ជន​អនាថា​នៅ​មណ្ឌល​ព្រៃស្ពឺ​ដង្ហោយ​រក​កិច្ច​អន្តរាគមន៍​ដើម្បី​បាន​ចេញ​មក​ក្រៅ

ដោយ សេក បណ្ឌិត
2015-07-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ នៅ​តែ​ជា​ក្តី​កង្វល់​របស់​អង្គការ​សិទ្ធិ​មនុស្ស​នៅឡើយ។

ប្រធាន​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល ជាពិសេស​ក្រសួង មន្ទីរ​សង្គមកិច្ច​ដែល​គ្រប់គ្រង​មជ្ឈមណ្ឌល​នេះ​ផ្ទាល់ ឲ្យ​ប្រញាប់​ធ្វើ​សមាហរណកម្ម​បញ្ជូន​ពលរដ្ឋ​ដែល​នៅ​ក្នុង​នោះ​ទៅ​លំនៅឋាន​របស់​ពួកគេ​វិញ​ទៅ​តាម​គោលការណ៍​ស្ម័គ្រចិត្ត ព្រម​ទាំង​គោរព​គោលការណ៍​សិទ្ធិមនុស្ស ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព ការ​ហូប​ចុក​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ដល់​អ្នក​ដែល​ស្ម័គ្រចិត្ត​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​ព្រៃស្ពឺ នោះ​បន្ត​ទៀត។

សំឡេង​អ្នក​ជាប់​ឃុំ៖ «ខ្ញុំ​សំណូមពរ ចង់​ចេញ។ ថ្នាំ (ថ្នាំ​ពេទ្យ) អត់​មាន ហើយ​ឈ្លោះ​គ្នា ជួនកាល​គេ​វាយ ទាត់​ធាក់»

ជនអនាថា ឬ​ជន​រស់​នៅ​គ្មាន​ទីពឹង​ទាំង​ក្មេង​ទាំង​ចាស់​ប្រមាណ​ជាង ១០០​នាក់ ដែល​អាជ្ញាធរ​ចាប់​ប្រមូល​ទៅ​ទុក​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ នោះ បាន​លើកដៃ​សំពះ ស្រែក​ដង្ហោយ​ហៅ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​នាំ​ពួកគាត់​ចេញ​វិញ​ឲ្យ​បាន​ឆាប់៖ «ខោអាវ​តែ​មួយ​កំប្លេ​គត់​ក្នុង​ខ្លួន ស្អុយ​គគ្រុក សូម្បី​តែ​កូន​ក៏​អត់​មាន​ខោ​អាវ​ដែរ ហើយ​កូន​ឈឺ​ទៀត តើ​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ម៉េច?...»

ការ​ស្វែង​រក​នេះ​នៅ​ពេល​ដែល​ក្រុម​អ្នក​តំណាងរាស្ត្រ​នៃ​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន យុវនីតិសម្បទា ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការ​នាទី ឬ​ហៅ​ថា គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា ទៅ​ពិនិត្យ​ស្ថានភាព​មជ្ឈមណ្ឌល​ព្រៃស្ពឺ ជា​លើក​ទី​២ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៥។

​នៅ​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​ជាង​ ១០០​នាក់​នោះ មាន​កូន​ក្មេង​អាយុ ២​ឆ្នាំ​ឡើង​ទៅ​ជិត ១០​នាក់​នៅ​ជាមួយ​ម្តាយ​ក្នុង​នោះ​ដែរ។ ​ពួកគាត់​មិន​ចាត់​ទុក​មណ្ឌល​ព្រៃស្ពឺ ជា​កន្លែង​ជួយ​សង្គ្រោះ​ពួកគាត់ ឬ​ធ្វើ​ឲ្យ​ពួកគាត់​មាន​ការ​រស់នៅ​ប្រសើរ​ជាង​ការ​រស់​នៅ​ពិភព​ខាង​ក្រៅ​នោះ​ទេ ផ្ទុយ​ទៅ​វិញ គាត់​ចាត់​ទុក​ជា​កន្លែង​ឃុំឃាំង​ធ្វើ​បាប​គាត់​ទៅ​វិញ​ទេ៖ «គេ​ចាប់ ពួក​គាត់​ខ្ញុំ​រត់​ដែរ ប៉ុន្តែ​គេ​វ៉ៃ​ពួក​ខ្ញុំ វ៉ៃ​នឹង​ដំបង។ អ្នក​យាម​នៅ​ហ្នឹង​អ្នក​វ៉ៃ»

អ្នក​រស់​នៅ​ក្នុង​នោះ​ភាគ​ច្រើន​បាន​ត្អូញត្អែរ​ពី​ការ​លំបាក់​សព្វ​បែប​យ៉ាង ទាំង​ការ​ដេក ហូប​ចុក​មិន​គ្រប់គ្រាន់ ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ ពេល​ឈឺ​គ្មាន​ពេទ្យ​ព្យាបាល គឺ​បាន​ត្រឹមតែ​លេប​ថ្នាំ​ដែល​គ្មាន​គុណភាព៖ «ពិបាក​ហូប​ចុក ពិបាក​ខ្លាំង​ណាស់! សម្ល​មាន​តែ​ទឹក​ទេ សាប​ដូច​ទឹក​ទន្លេ គ្មាន​នរណា​ហូប​បាន​ទេ។ សុទ្ធតែអ្នក​ឈឺ សូម្បី​តែ​ខ្ញុំ​ក៏​ឈឺ​ដែរ។ សូម្បី​តែ​ទឹក​ងូត​វេទនា​ណាស់! អាចម៍ នោម​នៅ​ហ្នឹង ងូត លុប​មុខ​មាត់​នៅ​ហ្នឹង។ វ៉ៃ​តប់​រាល់​ថ្ងៃ រស់​នៅ​អត់​បាន​ទេ​នៅ​ហ្នឹង វេទនា​ណាស់!»

អ្នក​ដែល​អាជ្ញាធរ​ចាប់​មក​ដាក់​នៅ​ព្រៃស្ពឺ​នេះ ភាគ​ច្រើន​អ្នក​វិកល​ចរិត​ធ្ងន់ធ្ងរ ជនអនាថា​ដេក​តាម​សំយាប​ផ្ទះ​ក្នុង​រាជធានី​ភ្នំពេញ អ្នក​សុំ​ទាន អ្នក​រើស​អេតចាយ​ជាដើម។

ការ​ប្រមូល​ជន​ទាំង​នេះ​ធ្វើ​ឡើង​នៅ​ពេល​មាន​បុណ្យ​ជាតិ និង​មាន​ភ្ញៀវ​អន្តរជាតិ​សំខាន់ៗ​មក​ទស្សនកិច្ច​កម្ពុជា ម្តងៗ ដើម្បី​លំអ​ទីក្រុង។

​ស្រី្ត​វ័យ​ប្រមាណ ២០​ឆ្នាំ​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត បាន​លើកដៃ​សំពះ​ដល់​អ្នក​តំណារាស្ត្រ​មន្ត្រី​សិទ្ធិមនុស្ស ដែល​ចូល​ទៅ​ជួប​ពួកគេ​ក្នុង​មណ្ឌល​នោះ ដោយ​សូម​អង្វរករ​ទាំង​ទឹក​ភ្នែក​សុំ​ឲ្យ​យក​ពួកគេ​ចេញ​ទៅ​វិញ ពីព្រោះ​ការ​ចាប់​ពួកគេ​ឲ្យ​មក​ទី​នេះ ដោយសារ​តែ​ការ​ចាប់​បង្ខំ​វាយដំ​រូបគេ​ដូច​សត្វ​ធាតុ៖ «...ខ្ញុំ​អត់​កន្លែង​ដេក គេ​ចាប់​ខ្ញុំ​មក។ ចាំ​នៅ​ខាង​មុខ​ផ្ទះ​គេ កំពុង​រៀបចំ​ចង​មុង​ដេក គេ​មក​ចាប់​តែម្ដង វ៉ៃ យក​ខ្សែ​ភ្លើង​ឆក់»

ចំណែក​អ្នក​នៅ​ក្បែរ​ស្ត្រី​រូប​នេះ គ៏​បាន​ឲ្យ​ដឹង​ដែរ​ថា សមត្ថកិច្ច​បាន​ចាប់​បង្ខំ​ពួកគេ​ដោយ​ហិង្សា​ឲ្យ​មក​នៅ​មណ្ឌល​ព្រៃស្ពឺ ប្រមាណ​ជាង ២​សប្តាហ៍​មុន​នេះ៖ «ដើរ​ចាប់​គ្រប់​កន្លែង។ គ្រាន់តែ​អង្គុយ​ហូប​បាយ​អី​ហ្នឹង មក​ដល់​យក​ដំបង​ឆក់​ហៅ​យើង​ឡើង​ឡាន​មើល​តែ​ចោរ​អ៊ីចឹង! ឆក់​ផង វ៉ៃ​ផង។ ពួកខ្ញុំ​មិន​មែន​ចោរ​ផង គ្រាន់តែ​ហូប​បាយ​ក្នុង​សួន...»

ទាក់ទង​ករណី​ចោទ​ប្រកាន់​នេះ ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ និង​អ្នក​ដែល​គ្រប់គ្រង​មណ្ឌល​ផ្ទាល់​បដិសេធ​ភ្លាមៗ​ចំពោះ​ការ​លើក​ឡើង​នេះ ជាពិសេស​ករណី​ធ្វើ​បាប​ដោយ​ហិង្សា។

​ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ លោក ស៊ន សុផល មាន​ប្រសាសន៍​ថា ពួកគាត់​ចង់​ចេញ​ក្រៅ​ទៅ​រក​កន្លែង​អនាថា​វិញ ដូច្នេះ​ពួកគាត់​ចេះ​តែ​លើក​ឡើង​ពី​បញ្ហា​ផ្សេងៗ​ដែល​ហួស​ពី​ភាព​ពិត​ជាក់ស្តែង៖ «ខ្ញុំ​សួរ​ថា គាត់​នៅ​ហ្នឹង ហើយ​មក​ទាំង​អស់​គ្នា​ជាង ៣០០​នាក់​ហ្នឹង តើ​អត់​មាន​នរណា​រត់​ចេញ​រួច​ទេ? ខ្ញុំ​រាយការណ៍​មិញ គ្រាន់តែ​អ្នក​មិន​ចង់​នៅ ហើយ​​ចេញ ៨៩​នាក់​ហើយ អ៊ីចឹង​មាន​នរណា​ទៅ​វ៉ៃ​គាត់?»

​លោក​បន្ត​ថា ចំពោះ​ការ​ហូប​ចុក​វិញ លោក​ទទួល​ស្គាល់​ថា នៅ​មាន​ការ​ខ្វះខាត​ខ្លះ ព្រោះ​អាស្រ័យ​លើ​ប្រាក់​ចំណាយ​របស់​រដ្ឋាភិបាល ម្នាក់ ១.៥០០​រៀល​ក្នុង​មួយ​ថ្ងៃ៖ «សូម្បី​ខាង​ក្រសួង​ក៏​គាត់​ទទួល​ស្គាល់​បញ្ហា​នេះ​ដែរ ប៉ុន្តែ​ឥឡូវ​នេះ ឮ​ព័ត៌មាន​ថា បាន ៥​ពាន់​រៀល​ហើយ រដ្ឋាភិបាល​ជំរុញ​ឲ្យ​បាន​ដល់ ៥​ពាន់​រៀល។ ខ្ញុំ​សូម​ជម្រាប​ថា ការ​ហូប​ចុក​នៅ​ទី​នេះ ប៉ុណ្ណឹង​យក​មក​គឺ​អត់​គ្រាន់​ទេ តែ​បាន​ដោយសារ​ជំនួយ​ពី​កាកបាទ​ក្រហម​គេ​ជួយ​ជា​អង្ករ ខាង​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ គេ​ជួយ​ជា​សាច់ អ៊ីចឹង​បាន​ខាង​ខ្ញុំ​ដំណើរ​ការ​ដល់​សព្វ​ថ្ងៃ​នេះ...»

​លោក​ឲ្យ​ដឹង​ទៀត​ថា នៅ​ខែ​ក្រោយ​នេះ ការ​ដំឡើង​របប​អាហារ​នឹង​ចាប់​ផ្តើម​ហើយ ពេល​នោះ​ការ​ហូប​ចុក​ក្នុង​មជ្ឈមណ្ឌល​នឹង​កាន់​តែ​ប្រសើរ​ឡើង។

ជនអនាថា​​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ ផ្ដល់​បទសម្ភាសន៍​ពេល​ជួប​ជាមួយ​ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Sek Bandith
ជនអនាថា​​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ឬ​ហៅ​ថា មណ្ឌល​ព្រៃស្ពឺ ផ្ដល់​បទសម្ភាសន៍​ពេល​ជួប​ជាមួយ​ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Sek Bandith

ទោះយ៉ាងណា​ក្តី អង្គការ​សិទ្ធិមនុស្ស​នៅ​តែ​មាន​ក្តី​បារម្ភ​ចំពោះ​ស្ថានភាព​រក្សា​មនុស្ស​នៅ​ក្នុង​មជ្ឈមណ្ឌល​ព្រៃស្ពឺ​នោះ និង​ចាត់​ទុក​ជា​កន្លែង​ឃុំឃាំង​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ពិនិត្យ​ឃើញ​ថា មណ្ឌល​ព្រៃស្ពឺ ពុំ​មាន​អ្វី​ប្រែប្រួល​ទៅ​រក​ភាព​ល្អ​ប្រសើរ​ជាង​ពេល​មុនៗ​នោះ​ទេ ហើយ​ថ្មីៗ​នេះ សមត្ថកិច្ច​ចាប់​ជនអនាថា​ជាង ១០០​នាក់ ដោះលែង​វិញ​ប្រមាណ ១០​នាក់។ ចំនួន​នេះ​គឺ​ជា​ចំនួន​ដ៏​តិចតួច​មួយ ហើយ​បើ​ពិនិត្យ​ទៅ​លើ​សុខភាព​ពួកគាត់​ម្នាក់ៗ​មាន​ជំងឺ​ប្រចាំ​កាយ​ស្ទើរ​គ្រប់​គ្នា គ្មាន​សិទ្ធិ​ដើរហើ ហូប​ចុក​មិន​គ្រប់គ្រាន់ គ្មាន​ទទួល​បាន​ការ​អប់រំ​រៀនសូត្រ​វិជ្ជាជីវៈ​អ្វី​មួយ​នោះ គឺ​មិន​ខុស​អ្វី​ពី​កន្លែង​ពន្ធនាគារ​នោះ​ទេ៖ «ការ​ដាក់​នេះ​ជា​ចេតនា​មិន​ចង់​ឲ្យ​ពួកគាត់​ទៅ​នៅ​តាម​ចិញ្ចើម​ផ្លូវ​វិញ ហើយ​យើង​មិន​ទាន់​រក​ដំណោះស្រាយ​ណា​មួយ ដើម្បី​ដោះស្រាយ​ជូន​ពួកគាត់​ទេ ហើយ​បែរ​ជា​រក្សា​គាត់​ទុក អាហ្នឹង​ស្មើ​នឹង​ការ​ឃុំ​ខ្លួន​ខុស​ច្បាប់។ យើង​សូម​ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​ដំណោះស្រាយ ហើយ​ឈប់​ចាប់​ពួកគាត់​យក​ទៅ​ឃុំ ហើយ​សូម​ឲ្យ​មជ្ឈមណ្ឌល​នេះ ក្លាយ​ជា​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ដល់​ពួកគាត់ ឲ្យ​មាន​ការងារ​ធ្វើ មាន​ជំនាញ មិន​មែន​ជា​កន្លែង​សម្រាប់​ប្រមូល​មនុស្ស​ទៅ​ដាក់ ដើម្បី​ឲ្យ​មាន​សោភណភាព​ទីក្រុង​ទេ...»

ចំណែក​ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍ បន្ទាប់​ពិនិត្យ​ស្ថានភាព​មណ្ឌល​ព្រៃស្ពឺ លើក​ទី​២ កាល​ពី​ថ្ងៃ​ទី​៧ ខែ កក្កដា​នោះ មជ្ឈមណ្ឌល​នេះ​មាន​ការ​កែប្រែ​លើ​ចំណុច​មួយ​ចំនួន។ ទន្ទឹម​នេះ អ្នកស្រី​ស្នើ​ឲ្យ​រដ្ឋាភិបាល ជាពិសេស​ក្រសួង មន្ទីរ​សង្គមកិច្ច​ដែល​គ្រប់គ្រង​មជ្ឈមណ្ឌល​នេះ​ផ្ទាល់ ប្រញាប់​ធ្វើ​សមាហរណកម្ម​បញ្ជូន​ពលរដ្ឋ​ទៅ​លំ​ឋាន​របស់​គេ​វិញ​ទៅ​តាម​គោលការណ៍​ស្ម័គ្រចិត្ត ព្រម​ទាំង​គោរព​គោលការណ៍​សិទ្ធិមនុស្ស ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព ការ​ហូបចុក​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ដល់​អ្នក​ដែល​កំពុង​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​ព្រៃស្ពឺ​នោះ។

អ្នកស្រី កែ សុវណ្ណរតន៍៖ «យើង​សំណូមពរ​ឲ្យ​គាត់​បាន​វិល​ទៅ​ស្រុក​វិញ ព្រោះ​នៅ​ទី​នេះ ពួកគាត់​អត់​មាន​បាន​ការ​បណ្ដុះបណ្ដាល​អី​ផង។ ខ្ញុំ​នឹង​សុំ​អន្តរាគមន៍​ឲ្យ​បាន​លឿន​ជា​ទី​បំផុត។ យើង​បាន​ជជែក​ជាមួយ​ប្រធាន​មន្ទីរ និង​ឯកឧត្ដម​រដ្ឋលេខាធិការ​ហើយ​ថា យើង​នឹង​ជំរុញ យូ.អិន ជួយ ខ្ញុំ​នឹង​ធ្វើ​ការ​ជាមួយ យូ.អិន...»

​កន្លង​មក​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​ក្នុង​ស្រុក បាន​រិះគន់​មណ្ឌល​នេះ​ជា​បន្តបន្ទាប់។

កាល​ពី​ចន្លោះ​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០០៩ លីកាដូ​ធ្លាប់​បាន​រក​ឃើញ​ដែរ​ថា មជ្ឈមណ្ឌល​ព្រៃស្ពឺ គឺ​ជា​មជ្ឈមណ្ឌល​ឃុំឃាំង​មនុស្ស​ខុស​ច្បាប់ មាន​ការ​ធ្វើ​ទារុណកម្ម ការ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ដូចជា​ការ​សេពសន្ថវៈ ការ​ទុក​មនុស្ស​មាន​ជំងឺ​ឲ្យ​ស្លាប់​ដោយ​មិន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ជាដើម។ អង្គការ​ដដែល​នេះ​ក៏​ធ្លាប់​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បិទ​មជ្ឈមណ្ឌល​ព្រៃស្ពឺ នេះ​ផង​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល