អង្គការ​អន្តរជាតិ​ទទូច​ឲ្យ​​កម្ពុជា​បញ្ឈប់​ការ​ចាប់​បញ្ជូន​ម៉ុងតាញ៉ា​ទៅ​វៀតណាម

ដោយ យាង សុជាមេត្តា
2015-06-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ចំនួន ៨​នាក់ ជួប​មន្ត្រី​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នា​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៤។
ជនជាតិ​​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ចំនួន ៨​នាក់ ជួប​មន្ត្រី​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នា​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Ratha Visal

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ចាប់​បញ្ជូន​ជនភៀសខ្លួន​ម៉ុងតាញ៉ា វៀតណាម ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម វិញ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ហើយ​ដែល​បាន​លើក​ឡើង​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​វៀតណាម ទៅ​លើ​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា វៀតណាម។

"ក្នុង​នាម​ជា​ប្រទេស​ភាគី​នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ជនភៀសខ្លួន កម្ពុជា​គួរ​គោរព​ទៅ​តាម​គោលការណ៍​អន្តរជាតិ ស្ដីពី​ការ​មិន​ចាប់​បញ្ជូន​ជនភៀសខ្លួន​ត្រឡប់​ទៅ​កាន់​ទីកន្លែង​ដែល​ពួកគេ​អាច​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​នៅ​​ទី​នោះ"។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​មាន​ចំណងជើង​ថា «ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជំនឿ​សាសនា​ដោយ​មធ្យោបាយ​ព្រៃផ្សៃ៖ ការ​រំលោភ​បំពាន​លើ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា នៅ​ប្រទេស​វៀតណាម»។

របាយការណ៍​កម្រាស់ ៣៣​ទំព័រ ដែល យូមែន រ៉ៃត៍ វ៉ច្ឆ បាន​ធ្វើការ​សិក្សា​ដោយ​ផ្អែកលើ​សេចក្ដី​រាយការណ៍​នៅ​តាម​បណ្ដាញ​សារព័ត៌មាន​ផ្លូវការ​វៀតណាម និង​តាម​រយៈ​បទសម្ភាសន៍​ជាមួយ​ជនភៀសខ្លួន​ម៉ុងតាញ៉ា វៀតណាម ដែល​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស បាន​រៀបរាប់​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ជំនឿ​សាសនា​ទៅលើ​ជនជាតិ​ភាគតិច​ទាំង​នោះ ក្នុង​នោះ​រួមមាន ការ​តាមដាន​ឃ្លាំមើល​សកម្មភាព ការ​សម្លុត​បំភ័យ គំរាមកំហែង ការ​ចាប់ខ្លួន​ដោយ​បំពាន និង​ការ​ធ្វើ​បាប​ក្នុង​ពេល​ឃុំ​ខ្លួន​ជាដើម។

​នេះ​គឺ​ជា​របាយការណ៍​លើក​ដំបូង​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ចាប់​តាំង​ពី​មាន​ជនជាតិភាគតិច​ម៉ុងតាញ៉ា វៀតណាម ជិត ២០០​នាក់ បាន​រត់​គេច​ចេញ​ពី​ការ​ធ្វើ​បាប​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ចូល​មក​កាន់​ទឹកដី​នៃ​ប្រទេស​កម្ពុជា កាល​ពី​ចុង​ឆ្នាំ​២០១៤ មក ហើយ​ដែល​រហូត​មក​ទល់​ពេល​នេះ មាន​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា វៀតណាម ជាង ៥០​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​បញ្ជូន​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម។

​យូមែន រ៉ៃត៍ វ៉ច្ឆ លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា មិន​ត្រឹមតែ​ចៀសវាង​ការ​ចាប់​បញ្ជូន​ខ្លួន​ពួកគេ​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម វិញ​នោះ​ទេ តែ​រដ្ឋាភិបាល​គួរ​ផ្ដល់​ឲ្យ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​វៀតណាម ទាំង​អស់​នោះ នូវ​ឱកាស​ក្នុង​ការ​ដាក់​ពាក្យ​ស្នើសុំ​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​ក្រៅ​ប្រទេស​ប្រកប​ដោយ​ភាព​យុត្តិធម៌។ បន្ថែម​ពីលើ​នេះ​ទៀត រដ្ឋាភិបាល​ក៏​គួរ​តែ​សហការ​ជាមួយ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន ដើម្បី​ជួយ​ពួកគេ​ក្នុង​ដំណើរ​ចុះ​ឈ្មោះ​ក្នុង​ការ​កំណត់​ឋានៈ​ជា​ជនភៀសខ្លួន និង​ក្នុង​ការ​ថែទាំ​ពួកគេ​ជាដើម។

​យូមែន រ៉ៃត៍ វ៉ច្ឆ អះអាង​ដែរ​ថា កន្លង​មក​រដ្ឋាភិបាល​វៀតណាម ក៏​បាន​ដាក់​សម្ពាធ​ទៅ​លើ​អាជ្ញាធរ​កម្ពុជា ឲ្យ​បង្កើន​ការ​ឃ្លាំមើល​តាម​ព្រំដែន និង​ឲ្យ​បដិសេធ​នូវ​សិទ្ធិ​ស្វែង​រក​ទី​ជ្រក​កោន​របស់​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា វៀតណាម ដែល​បាន​លួច​គេច​ខ្លួន​ចូល​កម្ពុជា។

ចាប់ពី​ខែ​ធ្នូ ឆ្នាំ​២០១៤ រហូត​បច្ចុប្បន្ន មាន​ម៉ុងតាញ៉ា ជាង ១១០​នាក់ កំពុង​ឋិត​ក្រោម ការ​ទំនុកបម្រុង​ពី​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ភ្នំពេញ។ ក្នុង​នោះ​ម៉ុងតាញ៉ា ១៣​នាក់ ត្រូវ​បាន​នាយកដ្ឋាន​ជនភៀសខ្លួន​ក្រសួង​មហាផ្ទៃ ទទួល​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​ជនភៀសខ្លួន​រួច​ហើយ។

​ប្រធាន​នាយកដ្ឋាន​ជនភៀសខ្លួន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក គឹម សារិន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ថា រហូត​មក​ទល់​ពេល​នេះ ក្រៅ​តែ​ពី​ម៉ុងតាញ៉ា ១៣​នាក់​ដែល​ទទួល​បាន​ឋានៈ​រួច​ហើយ មិន​ទាន់​មាន​ម៉ុងតាញ៉ា ណា​ផ្សេង​ទៀត បាន​ដាក់​ពាក្យ​ស្នើ​សុំ​មក​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​ឡើយ​ទេ។ លោក​ថា  ចំណែក​ដំណើរការ​នៃ​ការ​ផ្តល់​ឋានៈ​នោះ គឺ​ធ្វើ​ឡើង​គ្រប់​ពេល​ឲ្យ​តែ​មាន​ការ​ដាក់​ពាក្យ​ស្នើ​សុំ។

លោក​ថា ចំណែក​ការ​សម្រេច​ចិត្ត​បញ្ជូន ឬ​មិន​បញ្ជូន​ជនភៀសខ្លួន​ណា​ម្នាក់​ទៅ​កាន់​កន្លែង​ដើម​វិញ​នោះ គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​ពិនិត្យ​លក្ខន្តិកៈ​របស់​អ្នក​ដាក់​ពាក្យ​ស្នើ​សុំ​ជា​មុន​សិន ហើយ​ថា បើ​ជន​នោះ​មាន​លក្ខណៈ​គ្រប់គ្រាន់ គេ​នឹង​ផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន​ឲ្យ​ជន​នោះ។

ជនជាតិភាគតិច​ម៉ុងតាញ៉ា វៀតណាម ឬ​វៀតណាម​ហៅ​ថា ងើយ ទឿង (người Thượng) គឺ​ជា​ក្រុម​ជនជាតិភាគតិច​រស់​នៅ​ក្នុង​តំបន់​ភ្នំ​ក្នុង​ខេត្ត​យ៉ាឡាយ (Gia Lai) ខេត្ត​ដាក់ឡាក់ (Dak Lak) និង​ខេត្ត កន ទុម (Kon Tum) ដែល​ឋិត​នៅ​ប៉ែក​កណ្ដាល​ប្រទេស​វៀតណាម ជាប់​ព្រំប្រទល់​ខេត្ត​រតនគិរី និង​មណ្ឌលគិរី របស់​កម្ពុជា។

យូមែន រ៉ៃត៍ វ៉ច្ឆ អះអាង​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា វៀតណាម គឺ​ជា​គោលនយោបាយ​ជាតិ​របស់​រដ្ឋ​វៀតណាម នៅ​ក្នុង​ការ​លុប​បំបាត់​ការ​ប្រតិបត្តិ​ជំនឿ​សាសនា​របស់​ពួកគេ​តែម្ដង។ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​វៀតណាម បញ្ចប់​នូវ​ផ្នត់​គំនិត​នយោបាយ​សង្គ្រាម​ត្រជាក់ ដែល​ចាត់​ទុក​មនុស្ស​មាន​ជំនឿ​សាសនា​ខុស​ពី​ខ្លួន​ថា ជា​សត្រូវ​របស់​ខ្លួន​នោះ។

ទោះ​ជា​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែង​រក​ការ​ឆ្លើយ​តប​ពី​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា បាន​ទេ ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លើក​ឡើង​ថា ការ​ធ្វើ​បាប​លើ​ជនជាតិ​ភាគតិច​ដូចជា ម៉ុងតាញ៉ា នៅ​វៀតណាម គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​លក្ខណៈ​ទូលំទូលាយ​ទៅ​លើ​ការ​ប្រតិបត្តិ​ជំនឿ​សាសនា​របស់​ជនជាតិ​ភាគ​តិច​នានា​នៅ​ក្នុង​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល