អ្នក​ផ្ទុក​មេរោគ​អេដស៍​​នៅ​ឃុំ​រកា​ស្នើ​​ឲ្យ​អាជ្ញាធរ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​រៀង​រាល់​ឆ្នាំ

ដោយ ហ៊ុំ ចំរើន
2015.12.10
អ្នក​ឃុំ​រកា បាត់ដំបង ៦២០ ពលរដ្ឋ​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៥។
RFA/Hum Chamroeun

គ្រួសារ​អ្នក​​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ស្នើ​​ឲ្យ​អាជ្ញាធរ​ និង​អង្គការ​ពាក់​ព័ន្ធ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ក្នុង​មូលដ្ឋាន​រស់​នៅ​​ឲ្យ​បាន​រៀង​រាល់​ឆ្នាំ​ ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត និង​កម្លាំង​ស្មារតី​ដល់​ពួកគាត់​​ ដូច​​ដែល​មាន​ចែង​ពី​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។

អ្នក​ភូមិ​រកា ភាគ​ច្រើន​លើក​ឡើង​ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​ខ្វះ​ការ​​យក​ចិត្ត​ទុកដាក់​សួរ​​​សុខទុក្ខ​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​​ប្រជាពលរដ្ឋ​​ដែល​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា ឲ្យ​បាន​ដិតដល់​ ជា​ពិសេស​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ទី​១០ ធ្នូ។

អ្នក​ផ្ទុក​មេរោគ​អេដស៍​មួយ​ចំនួន​ថ្លែង​នៅ​ថ្ងៃ​ទី​១០ ធ្នូ ថា​ អាជ្ញាធរ​ហាក់​​ព្រងើយ​កន្តើយ​​ក្នុង​រៀបចំ​​ទិវា​សិទ្ធ​មនុស្ស​សាកល​ ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​​ទី​១០ ធ្នូ ដល់​ពួកគាត់​ដែល​ផ្ទុក​មេរោគ​អេដស៍​ក្នុង​ឃុំ​រកា នោះ​ទេ។ អ្នក​ភូមិ​ចង់​ឲ្យ​អាជ្ញាធរ​និង​អង្គការ​សង្គម​ស៊ីវិល​ពាក់​ព័ន្ធ​រៀបចំ​ពិធី​នេះ​ក្នុង​មូលដ្ឋាន​រស់​នៅ​ឲ្យ​បាន​រៀង​រាល់​ឆ្នាំ​ ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត និង​កាត់​បន្ថយ​​ពី​ការ​គិត​រវើរវាយ​ពី​ជំងឺ​ប្រចាំ​កាយ​នេះ៖ «ខ្ញុំ​មាន​អារម្មណ៍​ថា នៅ​ឯ​កោ ដោយសារ​​អាជ្ញាធរ​មិន​ខ្វល់​ពី​ប្រជាពលរដ្ឋ​ផ្ទុក​មេរោគ​រឿង​ទិវា​សិទ្ធិ​មនុស្ស។ ពួក​ខ្ញុំ​កើត​រោគ​អេដស៍​ប៉ុណ្ណឹង​ហើយ​​មិន​គួរ​ណា​​អាជ្ញាធរ​មិន​មក​សួរ​សុខ​ទុក្ខ​នោះ​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ មេឃុំ​រកា​ អ្នកស្រី​​ ស៊ឹម ពៅ មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​ពុំ​បាន​ព្រងើយ​កន្តើយ​​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​ផ្ទុក​មេរោគ​អេដស៍​នោះ​ទេ។ អ្នក​ស្រី​បញ្ជាក់​​ថា អាជ្ញាធរ​ឃុំ​ចង់​ប្រារព្ធ​ទិវា​សិទ្ធ​មនុស្ស​ថ្ងៃ​ទី​១០ ធ្នូ ជូន​ប្រជាពលរដ្ឋ​ដែរ​ តែ​​មិន​អាច​ធ្វើ​ទៅ​រួច​​​ ដោយសារ​នៅ​​សាលា​ឃុំ​ជាប់​រវល់​ការងារ​ច្រើន៖ «កន្លង​មក​យើង​តែង​​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​អំពី​ទិវា​សិទ្ធ​មនុស្ស​​នេះ​ជា​បន្ត​បន្ទាប់​មក​ហើយ»

ច្បាប់​រដ្ឋធម្មនុញ្ញ​មាត្រា​៣១ ​​​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​ មាន​សិទ្ធិ​សេរីភាព និង​ករណីយ​កិច្ច​ដូច​គ្នា​ទាំង​អស់ ដោយ​ឥត​ប្រកាន់​ពូជ​សាសន៍ ពណ៌​សម្បុរ ភេទ ភាសា ជំនឿ​សាសនា និន្នាការ​នយោបាយ ដើម​កំណើត​ជាតិ​ឋានៈ​សង្គម ធនធាន​ ឬ​ស្ថានភាព​ឯទៀត​ឡើយ។ ការ​ប្រើ​សិទ្ធិ​សេរីភាព​ផ្ទាល់​​ខ្លួន​របស់​បុគ្គល​ម្នាក់ៗ ​មិន​ត្រូវ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរី​ភាព​អ្នក​ដទៃ​ឡើយ។ ការ​ប្រើ​សិទ្ធិ​សេរី​ភាព​នេះ​ត្រូវ​ប្រព្រឹត្ត​ទៅ​តាម​លក្ខខណ្ឌ​កំណត់​ក្នុង​ច្បាប់។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង​ លោក​ យិន ម៉េងលី មាន​ប្រសាសន៍​ថា​ អង្គការ​សង្គម​ស៊ីវិល​គ្រាន់​តែ​ជួយ​បំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ។

លោក​កក់​សំគាល់​ថា កន្លង​ទៅ​អាជ្ញាធរ​ក្នុង​ខេត្ត​បាត់ដំបង ពុំ​ដែល​​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​អំពី​សិទ្ធិ​សេរីភាព​ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ទេ៖ «ខ្ញុំ​គិត​ថា នៅ​ក្នុង​ថ្ងៃ​បុណ្យ​សំខាន់​ អាជ្ញាធរ​មិន​ត្រូវ​មើល​រំលង​ប្រជាពលរដ្ឋ​នៅ​ឃុំ​រកា នោះ​ទេ ព្រោះ​អី​ពួកគាត់​​មាន​ផ្ទុក​មេរោគ​អេដស៍​ក្នុង​ខ្លួន​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ពិសេស​ឲ្យ​បាន​ច្រើន​ជាង​ពលរដ្ឋ​ដទៃ»

កាល​ពី​ថ្ងៃ​ទី​៧ ធ្នូ កន្លង​ទៅ​អង្គការ​សង្គម​ស៊ីវិល​បាន​រៀបចំ​ទិវា​សិទ្ធិ​មនុស្ស​ នៅ​ខាង​មុខ​វត្ត​កណ្ដាល ក្រុង​បាត់ដំបង​ ដែល​មាន​ប្រជាពលរដ្ឋ​មក​ពី​តាម​សហគមន៍​នានា ​​ចូលរួម​ប្រមាណ ៤០០​នាក់​ និង​ព្រះសង្ឃ​ជាង ១០​អង្គ។

ច្បាប់​រដ្ឋធម្មនុញ្ញ​មាត្រា​ទី​៧៣ ចែង​ថា​ រដ្ឋ​យក​ចិត្ត​ទុកដាក់​ចំពោះ​កុមារ​ និង​មាតា។ រដ្ឋ​រៀបចំ​ឲ្យ​មាន​ទារកដ្ឋាន និង​ជួយ​ឧបត្ថម្ភ​នារី​ដែល​មាន​កូន​ច្រើន​ក្នុង​បន្ទុក​ ហើយ​ឥត​ទីពឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។