លោក ហ៊ុន សែន បណ្ដេញ​អង្គការ​អាមេរិក​មួយ​ចេញ​ពី​​កម្ពុជា​រឿង​ថា​ស្ត្រី​ខ្មែរ​លក់​កូន​ធ្វើ​ស្ត្រី​ពេស្យា

ដោយ ថា កិត្យា
2017.08.01
ហ៊ុន សែន ២០១៦ ៨៥៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Brach Chev

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​បណ្ដេញ​អង្គការ​អាមេរិក មួយ​ឈ្មោះ​មេត្រី​អន្តរជាតិ (Agape International Missions) ចេញ​ពី​កម្ពុជា ដែល​លោក​ចោទ​ថា អង្គការ​នេះ​ប្រមាថ​ស្ត្រី​ខ្មែរ​នៅ​កម្ពុជា ថា​ម្ដាយ​យក​កូន​ទៅ​លក់​ឲ្យ​បម្រើ​ផ្លូវ​ភេទ។ រី​ឯ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ ស្វែង​រក​ការពិត ដើម្បី​ជៀសវាង​ការ​ចោទ​ប្រកាន់​ពី​មជ្ឈដ្ឋាន​នានា​ថា វិធានការ​នេះ​ហាក់​បង្កប់​នូវ​រូបភាព​គំរាមកំហែង​ដល់​អង្គការ​សង្គម​ស៊ីវិល។

​​លោក ហ៊ុន សែន អះអាង​ថា ក្នុង​ឋានៈ​លោក​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ​នូវ​ការ​ប្រមាថ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ មេត្រី​អន្តរជាតិ ហៅ​កាត់​ថា (AIM) បន្ទាប់ពី​អង្គការ​មួយ​នេះ បាន​ផ្ដល់​ព័ត៌មាន​ដល់​ទូរទស្សន៍ ស៊ី.អិន.អិន (CNN) និង ​អេ.ប៊ី.ស៊ី (ABC NEWS) របស់​អាមេរិក ដែល​បាន​ផ្សាយ​ថា «ក្មេង​ស្រី​កម្ពុជា​ត្រូវ​បាន​ម្ដាយ​លក់​ឲ្យ​បម្រើ​ផ្លូវ​ភេទ»។

​លោក ហ៊ុន សែន ចោទ​ថា ការ​ផ្ដល់​ព័ត៌មាន និង​ការ​ចុះ​ផ្សាយ​បែប​នេះ គឺ​ជា​ការ​ប្រមាថ​កិត្តិយស​ស្ត្រី​ខ្មែរ​ដ៏​ធ្ងន់ធ្ងរ​មួយ ហើយ​លោក​បាន​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បិទ​អង្គការ​មួយ​នេះ ដោយ​មិន​អាច​អត់ឱន​ឲ្យ​បាន​ឡើយ«ឥឡូវ​អត់​ទេ អង្គការ​មួយ​នេះ​ត្រូវ​តែ​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការ​ស៊ើប​អង្កេត។ ខ្ញុំ​ដាក់​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការ​បរទេស ពិនិត្យ​មើល​ហើយ​បិទ​ចោល​ភ្លាមៗ​នូវ​ទង្វើ​បែប​នេះ គឺ​មិន​អាច​ទទួល​យក​កើត​ទេ»

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​សីហា នា​កោះពេជ្រ។ លោក ហ៊ុន សែន ក៏​ស្នើ​ដល់​ស្ថានទូត​អាមេរិក ស៊ើប​អង្កេត​ចំពោះ​អង្គការ​នេះ។ បន្ថែម​ពី​នេះ លោក​ថា នឹង​ឈាន​ដល់​បិទ​អង្គការ​ដទៃ​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ករណី​នេះ ហើយ​និង​ទទួល​ចិញ្ចឹម​កុមារ​ទាំង​អស់​ពី​អង្គការ​ដែល​បិទ។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ទូរទស្សន៍ ស៊ី.អិន.អិន បាន​ចុះ​ផ្សាយ​របាយការណ៍​មួយ​ដោយ​ដាក់​ចំណង​ជើង​ថា «ក្មេង​ស្រី​កម្ពុជា​ត្រូវ​បាន​ម្ដាយ​លក់​ឲ្យ​បម្រើ​ផ្លូវ​ភេទ» ដោយ​មាន​បញ្ចូល​របាយ​ការណ៍​របស់​អង្គការ​មេត្រី​អន្តរជាតិ និង​សម្ភាស​ស្ត្រី​ជា​ជនជាតិ​វៀតណាម រស់​នៅ​កម្ពុជា មួយ​ចំនួន​ផង។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ប៉ុល លឹម មាន​ប្រសាសន៍​ថា លោក​មិន​អាច​ប្រាប់​លម្អិត​បាន​ទេ ខណៈ​ដែល​មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​អំពី​ប្រវត្តិ​របស់​អង្គការ AIM នៅ​ឡើយ ក្រោយ​មាន​បទបញ្ជា​ពី​លោក​នាយករដ្ឋមន្ត្រី«មិន​ដឹង​ទេ ទាល់​តែ​មើល​ខ្លឹមសារ​ឡើង​វិញ​ទាំងអស់ ទី​១ ច្បាប់​បាន​ចុះ​អត់? ទី​២ ខុស​ស្អី​ខ្លះ​អ៊ីចឹង​ណា

ជុំវិញ​ករណី​ទាំង​អស់​នេះ ខាង​អង្គការ​មេត្រី​អន្តរជាតិ បាន​សម្រេច​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​អាស៊ីសេរី ឡើយ ដោយ​រង់ចាំ​ការ​ស្រាវជ្រាវ​របស់​ក្រសួង​មហាផ្ទៃ សិន។

មណ្ឌល​បណ្ដុះបណ្ដាល​នៃ​អង្គការ​មេត្រី​អន្តរជាតិ មាន​ទីតាំង​នៅ​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Brach Chev
មណ្ឌល​បណ្ដុះបណ្ដាល​នៃ​អង្គការ​មេត្រី​អន្តរជាតិ មាន​ទីតាំង​នៅ​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Brach Chev
RFA/Brach Chev

រី​ឯ​ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា លោក​មិន​គាំទ្រ​​ចំពោះ​អង្គការ​ណា​ដែល​ធ្វើ​ខុស​ច្បាប់​នោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ដើម្បី​បង្ហាញ​ភស្តុតាង​ដល់​សាធារណមតិ​ជាតិ និង​អន្តរជាតិ ឲ្យ​បាន​ដឹង​ថា តើ​ការ​ស្រាវជ្រាវ​នោះ​បាន​រក​ឃើញ​បទល្មើស​អ្វី​ខ្លះ ហើយ​សកម្មភាព​អង្គការ​នោះ​បាន​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ និង​ប្រជាជន​កម្ពុជា កម្រិត​ណា?

លោក​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​ឆាប់​រហ័ស​ក្នុង​ការ​បិទ​ដោយ​មិន​មាន​ការ​ស៊ើប​អង្កេត និង​បង្ហាញ​ភស្តុតាង​ត្រឹមត្រូវ​ទេ អាច​នឹង​បណ្ដាល​ឲ្យ​មាន​ការ​យល់​ច្រឡំ​ថា ការ​បិទ​នេះ គឺ​ពាក់ព័ន្ធ​នឹង​ការ​គំរាមកំហែង​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល«ប្រទេស​យើង​មាន​ច្បាប់ និង​មាន​អាជ្ញាធរ​ជំនាញ ចឹង​ទោះ​យ៉ាង​ណា យើង​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​មួយ​ឡើង មុន​នឹង​សម្រេច​បិទ។ គឺ​យើង​ត្រូវ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់ ហើយ​ចង្អុល​បង្ហាញ​អំពី​ភស្តុតាង និង​បទល្មើស​ទាំងឡាយ ក៏ដូចជា​ច្បាប់ អ៊ិន.ជី.អូ (NGO) ដើម្បី​ឲ្យ​បង្ហាញ​ដើម្បី​កុំ​ឲ្យ​សាធារណមតិ​ជាតិ និង​អន្តរជាតិ​គេ​មាន​ការ​យល់​ច្រឡំ»

​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី បាន​ទេ នៅ​ថ្ងៃ​ទី​១ ខែ​សីហា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

​អង្គការ​មេត្រី​អន្តរជាតិ បាន​បង្កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​១៩៨៨ ដែល​ជា​អង្គការ​មនុស្សធម៌​មួយ​មាន​ទីស្នាក់ការ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។ ចាប់​ពី​ឆ្នាំ​២០០៥ មក​ទល់​បច្ចុប្បន្ន អង្គការ​នេះ​បាន​បង្វែរ​មក​ផ្ដោត​លើ​កិច្ចការ​ប្រឆាំង​នឹង​អំពើ​ទាសភាព​ផ្លូវ​ភេទ​លើ​កុមារ។

ទាក់ទិន​ករណី​នេះ​ដែរ ស្ថានទូត​សហរដ្ឋអាមេរិក បាន​ឆ្លើយ​តប​តាម​សារ​អេឡិចត្រូនិក (Email) ថា ប្រទេស​កម្ពុជា បាន​បោះ​ជំហាន​គួរ​ឲ្យ​គាប់​ចិត្ត​ចំពោះ​សកម្មភាព​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​ផ្លូវ​ភេទ​កុមារ​ដូច​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ក្នុង​របាយការណ៍​ជា​ច្រើន​ពេល​ថ្មីៗ​នេះ ដោយ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក មាន​មោទនភាព​ចំពោះ​ការ​ចូលរួម​ក្នុង​កិច្ចការ​ទាំង​នេះ។ ទោះបីជា​យ៉ាង​ណា ឧបសគ្គ​នៅ​តែ​កើត​មាន​នៅ​ឡើយ។ ស្ថានទូត​សហរដ្ឋអាមេរិក ជឿ​ជាក់​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​សកម្ម ហើយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល និង​សហគមន៍​អន្តរជាតិ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​រំលោភ​បំពាន​លើ​កុមារ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។