អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (HRW) ទាមទារ​ឲ្យ​អាជ្ញាធរ​នៃ​របប​ក្រុង​ភ្នំពេញ​ ស៊ើប​អង្កេត​ជា​បន្ទាន់​ករណី​បាត់​ខ្លួន​ពលរដ្ឋ​ម្នាក់​នៅ​ខេត្ត​ព្រះ​វិហារ

ដោយ ទីន ហ្សាការីយ៉ា
2019-03-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។
Photo: RFA

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូរមែនរ៉ៃច្ឆ៍វ៉ច (HRW) ទាមទារ​ឲ្យ​កូន​ប្រុស​បង្កើត​របស់​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន ម៉ាណែត បើក​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ​និង​ជា​បន្ទាន់​មួយ ​ករណី​ក្រុម​ទាហាន​ចាប់​ខ្លួន​ពលរដ្ឋ ​ហើយ​បណ្ដាល​ឲ្យ​បាត់​ខ្លួន​នៅ​ខេត្ត​ព្រះ​វិហារ។ ចំណែកខាង​អាជ្ញាធរ​វិញ​ អះអាង​ថា ​សមត្ថកិច្ច​នៅ​តែ​តាម​ស្វែង​រក​ពលរដ្ឋ​ដែល​បាត់​ខ្លួន​នេះ ប៉ុន្តែ​រក​មិន​ទាន់​ឃើញ​នៅ​ឡើយ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូរមែនរ៉ៃច្ឆ៍វ៉ច (HRW) ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា គួរ​បង្ហាញ​ពី​ទី​កន្លែង​រស់​នៅ​របស់​សកម្មជន​ដីធ្លី​ម្នាក់​ឈ្មោះ ស៊ុំ ម៉ឺន វ័យ ៥៤ឆ្នាំ ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ​ជា​បន្ទាន់។

នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី លោក ប្រែដ អាដាម (Brad Adams) មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​បង្ហាញ​ខ្លួន​លោក ស៊ុំ ម៉ឺន នៅ​តុលាការ​ដោយ​ចោទ​ប្រកាន់​គាត់​ទៅ​តាម​ផ្លូវ​ច្បាប់ ឬក៏​ឲ្យ​គាត់​ត្រឡប់​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​វិញ។ លោក ប្រែដ​ អាដាម បន្ត​ថា ករណី​បាត់​ខ្លួន​ពលរដ្ឋ​នេះ គួរ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ និង​បន្ទាន់​មួយ ដោយ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ពេញ​លេញ​ពី​កងទ័ព ដែល​​ស្ថិត​ក្រោម​ការ​បញ្ជា​ របស់​អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត ជា​កូន​ប្រុស​លោក ហ៊ុន សែន។

អាស៊ី​សេរី​ ព្យាយាម​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ​ ដើម្បី​ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ​ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​តែ​មិន​មាន​អ្នក​ទទួល។

អភិបាល​ខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់​ដា បដិសេធ​មិន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​អាស៊ី​សេរី​ ដោយ​តម្រូវ​ឲ្យ​ទៅ​សម្ភាសន៍​លោក​ផ្ទាល់។ ចំណែក​អភិបាល​ស្រុក​ជាំ​ក្សាន្ត លោក ជា គឹមសេង ប្រាប់​អាស៊ី​សេរី ​ការ​បាត់​ខ្លួន​ពលរដ្ឋ​ឈ្មោះ​ ស៊ុំ ម៉ឺន កាល​ពី​យប់​ថ្ងៃ​ទី​២០ ខែ​មករា គឺ​នៅ​ពេល​ដែល​គាត់​ត្រូវ​ដោះ​ខ្នោះ​ដៃ​ឲ្យ​ហូបបាយ​ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី២១ ស្រាប់​តែ​បាត់​លោក ស៊ុំ ម៉ឺន ឃើញ​តែ​កូនប្រុស​គាត់​ឈ្មោះ ម៉ឺន មៀន វ័យ ២៦ឆ្នាំ នៅ​ក្នុង​ការិយាល័យ​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព។ លោក ជា គឹម​សេង បញ្ជាក់​ថា ខាង​អាជ្ញាធរ​នៅ​តែ​បន្ត​តាម​រក​លោក ស៊ុំ ម៉ឺន ​ដែល​បាត់​ខ្លួន​ជាង ២ខែ​មក​នេះ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ លោក​ថា រក​មិន​ទាន់​ឃើញ​នៅ​ឡើយ៖ « បាទ! ខ្ញុំ​ស្រាវជ្រាវ​រក​ ដោយ​ទទួល​បញ្ជា​ពី​អភិបាល​ខេត្ត​ផ្ទាល់​រហូត​ឲ្យ​ខ្ញុំ​ទៅ​ដល់​ផ្ទះ​គាត់​ផ្ទាល់​តែ​ម្ដង។ ប៉ុន្តែ​មក​ដល់ម៉ោង​នេះ​មិន​ទាន់​ឃើញ​ទេ។ ប៉ុន្តែ ការ​ស្រាវជ្រាវ​រក​ហាក់​បី​ដូច​ជា រូបភាព​សាកសព បើ​បុគ្គល​នោះ​គាត់​ស្លាប់ ឃើញ​សាកសព​ក៏​មិន​ឃើញ​ដែរ។ ប៉ុន្តែ​យើង​នៅ​តែ​ផ្ដល់​ក្ដី​សង្ឃឹម​ថា​ ពុំ​ស្លាប់​ លោក​ ពូ ស៊ុំ ម៉ឺន ពុំ​ស្លាប់​ទេ។ យើង​នៅ​តែ​មាន​ក្ដី​សង្ឃឹម​អ៊ីចឹង»

សេចក្ដី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ចេញ​កាល​ពី​ថ្ងៃ​ទី​២០ មិនា សរសេរ​បញ្ជាក់​ថា ក្រុម​ទាហាន​ប្រដាប់​ដោយ​អាវុធ នៃ​កងវរសេនាតូច​អន្តរាគមន៍​លេខ​២៦១ បាន​ចាប់​ខ្លួន​ លោក ស៊ុំ ម៊ឺន វ័យ ៥៤ឆ្នាំ ដែល​ជា​តំណាង​ពលរដ្ឋ​នៅ​ក្នុង​ជម្លោះ​ដីធ្លី និង​កូន​ប្រុស​គាត់​ឈ្មោះ ម៉ឺន មៀន វ័យ​២៦​ឆ្នាំ នៅ​ក្នុង​ភូមិ​យាង ស្រុក​ជាំ​ក្សាន្ត កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា។ ក្រោយ​ការ​ចាប់​ខ្លួន​នេះ ក្រុម​ទាហាន ក៏​បាន​បញ្ជូន​ពួក​គាត់​ ទៅ​ឃុំ​ខ្លួន​នៅ​ការិយាល័យ​អភិរក្ស​សត្វ​ព្រៃ​​គូលែន​ព្រហ្ម​ទេព អស់​ពេល​មួយ​យប់។ លុះ​មក​ព្រឹក​ថ្ងៃ​ទី២១ ឃើញ​តែ​ឈ្មោះ​ ម៉ឺន មៀន ​ដែល​ត្រូវ​នាំ​ខ្លួន​ទៅ​តុលាការ។

ជុំវិញ​រឿង​នេះ នាយ​សេនាធិការ​នៃ​កងវរសេនាតូច​លេខ២៦១ ចំណុះ​ឲ្យ​កងពល​តូច​អន្តរាគមន៍​លេខ​៦ លោក លុយ សម្បត្តិ ហៅ រឹម ខេន ប្រាប់​អាស៊ី​សេរី​ថា ខាង​ទាហាន​របស់​លោក មិន​បាន​ចាប់​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «មិន​ពិត​ទេ! រឿង​ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី​គឺ​គ្មាន​ទេ។ មាន​តែ​ដី​គាត់​ទៅ​រុក​រាន​ដី​គូលែន​ព្រហ្ម​ទេព​ គ្រប់គ្រង​ដោយ​បរិស្ថាន។ អ៊ីចឹង! ខាង​បរិស្ថាន​គេ​ចាប់​ចង​ទេ អត់​មាន​ពាក់ព័ន្ធ​នឹង​កង​ទ័ព​ទេ។ កង​ទ័ព​គ្មាន​សិទ្ធិ​អី​ទៅ​ចាប់​ប្រជាពលរដ្ឋ ទន្ទ្រាន​ដៃ​ព្រៃ​បរិស្ថាន បើ​ខាង​កង​កម្លាំង​ទាហាន​នេះ គឺ​គ្មាន​ទេ​បង»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អនុប្រធាន​ អនុប្រធាន​ការិយាល័យ​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្មទេព លោក សោម សុផាត បាន​នៅ​ឡើយ​ទេ​ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​លោក​ចុច​បិទ​ទូរស័ព្ទ។

ចំណែក អភិបាល​អភិបាល​ស្រុក​ជាំ​ក្សាន្ត លោក ជា គឹមសេង បញ្ជាក់​ថា ខាង​អាជ្ញាធរ​មិន​បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ពលរដ្ឋ​នោះ​ទេ កាល​ពី​ខែ​មករា​កន្លង​ទៅ៖ «យើង​បាន​ឲ្យ​អភិបាល​រង​ស្រុក​ម្នាក់​ចូល​រួម​ក្នុង​ការ​ដើរ​ល្បាត​នោះ។ ប៉ុន្តែ កិច្ច​ការងារ​នេះ អាជ្ញាធរ​ដែន​ដី​ពុំ​បាន​បញ្ជា​ឲ្យ​ចាប់​ឃាត់​ខ្លួន​នោះ​ទេ។ ចង់​ជម្រាប​ថា​ ខាង​បរិស្ថាន លោក​បាន​ធ្វើ​ទៅ​តាម​ជំនាញ​របស់​លោក។ ការ​ចាប់​ខ្លួន​ដោយ​យោធា ខ្ញុំ​អត់​បាន​ដឹង​ទេ​បង។ អត់​បាន​ចូល​រួម​ចំណែក​នៅ​ក្នុង​រឿង​ខាង​ទាហាន​ឲ្យ​ចាប​ខ្លួន​នោះ ដូច​ជា មិន​ពិត​ទេ​ដឹង »

ថ្វី​បើ​មាន​ការ​ឆ្លើយ​ដាក់​គ្នា​ទៅវិញ​មក​យ៉ាង​នេះ​ក្ដី អ្នក​សម្របសម្រួល​សមាគម​ អាដហុក ប្រចាំ​ព្រះវិហារ លោក ឡោ ចាន់ យល់​ថា ទាំង​ខាង​ក្រុមទាហាន​ និង​ខាង​មន្ត្រី​បរិស្ថាន​ គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​រឿង​នេះ។ ការ​សំអាង​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ ដោយសារ​តែ​លោក​បាន​សាកសួរ​ទៅ​កូន​ប្រុស​លោក ស៊ុំ​ មឺន ​ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នៃ​ការ​ចាប់​ខ្លួន​នោះ និយាយ​ថា គឺ​ទាហាន​កងវរសេនាតូច​លេខ២៦១ ជា​អ្នក​ចាប់​ឪពុក​របស់​គាត់ និង​រូប​គាត់៖ «មាន​ភស្តុតាង​សាក្សី​ជា​ច្រើន​បញ្ជាក់​ថា ​ខាង​កង​ពល​លេខ៦ វរៈ​អន្តរាគមន៍​តូច​២៦១ ជា​អ្នក​ចាប់។ ជាពិសេស កូន​គាត់​ដែល​កំពុង​ជាប់​ពន្ធនាគារ​សព្វ​ថ្ងៃ​នេះ ជា​សាក្សី​មួយ​ដ៏​សំខាន់​ដែរ នៅ​ក្នុង​ការ​ដឹង​ថា នរណា​ជា​អ្នក​ចាប់។ ហើយ​បើ​មិន​មែន​ក្រុម​យោធា មិន​មែន​ក្រុម​ទាហាន​កងពល​លេខ​៦​ជា​អ្នក​ចាប់​ទេ កូន​គាត់​ជាប់​ពន្ធនាគារ​សព្វថ្ងៃ​នេះ​បញ្ជាក់​ថា គឺ​ខាង​កង​ពល​ជា​អ្នក​ចាប់​ទៅវិញ។ អ៊ីចឹង​ហើយ ខ្ញុំ​បាន​សួរ​បរិស្ថាន​ច្បាស់​ណាស់ គឺ​គាត់​បាន​ទទួល​ពី​កងពល​លេខ​៦​ហ្នឹង​ឯង»

សេចក្ដី​ថ្លែង​ការណ៍​ដដែល​ ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី១៦ ដល់​ថ្ងៃ​ទី២៧ ខែ​មករា ក្រុម​សន្តិសុខ​ក្រុមហ៊ុន​មេត្រីភាព និង​ក្រុម​ទាហាន បាន​ចាប់​ខ្លួន​ពលរដ្ឋ ១៥នាក់ ដែល​បង្ក្រាប​ទៅ​លើ​អ្នក​ភូមី​នៅ​ក្នុង​ឃុំ​យាង ដោយ​ចោទ​ប្រកាន់​ពួកគេ​ថា​បាន​កាប់​រាន​ដី​ព្រៃ​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់ ដែល​អាច​ជាប់​ពន្ធនាគារ​ពី ៥ឆ្នាំ​ដល់ ១០ឆ្នាំ។ មក​ពេល​នេះ ពលរដ្ឋ ១៤នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ដោយ​រង់​ចាំ​ការ​ជំនុំ​ជម្រះ​ក្ដី​ពី​តុលាការ​ខេត្ត​ព្រះ​វិហារ ចំណែក​លោក ស៊ុំ ម៉ឺន នៅ​បាត់​ខ្លួន​នៅ​ឡើយ។

កម្ពុជា​បាន​ចុះ​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ ស្ដី​ពី​កិច្ច​ការពារ​រាល់​បុគ្គល​ទាំង​អស់​ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ។ នៅ​ក្នុង​អនុសញ្ញា​នោះ​កំណត់​ថា ការ​បាត់​ខ្លួន​ដោយ​បង្ខំ ធ្វើ​ឡើង​នៅ​ពេល​មានការ​ចាប់​ខ្លួន​ ឬ​ឃុំ​ខ្លួន​បុគ្គល​ណា​ម្នាក់​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​រដ្ឋ ឬ​អ្នក​នៅ​ក្រោម​បញ្ជា។ បុគ្គល​ដែល​ត្រូវ​បាន​ចាប់​បង្ខំ​ហើយ​បាត់​ខ្លួន គឺ​ស្ថិត​នៅ​ក្នុង​ហានិភ័យ​ដ៏​ផុយ​ស្រួយ​បំផុត នៃ​ការ​ធ្វើ​ទារុណកម្ម ហើយ​នឹង​ការ​ប្រហារ​ជីវិត​មុន​ការ​ជំនុំ​ជម្រះ​ក្ដី។

អនុសញ្ញា​ប្រឆាំង​នឹង​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​នេះ មាន​កាតព្វកិច្ច​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ស៊ើប​អង្កេត​ពី​ការ​ចោទប្រកាន់​លើ​បុគ្គល​ដែល​បាត់​ខ្លួន​នោះ។ ក្រៅ​ពី​នេះ ក៏​ត្រូវ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​សម​ស្រប ដើម្បី​ការពារ​សាច់​ញាតិ​ ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ឬ​ទណ្ឌកម្ម នៅ​ខណៈ​ស្វែង​រក​ដំណឹង​ពាក់ព័ន្ធ​នឹង​បុគ្គល​ដែល​បាត់​ខ្លួន​នោះ។

នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូរមែនរ៉ៃ វ៉ច្ឆ (HRW) ប្រចាំ​តំបន់​អាស៊ី លោក ប្រែដ អាដាម (Brad Adams) ថា​ កម្ពុជា ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ នេះ ​មិន​ទាន់​មាន​ករណីបាត់​ខ្លួន​មនុស្ស​ដោយ​បង្ខំ​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រទេស​មួយ​នេះ​កំពុង​គ្រប់​គ្រង​ដោយ​បក្ស​តែ​មួយ ហើយ​មាន​ការ​កើន​ឡើង​នូវ​បញ្ហា​រឹប​អូស​ដីធ្លី ដែល​ជា​សញ្ញា​ប្រាប់​ពី​​គ្រោះអាសន្ន​ហើយ។ លោក ប្រែដ អាដាម (Brad Adams) យល់​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ស្វែង​រក និង​បង្ហាញ​ខ្លួន​លោក ស៊ុំ ម៉ឺន ឲ្យ​បាន​ឆាប់ ដើម្បី​បង្ហាញ​ថា ខ្លួន​ពិត​ជា​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា​ ដែល​ជា​ក្ដី​បារម្ភ​របស់​សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​ជា​ច្រើន​ផ្សេង​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល