របប​ក្រុងភ្នំពេញ​បដិសេធ​ការ​រឹតត្បិត​សេរីភាព​តាម​បណ្ដាញ​អ៊ីនធឺណិត

ដោយ មាន ឫទ្ធិ
2018-11-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។
RFA

អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក Freedom House រក​ឃើញ​ថា សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​បំផុត​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារតែ​មានការ​កើន​ឡើង​ការ​រឹតត្បិត និង​ឃ្លាំមើល​ខ្លាំង ពី​សំណាក់​របប​លោក ហ៊ុន សែន។ មន្ត្រី​នាំ​ពាក្យ​របប​ក្រុងភ្នំពេញ បដិសេធ​ការ​រក​ឃើញ​នេះ និង​ថា​របប​ក្រុងភ្នំពេញ​មិនដែល​មានគំនិត​ក្នុង​ការ​រឹតត្បិត​ការប្រើប្រាស់ ឬ​សេរីភាព​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ​ទេ។

មន្ត្រី​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បដិសេធ​ការ​រក​ឃើញ និង​ការ​លើកឡើង​របស់​អង្គការ Freedom House នេះ។ លោក​ថា របប​ក្រុងភ្នំពេញ​មិនដែល​មានគំនិត​ត្បិតត្បៀត​ការ​ប្រើប្រាស់ ឬ​សេរីភាព​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​ទេ៖ «អ្នក​និយាយ​នោះ​ប្រឌិត ហើយ​ភរ​ទេ ពីព្រោះ​យើង​អត់​ទាន់​មាន​ច្បាប់​ណា​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​អ៊ីនធឺណិត​ផង​។ ទាំងអស់​គ្នា​បញ្ចេញមតិ​បាន​តាម​អ៊ីនធឺណិត​គ្រប់គ្រាន់​។ រាជរដ្ឋាភិបាល​ធ្វើ​កិច្ចការ​របស់​ខ្លួន គឺ​ឆ្លើយតប​ទៅ​នឹង​លទ្ធភាព​នៃ​ការប្រើប្រាស់​អនឡាញ​នេះ​ឯង ហើយ​នឹង​កន្លែង​តំបន់​មាន​អ៊ីនធឺណិត ចង់​ពេញ​មួយ​ព្រះរាជាណាចក្រ​កម្ពុជា។ ដូច្នេះ ជំហរ​នេះ មិនមែន​បាន​សេចក្តី​ថា រដ្ឋាភិបាល​មានគំនិត​ត្បិតត្បៀត​ក្នុង​ការ​ប្រើប្រាស់​សេរីភាព​នៅ​លើ​អនឡាញ​នោះ​ទេ។ ចំណុច​ទី​ពីរ កុំ​ច្រឡំ​ថា សេរីភាព​ក្នុង​ការ​ប្រើប្រាស់​អនឡាញ ដូចជា​ការប្រមាថ ដូច​ជា​ការ​ញុះញង់​ឲ្យ​កើត​ហិង្សា នោះ​ជា​រឿង​ដាច់​ដោយឡែក ដែល​ច្បាប់​បាន​ចែង​ច្បាស់»

របាយការណ៍ Freedom House ផ្សាយ​កាលពី​ថ្ងៃ​ទី​១ វិច្ឆិកា រក​ឃើញ​ថា ក្រោម​ការគ្រប់គ្រង​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ប្រទេស​កម្ពុជា​បាន​បង្កើន​ការ​បង្ក្រាប​មក​លើ​ក្រុម​អ្នក​រិះគន់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ខណៈ​ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្ដីពី​ទូរគមនាគមន៍ និង​ក្រមព្រហ្មទណ្ឌ កាលពី​ឆ្នាំ២០១៥ និង​ឆ្នាំ​២០១៨ បាន​បណ្ដាល​ឲ្យ​មានការ​កើន​ឡើង​ករណី​ចាប់ខ្លួន​អ្នក​បញ្ចេញមតិ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ នៅ​លើ​បណ្ដាញ​សង្គម និង​គេហទំព័រ​ព័ត៌មាន។

ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន ៥ ដែល​មាន​ការ​ធ្លាក់ចុះ​ដុនដាប​ខ្លាំង​បំផុត​ខាង​ផ្នែក​សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក្នុងចំណោម​ប្រទេស​សរុប​ចំនួន ៦៥ ដែល​អង្គការ Freedom House ធ្វើការ​វាយតម្លៃ​សម្រាប់​ឆ្នាំ​២០១៨ ។ ក្នុង​នោះ​ក្រៅពី​កម្ពុជា មាន​ប្រទេស​វេណេហ្ស៊ុយអេឡា (Venezuela) អ៊ុយក្រែន (Ukraine) អេហ្ស៊ីប (Egypt) និង​ប្រទេស​តួគី (Turkey) ដែល​មាន​ការ​ធ្លាក់ចុះ​ដុនដាប​ផ្នែក​សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ពិន្ទុ​សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិតរបស់​កម្ពុជា បាន​ធ្លាក់​ចុះ ៨ ពិន្ទុ ពី ៤៧​ពិន្ទុ​ក្នុង​ឆ្នាំ​២០១៤ មក ៥៥ ពិន្ទុ ក្នុង​ឆ្នាំ​២០១៨​នេះ ដែល​ពិន្ទុ​សូន្យ​មានន័យថា មាន​សេរីភាព​បំផុត ខណៈ​ពិន្ទុ ១០០ មានន័យថា មាន​សេរីភាព​តិចតួច​បំផុត។

យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន ទទួល​ស្គាល់​ថា ពិតជា​មាន​ដាក់​ប្រព័ន្ធ​ឃ្លាំមើល ឬ​ឈ្លប​យកការណ៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា​មែន ក៏ប៉ុន្តែ​លោក​ថា ការ​ធ្វើ​ដូច្នេះ គឺជា​ផ្នែក​មួយ​ដើម្បី​ការពារ​សន្តិសុខ​ជាតិ​ពី​អំពើ​ភេរវកម្ម ឬ​មិន​ឲ្យ​កម្ពុជា​ក្លាយ​ជា​សមរភូមិ​សង្គ្រាម​តែប៉ុណ្ណោះ និង​មិន​មាន​ការភ័យខ្លាច​ណាមួយ​ពី​ពលរដ្ឋ​កម្ពុជា​សាមញ្ញ​នោះ​ឡើយ៖ «នោះ​ដើម្បី​ការងារ​សន្តិសុខ​ជាតិ សហរដ្ឋអាមេរិក​ក៏​មាន​ដែរ​ប្រព័ន្ធ​ហ្នឹង អង់គ្លេស​ចំណាយ​លុយ​រាប់​លាន​ផោន​សម្រាប់​ដំឡើង​ប្រព័ន្ធ​ហ្នឹង។ ដូច្នេះ មានតែ​ពួក​មានខ្លួន ពួក​ឧទ្ទាម ពួក​ភេរវកម្ម ដែល​ភ័យខ្លាច​នឹង​ការ​ដាក់​នេះឯង។ ចំពោះ​ប្រជាពលរដ្ឋ​សាមញ្ញ គឺ​អត់​មាន​ភ័យខ្លាច​នោះ​ទេ។ គេ​អាច​បញ្ចេញមតិ​សាមញ្ញ​ធម្មតា ក្នុង​ការ​តតាំង​មតិ​ហ្នឹងឯង»

ផ្ទុយ​ពី​ការ​អះអាង​របស់​លោក ផៃ ស៊ីផាន នេះ របាយការណ៍ Freedom House គូស​បញ្ជាក់​ថា មានការ​កើន​ឡើង ការ​រឹតត្បិត​សិទ្ធ​សេរីភាព​ខ្លួនឯង ខណៈ​ដែល​សកម្មជន និង​អ្នកប្រើប្រាស់​ទូទៅ មានការ​ភ័យខ្លាច​នឹង​ការ​សង​សឹក ស្រប​ពេល​ដែល​មានការ​បង្កើន​ការ​ឃ្លាំមើល ឬ​ការ​ឈ្លប​យកការណ៍​កាន់​តែ​ខ្លាំង តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ពី​សំណាក់​របប​ក្រុងភ្នំពេញ។ ជាក់ស្តែង នៅ​មុន​ពេល​ព្រឹត្តិការណ៍​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ ២០១៨ គណបក្ស​កាន់អំណាច បាន​ធានា​ជ័យជម្នះ​របស់​ខ្លួន​តាម​រយៈ​ការ​បំភិតបំភ័យ និង​ការ​ចាប់ខ្លួន​គូបដិបក្ខ​នយោបាយ និង​ការ​រឹតត្បិត​សេរីភាព​របស់​ពួកគេ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ របប​ក្រុងភ្នំពេញ បាន​បិទ​គេហទំព័រ (វែបសាយ​ត៍) ព័ត៌មាន​មួយ​ចំនួន ខណៈ​អ្នក​រិះគន់​របប​នេះ និង​អ្នក​រិះគន់​ព្រះមហាក្សត្រ នៅ​តាម​បណ្ដាញ​អ៊ីនធឺណិត ក៏​ត្រូវ​បាន​របប​នេះ​ចាប់​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់។

អ្នកនាំពាក្យ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា លោក អ៊ឹម វុត្ថា ថ្លែង​ការពារ​ចំពោះ​ការ​បិទ​វែបសាយ​ព័ត៌មាន​នៅមុន​ការបោះឆ្នោត ដោយ​អះអាង​ថា ធ្វើឡើង​ស្របតាម​ច្បាប់​របស់​គ..ប ដើម្បី​ធានា​ការ​ស្ងប់ស្ងាត់​ផ្នែក​នយោបាយ​នៅ​មួយថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត​តែប៉ុណ្ណោះ៖ «មុន​ពេល​បោះឆ្នោត គឺជា គ..ប ផ្សព្វផ្សាយ គ្រប់​ប្រព័ន្ធ​សារព័ត៌មាន​អី​ទាំងអស់ គ្រប់​បណ្ដាញ​គ្រប់​អី​ទាំងអស់​ត្រូវ ផ្អាក​មួយថ្ងៃ​ក្នុង​ថ្ងៃ​ស។ នេះ គឺ​គេ​អនុវត្ត​បែប​អ៊ីចឹង​ទេ។ គ្មាន​ការ​រឹតត្បិត​អី​ទេ ពីព្រោះ​ច្បាប់​គ..ប គឺ​ថ្ងៃ​ស្ងប់ស្ងាត់ គឺ​អត់​មាន​ធ្វើ​អី ប៉ះពាល់​ដល់​ការផ្សាយ​ដែល​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នោះ​ទេ»

អង្គការ Freedom House រក​ឃើញ​ទៀត​ថា ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត និង​ការឃោសនា តាម​ប្រព័ន្ធ​អ៊ីនធឺណិត កំពុងតែ​បំពុល​ព័ត៌មាន​នៅ​លើ​លំហ​សាធារណៈ​មួយ​នេះ ហើយ​ថា​ក្រុម​ប្រទេស​មួយ​ចំនួន កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ប្រព័ន្ធ​គ្រប់គ្រង​ផ្ដាច់ការ​តាម​បែប​ឌីជីថល​ដោយ​យក​តាម​គំរូ​តាម​ប្រទេស​កុម្មុយនិស្ត​ចិន តាមរយៈ​ការ​រឹតត្បិត​ខ្លាំង និង​ការប្រើប្រាស់​ប្រព័ន្ធ​ឃ្លាំមើល​ដោយ​ស្វ័យប្រវត្តិ។ របាយការណ៍ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​ចិន​បាន​ផ្តល់​ដល់​បណ្ដា​រដ្ឋាភិបាល​នានា ដែល​ល្បី​ខាង​រំលោភ​សិទ្ធិមនុស្ស​នៅ​លើ​ពិភពលោក នូវ​ឧបករណ៍​បច្ចេកវិជ្ជា​ទំនើប​ចុងក្រោយ ដើម្បី​ជំនួយ​ដល់​ប្រតិបត្តិ​ការ​ឃ្លាំមើល​អ្នកប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត។

របាយការណ៍​ដដែល គូស​បញ្ជាក់​ថា រដ្ឋាភិបាល​នៅ​ប្រទេស​អ៊ីរ៉ង់ (Iran) រុស្ស៊ី (Russia) អេហ្ស៊ីប (Egypt) វេណេហ្ស៊ុយអេឡា (Venezuela) បេឡារូស (Belarus) ចិន (China) និង​ប្រទេស​កម្ពុជា សុទ្ធសឹងតែ​បាន​ចាត់​វិធានការណ៍​ដើម្បី​បំបិទមាត់​សំឡេង​ឯករាជ្យ ជាពិសេស​តាមរយៈ​ការ​លើក​យក​ហេតុផល ឬ​លេស​ដែល​ថា មានតែ​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋអំណាច​ទេ ទើប​អាច​ជឿ​ទុកចិត្ត​បាន រវាង​ព័ត៌មាន​ពិត និង​ព័ត៌មាន​ប្រឌិត។

អង្គការ Freedom House ចង់​ឃើញ​មានការ​សម្របសម្រួល​ពហុ និង​អន្តរ​វិស័យ ចាំបាច់​ដើម្បី​លើក​កម្ពស់​អក្ខរកម្ម​ឌីជីថល កំណត់​អត្តសញ្ញាណ​អ្នក​ប្រព្រឹត្តិ​ខុសច្បាប់ ដោយ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ អាច​បន្ត​បំប៉ោង​ព័ត៌មាន​មិន​ពិត​តទៅ​ទៀត​បាន​ឡើយ។ អង្គការ Freedom House យល់​ឃើញ​ថា សេរីភាព​អ៊ីនធឺណិត​ជា​សាកល គួរតែ​ក្លាយ​ជា​ឧបករណ៍ ដើម្បី​លុប​បំបាត់​ចោល​របប​ផ្ដាច់ការ​បែប​ឌីជីថល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល