ក្រសួងព័ត៌មាន​ អនុញ្ញាត​​ឲ្យ​​ក្រុម​​អ្នក​សារ​ព័ត៌មាន​​ឯករាជ្យ​​បង្កើត​​សម្ព័ន្ធ​​អ្នក​សារ​ព័ត៌មាន​​កម្ពុជា​

ដោយ ហេង រស្មី
2019.10.22
ខេមបូចា រូប​សញ្ញា​ក្រសួងព័ត៌មាន
រូប៖ ​ក្រសួងព័ត៌មាន

ក្រសួងព័ត៌មាន​ អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​កាសែត​ឯករាជ្យ​បង្កើត​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា «ខេមបូចា» (CamboJA=Cambodian Journalist Alliance)។ អ្នក​កាសែត​ភាគ​ច្រើន ជា​ពិសេស​ក្រុម​អ្នក​កាសែត​ ឯករាជ្យ សម្ដែង​ការ​គាំទ្រ និង​សង្ឃឹម​ថា សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ពង្រឹង​សេរីភាព​សារ​ព័ត៌មាន និង​ការពារ​អ្នក​សារព័ត៌មាន។

សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​នេះ​ បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​កាសែត​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​មើល​ឃើញ​ថា សមាគម​ និង​ក្លឹប​អ្នក​កាសែត​កន្លង​មក​ជាប់​ពាក់ព័ន្ធ នឹង​និន្នាការ​នយោបាយ​ មិន​បាន​បំពេញ​តួនាទី​ឲ្យ​បាន​សកម្ម និង​ត្រឹម​ត្រូវ​ក្នុង​ការ​ជួយ​អ្នក​សារ​ព័ត៌មាន ក្នុង​ពេល​មាន​យុទ្ធនាការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អ្នក​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា។

ប្រធាន​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ លោក ម៉ៃ ទិត្យថារ៉ា ដែល​ជា​អ្នក​សារ​ព័ត៌មាន​ស៊ើប​អង្កេត​ល្បី​ ឈ្មោះ​មួយ​រូប​មាន​ប្រសាសន៍​ថា​ សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ ហៅ​កាត់​ថា​ «ខេមបូចា» គឺ​ជា​ស្ថាប័ន​អង្គការ​អ្នក​សារ​ព័ត៌មាន​ ដែល​មាន​វិជ្ជាជីវៈ​ ឯករាជ្យ​ មិន​មាន​និន្នាការ​ ឬ​មិន​ធ្វើ​សកម្មភាព​លំអៀង​ ទៅ​រក​គណបក្ស​​នយោបាយ។ លោក​បន្ត​ថា «ខេមបូចា»នឹង​ធ្វើ​ស​កម្ម​ភាព​ ដើម្បី​ពង្រឹង​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ ពង្រឹង​សេរីភាព​អ្នក​សារ​ព័ត៌មាន​ ពង្រឹង​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អំណាច​សារ​ព័ត៌មាន​ និង​ដើម្បី​ការពារ​អ្នក​សារ​ព័ត៌មាន៖ «អ្វី​ដែល​យើង​ធ្វើ​សព្វ​ថ្ងៃ​នេះ​ គឺ​យើង​ចង់​លើក​ទឹក​ចិត្ត​ទៅ​ដល់​ អ្នក​សារ​ព័ត៌មាន​ថា​ យើង​ធ្វើ​ការ​ទាំង​អស់​គ្នា​ប្រកប​ដោយ​វិជ្ជាជីវៈ និង​មិន​មាន​ការ​ភ័យ​ខ្លាច ហើយ ខេមបូចា យើង​នឹង​ដើរ​តួនាទី​ជួយ​ពួក​គាត់​ពង្រឹង​ផ្លូវ​ចិត្ត​ពួក​គាត់​ឲ្យ​ពួក​គាត់​ធ្វើ​ការ​ដោយ​ឯករាជ​ភាព។ យើង​ពង្រឹង​វិជ្ជាជីវៈ​តាម​រយៈ​ការ​បណ្ដុះបណ្ដាល​វគ្គ​សិក្សា​ខ្លីៗ ដើម្បី​ឲ្យ​ពួក​គាត់​យល់​ដឹង​អំពី​ក្រម​សីលធម៌​ អ្នក​សារ​ព័ត៌មាន​ របៀប​សរសេរ​រឿង​បែប​ស៊ើប​អង្កេត​ បែបបទ​យក​ការណ៍​ជា​ដើម។ មួយ​ទៀត​ បើ​អ្នក​សារ​ព័ត៌មាន​ដែល​ធ្លាប់​ធ្វើ​ការ​ដោយ​វិជ្ជាជីវៈ​ហើយ​គាត់​មាន​បញ្ហា​អី​កើត​ឡើង យើង​នឹង​សិក្សា​ផ្លូវ​ច្បាប់ និង​ផ្ដល់​មេធាវី​ការពារ​ក្តី​ជូន​គាត់»

លោក ម៉ៃ ទិត្យថារ៉ា ឲ្យ​ដឹង​ថា​ សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​នេះ​ នឹង​ទទួល​យក​អ្នក​សារ​ព័ត៌មាន​ទាំង​អស់​ដោយ​គ្មាន​ការ​រើសអើង​ក្នុង​នោះ​ក៏​មាន​អ្នក​សារ​ព័ត៌មាន​ពលរដ្ឋ​ផង​ដែរ។ អ្នក​សារ​ព័ត៌មាន​រូប​នេះ​ បញ្ជាក់​ថា​ ស្ថាប័ន​អង្គការ​អ្នក​សារ​ព័ត៌មាន​មួយ​នេះ​ ប្រើប្រាស់​ថវិកា​ខ្លួន​ឯង និង​កំពុង​រក​ជំនួយ​ពី​អង្គការ​ដៃគូ ដែល​ធ្វើ​ការ​លើក​ស្ទួយ​វិស័យ​សារ​ព័ត៌មាន​ឯករាជ្យ​ ប៉ុន្តែ​មិន​ទទួល​លុយ​ជំនួយ​ពី​រដ្ឋាភិបាល ឬ​គណបក្ស​នយោបាយ​នោះ​ទេ៖ «ចំពោះ​ថវិកា​សព្វថ្ងៃ​នេះ​ យើង​ប្រើប្រាស់​ថវិកា​របស់​គណៈកម្មការ​នាយក​របស់​យើង​ គឺ​គណៈកម្មការ​នាយក​បង់​ប្រចាំ​ឆ្នាំ។ បន្ទាប់​មក​យើង​នឹង​យក​ថវិកា​របស់​សមាជិក​របស់​យើង​មក​ប្រើប្រាស់ ហើយ​យើង​កំពុង​សម្លឹង​មើល និង​សហការ​ជាមួយ​ដៃគូ​ដែល​គាត់​ធ្វើការ​ លើកស្ទួយ​សេរីភាព​សារព័ត៌មាន​និង​ការពារ​អ្នក​សារ​ព័ត៌មាន»

ក្រុម​អ្នក​សារ​ព័ត៌មាន​ភាគ​ច្រើន ជា​ពិសេស អ្នក​សារ​ព័ត៌មាន​ឯករាជ្យ បាន​សម្ដែង​ការ​គាំទ្រ ចំពោះ​ការ​បង្កើត​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​នេះ​ ខណៈ​ដែល​ការ​បង្កើត​ក្លឹប​ ឬ​សមាគម​អ្នក​កា​សែត​មុនៗ ពួក​គេ​មិន​សូវ​ចាប់​អារម្មណ៍​នោះ​ទេ ថែម​ទាំង​រិះគន់​ទៀត​ផង។

អ្នក​កាសែត​មក​ពី​វិទ្យុ​វីអូឌី (VOD) របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ពៅ មេត្តា​ លើក​ឡើង​ថា ការ​បង្កើត​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​នេះ គឺ​មាន​ភាព​ចាំបាច់​ ទោះ​បី​ជា​សមាគម និង​ក្លឹប​អ្នក​កាសែត​ច្រើន​ហើយ​ក៏​ដោយ។ លោក​កត់​សម្គាល់​ថា​ សមាគម​ និង​ក្លឹប​ អ្នកកាសែត​ទាំង​នោះ​ មិនបាន​បំពេញ​តួនាទី​ឲ្យបាន​សកម្ម​ និង​ឆ្លើយ​តប​ឲ្យ​បាន​គ្រប់​គ្រាន់​នោះ​ទេ​ ក្នុង​ពេល​រដ្ឋាភិបាល​បង្ក្រាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អ្នក​សារព័ត៌មាន​ឯករាជ្យ​តាំង​ពី​ឆ្នាំ២០១៧​ ដូច​ជា បិទ​កាសែត ឌឹ ខេមបូឌា ដេលី ចាប់​ខ្លួន​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ ហើយ​អ្នក​សារ​ព័ត៌មាន​មួយ​ចំនួន ត្រូវ​បាន​គំរាម​កំហែង ព្រម​ទាំង​ឈប់​ផ្ដល់​កាត​សម្គាល់​អ្នក​សារ​ព័ត៌មាន​ជា​ដើម។ ប៉ុន្តែ​សមាគម និង​ក្លឹប​អ្នក​កាសែត​ទាំង​នោះ បែរ​ជា​នៅ​ស្ងប់ស្ងាត់​ទៅ​វិញ៖ «ខ្ញុំ​សង្ឃឹម​ថា​ ក្រុម​ថ្មី​នេះ​ នឹង​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ជួយ​ ពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ពិត​ដល់​ប្រជា​ពលរដ្ឋ ព្រោះ​យើង​ដឹង​ហើយ​ថា មនុស្ស​ កាល​ណា​ទទួល​បាន​ព័ត៌មាន​ពិត​ នឹង​ទទួល​បាន​ចំណេះ​ដឹង​ពិត​ និង​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ។ បើ​កាល​ណា​មនុស្ស​ទទួល​បាន​ព័ត៌មាន​មិន​ពិត​ ជា​ព័ត៌មាន​កុហក​ នាំ​ឲ្យ​ការ​សម្រេច​ចិត្ត​ខុស​និង​ ចំណេះ​ដឹង​របស់​គាត់​មិន​ច្បាស់។ ដូច្នេះ​សង្ឃឹម​ថា ក្រុម​នេះ​នឹង​ជំរុញ​ដល់​អ្នក​សារ​ព័ត៌មាន​ផ្ដល់​ពិត​ ដល់​ប្រជាពលរដ្ឋ​ ហើយ​ការពារ​ដល់​អ្នក​សារ​ព័ត៌មាន​នោះ​ផង​ ព្រោះ​ថា បើ​អ្នក​សារ​ព័ត៌មាន​នោះ ត្រូវ​បាន​គំរាម​កំហែង​ បាត់បង់​សិទ្ធិ​មួយ​ចំនួន​ តើ​គាត់​មាន​ឱកាស និង​លទ្ធភាព​ណា​ទៅ​ផ្ដល់​ព័ត៌មាន​ ដល់​សាធារណជន»

មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ​ ស្ថាបនិក​គេហទំព័រ​សារ​ព័ត៌មាន​ខ្មែរ​ណាស់​ លោក ជា ធិរិទ្ធិ លើក​ឡើង​ថា​ ការ​បង្កើត​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​នេះ​ ធ្វើ​ឲ្យ​លោក​ភាព​កក់​ក្ដៅ​ក្នុង​ការ​ប្រកប​វិជ្ជាជីវៈ​ ជា​អ្នក​ សារ​ព័ត៌មាន​។ លោក​មើល​ឃើញ​ថា ថ្នាក់​ដឹក​នាំ​និង​ស្ថាប័ន​មួយ​នេះ​មាន​គោលដៅ​និង​ឆន្ទៈ​ពិត​ ប្រាកដ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​ខុស​ពី​ស្ថាប័ន​មុនៗ ដែល​មាន​ការ​ខ្លាច​រអា​ មិន​ហ៊ាន​ជួយ​អ្នក​សារ​ព័ត៌មាន​ពិតប្រាកដ​នោះ​ទេ៖ «យើង​ស្វាគមន៍​នឹង​រីករាយ​មែនទែន។ ខ្ញុំ​សង្ឃឹម​ថា​ ខេមបូចា នឹង​ក្លាយ​ជា​ស្ថាប័ន​សំខាន់​មួយ​ក្នុង​ការ​ការពារ​សិទ្ធិ​សេរីភាព​របស់​អ្នក​សា​ព័ត៌មាន ដែល​ បំពេញ​វិជ្ជាជីវៈ​ត្រឹម​ត្រូវ​ក្នុង​ប្រទេស​របស់​យើង ព្រោះ​កន្លងមក​យើង​ដឹង​ថា មាន​ស្ថាប័ន​ជា​ច្រើន​ អះអាង​ថា ខ្លួន​ជា​អ្នក​ការពារ​អ្នក​កាសែត ប៉ុន្តែ​ធាតុ​ពិត​ជាក់​ស្ដែង ខ្ញុំ​ឃើញ​ផ្ទាល់ គឺ​ស្ថាប័ន​ទាំង​នោះ​ មិន​បាន​ធ្វើ​ការងារ​ខ្លួន​ដោយ​ត្រឹម​ត្រូវ​ឡើយ ព្រោះ​ពួក​គាត់​ភាគ​ច្រើន​មាន​និន្នាការ​ផ្សេងៗ ដែល​គាត់​មិន​ អាច​ការពារ​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ ដែល​ជួប​បញ្ហា​នោះ​ទេ។ ជាក់​ស្ដែង​ករណី​អ្នក​កាសែត​អាស៊ី​សេរី គឺ​មាន​តែ​អ្នក​កាសែត​ក្មេងៗ ជំនាន់​ក្រោយ​មួយ​ចំនួន អ្នក​កាសែត​ប្រកប​វិជ្ជាជីវៈ​មួយ​ចំនួន​ប៉ុណ្ណោះ សុខ​ចិត្ត​ដើរ​ផ្ដិត​មេដៃ ដើម្បី​គាំទ្រ និង​បង្ហាញ​ជំហរ​ការពារ​អ្នក​កាសែត​គ្នា​ឯង នៅ​ពេល​ដែល​មាន​បញ្ហា»

ការ​បង្កើត​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា«ខេមបូចា» (CamboJA) ដោយ​ក្រុម​អ្នក​កាសែត ឯករាជ្យ​នេះ គឺ​ចំ​ពេល​ដែល​មាន​ការ​រិះគន់​ខ្លាំងៗ ថា ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​រយៈ​ពេល ២ឆ្នាំ​ចុង​ក្រោយ​នេះ​អាក្រក់​ខ្លាំង ដោយ​សារ​តែ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ព្យាយាម​កម្ចាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រិះគន់​ខ្លួន។ សន្ទស្សន៍​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក​ឆ្នាំ២០១៩​ ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Border) បង្ហាញ​ថា កម្ពុជា​ជាប់​លេខ ១៤៣ ដែល​មាន​ន័យ​ថា ចំណាត់​ថ្នាក់​នេះ កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ស្ថានភាព​លំបាក​ផ្នែក​សេរីភាព​សារ​ព័ត៌មាន។ រីឯ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ យូ​មែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ កាល​ពី​ខែ​កក្កដា​ថា របប​លោក​ ហ៊ុន សែន នៅ​តែ​ចាត់​ទុក​អ្នក​សារ​ព័ត៌មាន​ជា​ចំណាប់​ខ្មាំង​ ដើម្បី​ដាក់​ទណ្ឌកម្ម​អ្នក ដែល​ហ៊ាន​រិះគន់​របប​របស់​លោក។ អង្គការ​អន្តរជាតិ​នេះ​ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បរទេស​ និង​ម្ចាស់​ជំនួយ​ ចាត់​ទុក​សេរីភាព​សារ​ព័ត៌មាន​របស់​កម្ពុជា​ថា បាន​ស្លាប់​ដូច​គ្នា​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​ដែរ ហើយ​ជំរុញ​របប​ក្រុង​ភ្នំពេញ​ ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មិន​សម​ទំនង​នេះ​លើ​អ្នក​សារ​ព័ត៌មាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។