ជនជាតិដើមភាគតិចចាត់ទុកការជម្លៀសចេញពីលំនៅឋាន គឺជាមូលហេតុនាំអោយបាត់បង់វប្បធម៌ និងអត្តសញ្ញាណជនជាតិដើមភាគតិច ព្រោះតំបន់ដែលពួកគាត់រស់នៅហ៊ុមព័ទ្ធដោយព្រៃសហគមន៍ ទន្លេ និងធនធានធម្មជាតិ ដែលជាប្រភពចំណូល និងសន្តិសុខស្បៀង។ ការលើកឡើងនេះនៅក្នុងទិវាសិទ្ធិជនជាតិដើមភាគតិចពិភពលោក ដែលប្រារព្ធនៅភូមិក្បាលរមាស (ចាស់) មានជនជាតិដើមភាគតិច មកពីខែត្រកំពង់ធំ រតនគិរី ខែត្រមណ្ឌលគិរី និងខែត្រស្ទឹងត្រែង ចូលរួម បើទោះបីជាមានការរារាំងពីកងកម្លាំងប្រដាប់អាវុធក្ដី។
ជនជាតិដើមភាគតិច ១១ អម្បូរបានធ្វើដំណើរពីខែត្ររតនគិរី មណ្ឌលគិរី ខែត្រកំពង់ធំ និងខែត្រស្ទឹងត្រែង មកជួបជុំគ្នាប្រារព្ធទិវាសិទ្ធិជនជាតិដើមភាគតិចអន្តរជាតិ នៅភូមិក្បាលរមាស (ចាស់) ស្រុកសេសាន ខែត្រស្ទឹងត្រែង នៅគ្រាដែលតំបន់នោះ អាជ្ញាធរខែត្របានដាក់កម្លាំងប្រដាប់អាវុធយាមតឹងរ៉ឹង។
តំណាងជនជាតិដើមភាគតិចតិចកួយ មកពីខែត្រកំពង់ធំ លោក អ៊ុំ ប៊ុនថន ឲ្យដឹងថា ការប្រារព្ធទិវាសិទ្ធិនេះ ក្នុងបំណងបង្ហាញនូវវប្បធម៌ និងរបាំប្រពៃណី ដែលជាអត្តសញ្ញាណជនជាតិដើមភាគតិចកួយ ត្បិតបច្ចុប្បន្នអត្តសញ្ញាណ និងប្រពៃណីវប្បធម៌ជនជាតិដើមភាគតិចបានធ្លាក់ចុះ។ លោកថា ការរឹតត្បិតសេរីភាពជនជាតិដើមភាគតិច ការថយចុះព្រៃឈើ បាត់បង់ដីធ្លី ការជម្លៀសចេញពីលំនៅឋានក្រោមរូបភាពការអភិវឌ្ឍតាមដងទន្លេ គឺជាផ្នែកមួយនាំឲ្យអត្តសញ្ញាណជនជាតិដើមភាគតិចបាត់បង់។
លោករំពឹងថា ទិវានេះជាសារផ្ញើទៅរដ្ឋាភិបាលឲ្យយកចិត្តទុកដាក់ទទួលយកទុក្ខកង្វល់របស់ពួកគាត់ដោះស្រាយដោយយុត្តិធម៌៖ «ចង់ឲ្យជនជាតិដើមភាគតិចបង្ហាញវប្បធម៌ អត្តសញ្ញាណដែលដូនតាបានបន្សល់ទុក។ យើងចង់ឲ្យរាល់បញ្ហាទាំងឡាយរបស់ជនជាតិដើមភាគតិច បើមានការលើកឡើងគួរតែដោះស្រាយឲ្យពួកគាត់»។
ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៩ ខែសីហា បន្ទាប់សែនព្រេន នៅខ្ទមអ្នកតារួច ជនជាតិដើមភាគតិចបានបរិភោគអាហាររួមគ្នា ខ្លះចងក្រណាត់ក្រហមនៅក្បាល និងសរសេរបដាអមដោយពាក្យស្លោកថា ទិវាសិទ្ធិជនជាតិដើមភាគតិច និងសិទ្ធិដីធ្លី។ ក្រុមជនជាតិដើមភាគតិចកួយមួយក្រុមបាននាំគ្នារាំរបាំ ប្រពៃណី អ្នកខ្លះសម្លាប់ជ្រូក មាន់ ដើម្បីធ្វើម្ហូបអាហារសែនព្រេន ដើម្បីបញ្ជាក់ពីភាពសាមគ្គី និងការជួយគ្នានៅគ្រាមានទុក្ខលំបាក។

ជនជាតិដើមភាគតិចព្នង វ័យ ៣៥ឆ្នាំ រស់នៅភូមិក្បាលរមាស លោក ដាំ សំណាង ថា ទិវានេះចង់បង្ហាញទៅរដ្ឋាភិបាល និងសហគមន៍អន្តរជាតិជ្រាបពីទុក្ខកង្វល់របស់ជនជាតិដើមភាគតិចស្ដីពីការធ្លាក់ចុះប្រពៃណីវប្បធម៌ ព្រៃឈើ ឬធនធានធម្មជាតិ និងការជម្លៀសចេញពីលំនៅឋាន។ លោកថា ការកាប់បំផ្លាញព្រៃឈើដោយក្រុមហ៊ុនសំអាតបាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ និងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល គឺជាបន្ទុកបន្ថែមទៀតធ្វើឲ្យពួកគាត់ប្រឈមបញ្ហាផ្នែកជីវភាព ការប្រែប្រួលអាកាសធាតុ បាត់បង់ដីចម្ការវិលជុំ ការកាប់បំផ្លាញដើមឈើផលិតជ័រទឹក ឬព្រៃស្រោងជាជម្រកសត្វ និងបាត់បង់ទឹកទន្លេ អូរ និងស្ទឹងដែលជាប្រភពប្រាក់ចំណូល និងសន្តិសុខស្បៀងរបស់ជនជាតិដើមភាគតិច៖ «ដើម្បីបង្ហាញពីឆន្ទៈជនជាតិដើមភាគតិច និងគោលបំណងជនជាតិដើមភាគតិច និងជៀសផុតពីការបំបិទសិទ្ធិសេរីភាពរបស់ជនជាតិដើមភាគតិចក្នុងការបញ្ចេញមតិទៅកាន់អ្នកពាក់ព័ន្ធមួយចំនួន»។
ភូមិក្បាលរមាស (ចាស់) ឋិតនៅស្រុកសេសាន ខែត្រស្ទឹងត្រែង ជាប់ខែត្ររតនគិរី ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៧ ឆ្ពោះទៅខែត្ររតនគិរី មានចម្ងាយពីក្រុងស្ទឹងត្រែង ប្រមាណ ១៦០គីឡូម៉ែត្រ។ ភូមិនេះមានពលរដ្ឋរស់នៅ ៥៨គ្រួសារ ដែលសុទ្ធសឹងតែជាពលរដ្ឋបដិសេធមិនទទួលសំណងពីក្រុមហ៊ុន។
ជនជាតិដើមភាគតិចព្នង រស់នៅភូមិក្បាលរមាស កញ្ញា ជឿន ស្រីមុំ ត្អូញថា អាជ្ញាធររដ្ឋាភិបាលនៅតែរឹតត្បិតសិទ្ធិជនជាតិដើមភាគតិច តាមរយៈការរារាំងអ្នកខាងក្រៅមិនឲ្យចូលឃុំក្បាលរមាស និងហាមជនជាតិដើមភាគតិច ១៦នាក់ មិនឲ្យមកឃុំក្បាលរមាស ចូលរួមទិវាសិទ្ធិជនជាតិដើមភាគតិច។ លើសពីនេះអាជ្ញាធរឃុំ ស្រុក និងខែត្រ មិនបានឆ្លើយតបលិខិតជូនដំណឹងស្ដីពីការប្រារព្ធទិវាសិទ្ធិជនជាតិដើមភាគតិចទេ។ បញ្ហានេះកញ្ញាចាត់ទុកថា គឺជាបំពានសិទ្ធិជនជាតិដើមភាគតិច និងសេរីភាពនៃការជួបប្រជុំដែលការពារដោយច្បាប់៖ «នេះជាសារសម្រាប់រដ្ឋាភិបាលក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការដោះស្រាយរាល់ជម្លោះពលរដ្ឋដែលមានទុក្ខលំបាកសង្ឃឹមថា រដ្ឋាភិបាលនឹងយកចិត្តទុកដាក់ដោះស្រាយ ព្រោះយើងខ្ញុំក៏ជាពលរដ្ឋខ្មែរមួយរូបដែរ ត្រូវតែបានទទួលសេវាសាធារណៈដូចពលរដ្ឋដទៃទៀតដែរ»។
តំណាងអង្គការសហប្រជាជាតិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញសាររួមគ្នាមួយស្ដីពីការគាំទ្រទិវាអន្តរជាតិនៃជនជាតិដើមភាគតិចឆ្នាំនេះ និងបង្ហាញពីគោលនយោបាយលើកស្ទួយសិទ្ធិរស់នៅរបស់ជនជាតិដើមភាគតិចពិភពលោក។
ជនជាតិដើមភាគតិចគ្រឹង មកពីខែត្ររតនគិរី លោក ប៊ុន តាប កត់សម្គាល់ថា ការប្រារព្ធទិវាសិទ្ធិជនជាតិដើមភាគតិចឆ្នាំនេះ ដើម្បីលើកកម្ពស់ការយល់ដឹងពីប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជនជាតិដើមភាគតិចដែលកំពុងមានវិបត្តិ។ លើសពីនេះ ទិវានេះដើម្បីបញ្ជាក់ពីការសាមគ្គីគ្នាការពារដីធ្លី ទាមទារសិទ្ធិសេរីភាព និងអភិរក្សធនធានធម្មជាតិ ដែលកំពុងរងការរំលោភបំពាន។
លោកមើលឃើញថា បច្ចុប្បន្នរដ្ឋាភិបាលមិនទាន់ផ្ដល់សិទ្ធិជនជាតិដើមភាគតិចពេញលេញទេ ហើយបញ្ហាប្រឈមមួយចំនួនរដ្ឋាភិបាលហាក់មិនបានគិតគូរដោះស្រាយនៅឡើយ រួមមានការទប់ស្កាត់បទល្មើសព្រៃឈើ វិបត្តិដីធ្លីរវាងសហគមន៍ និងក្រុមហ៊ុន និងការផ្ដល់សេវាសាធារណៈ មានការរើសអើង៖ «វិធីហ្នឹង ផលប្រយោជន៍ដីធ្លីព្រៃឈើ មានគង់វង្សតកូនចៅទៅមុខ»។
ឆ្លើយតបការចោទប្រកាន់នេះ មេឃុំក្បាលរមាស លោក វឿន សម្បត្តិ បញ្ជាក់យ៉ាងខ្លីថា អាជ្ញាធរមិនបានហាមពលរដ្ឋមិនឲ្យប្រារព្ធទិវានេះទេ តែពលរដ្ឋត្រូវសុំច្បាប់អនុញ្ញាតពីអាជ្ញាធរជាមុនសិនដើម្បីឲ្យអាជ្ញាធរចាត់ឲ្យសមត្ថកិច្ចការពារសន្តិសុខ។
លោកបញ្ជាក់ថា អាជ្ញាធរតម្រូវឲ្យពលរដ្ឋសុំច្បាប់អនុញ្ញាតពីមន្ទីរអភិវឌ្ឍន៍ជនបទ និងសាលាខែត្រស្ទឹងត្រែង ជាមុនសិន ទើបអាចប្រមូលផ្ដុំ និងការជួបប្រជុំបាន៖ «សេចក្ដីជូនដំណឹង អ៊ីចឹងជូនដំណឹងដូចជាបុណ្យកឋិនអ៊ីចឹង បើចង់ទៅចូលរួមក៏ទៅ បើមិនចង់ឲ្យហីទៅ។ អ៊ីចឹងបានថា ថោកអីនឹងដៃ(ថ្លៃ)អីនឹងមាត់។ គោរពជូនលោកមេឃុំ ខ្ញុំបានសុំធ្វើទិវាគោរពខួបវាមានទៅធ្ងន់ធ្ងរអី អាហ្នឹងបានយើងមានការឆ្លើយតប»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ចាត់ទុកការរារាំងមិនឲ្យសហគមន៍ចូលរួមទិវាសិទ្ធិជនជាតិដើមភាគតិច គឺជាការរំលោភសិទ្ធិសេរីភាពពលរដ្ឋ និងសេរីភាពបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ ដែលនាំការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា កាន់តែអាក្រក់ទៅ៖ «ធ្វើដំណើរទៅជួបជុំគ្នា មានបែបប្រពៃណីរបស់គាត់កន្លងមក ហើយយើងធ្វើការរារាំងមានន័យថា យើងធ្វើឲ្យខុសទៅនឹងគោលដៅ និងប្រពៃណីវប្បធម៌ពួកគាត់ ដែលមានការប្រាស្រ័យទាក់ទងគ្នាធម្មតា»។
អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ក៏ធ្លាប់សម្ដែងក្ដីបារម្ភអំពីការរំលោភសិទ្ធិជនជាតិដើមភាគតិចនៅស្រុកសេសាន ខែត្រស្ទឹងត្រែង ដែរ បន្ទាប់ពីអ្នកស្រីបានបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅខែត្រស្ទឹងត្រែង កាលពីចុងខែមីនា ឆ្នាំ២០១៦។ ក្នុងទស្សនកិច្ចលើកនេះ អ្នកស្រីក៏នៅតែសំដែងការព្រួយបារម្ភសិទ្ធិជនជាតិដើមភាគតិចដែលប៉ះពាល់ដោយការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង ដដែល។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ពន្យល់ថា ការប្រារព្ធទិវាសិទ្ធិជនជាតិដើមភាគតិចពុំចាំបាច់ដាក់ពាក្យស្នើសុំការអនុញ្ញាតទៅអាជ្ញាធរទេ ដោយគ្រាន់តែជូនដំណឹងដើម្បីឲ្យអាជ្ញាធរផ្ដល់កិច្ចការពារសន្តិសុខ។ លោកថា ទិវានេះពុំមែនជាទិវាប្រឆាំងរដ្ឋាភិបាល ហើយក៏ពុំមែនជាទិវាខុសច្បាប់ឡើយ ផ្ទុយទៅវិញ អាជ្ញាធរមានកាតព្វកិច្ចជួយសម្រួល និងលើកទឹកចិត្តដល់ជនជាតិដើមភាគតិចឲ្យប្រារព្ធទិវានេះជោគជ័យ ក្នុងបំណងលើកស្ទួយសិទ្ធិជនជាតិដើមភាគតិចនៅកម្ពុជា៖ «វាជាការជូនដំណឹងពុំមែនជាការសុំច្បាប់ទេ។ ការរារាំងវាប៉ះពាល់សិទ្ធិជនជាតិដើមភាគតិច។ ព្រោះនេះពុំមែនជារបស់ជនជាតិដើមភាគតិចណាមួយ ព្រោះវាជាសិទ្ធិជនជាតិដើមភាគតិចពិភពលោក»។
អាជ្ញាធរខែត្រស្ទឹងត្រែង ធ្លាប់ប្ដេជ្ញាថា នឹងយកចិត្តទុកដាក់ធានាសិទ្ធិជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ និងជនជាតិដើមភាគតិចផ្សេងទៀតរស់នៅក្នុងខែត្រនេះ។ យ៉ាងណាជនជាតិដើមភាគតិច និងមន្ត្រីសង្គមស៊ីវិល មើលឃើញថា ការគោរពសិទ្ធិជនជាតិដើមភាគតិចរបស់អាជ្ញាធរខែត្រស្ទឹងត្រែង កំពុងឋិតនៅភាពផុយស្រួយនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។