មែនទែន»

ចំណែក​គ្រួសារ លោក យាង សុធារិន្ទ វិញ ពួកគាត់​ទាំងពីរ​នាក់​ប្តី​-​ប្រពន្ធ បាន​ព្យាយាម​មិន​ប្រាប់​ឲ្យ​កូន​ដឹង​ថា ឪពុក​របស់​គេ​កំពុងតែ​ជាប់ពន្ធនាគារ​នោះ​ទេ ដូច្នេះ​ហើយ​ពេល​យក​កូន​ទៅ​ជួប​ឪពុក​នៅ​ពន្ធនាគារ​ម្តងៗ​កូន​ចេះតែ​ឆ្ងល់ ថា​ហេតុអ្វី​បាន​ប៉ា​ជា​នៅ​ក្នុង​បន្ទប់​កញ្ចក់ ពេលខ្លះ​ឃើញ​ស្ថិត​នៅ​ក្នុង​បន្ទប់​ហ៊ុមព័ទ្ធ​ដោយ​ចម្រឹង​ដែក​យ៉ាង​ដូច្នេះ...? ហេតុអ្វី​បានជា​ប៉ា​មិន​ចេញ​មក​ថើប បី​ត្រកង ប្រលែង​លេង​ជាមួយ​ពួកគេ​ដូច​កាលពីមុន​អ៊ីចឹង...»

អ្នកស្រី ឡាំ ចន្ថា ភរិយា​លោក យាង ធារិន្ទ បាន​ឲ្យ​ដឹង​ថា កូនស្រី​ពៅ​គាត់​អាយុ​៨​ឆ្នាំ តែងតែ​ខឹង​សម្បា និង​ចង់​រកមុខ​អ្នកណា​ដែល​រារាំង​ឪពុក និង​កូន មិន​ឲ្យ​ស្និត​ស្នាល​យ៉ាងណា​ដូច្នេះ៖ «កូនស្រី​ខ្ញុំ​ហ្នឹង​គេ​ដេក​យំ ខ្ញុំ​សួរ​ថា​ហេតុ​អី​បាន​យំ…? គេ​ថា​កូន​នឹក​ប៉ា​ណាស់…! ខ្ញុំ​ថា បើ​នឹក​ប៉ា​កូន​ខំ​រៀន​ទៅ គេ (កូនស្រី) ថា កូន​ខំ​រៀន​…​ហើយ​គេ​ថា កូន​រាល់ថ្ងៃ​ខំ​បន់​ណាស់ កូន​អុជ​ធូប​បន់​ថា បើ​អ្នកណា​បំផ្លាញ​គ្រួសារ​កូន សុំ​ឲ្យ​វារ​លាយ…»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។