មន្ត្រី​សិទ្ធិមនុស្ស​ថា​ការ​ថ្លែង​របស់​លោក ហ៊ុន សែន នៅ​អ.ស.ប​មិន​អាច​ស្វែងរក​ការ​គាំទ្រ​ពី​អន្តរជាតិ​បាន​ទេ

តាំង សារ៉ាដា
2018.09.30
ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ៦២០ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA
Photo: RFA

ក្រុម​សិទ្ធិមនុស្ស​អះអាង​ថា សេចក្ដីថ្លែងការណ៍​លោក ហ៊ុន សែន នៅ​ក្នុង​មហាសន្និបាត​លើក​ទី​៧៣ របស់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ទី​២៨ កញ្ញា នឹង​មិន​អាច​ស្វែងរក​ការ​គាំទ្រ​របស់​អន្តរជាតិ​ទៅលើ​ភាព​ស្រប​ច្បាប់ នៃ​របប​ថ្មី​របស់​លោក​នោះ​ឡើយ។

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសិន (Phil Robertson) បាន​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា​សេចក្ដីថ្លែងការណ៍​របស់​លោក​ជា​ការ​ភូត​កុហក​ទាំងស្រុង។ លោក​បន្ត​ថា ការ​អះអាង​របស់​លោក ហ៊ុន សែន ថា​ការបោះឆ្នោត​នៅ​កម្ពុជា គ្មាន​ការ​បំភិតបំភ័យ និង​គ្មាន​ការ​បង្ខិតបង្ខំ នោះ​សុទ្ធសឹងតែ​ជា​ការ កុហក​ដែរ។

កាលពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា កន្លង​ទៅ លោក ហ៊ុន សែន បាន​ថ្លែង​ការពារ​​របប​របស់​លោក​នៅ​ក្នុង​អង្គ​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ថា របប​ថ្មី​របស់​លោក​កើត​ចេញ​ពី​ការបោះឆ្នោត​ដោយ​សេរី​ដែល​មាន​ការចូលរួម​ពី​គណបក្ស​ជាច្រើន និង​គ្មាន​ការ​បង្ខិតបង្ខំ ហើយ​ដែល​អាច​ជឿទុក​ចិត្ត​បាន។

លោក ហ៊ុន សែន បាន​បន្ទោស​ដល់​បណ្ដា​ប្រទេស​លោក​សេរី​ថា​បាន ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ លោក ហ៊ុន សែន អះអាង​ថា មជ្ឈដ្ឋាន​ខាងក្រៅ​មួយ​ចំនួន ធ្វើ​មិន​ឃើញ​នូវ​គុណភាព និង​សុចរិត​ភាព នៃ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ហើយ​ពួកគេ​បាន​ចេញ សេចក្ដីថ្លែងការណ៍​ជាច្រើន​ប្រឆាំង​និង​វាយប្រហារ​មក​លើ​លទ្ធផល នៃ​ការបោះឆ្នោត។ លោក​បន្ត​ថា ទង្វើ​បែបនេះ គឺជា​ការ​ប្រមាថ​ធ្ងន់ធ្ងរ ចំពោះ ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា។

ប៉ុន្តែ លោក ហ្វីល រ៉ូប៊ើតសិន អះអាង​ថា លោក ហ៊ុន សែន ប្រហែលជា​ធ្វើ​ភ្លេច​ទេ​ដឹង​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស​បាន​ធ្វើ​ឲ្យ​កម្ពុជា​អាច​ឈរ​លើ​ឆាក​អន្តរជាតិ​ដោយ​ខ្លួនឯង​បាន រហូតមកដល់​សព្វថ្ងៃ​នេះ ក្រោយពី​របប​ខ្មែរក្រហម និង​សង្គ្រាមស៊ីវិល ពី​អតីតកាល។ លោក​បន្ត​ថា ចំណុច​សំខាន់​របស់​កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស​គឺ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ដោយ​ពហុបក្ស និង​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​តាម​បែប​ប្រជាធិបតេយ្យ​ពិតប្រាកដ ប៉ុន្តែ​ជា​អកុសល​អ្វី​ដែល​កើតឡើង​សព្វថ្ងៃ គឺជា​របប​ផ្ដាច់ការ​សុទ្ធសាធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។