អង្គការសិទ្ធិមនុស្សអំពាវនាវឱ្យដោះលែងកញ្ញា សេង ធារី និង ឈឹម ស៊ីថរ ក្នុងឱកាសនៃទិវាសិទ្ធិនារីអន្តរជាតិ
2024.03.01

មុនទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អំពាវនាវឱ្យដោះលែង និងទម្លាក់បទចោទប្រឆាំងលើកញ្ញា សេង ធារី និងកញ្ញា ឈឹម ស៊ីថរ ខណៈក្រុមអង្គការសង្គមស៊ីវិលចំនួន ២០ស្ថាប័ន ក៏គ្រោងប្រារព្ធទិវានារីអន្តរជាតិ ខួបលើកទី១១៣ ក្រោមប្រធានបទ «ធានាសិទ្ធិសេរីភាពស្ត្រី និងក្មេងស្រី ដើម្បីស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ទទូចឱ្យរដ្ឋាភិបាល បញ្ចប់រាល់ទម្រង់នៃការយាយីលើអ្នកតស៊ូមតិជាស្ត្រី ជាពិសេស លើអ្នកមានសំឡេងមិនស្របនឹងរដ្ឋាភិបាល។
សេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី២៩ កុម្ភៈ ឱ្យដឹងថា CCHR នឹងបង្ហាញពីសកម្មភាពនៃការចូលរួមរបស់ស្ត្រីកម្ពុជានៅក្នុងសង្គមស៊ីវិល និងការងារប្រកបដោយឆន្ទៈដ៏មោះមុតរបស់អ្នកការពារសិទ្ធិមនុស្សជាស្ត្រី ព្រមទាំងលើកឡើងនូវបរិយាកាសប្រឈមលើអ្នកការពារសិទ្ធិមនុស្សជាស្ត្រីផងដែរ។
ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិនៅឆ្នាំនេះ CCHR បង្កើតនូវសកម្មភាពមួយចំនួន ដូចជា ការចេញផ្សាយវីដេអូនិយាយអំពីបញ្ហារបស់អ្នកការពារសិទ្ធិមនុស្សកញ្ញា សេង ធាវី និងកញ្ញា ឈឹម ស៊ីថរ ការរៀបចំផ្សាយកម្មវិធីវិទ្យុក្រោមប្រធានបទ «ឥទ្ធិពលស្ត្រី» និងការបង្ហោះសារផ្ដល់កម្លាំងចិត្តរបស់អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាស្ត្រីជាដើម។
ជាក់ស្ដែងនៅថ្ងៃទី១ មីនា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានបង្ហោះវីដេអូឃ្លីបជាង ២នាទី នៅលើហ្វេសប៊ុកបង្ហាញនូវរឿងរ៉ាវរបស់អ្នកការពារសិទ្ធិមនុស្សជាស្ត្រី គឺកញ្ញា សេង ធារី ដែលត្រូវជាប់ពន្ធនាគារ ដោយសារតែសកម្មភាពសិទ្ធិមនុស្ស។ CCHR ក៏បានអំពាវនាវឱ្យដោះលែង និងទម្លាក់ចោលបទចោទប្រឆាំងលើកញ្ញា សេង ធារី ជាបន្ទាន់ ព្រមទាំងបញ្ចប់រាល់ទម្រង់នៃការយាយីទៅលើគាត់ និងអ្នកមានសំឡេងមិនស្របផងដែរ។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយរឿងនេះ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី១ មីនា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ទាក់ទិនការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ក្រុមអង្គការសង្គមស៊ីវិលចំនួន ២០ស្ថាប័ន នៅថ្ងៃទី១ មីនា បានចេញសេចក្ដីប្រកាសព័ត៌មានរួមមួយថា នឹងប្រារព្ធកម្មវិធីទិវានារីអន្តរជាតិខួបលើកទី១១៣ ក្រោមប្រធានបទ «ធានាសិទ្ធិសេរីភាពស្ត្រី និងក្មេងស្រី ដើម្បីស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម» ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៩ មីនា ដោយនឹងរៀបចំឱ្យមានកម្មវិធីវិទ្យុ និងការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក ដែលមានប្រធានបទផ្សេងៗ ពាក់ព័ន្ធនឹងស្ត្រី និងការបង្ហោះស៊ុមរូបថតយុទ្ធនាការនៅលើទំព័រហ្វេសប៊ុកជាដើម។
ចំណែកនៅថ្ងៃទី៨ មីនា សង្គមស៊ីវិលចំនួន ២០ស្ថាប័ន នឹងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណ ៥០០នាក់ ដើម្បីលើកឡើងពីបញ្ហាប្រឈមរបស់ស្ត្រី និងស្វែងរកដំណោះស្រាយពីរដ្ឋាភិបាល។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ មីនា ថា ការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនេះ ដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និងកុមារី ពីព្រោះកន្លងមក មានស្ត្រីជាថ្នាក់ដឹកនាំសហជីព ស្ត្រីធ្វើការងារសង្គម និងស្ត្រីដែលជាតំណាងសហគមន៍ដីធ្លីមួយចំនួន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ហើយជាប់បណ្ដឹងនៅតុលាការ ដោយសារតែ ការធ្វើការលើកកម្ពស់សិទ្ធិស្ត្រី សិទ្ធិកុមារី សិទ្ធិការងារ និងការការពារដីធ្លីរបស់ពួកគេជាដើម។
លោក អំ សំអាត៖ «ស្ត្រីមួយចំនួន មានការរំលោភបំពាននៅកន្លែងការងារ បៀតបៀននៅកន្លែងការងារ ហើយស្ត្រីមួយចំនួន មានការបៀតបៀននៅទីសាធារណៈជាដើម។ បញ្ហានេះ គីជាសេចក្ដីព្រួយបារម្ភនៅឡើយ ចំពោះសិទ្ធិស្ត្រី។ អ៊ីចឹងអង្គការសង្គមស៊ីវិលសហគមន៍មូលដ្ឋាន នឹងប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ក្នុងគោលបំណងជំរុញឱ្យមានការលើកកម្ពស់ និងកិច្ចការពារបន្ថែមទៅលើសិទ្ធិស្ត្រី ហើយនឹងសមភាពយេនឌ័ររវាងបុរស និងស្ត្រីផងដែរ»។
កញ្ញា សេង ធារី ដែលជាមេធាវីសញ្ជាតិខ្មែរ-អាម៉េរិកាំង និងជាសកម្មជនសិទ្ធិមនុស្ស និងជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ត្រូវសមត្ថកិច្ចក្រុងភ្នំពេញ បានចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ក្រោយតុលាការប្រកាសសាលក្រមកាត់ទោសកញ្ញាឱ្យជាប់ពន្ធនាគារ ៦ឆ្នាំ ក្រោមចោទបទ «រួមគំនិតក្បត់» ក្នុងសំណុំរឿងវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។
រីឯមេដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៏ កញ្ញា ឈឹម ស៊ីថរ វិញ ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ក្ដីឱ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយសារតែការការពារសិទ្ធិកម្មករ។
សហគមន៍ជាតិ និងអន្តរជាតិចាត់ទុកការចាប់ខ្លួន និងកាត់ទោសកញ្ញា សេង ធារី និងកញ្ញា ឈឹម ស៊ីថរ ថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងការរើសអើងសហជីព។ ពួកគេស្នើដល់តុលាការឱ្យដោះលែងអ្នកទាំងពីរឱ្យមានសេរីភាពឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។