អាជ្ញាធរ​កម្ពុជា​រង​ការ​រិះគន់​ដែល​បញ្ជូន​ពលរដ្ឋ​ខ្មែរ​​ទៅ​ផ្ដន្ទាទោស​នៅ​ថៃ​ករណី​ផ្សាយ​ព័ត៌មាន​មិន​ពិត

ដោយ តាំង សារ៉ាដា
2018-06-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​លោក​នាយក​រដ្ឋមន្ត្រី​ថៃ បា្រយុទ្ធ ចាន់អូចា (Prayut Chan-O-cha) ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo courtesy of Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​លោក​នាយក​រដ្ឋមន្ត្រី​ថៃ បា្រយុទ្ធ ចាន់អូចា (Prayut Chan-O-cha) ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo courtesy of Hun Sen's Facebook Page
Photo courtesy of Hun Sen's Facebook Page

សមត្ថកិច្ច​កម្ពុជា​បាន​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ម្នាក់ តាម​ការ​ចង់​បាន​នៃ​រដ្ឋាភិបាល​យោធា​ថៃ​របស់ លោក ប្រាយុទ្ធ ចាន់អូចា (Pryut Chan-o-Cha)។ ក្រុម​សិទ្ធិមនុស្ស​ក្នុងស្រុក​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់​ការ​នៃ​របប​លោក ហ៊ុន សែន ដែល​កំពុង​ធ្វើ​ឱ្យ​អធិបតេយ្យ​របស់​កម្ពុជា​មាន​ភាព​ទន់ខ្សោយ និង​ផ្ទុយ​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា។

សមត្ថកិច្ច​នៃ​របប​ក្រុងភ្នំពេញ​កាលពី​ថ្ងៃ​ទី​១ មិថុនា បាន​ធ្វើ​បត្យាប័ន​បញ្ជូន​ខ្លួន​ពលរដ្ឋ​ខ្មែរ​ម្នាក់​ទៅ​ឱ្យ​សមត្ថកិច្ច​ថៃ​ដើម្បី​ផ្ដន្ទាទោស​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ការ​ចាប់​ធ្វើ​បត្យាប័ន​ពលរដ្ឋ​របស់​ខ្លួន​ទៅ​ឱ្យ​ប្រទេស​ថៃ ដូច្នេះ​បាន​នាំ​ឱ្យ​មាន​មន្ទិល​សង្ស័យ​ជា​ខ្លាំង​អំពី​នីតិវិធី​ច្បាប់ និង​ដែន​អធិបតេយ្យ​របស់​កម្ពុជា។

ទោះជា​យ៉ាងណាក៏ដោយ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​សមាគម​អាដហុក (ADHOC) លោក សឹង សែនករុណា ថ្លែង​ថា​របប​លោក ហ៊ុន សែន ត្រូវ​ស៊ើបអង្កេត និង​ប្រឹងប្រែង​ឱ្យ​អស់​លទ្ធភាព​ដើម្បី​ជួយ​លោក ហេង រតនៈ ដែល​ជា​ពលរដ្ឋ​ខ្មែរ ដើម្បី​កុំ​ឱ្យ​ត្រូវ​បាន​កាត់ទោស​ដោយ​អាជ្ញាធរ​ថៃ។

លោក​បន្ត​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​មាន​ចែង​យ៉ាង​ច្បាស់​ថា គ្មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ត្រូវ​បាន​ចាប់​បញ្ជូន​ខ្លួន​ទៅ​ឱ្យ​ប្រទេសក្រៅ​ណាមួយ​ឡើយ លើកលែង​តែ​មាន​កិច្ចព្រមព្រៀង​ជាមួយគ្នា​ទៅវិញទៅមក ហើយ​ក្នុង​ករណី​នេះ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​មាន​កិច្ចព្រមព្រៀង​ជាមួយគ្នា​ក៏ដោយ ក៏​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បង្ហាញ​ពី​ការ​ទទួលខុសត្រូវ​ក្នុងនាម​ជា​អាណាព្យាបាល​លើ​ពលរដ្ឋ​របស់​ខ្លួន ដើម្បី​កុំ​ឱ្យ​សិទ្ធិ​ពលរដ្ឋ​ខ្លួនឯង​ត្រូវ​បាន​រំលោភ​ដោយ​ប្រទេស​ដទៃ៖ «ដោយសារ​ហេតុផល​មាន​កិច្ច​ព្រមព្រៀង​ជាមួយគ្នា យើង​ចេះ​តែ​មាន​ការ​បញ្ជូន​ខ្លួន​ពលរដ្ឋ​ខ្លួនឯង​ទៅ​ឱ្យ​រដ្ឋ​បរទេស​បែបនេះ វា​ធ្វើ​ឱ្យ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្លួនឯង​ត្រូវ​បាន​បរទេស​ជិត​ខាង​រំលោភបំពាន។ ក្នុងនាម​ជា​អាណាព្យាបាល​របស់​ប្រជាពលរដ្ឋ យើង​គួរតែ​គិតគូរ​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន​ជា​មុន​សិន មុននឹង​គិតគូរ​ចំពោះ​រដ្ឋ​ផ្សេងទៀត​ដែល​គេ​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយគ្នា​ហ្នឹង អញ្ចឹង​យើង​គួរតែ​គិត​មុននឹង​ចាត់​វិធានការ​ទៅ​ដល់​ដំណាក់កាល​បញ្ជូន​ខ្លួន​ទៅ​ឱ្យ​បរទេស»

សារព័ត៌មាន​ថៃ​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ថា យុវជន​កម្ពុជា​ម្នាក់​ឈ្មោះ ហេង រតនៈ អាយុ ២១ ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ បន្ទាប់ពី​រូបគេ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាក់ទង​នឹង​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា។ ព័ត៌មាន​ក្លែងក្លាយ​នោះ គឺ​ស្តីអំពី​លោក ប្រាយុទ្ធ ស្តី​បន្ទោស​ប្រជាជន​ថៃ​ថា “​កុំ​រឿង​ច្រើនពេក បើ​សាំង​ឡើងថ្លៃ យក​ទឹក​មក​ចាក់​ជំនួស​ទៅ​” ហើយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​មួយ​ឈ្មោះ រែតស្តាស (http://ratstas.com) ដែល​អាជ្ញាធរ​ថៃ​អះអាង​ថា ជា​គេហទំព័រ ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​ជា​ភាសា​ថៃ គ្រប់គ្រង​ដោយ​លោក ហេង រតនៈ។

យុវជន ហេង រតនៈ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចេញ​ដីកា​តាម​ចាប់ខ្លួន​ដោយ​រង​ការចោទប្រកាន់​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នៅ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឬ​ធ្វើ​ឱ្យ​សាធារណជន​ភ័យ​ស្លន់ស្លោ ក្រោម​ច្បាប់​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​កុំព្យូទ័រ។ យុវជន​រូប​នេះ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៥​ឆ្នាំ និង​អាច​រង​ពិន័យ​ជា​ប្រាក់​រហូតដល់ ១០​ម៉ឺន​បាត ប្រសិនបើ​លោក​ត្រូវ​បាន​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​មែន​នោះ។

ក្រៅពី​ការ​ចាប់ខ្លួន​លោក ហេង រតនៈ ដែល​ជា​ជនជាតិ​ខ្មែរ​នេះ អាជ្ញាធរ​ថៃ​ក៏បាន​ចាប់ខ្លួន​ពលរដ្ឋ​ថៃ​ចំនួន ៦ នាក់​ផ្សេងទៀត​ដែរ ដោយសារតែ​ពួកគេ​បាន​ចែករំលែក (Share) ព័ត៌មាន​នោះ។

ទោះបីជា​យ៉ាងណា ការចោទប្រកាន់​របស់​អាជ្ញាធរ​ថៃ​នេះ ត្រូវ​បាន​លោក ហេង រតនៈ បដិសេធ។ លោក​បាន​សរសេរ​រៀបរាប់​នៅ​លើ​ហ្វេសប៊ុក (Facebook) នៅមុន​ការ​ចាប់ខ្លួន​ថា លោក​មិន​បាន​ធ្វើ និង​មិនបាន​ចែករំលែក​រឿង​ដែល​ប៉ូលិស​ថៃ​បាន​ចោទប្រកាន់​នោះ​ទេ ហើយ​មូលហេតុ​ដែល មាន​ឈ្មោះ​របស់​លោក​នោះ គឺ​ដោយសារ​លោក​ធ្លាប់​ជា​គ្រូបង្រៀន​ឱ្យ​បង្កើត និង​ប្រើប្រាស់​វេបសាយ​ផ្ទាល់ខ្លួន (Wordpress) និង​ធ្លាប់​បាន​ជួយ​ទិញ Hosting Domain ឱ្យ​កូនសិស្ស​របស់​លោក​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ប៉ុណ្ណោះ។ លោក​អះអាង​ថា លោក​មិនបាន​ពាក់ព័ន្ធ​អ្វី​នឹង​អ្នក​ដែល​បង្ហោះ​អត្ថបទ​នៅ​លើ​គេហទំព័រ រែតស្តាស (ratstas.com) នោះ​ឡើយ។

ក្រោយ​ចាប់ខ្លួន​បញ្ជូន​ទៅ​ដល់​ថៃ លោក ហេង រតនៈ ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​តាម​សំណើ​របស់​មន្ត្រី​ទូត​ខ្មែរ​នៅ​ថៃ នេះ​បើ​តាម​ការ​រាយការណ៍​របស់​កាសែត​បាងកក ប៉ុស្តិ៍។

ទោះ​បី​យ៉ាង​ណា​ក៏ដោយ មន្ត្រី​នាំ​ពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​បដិសេធ​ព័ត៌មាន​ផ្សាយ​នៅ​ក្នុង​កាសែត​ថៃ។ លោក​បាន​ប្រាប់ វិទ្យុ​ក្នុងស្រុក​មួយ​ថា លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​ករណី​នេះ​ទេ និង​ថា​គ្មាន​ច្បាប់​ណា​បញ្ជូន​ពលរដ្ឋ​ខ្លួនឯង​ទៅ​កាត់ទោស​នៅ​ប្រទេស​ដទៃ​ទេ។ លោ​កថា​ប្រសិនបើ​មាន​ករណី​នេះ ពិត​ប្រាកដ​នោះ តុលាការ​កម្ពុជា​នឹង​កាត់ទោស​ជនសង្ស័យ​ផ្ទាល់​តែម្ដង។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​សមាគម​អាដហុក (ADHOC) លោក សឹង សែនករុណា សង្កត់ធ្ងន់​ថា កម្ពុជា​មិនទាន់​មាន​ច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅឡើយ​ទេ ដូច្នេះ​បើ​ទោះ​ជា​យុវជន​រូប​នោះ​បាន​ប្រព្រឹត្ត​កំហុស​មែន​ក៏ដោយ ក៏​មិន​អាច​នាំ​ខ្លួន​រូបគេ​ទៅ​តាម​ការ​ចង់​បាន​របស់​អាជ្ញាធរ​ថៃ​ដែរ ព្រោះ​ការ​ធ្វើ​របៀប​នេះ​នឹង​ក្លាយ​ជា​ការ​គំរាមកំហែង​ថ្មី​មួយទៀត​ដល់​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Khmer

ពី Battambong

There are no countries in the world that’s willing to extradited its own citizens to a neighboring country to be prosecuted for a crime, NONE except Cambodia! This should be a wake up call to ALL Cambodian people how much LOVE & EFFECTION this Dictator has for his own Cambodian people! UNITED WE STAND, let take Cambodia back from this Dictator!

Jun 03, 2018 09:32 AM

គេហទំព័រ​ទាំងមូល