ក្រុម​អង្គការ​អន្តរជាតិ​ចំនួន​៥​ទាមទារ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​បែប​ប្រឌិត​ប្រឆាំង​នឹង​មន្ត្រី​សិទ្ធិមនុស្ស

មាន ឫទ្ធិ
2018-08-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពី​ឆ្វេង​ខាងលើ៖ មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី  លោក ណៃ វ៉ង់ដា និងលោក នី សុខា។ អ្នក​ទាំង​​៥ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ពី​បទ​សូក​ប៉ាន់សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី។
អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពី​ឆ្វេង​ខាងលើ៖ មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក នី សុខា។ អ្នក​ទាំង​​៥ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ពី​បទ​សូក​ប៉ាន់សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី។
RFA

ក្រុម​អង្គការ​អន្តរជាតិ​ចំនួន​៥ ក្នុង​នោះ​មាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ( Human Rights Watch) អង្គការ​សម្ពន្ធភាព​ពិភពលោក​សម្រាប់​ការចូលរួម​របស់​ពលរដ្ឋ ( CIVICUS ) អង្គការ​បណ្ដាញ​អាស៊ី​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី ( ANFREL ) អង្គការ​សម្ព័ន្ធ​សារព័ត៌មាន​អាស៊ីអាគ្នេយ៍ ( SEAPA ) និង​អង្គការ​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ( APHR ) ស្នើ​ឲ្យ​របប​ក្រុងភ្នំពេញ ទម្លាក់​ចោល​ជាបន្ទាន់ នូវ​បទ​ចោទ​ដែល​មាន​ចរិត​នយោបាយ ស្ដីពី​ការ​សូកប៉ាន់​សាក្សី ប្រឆាំង​នឹង​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​របស់​សមាគម​អាដហុក (Adhoc) ៥​រូប ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ភាសា​អង់គ្លេស​ថា ADHOC 5 តាមរយៈ​យុទ្ធនាការ​នៅ​លើ​បណ្ដាញ​សង្គម។

ក្នុងចំណោម​មន្ត្រី​សមាគម​អាដហុក ៥​រូប​នេះ ៤ រូប​បច្ចុប្បន្ន​ជា​មន្ត្រី​បម្រើការ​ឲ្យ​អង្គការ​អាដហុក រួមមាន​លោក ណៃ វ៉ង់ដា លោក នី សុខា លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុនី និង​មន្ត្រី​ម្នាក់ទៀត​គឺ​លោក នី ចរិយា ជា​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​អាដហុក បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ..ប។ តុលាការ​គ្រោង​បើក​សវនាការ​លើ​បណ្ដឹង​ប្រឆាំង​នឹង​ពួកគេ​បី​រូប គឺ​លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​លោក នី ចរិយា នៅ​ថ្ងៃ​ចន្ទ ទី២៧ ខែ​សីហា ស្អែក​នេះ បន្ទាប់ពី​បាន​ផ្អឹប​ទុក​សំណុំ​រឿង​នេះ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក។ ប្រសិនបើ​តុលាការ​រក​ឃើញ​ថា ពួកគេ​មានទោស នោះ​ពួកគេ​ម្នាក់ៗ​អាច​ជាប់​ពន្ធនាគារ​រវាង​ពី​ចន្លោះ ៥ ទៅ ១០ឆ្នាំ។

លោក ហ្វីល រ៉ូប៊ើតសុន ( Phil Robertson ) នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ( Human Rights Watch ) ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​របស់​អង្គការ​ទាំង ៥​នេះ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី២៦ សីហា ថា សំណុំរឿង​ប្រឆាំង​នឹង​មន្ត្រី​អាដហុក​ទាំង ៥​រូប​នេះ តំណាង​ឲ្យ​អំពើ​យាយី​តាម​ផ្លូវ​ច្បាប់ ដែល​ក្រុម​សកម្មជន និង​អ្នកការពារ​សិទ្ធិមនុស្ស ត្រូវ​ប្រឈម ដោយសារតែ​ពួកគេ​ហ៊ាន​តស៊ូ​ដើម្បី​ស្វែងរក​យុត្តិធម៌ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក ហ្វីល រ៉ូប៊ើតសុន ថ្លែង​ថា ដោយ​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ត្រលប់​ទៅជា​រដ្ឋ​គ្រប់គ្រង​តាម​បែប​ឯកបក្ស ឥឡូវនេះ រដ្ឋាភិបាល​កម្ពុជា ទំនង​ជា​មាន​ចេតនា​ចង់​បំផ្លាញ​ក្រុម​អង្គការ​សង្គម​ស៊ីវិល។

ដោយឡែក លោក ឆាល សាន់ទីយ៉ាហ្គោ ( Charles Santiago ) ប្រធាន​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស និង​ជា​តំណាងរាស្ត្រ​ម៉ាឡេស៊ី ថ្លែង​ថា សំណុំ​រឿង​នេះ គឺ​គ្រាន់តែ​ជា​ឧទាហរណ៍​ជាក់ស្ដែង​តូច​មួយ នៃ​ស្ថានការណ៍​ទាំងមូល​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស ត្រូវ​ប្រឈមមុខ​ខ្លាំង។ លោក​បន្ត​ថា អាជ្ញាធរ​កម្ពុជា គួរតែ​បញ្ឈប់​ការប៉ុនប៉ង​របស់​ពួកគេ ក្នុង​ការ​បំបិទមាត់​ក្រុម​សកម្មជន និង​អង្គការ​សង្គមស៊ីវិល។

បន្ថែម​ពីលើ​នេះ មន្ត្រី​អង្គការ​សម្ពន្ធភាព​ពិភពលោក​សម្រាប់​ការចូលរួម​របស់​ពល​រដ្ឋ ( CIVICUS ) លោក David Kode មាន​ប្រសាសន៍ថា អាជ្ញាធរ​កម្ពុជា ត្រូវ​ធានា​ថា អង្គការ​សង្គម​ស៊ីវិល អាច​បំពេញ​សកម្មភាព​ស្របច្បាប់​របស់​ពួកគេ ដោយ​គ្មាន​ការភ័យខ្លាច ឬ​ការរារាំង​មិន​ត្រឹមត្រូវ​ណាមួយ ការ​បង្ក​ឧបសគ្គ ឬ​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ​នោះ​ឡើយ។ ការ​ធានា​នេះ​រួមមាន ការ​លុបចោល​វិធានការណ៍​ផ្លូវច្បាប់ និង​គោលនយោបាយ​នានា ដែល​បាន​ដាក់​កម្រិត​ដោយ​ពុំ​សម​ហេតុផល ទៅលើ​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ និង​ការ​ជួប​ប្រជុំ​ជាដើម។

លោក ណៃ វ៉ង់ដា លោក នី សុខា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និង​លោក នី ចរិយា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៦ ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី តាម​មាត្រា ៥៤៨ និង​បទ​សមគំនិត​សូកប៉ាន់​សាក្សី តាម​មាត្រា ២៩ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ជុំវិញ​ការចោទប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។ អ្នក​ទាំង​៥ ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ​២០១៧ ក្រោយ​ពី​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​អស់​រយៈពេល ៤២៧ ថ្ងៃ រួចមក ខណៈ​សំណុំរឿង​របស់​ពួកគេ​មិន​ត្រូវ​បាន​តុលាការ​ទម្លាក់​ចោល​ឡើយ។

ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស មន្ត្រី​ការទូត និង​សកម្មជន​នានា ចាត់​ទុក​សំណុំ​រឿង​នេះ ថា មាន​ចរិត​នយោបាយ។ សំណុំរឿង​ប្រឆាំង​នឹង​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​ទាំង ៥ រូប​នេះ ទទួលរង​នូវ​ការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ។ កាលពី​ខែ​មេសា ឆ្នាំ​២០១៧ ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ទាំង ៥​នេះ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ទទួល​ពានរង្វាន់ Martin Ennals Award ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​ពានរង្វាន់​ណូបែល​សម្រាប់​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស។

កាលពី​ឆ្នាំ​២០១៦ ក្រុមការងារ​របស់​អង្គការសហប្រជាជាតិ ស្ដីពី​ការ​ឃុំ​ខ្លួន​តាម​ទំនើងចិត្ត បាន​ប្រកាស​ថា ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន មុន​អង្គ​សេចក្ដី​ប្រឆាំង​នឹង​អ្នក​ទាំង ៥ រូប​នេះ គឺជា​អំពើ​ឃុំខ្លួន​តាម​ទំនើងចិត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល