អង្គការ IFEX ថ្កោលទោស​ខ្លាំងៗ​​ជុំវិញ​ចំណាត់​ការ​លោក ហ៊ុន សែន ដែល​ប៉ុនប៉ង​បិទ CCHR

ដោយ មាន ឫទ្ធិ
2017-11-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ IFEX ដែល​ថ្កោល​ទោស​ជុំវិញ​ចំណាត់​ការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប៉ុនប៉ង​បិទ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)។
សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ IFEX ដែល​ថ្កោល​ទោស​ជុំវិញ​ចំណាត់​ការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប៉ុនប៉ង​បិទ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)។
Screenshot

បណ្ដាញ​អង្គការ​សាកល​ដើម្បី​ការពារ និង​លើកកម្ពស់​សេរីភាព​បញ្ចេញ​មតិ ហៅ​កាត់​ថា IFEX មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូរ៉ុនតូ ប្រទេស​កាណាដា ដែល​ជា​បណ្ដុំ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន ១១៩​អង្គការ ធ្វើការ​ដើម្បី​លើក​កម្ពស់ និង​ការពារ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ព័ត៌មាន​នៅ​ទូទាំង​ពិភពលោក ថ្កោលទោស​យ៉ាង​ខ្លាំង​ជុំវិញ​ការណ៍​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ បើក​ការ​ស៊ើបអង្កេត​ដែល​អាច​ឈាន​ទៅ​រក​ការ​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)។

​ក្នុង​សេចក្ដី​ថ្លែងការណ៍​ផ្សាយ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា នាយិកា​ប្រតិបត្តិ​របស់​អង្គការ IFEX អ្នកស្រី អានី ហ្គេម (Annie Game) ថ្លែង​ព្រមាន​ថា រាល់​ការ​ចោទ​ប្រកាន់​នានា​ប្រឆាំង​នឹង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា គឺ​ជា​ផ្នែក​មួយ​នៃ​និន្នាការ​ជា​សាកល​ប្រកបដោយ​ល្បិចកល​ធ្វើ​ឡើង​ក្នុង​គោលដៅ​ដើម្បី​ធ្វើ​ឲ្យ​បាត់បង់​ទំនុក​ចិត្ត​ចំពោះ​ការងារ​ស្របច្បាប់​របស់​ក្រុម​អង្គការ ដែល​ធ្វើការ​ដើម្បី​លើក​កម្ពស់​សេរីភាព​នៃ​ការ​បញ្ចេញមតិ​សម្រាប់​មនុស្ស​គ្រប់​រូប។

អ្នកស្រី​បន្ត​ថា ការ​បិទ​អង្គការ ដូចជា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នេះ នឹង​បណ្ដាល​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា ស្រប​ពេល​ដែល​ពួកគេ​កំពុង​ស្ថិត​ក្រោម​ការ​គំរាមកំហែង​កាន់​​តែ​ខ្លាំង​ឡើងៗ ហើយ​នឹង​អាច​ឈាន​ទៅ​ដល់​ការ​បង្កើត​ឲ្យ​មាន​នូវ​បរិយាកាស​រឹតត្បិត​សេរីភាព​សារព័ត៌មាន​នៅ​ពេល​ខាង​មុខ​នេះ។ អង្គការ IFEX ថា ចំណាត់​ការ​ដោយ​ឥត​អៀនខ្មាស​នេះ នឹង​ក្លាយ​ជា​សារ​មួយ​ប្រាប់​ទៅ​ពិភពលោក​ថា ការ​គាំទ្រ​របស់​ប្រទេស​កម្ពុជា សម្រាប់​ការ​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ​ដោយ​សេរី គឺ​គ្រាន់​តែ​ជា​ការ​សន្យា​ដែល​ពុំ​មាន​មូលដ្ឋាន​ពិតប្រាកដ​តែប៉ុណ្ណោះ។

​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ដដែល​នេះ គូស​បញ្ជាក់​ថា ដោយសារតែ​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ​នេះ រាល់​ចំណាត់​ការ​នានា ប្រឆាំង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង នឹង​ត្រូវ​គេ​មើល​ឃើញ​ថា គឺ​គ្រាន់តែ​ជា​ផែនការ​ដ៏​ហ្មត់ចត់​មួយ​ដើម្បី​លុបបំបាត់​ចោល​ការងារ​តាមដាន និង​រាយការណ៍​អំពី​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ដើម្បី​បំបិទ​នូវ​សំឡេង​រិះគន់​ប្រឆាំង​នានា​ចោល​តែម្ដង។

​អង្គការ IFEX អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ទម្លាក់​ចោល​រាល់​ការ​ស៊ើប​អង្កេត​នានា ដែល​ពុំ​មាន​មូលដ្ឋាន​ប្រឆាំង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហើយ​ត្រូវ​អនុញ្ញាត​ឲ្យ​មជ្ឈមណ្ឌល​នេះ អាច​បន្ត​ការងារ​លើក​ស្ទួយ​សិទ្ធិមនុស្ស​ដ៏​ស្របច្បាប់​របស់​ខ្លួន ដោយ​មិន​ត្រូវ​មាន​ការ​ជ្រៀតជ្រែក​ណា​មួយ​ឡើយ។

​បន្ថែម​ពី​លើ​នេះ អង្គការ IFEX ក៏​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ រួម​ទាំង​អង្គការ​សហប្រជាជាតិ ក្រុម​អង្គការ​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​វិស័យ​សិទ្ធិមនុស្ស ក្រុម​ប្រទេស​ម្ចាស់​ជំនួយ និង​ដៃគូ​ពាណិជ្ជកម្ម ជួយ​ការពារ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​ដូចជា​គោលការណ៍​ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ព្យាយាម​កម្ចាត់​ចោល​នៅ​ពេល​នេះ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ិមិនបាច់ថ្លែង ពីរឿង តាចាស់ ហ៑ុន សែន គាត់ភ័យខ្លាច សិទ្ធមនុស្សប្រជាធិបតេយ្យពិតប្រាកដ ..

Nov 29, 2017 01:22 AM

គេហទំព័រ​ទាំងមូល