អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញប្រទេសជប៉ុន ឱ្យដាក់សម្ពាធលើកម្ពុជាឱ្យឈប់បង្ក្រាបសហជីពនៅក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (NagaWorld)។ អង្គការនេះគូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនគួរតែដាក់សម្ពាធលើអាជ្ញាធរកម្ពុជាឱ្យបញ្ឈប់ការប្រើប្រាស់រថយន្តក្រុង ដែលជាជំនួយរបស់ប្រទេសជប៉ុន យកទៅដឹកកូដករណាហ្គាវើលដ៍ទៅទម្លាក់ចោលនៅជាយក្រុងភ្នំពេញទាំងបង្ខំតទៅទៀត។ អង្គការនេះថា ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាមកលើកម្មករណាហ្គាវើលដ៍បែបនេះ រំលោភទៅលើសិទ្ធិជាមូលដ្ឋានរបស់ពួកគេក្នុងការធ្វើកូដកម្ម និងសេរីភាពនៃការជួបប្រជុំ និងការបញ្ចេញមតិ។
មន្ត្រីកម្មវិធីប្រចាំតំបន់អាស៊ីរបស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក តេប៉ៃ កាហ្សៃ (Teppei Kasai) ថ្លែងក្នុង សេចក្ដីថ្លែងការណ៍របស់អង្គការនេះផ្សាយនៅថ្ងៃទី៨ ខែសីហា ថា ជប៉ុនគួរតែទាមទារឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការប្រើប្រាស់ខុសគោលដៅនូវរថយន្តក្រុង ដែលជាជំនួយផ្តល់ឱ្យដោយអ្នកបង់ពន្ធជាពលរដ្ឋជប៉ុន។ លោកសង្កត់ធ្ងន់ថា បើមិនដូច្នោះទេ ជប៉ុននឹងប្រឈមនូវការចោទថា បានចូលដៃជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការរំលោភសិទ្ធិរបស់កម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដែលជាកូដករ។ មន្ត្រីរូបនោះបន្តថា រដ្ឋាភិបាលជប៉ុន គួរតែលើកកម្ពស់សិទ្ធិរបស់កម្មករនិយោជិតនៅក្រៅប្រទេស ដោយមិនត្រូវអនុញ្ញាតឱ្យជំនួយបរទេសរបស់ខ្លួន ត្រូវបានរដ្ឋាភិបាលបរទេសយកទៅប្រើប្រាស់ ដើម្បីធ្វើឱ្យទន់ខ្សោយដល់សិទ្ធិទាំងនេះទេ។
បើតាមអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងចំនួនជិត ១០លានដុល្លារ ប្រគល់រថយន្តក្រុងចំនួន ៨០គ្រឿងដល់អាជ្ញាធរក្រុងភ្នំពេញ។ អង្គការនេះថា ផ្អែកតាមវីដេអូ ដែលកូដករបានថតបង្ហោះនៅលើបណ្ដាញសង្គម អាជ្ញាធរកម្ពុជាពិតជាប្រើប្រាស់រថយន្តក្រុង ដែលដូចគ្នាទៅនឹងរថយន្តក្រុង ដែលជាជំនួយរបស់ប្រទេសជប៉ុនមែន។
មន្ត្រីកម្មវិធីនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក តេប៉ៃ កាហ្សៃ លើកឡើងថា ក្រុងតូក្យូ (Tokyo) គួរតែផ្ញើសារជាក់ច្បាស់ទៅរដ្ឋាភិបាលកម្ពុជាថា ការគោរពសិទ្ធិមនុស្ស គឺជាស្នូលនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
បើតាមអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ដដែល កាលពីថ្ងៃទី២៤ ខែមិថុនា អង្គការនេះបានសរសេរលិខិតមួយច្បាប់ផ្ញើជូនទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុន (JICA) ដោយស្នើឱ្យទីភ្នាក់ងារនេះបញ្ចេញព័ត៌មានថា តើរដ្ឋាភិបាលជប៉ុនបានសម្ដែងកង្វល់ ឬចាត់វិធានការជាក់លាក់ណាមួយ ជុំវិញការណ៍ដែលរដ្ឋាភិបាលកម្ពុជាយករថយន្តក្រុង ដែលជាជំនួយរបស់ប្រទេសជប៉ុនទៅប្រើប្រាស់ខុសគោលដៅបែបនេះ។ ទីភ្នាក់ងារនេះ បានឆ្លើយតបមកអង្គការនេះវិញ នៅថ្ងៃទី២៨ ខែកក្កដា ថា រដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារ JICA មានទំនាក់ទំនងជិតដិតជាប្រចាំជាមួយរដ្ឋាភិបាលកម្ពុជា រួមទាំងអំពីស្ថានភាពសិទ្ធិមនុស្សផង និងថា រដ្ឋាភិបាលជប៉ុនកំពុងធ្វើការលើបញ្ហានេះ តាមរបៀបសមស្របមួយ។ ទីភ្នាក់ងារ JICA របស់ជប៉ុនពន្យល់បន្តថា ដោយគិតគូរដល់បញ្ហាការទូត ទីភ្នាក់ងារ JICA សូមមិនធ្វើអត្ថាធិប្បាយលម្អិតអំពីការប្រាស្រ័យទាក់ទងជាមួយអាជ្ញាធរកម្ពុជាឡើយ។
អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បដិសេធមិនផ្តល់អត្ថាធិប្បាយជុំវិញរឿងនេះទេ កាលពីថ្ងៃទី៨ ខែសីហា ដោយរុញឱ្យទៅសួរអ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ម៉េត មាសភក្តី ដែលមិនអាចទាក់ទងបាន។ វិទ្យុអាស៊ីសេរីកំពុងទាក់ទងស្ថានទូតជប៉ុនប្រចាំកម្ពុជា ដើម្បីសុំប្រតិកម្មជុំវិញរឿងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។