ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ​ខាង​មុខ ក្រុម​សង្គម​ស៊ីវិល ទាមទារ​ឱ្យ​មាន​ការ​ធានា​សិទ្ធិ​នយោបាយ ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​របស់​ពលរដ្ឋ

ដោយ សេក បណ្ឌិត
2022.12.08

ក្រុម​អង្គការ​សង្គម​ស៊ីវិល​យ៉ាង​ហោច​ណាស់ ៣០ស្ថាប័ន​គ្រោង​លើក​យក​បញ្ហា​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ មក​លាត​ត្រដាង​នា​ថ្ងៃ​ទី១០ ធ្នូ ខាង​មុខ ទាមទារ​ទៅ​រដ្ឋាភិបាល​ឱ្យ​ដោះស្រាយ​បញ្ហា​ឡើង​វិញ។ គម្រោង​ការ​ជួបជុំ​នេះ​ក្រោយ​ពេល​សាលា​រាជធានី​ភ្នំពេញ យល់​ព្រម​តាម​សំណើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​រៀបចំ​ឱ្យ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស អន្តរជាតិ​ខួប​លើក​ទី៧៤ ថ្ងៃ​ទី១០ ធ្នូ ខាង​មុខ ដែល​មាន​អ្នក​ចូលរួម​ជាង មួយ​ពាន់​ប្រាំ ១.៥០០នាក់។

គម្រោង​អបអរ​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ ឆ្នាំ​នេះ អាច​ពិសេស​ជាង​ឆ្នាំ​មុនៗ ដោយ​ការ​ប្រារព្ធ​ពិធី​នេះ មាន​អ្នក​ការពារ​សិទ្ធិមនុស្ស ពលរដ្ឋ​រង​ការ​រំលោភបំពាន​សិទ្ធិ​ ក្រុម​អ្នក​តស៊ូ​មតិ​ និង​តំណាង​អង្គទូត​ប្រទេស​ប្រជាធិបតេយ្យ​ក៏​នឹង​ចូលរួម​ពិធី​នោះ​ដែរ។ ប្រធាន​បទ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង គឺ​ការធានា​សិទ្ធិ​នយោបាយ ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​របស់​ពលរដ្ឋ​ក្នុង​ការ​កំណត់​ជោគវាសនា​ប្រទេស​ជាតិ តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​នីតិរដ្ឋ។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ដែល​ជា​អ្នក​រៀបចំ​ពិធី​នេះ​ម្នាក់ ក្នុង​ចំណោម​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ផ្សេង​ទៀត ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី៨ ខែ​ធ្នូ ថា ពេល​នេះ អាជ្ញាធរ​សាលា​រាជធានី ភ្នំពេញ បាន​យល់​ព្រម​តាម​សំណើ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​គ្រោង​រៀបចំ​ពិធី​នេះ​នា​ថ្ងៃ​ទី១០ ធ្នូ​ខាង​មុខ​រួច​ហើយ។ លោក​ឱ្យ​ដឹង​ទៀត​ថា ខួប​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ឆ្នាំ​នេះ ក្រុម​ពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​តំណាង​អង្គទូត​ប្រទេស​ប្រជាធិបតេយ្យ​ផង​នោះ នឹង​ជួប​ជុំ​គ្នា​ថ្លែង​សារ​ចាប់​ពី​ម៉ោង ៨ព្រឹក​ដល់​ម៉ោង ១២ថ្ងៃ​ត្រង់​នៅ​ទីលាន​ប្រជាធិបតេយ្យ។

លោក រស់ សុដ្ឋា៖ «កម្ពុជា​ដោយសារ​ស្ថានភាព​សិទ្ធិមនុស្ស យើង​ពាក់ព័ន្ធ​នយោបាយ និង​ជិត​បោះឆ្នោត​ផង​គឺ​យើង​យក​​ប្រធានបទ​ ពាក់ព័ន្ធ​សិទ្ធិ​នយោបាយ អ៊ីចឹង​ក៏​ដូចជា រំលឹក​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ​ថា តើ​រដ្ឋធម្មនុញ្ញ​ឱ្យ​គាត់​ជា​ម្ចាស់​ជោគ​វាសនា ប្រទេស​ជាតិ តើ​គាត់​ត្រូវ​មាន​កាតព្វកិច្ច​អី​ខ្លះ ដើម្បី​ធានា​នយោបាយ​ប្រទេស​របស់​គាត់​តាម​អ្វី​ដែល​គាត់​ចង់​បាន​សង្គម ដែល​គាត់​ចង់​បាន​ទៅ​ថ្ងៃ​អនាគត​ណា»

លោក រស់ សុដ្ឋា ឱ្យ​ដឹង​ទៀត​ថា ក្រៅពី​អបអរ​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​គ្រោង​ប្រគល់​ពាន​រង្វាន់​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន និង​អ្នក​ការពារ​ធនធាន​ធម្មជាតិ ​ផង​ដែរ ដែល​ពិធី​នេះ​ធ្វើ​ឡើង​នា​ពេល​រសៀល​ នៅ​ទីស្នាក់ការ​អង្គការ​សង្គម​ស៊ីវិល​មួយ​កន្លែង ​ក្នុង​រាជធានី ភ្នំពេញ។

តំណាង​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ជួប​ចរចា​ជាមួយ​តំណាង​សាលា​រាជធានី ភ្នំពេញ ដឹកនាំ​ដោយ​អភិបាល​រង​សាលា​រាជធានី ភ្នំពេញ គឺ​លោក កើត ឆែ និង​លោក​មាន ចាន់យ៉ាដា កាល​ពី​ថ្ងៃ​ទី៧ ខែ​ធ្នូ។ សាលា​រាជធានី បាន​យល់​ព្រម​ក្រុម​អង្គការ​រៀបចំ​ពិធី​នេះ ដោយ​កំណត់​ឱ្យ​អ្នក​ចូលរួម​ត្រឹម ១.៥០០នាក់ និង​ត្រូវ​បញ្ចប់​ត្រឹម​​ម៉ោង ១២រសៀល ថ្ងៃ​ទី១០ ធ្នូ ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ស្នើ​ឱ្យ​មាន​អ្នក​ចូលរួម ២.០០០នាក់ និង​មានការ​សំដែង​មតិ​ពេញ​មួយ​ថ្ងៃ។ ភាគី​​សាលា​រាជធានី ក៏​​បាន​ហាម​អ្នក​រៀបចំ​កម្មវិធី ​ឱ្យ​មិន​ប្រើប្រាស់​ពាក្យពេចន៍​មួយ​ចំនួន​​ផង​ដែរ។ ដូច​ជា​ពាក្យ​តំណាង​ពលរដ្ឋ និង​តំណាង​យុវជន​ជា​ដើម។

ទាក់ទង​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​​បន្ថែម​ពី​អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ​លោក កើត ឆែ​ និង​លោក មាន ចាន់យ៉ាដា បាន​ទេ នៅ​ថ្ងៃ​ទី៨ ខែ​ធ្នូ។

ចំណែក​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន យល់​ថា គោលការណ៍​របស់​សាលា​រាជធានី ភ្នំពេញ​មិនមែន​ជា​ការ​រឹតត្បិត​ទេ ប៉ុន្តែ​ ដើម្បី​ឱ្យ​ការ​រៀបចំ​ពិធី​នេះ​ដំណើរ​ការ​ល្អ គឺ​ទាមទារ​មាន​យោគយល់​គ្នា​រវាង​អាជ្ញាធរ និង​អ្នក​រៀបចំ​កម្មវិធី។ ​

ទោះ​បែប​នេះ​ក្ដី ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​​​​​ ​លោក​ កើត សារ៉ាយ ដែល​ចូលរួម​ការ​ចរចា​នោះ​ដែរ លើក​ឡើង​ថា ការ​ចរចា​រវាង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ជាមួយ​ភាគី សាលា​រាជធានី ភ្នំពេញ​ដើម្បី​ស្វែង​រក​ការ​យោគយល់​គ្នា ប៉ុន្តែ សាលា​រាជធានី បាន​ដាក់​បន្ទុក​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​។ លោក​កើត សារ៉ាយ ឱ្យ​ដឹង​ទៀត​ថា សារ​រួម​របស់​អង្គការ​ស៊ីវិល នៅតែ​រក្សា​ជំរុញ​ឱ្យ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​ដើម្បី​សម្រេច​​ជោគ​វាសនា​ជាតិ។

លោក កើត សារ៉ាយ៖ «ឃើញ​ថា រឿង​សិទ្ធិ​ រឿង​សេរីភាព​នេះ គឺ​មិន​មាន​អ្នក​ណា​គេ​ដាក់​ជើងពាន មិន​មាន​គេ​ឱ្យ​យើង​ស្រួលៗ ទេ ដូច្នេះ ក្នុង​នាម​អង្គការ​សង្គម​ស៊ីវិល ក្នុង​នាម​សកម្មជន ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​រឿង​សិទ្ធិ​សេរីភាព​ដែល​បារម្ភ​ខ្លាច​បាត់បង់​សិទ្ធិ​ សេរីភាព​ជា​មូលដ្ឋាន​របស់​ខ្លួន​ក៏​ព្យាយាម ដូច​យើង​ព្យាយាម​ធ្វើ​រាល់​សកម្មភាព​ពី​សិទ្ធិមនុស្ស រាល់​សកម្មភាព​មតិ​ជា​សាធារណ​ផ្សេងៗ គឺ​សំខាន់​ណាស់»

ទាក់ទង​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ធ្នូ នេះ​ដែរ ភាគី​រដ្ឋាភិបាល​ក៏​រៀបចំ​អបអរ​ដែរ។ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ លោក កត្តា អ៊ន ឱ្យ​ដឹង​ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ បាន​រៀបចំ​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី៧៤ នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែ​ធ្នូ ធ្វើ​នៅ​បរិវេណ​សកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ​ ដោយ​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ ​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា អង្គទូត​នានា សរុប​ទាំង​អស់​ជាង ៥០០នាក់។ មន្ត្រី​សិទ្ធិមនុស្ស​ខាង​រដ្ឋាភិបាល​រូប​នេះ នៅតែ​ថ្លែង​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ថា បាន​អនុវត្តន៍​សិទ្ធិមនុស្ស​បាន​ទូលំទូលាយ។

លោក កត្តា អ៊ន៖ «ក្នុង​ក្របខ័ណ្ឌ​សិទ្ធិមនុស្ស នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​បណ្ដា​ប្រទេស​ណា​ក៏​ដោយ ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​ក៏​ដោយ គឺ​ការ​ប្រើប្រាស់​សិទ្ធិ និង​សេរីភាព​របស់​មនុស្ស ត្រូវ​មាន​ព្រំដែន គឺ​មិន​ឱ្យ​មាន​ការ​បំពាន​ច្បាប់ និង​រំលោភ​បំពាន​អ្នក​ដទៃ។ កន្លង​មក​នេះ យើង​ឃើញ​ថា មួយ​ចំនួន​តូច ដែល​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន ឬ​សិទ្ធិ​ផ្សេងៗ គឺ​គាត់​បំពាន​ច្បាប់ បំពាន​ដល់​អ្នក​ដទៃ»

ទោះ​មន្ត្រី​រដ្ឋាភិបាល​អះអាង​បែប​នេះ​ក្ដី ប៉ុន្តែ សហគមន៍​អន្តរជាតិ បាន​រំលឹក​ទៅ​រដ្ឋាភិបាល លោក ហ៊ុន សែន ជា​ញឹកញាប់​ឱ្យ​បើក​លំហ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​រៀបចំ​ពិធី​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ធ្នូ អំពាវនាវ​ទៅ​ពលរដ្ឋ និង​ធ្វើ​ការងារ​សង្គម ឱ្យ​ចូលរួម​ពិធី​នេះ​ឱ្យ​បាន​ទូលំទូលាយ នា​ថ្ងៃ​ទី១០ ខាងមុខ។ គោល​បំណង​នៃ​ការ​ធ្វើ​ពិធី​នេះ​ដើម្បី​ពង្រឹង​ការ​យល់​ដឹង​សាធារណៈ​ លើ​សិទ្ធិ​នយោបាយ​ និង​ទំនាក់ទំនង​រវាង​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ និង​ភាព​ជា​ម្ចាស់​នៃ​ប្រទេស​ជាតិ និង​ការ​បញ្ចេញ​សំឡេង​ដើម្បី​ជំរុញ​ទៅ​រដ្ឋាភិបាល​ និង​គណបក្ស​បក្ស​នយោបាយ ត្រូវ​មាន​គណនេយ្យ​ភាព​ចំពោះ​ឆន្ទៈ និង​កង្វល់​របស់​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។