គណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលកំពុងអង្កេតការរំលោភសិទ្ធិមនុស្សនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ
2022.12.23

មន្ត្រីគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាល កំពុងធ្វើការអង្កេតករណីរំលោភសិទ្ធិមនុស្សនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ក្រោយអង្គការលីកាដូ (Licadho) រកឃើញថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅទីនោះ។ មន្ត្រីសិទ្ធិមនុស្សស្នើទៅរដ្ឋាភិបាលធ្វើការស្រាវជ្រាវករណីនេះដោយតម្លាភាព ដើម្បីរកឱ្យឃើញការពិតដែលបានកើតឡើងនៅមណ្ឌលព្រៃស្ពឺ ដែលនឹងឈានទៅការកែលម្អឱ្យមានការគោរពសិទ្ធិមនុស្សឡើងវិញ។
ក្រុមមន្ត្រីជំនាញមន្ត្រីគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាល បានចុះទៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺហើយពេលនេះ ដើម្បីស្រាវជ្រាវឱ្យដឹងថា នៅទីនោះមានការរំលោភសិទ្ធិមនុស្សដូចការរកឃើញរបស់អង្គការលីកាដូដែរឬយ៉ាងណា?។ ទោះយ៉ាងណា ស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាលមួយនេះមិនទាន់បង្ហាញតម្រុយណាមួយនៃការរកឃើញរបស់ខ្លួននៅឡើយទេ ខណៈកំពុងស្ថិតក្នុងដំណាក់កាលអង្កេតនៅឡើយ។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ឱ្យវិទ្យុអាស៊ីសេរីដឹងថ្ងៃទី២៣ ខែធ្នូ ថា មន្ត្រីជំនាញនៃស្ថាប័នរបស់លោកកំពុងធ្វើការអង្កេតលើចំណុចសំខាន់ៗរួមមាន៖ ដំណើរការ សកម្មភាពនៃមណ្ឌលសង្គមកិច្ចព្រៃស្ពឺ និងរបាយការណ៍នានាស្ដីពីការរំលោភសិទ្ធិមនុស្សនៅមណ្ឌលព្រៃស្ពឺ។ លោកបន្តថា នៅពេលអង្កេតសព្វគ្រប់ស្ថាប័នរបស់លោកនឹងធ្វើសេចក្ដីសន្និដ្ឋានដែលឈានដល់ការបំភ្លឺជូនសាធារណជនឱ្យបានដឹងពីកណីនេះ។
លោក កត្តា អន៖ «យើងធ្វើការអង្កេតចប់ នឹងពិនិត្យមើលរវាងរបស់គណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងរបាយការណ៍ក្រសួងសង្គមកិច្ចគណៈកម្មការសិទ្ធិមនុស្សកម្ពុជា នឹងធ្វើសេចក្ដីសន្និដ្ឋានរួមមួយអំពីករណីនេះដូច្នេះនៅពេលខាងមុខនេះ យើងនឹងបានព័ត៌មាន របាយការណ៍ពិតប្រាកដមួយអំពីករណីនៅព្រៃស្ពឺនេះ»។
ទាក់ទងករណីនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក តូច ចាន់នី បានទេនៅថ្ងៃទី២៣ ខែធ្នូ។ ទោះយ៉ាងណា លោក កត្តា អ៊ន ឱ្យដឹងថា ក្រុមមន្ត្រីជំនាញក្រសួងសង្គមកិច្ចនឹងចុះទៅអង្កេតនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺនាសប្ដាហ៍ក្រោយ។ លោកឱ្យដឹងទៀតថា គណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលក៏នឹងធ្វើការងារនេះជាមួយក្រសួងសង្គមកិច្ចផងដែរ។
លោក កត្តា អ៊ន៖ «របាយការណ៍ដែលគណៈកម្មការសិទ្ធិមនុស្សកម្ពុជារកឃើញនឹងជូនទៅក្រសួងសង្គមកិច្ច យើងនឹងពិនិត្យមើលតាមការជាក់ស្ដែងថា តើដំណោះស្រាយដូចម្ដេច ការកែលំអដូចម្ដេច ឬមួយក៏គ្មានអ្វីកើតឡើងទេ យើងបន្តធ្វើការងារដូចម្ដេចនេះជាអ្វីដែលយើងនឹងធ្វើនៅពេលយើងមានរបាយការណ៍មួយក្នុងដៃច្បាស់លាស់ក្រោយពីការអង្កេតរបស់គណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងក្រសួងសង្គមកិច្ចទៅលើបញ្ហានេះ»។
ដូចទៅនឹងការអះអាងរបស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលនេះដែរ។ អ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក តូច ចាន់នី ឱ្យសារព័ត៌មានក្នុងស្រុកដឹងកាលពីថ្ងៃទី២១ ខែធ្នូ ថា ប្រសិនបើមានការរកឃើញករណីរំលោភសិទ្ធិមនុស្សនៅមណ្ឌលព្រៃស្ពឺដូចការឃើញរបស់អង្គការលីកាដូ ក្រសួងនឹងចាត់វិធានការដោះស្រាយដើម្បីកែលម្អមណ្ឌលសង្គមកិច្ចព្រៃស្ពឺឡើងវិញ។
ទោះយ៉ាងណា នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មិនសង្ឃឹមថា ក្រសួងសង្គមកិច្ចអាចដោះស្រាយបញ្ហានេះប្រកបដោយ ប្រសិទ្ធភាពនោះទេ។ លោក អំ សំអាត ឱ្យដឹងថា កន្លងមកនៅពេលអង្គការលីកាដូ និងអង្គការសិទ្ធិមនុស្សអន្តរជាតិផ្សេងៗទៀតរកឃើញ ពីការរំលោភសិទ្ធិមនុស្ស នៅមណ្ឌលព្រៃស្ពឺ តែងតែងឃើញក្រសួងសង្គមកិច្ចបានចុះទៅដោះស្រាយបញ្ហានោះ ប៉ុន្តែលោកថា ក្រោយមួយរយៈករណីរំលោភសិទ្ធិមនុស្ស នៅតែកើតមានដដែល។ មន្ត្រីសិទ្ធិមនុស្សរូបនេះ ស្នើទៅក្រសួងសង្គមកិច្ច និងស្ថាប័នពាក់ព័ន្ធ ក្រោយពេលស្រាវជ្រាវរួចហើយ គួរចាត់វិធានការលើរឿងនេះឱ្យបានតឹងរ៉ឹង ហើយប្រសិនបើបញ្ហារំលោភសិទ្ធិមនុស្សនៅទីនោះបន្តកើតមានដដែល រដ្ឋាភិបាលគួរបិទមណ្ឌលសង្គមកិច្ចព្រៃស្ពឺនេះតែម្ដងដើម្បីបញ្ចប់ការរំលោភសិទ្ធិមនុស្ស។
លោក អំ សំអាត៖ «ការចាត់វិធានការយ៉ាងម៉េច ដើម្បីកុំឱ្យមណ្ឌលនៅតែជាមណ្ឌលឃុំឃាំងមនុស្សដោយមិនត្រឹមត្រូវតាមច្បាប់ ហើយជាមណ្ឌលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរយើងយល់ឃើញថា នៅពេលចុះស្រាវជ្រាវហើយព័ត៌មានតម្លាភាពជារឿងសំខាន់ ហើយបន្ទាប់មកចាត់វិធានការ ឬកែលំអដែលអាចមើលឃើញជាលទ្ធផល នេះបានជារឿងល្អបាទ»។
មណ្ឌលសង្គមកិច្ចព្រៃស្ពឺដែលស្ថិតក្នុងការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ច មានទីតាំងនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងឃុំខ្លួនមនុស្សជាង ៤ពាន់នាក់។ អាជ្ញាធរបានចាប់មនុស្សចាស់ កុមារនៅតាមចិញ្ចើមផ្លូវ អ្នកគ្មានទីជម្រក អ្នកប្រើប្រាស់គ្រឿងញៀន ស្ត្រីរកស៊ីផ្លូវភេទ និងជនវិកលចរិតជាដើមយកទៅអប់រំកែប្រែនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប៉ុន្តែអង្គការរសិទ្ធិមនុស្ស និងអ្នកធ្លាប់ជាប់ឃុំនៅទីនោះថា មណ្ឌលសង្គមកិច្ចព្រៃស្ពឺ មិនបានបង្រៀនវិជ្ជាជីវៈដល់អ្នកជាប់ឃុំនៅទីនោះទេ។
អង្គការលីកាដូរកឃើញថា មណ្ឌលសង្គមកិច្ចព្រៃស្ពឺ ជាកន្លែងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ជាកន្លែងឃុំខ្លួនមនុស្សខុសច្បាប់ និងបណ្ដាលឱ្យអ្នកជាប់ឃុំ១២នាក់ស្លាប់ព្រោះខ្វះការយកចិត្តទុកពីអ្នកគ្រប់គ្រងនៅទីនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។